កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុងការ​ប្រយុទ្ធជម្ងឺ​របេង

ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ ក្នុងការ​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាទ្បង់ជម្ងឺរបេង​មកនៅ​​ត្រឹមពាក់​កណ្តាល និងបាន​សម្រេច​បាននូវ​ផែនការ​សាកល​ស្តីពីការ​ស្រាវជ្រាវ និង​ព្យាបាល​ជម្ងឺរបេង បន្ទាប់ពី​ប្រទេសនេះ​បាន​ស្ថិតក្នុង​ចំ​ណោម​ប្រទេស​មួយដែល​មាន​បន្ទុក​ជម្ងឺរបេង​ធ្ងន់ធ្ងរ​ជាងគេ​លើសាកល​លោក។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ក្នុងការ​អង្កេត​ស្រាវជ្រាវ​រក​ជម្ងឺ​របេង​កាលពី​ឆ្នាំ២០០២ ដែលធ្វើ​លើ​ប្រជាជន​ចំនួន​៣០.០០០នាក់​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មានអត្រា​ជម្ងឺរបេង​ជាង​១.៥០០​ករណី ក្នុង​ចំណោម​ប្រជាជន​១០០.០០០​នាក់ ជាប្រទេស​មួយដែល​មាន​អត្រា​ប្រេវ៉ាទ្បង់​ជម្ងឺរបេង​ធ្ងន់ធ្ងរ​ជាងគេ​លើ​សាកល​លោក ប៉ុន្តែការ​អង្កេត​ស្រាវជ្រាវ​លើក​ទី២​កាលពី​ឆ្នាំ២០១១​បានបង្ហាញ​ថា អត្រា​ប្រេវ៉ាទ្បង់​ជម្ងឺរបេង​បាន​ធ្លាក់ចុះ​ពីជាង​១.៥០០​ករណី​កាលពី​ឆ្នាំ២០០២ មកនៅ​ត្រឹម​៨២០​ករណី​ក្នុងចំណោម​​ប្រ​ជា​ជន​១០០.០០០​នាក់ ដែលមាន​អត្រា​ថយចុះ​៤៥​ភាគរយ​ក្នុង​រយៈពេល​៩ឆ្នាំ។

លោក​វេជ្ជបណ្ឌិត អ៊ីគូស៊ី អូណូហ្សាគី (IKUSHI ONOZAKI) ​មន្រ្តី​នាយក​ដ្ឋាន​បញ្ឈប់​ជម្ងឺរបេង នៃអង្គការ​សុខភាព​ពិភពលោក​បានមាន​ប្រសាសន៍តាម​សេចក្តី​ប្រកាស​ព៌តមាន​មួយ ដែល​ចេញផ្សាយ​នៅដើម​សប្តាហ៍​នេះថា “ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្តូរ​ពីវិបត្តិ​សុខភាព ទៅជា​កាលានុវត្តន៍​ភាពវិញ។ វិធី​សាស្រ្តថ្មី​ដែល​យើងបាន​រកឃើញ គឺផ្អែក​លើ​ភស្តុតាង​វិទ្យាសាស្រ្ត​យ៉ាងពិត​ប្រាកដ ”។

លោក​បន្ត​ថា ការ​អង្កេត​ស្រាវជ្រាវ​នេះបាន​ផ្តល់នូវ​ភាព​អាចមើល​ឃើញ​នៃជម្ងឺរបេង​ទាំង​ក្នុង​ និងក្រៅ​ប្រទេស ព្រម​ទាំងបាន​ជួយឲ្យ​យើង​កំណត់​នូវ​បញ្ហា ធ្វើ​ផែនទី​នៃស្ថាន​ភាព​ទៅតាម​កន្លែង​ផ្សេងៗ ផ្តល់​មគ្គុទេសក៍​ក្នុងការ​បែងចែក​ធន​ធា​ន និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីសំណាក់​មជ្ឈដ្ឋាន​អន្តរជាតិផង​ដែរ។
លោក​វេជ្ជបណ្ឌិត ភីតធើ វ៉ាន់ម៉ារ៉េន ​(Pieter Van Maaren)​ ប្រធាន​តំណាង​​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍​ថា ដោយ​ចា​ប់ផ្តើម​ពីចំណុច​សូន្យ​ក្នុង​រយៈពេល​៥ឆ្នាំ វិធី​សាស្រ្ត​ដូតស៍​ត្រូវបាន​ប្រើប្រាស់ដើម្បី​ព្យាបាល​ជម្ងឺរបេង​នៅគ្រប់​ទីកន្លែង ដែលនេះ​ពិតជាស​មិទ្ឋិផល​ដ៏ពិត​ប្រាកដ​មួយ ប៉ុន្តែការ​គ្រប់គ្រង​ជម្ងឺរបេង គឺមិន​ត្រឹមតែ​ជាការ​ផ្តល់ថ្នាំ​ទៅអ្នក​ជម្ងឺប៉ុណ្ណោះ​ទេ គឺ​​ត្រូវមាន​ទិដ្ឋភាព​ជាច្រើន​រួមបញ្ចូល​គ្នា ដើម្បី​សម្រេច​បាន​ជោគជ័យ​ប្រកប​ដោយ​និរន្តរភាព។

