ជម្ងឺមហារីកសុដន់បាននិងកំពុងគំរាមកំហែងសុខភាពស្រ្តីកម្ពុជា ដោយវាជាប់ចំណាត់ថ្នាក់លេខ២ នៃចំនួនអ្នកជម្ងឺមហារីកសរុប ដែលបានទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានក្រុមគ្រូពេទ្យផ្នែកជម្ងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ឲ្យដឹង នៅព្រឹកថ្ងៃច័ន្ទ ទី១៨ តុលាកន្លងមកថា ជម្ងឺមហារីកសុដន់ ឬមហារីកដោះ ជាជម្ងឺជាប់ចំណាត់ថ្នាក់លេខ២ នៃចំនួនអ្នកជម្ងឺមហារីក ដែលមករកសេវាព្យាបាលនៅមន្ទីរពេទ្យ ហើយវាគ្របដណ្តប់ចំនួន១៩ភាគរយ នៃអ្នកជម្ងឺមហារីកប្រភេទផ្សេងៗទៀត។ លោកបន្តថា ជម្ងឺនេះភាគច្រើនកើតលើស្រ្តីដែលមានវ័យពី៣៥ឆ្នាំដល់៧០ឆ្នាំ ហើយស្រ្តីកម្ពុជាដែលកើតជម្ងឺនេះច្រើនជាងគេគឺនៅវ័យ៥១ឆ្នាំ។ ចំនែកអ្នកមានអាយុក្រោម៣៥ឆ្នាំ មានអត្រាកើតជម្ងឺមហារីកសុដន់ទាបជាង១ភាគរយ។
លោកបន្តថា “ដោយសារបញ្ហាប្រឈមទាំងនេះ ទើបទាមទារឲ្យស្រ្តីគ្រប់រូប ដែលមានវ័យ៣៥ឆ្នាំទ្បើងត្រូវទៅមន្ទីរពេទ្យ ដើម្បីថតរកកោសិកាមហារីករៀងរាល់២ឆ្នាំម្តង ដើម្បីពួកគេអាចទទួលបានការព្យាបាលទាន់ពេលវេលា”។ លោកបន្ថែមថា “ការទៅពិនិត្យរកកោសិកាមហារីកជាទៀងទាត់ មានសារៈសំខាន់ណាស់ ដើម្បីពួកគេអាចដឹងពីស្ថានភាពរបស់ខ្លួន ហើយបើរកឃើញកើតជម្ងឺនេះនៅដំណាក់កាលតំបូង វាជួយឲ្យអ្នកជម្ងឺចំណាយប្រាក់តិច មានអត្រាជាសះស្បើយ១០០ភាគរយ ”។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានបន្តថា នៅក្នុងការថតសុដន់ស្រ្តីគេរកឃើញដុំសាច់បីប្រភេទ ទី១ ដុំទឹក ដែលគ្រូពេទ្យហៅថាគីស ដុំប្រភេទនេះមិនមែនជាជម្ងឺមហារីកទេ ទី២ ដុំសាច់ ដុំសាច់នេះក៏មិនមែនជាប្រភេទជម្ងឺមហារីកដែរ និងទី៣ ដុំសាច់មហារីក ដែលគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ តាមរយៈហ្វីលត្រូវរហូតដល់៩៥ភាគរយ។
តើស្រ្តីរស់ក្នុងបរិស្ថាន និងស្ថានភាពបែបណា ដែលប្រឈមមុខនឹងជម្ងឺនេះច្រើនជាងគេ? លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានមានប្រសាសន៍ឲ្យដឹងថា ស្រ្តីរស់នៅក្នុងបរិស្ថានចំនួន៤ខុសៗគ្នា ប្រឈមជម្ងឺនេះច្រើនជាងគេ ដូចជា ទី១ស្រ្តីធាត់ មានអត្រាកើតជម្ងឺនេះច្រើនជាង៣ដង បើធៀបជាមួយស្រ្តីមានរាងកាយស្គមទី២ស្រ្តីឆាប់មករដូវ និងមិនងាយអស់រដូវមានអត្រាកើតជម្ងឺនេះខ្ពស់ផងដែរ ទី៣ ស្រ្តីមិនធ្លាប់ឆ្លងកាត់ការរួមភេទ មានហានិភ័យកើតជម្ងឺនេះខ្ពស់ជាងស្រ្តីប្រទ្បូកក្នុងការរួមភេទចំនួន៣ដង និងទី៤ ស្រ្តីអាឬគ្មានកូនក៏មានហានិភ័យកើតជម្ងឺមហារីកសុខដន់ខ្ពស់ជាងស្រ្តីមានកូន៣ដងផងដែរ។
លោកបន្តថា រហូតមកទល់ពេលនេះ អ្នកវិទ្យាសាស្រ្តមិនទាន់រកឃើញមូលហេតុដែលបណ្តាលឲ្យមានដុំសាច់ និងកត្តាវិវត្តន៍នាំឲ្យកើតជម្ងឺមហារីកសុដន់នៅទ្បើយទេ។ ជម្ងឺនេះមិនបណ្តាលមកពីមេរោគណាមួយទ្បើយ។ ស្រ្តីកើតជម្ងឺនេះក៏បណ្តាលមកពីកត្តាតំណពូជចន្លោះពី២ ទៅ៥ភាគរយផងដែរ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
Leave a Reply