លោក​បន្តថា “ជោគជ័យ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ផ្តល់​សេវា​ថែរទាំនិង​ព្យាបាល​ជម្ងឺរបេង​ជាសាកល មាន​លក្ខណៈ​អស្ចារ្យ​គួរឲ្យ​កត់​សម្គាល់ ប៉ុន្តែនៅ​មា​នផ្លូវ​វែងឆ្ងាយ​តទៅទៀត​ដែល​ត្រូវ​ឆ្ពោះ​ទៅមុខ ”។ លោក​បន្ថែមថា “ប្រជាជន​ជា​ច្រើន​បាន​ឆ្លង​មេរោគ​របេង ហើយ​ស្ថាប័ន​សុខាភិបាល​សាធារណៈ​ធ្វើការ​ដើម្បី​ស្រាវជ្រាវ និង​ព្យាបាល​ជម្ងឺ ដូច្នេះ​វាត្រូវ​ការ​ពេលវេលា​ដ៏វែង​ទៀត ”។

លោក​វេជ្ជបណ្ឌិត ម៉ារីយ៉ូ រ៉ាវិគ្លីយ៉ូន ​( Mario Raviglione) ​នាយក​ផ្នែក​បញ្ឈប់​ជម្ងឺរបេង នៃ​អង្គការ​សុខភាព​ពិភពលោក​បានមាន​ប្រសាសន៍​ថា លទ្ឋផល​ទាំងនេះ ជា​សមិទ្ឋិផល​ដ៏ចម្បង​មួយ​ក្នុងការ​ប្រយុទ្ឋ​នឹងជម្ងឺរបេង។ លទ្ឋផល​ទាំងនេះ​សឲ្យ​ឃើញថា​នៅកន្លែង​ដែល​ប្រជាជន​មាន​ប្រាក់ចំណូល​តិច ការ​តាំងចិត្ត និងភាព​ប៉ិនប្រសប់ ពិតជា​ទទួលបាន​ជោគជ័យ​ក្នុងការ​ជួយស​ង្រ្គោះជីវិត​មនុស្ស​។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជម្ងឺរបេង​បានមាន​ប្រសាសន៍​ឲ្យដឹង​ថា កម្មវិធី​កម្ចាត់​ជម្ងឺរបេង ដោយសារ​យើងមាន​ផែន​ការ និង​គោល​នយោបាយ​ដែល​ផ្អែក​លើ​ភស្តុតាង​ច្បាស់លាស់ ការ​ទទួល​បាន​ជំនួ​យ បច្ចេកទេស​មាំទាំ ការ​គាំទ្រ​ពីសំណា​ក់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ព្រមទាំង​ការ​គាំទ្រ​ជាប្រចាំ​ពី​ម្ចាស់​ជំនួយ ​និង​ដៃគូ​អភិវឌ្ឈន៍​នានា​ដូចជា អង្គ​ការ​សុខភាព​ពិភព​លោក ទីភ្នាក់ងារ​សហប្រតិបត្តិការ ដើម្បី​អភិវឌ្ឈន៍​អន្តរជាតិ​នៃប្រទេស​ជប៉ុន ធនាគារ​ពិភពលោក កម្មវិធីស្បៀង​អាហារ​អង្គការ​សហប្រជាជាតិ ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រា​ប់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ មជ្ឈមណ្ឌល​បង្ការ និង​ទប់ស្កាត់​ជម្ងឺរបេង​អាមេរិក និង​មូលនិធិ​សាកល​សម្រាប់​ប្រយុទ្ឋ​ជម្ងឺអេដស៍ របេង និង​គ្រុនចាញ់។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *