សូមជម្រាបសួរលោកវេជ្ជបណ្ឌិត តើលោកសុខសប្បាយទេ? ខ្ញុំមានសំណួរខ្លះដែលចង់សាកសួរ។ ខ្ញុំមានអាយុចន្លោះពី៤៨ទៅ ៦៥ឆ្នាំ។ ខ្ញុំចង់ដឹងថាតើខ្ញុំត្រូវទទួលទានទឹកប៉ុន្មានក្នុងថ្ងៃ។ ព្រោះខ្ញុំមានអារម្មណ៍ថា ស្បែករបស់ខ្ញុំហាក់ដូចជាស្ងួត ហើយមួយឆ្នាំមុន ខ្ញុំធ្លាប់មានបញ្ហារោគនៅតម្រង់នោម។ កាលណោះក្នុងមួយថ្ងៃ ខ្ញុំធ្លាប់បូមឈាមជាច្រើនដង។ តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីកុំឱ្យបញ្ហា ជម្ងឺនេះវិលមកជាថ្មី? សូមអរគុណលោកវេជ្ជបណ្ឌិត និងសូមជូនពរលោកវេជ្ជបណ្ឌិតមានសុខភាពល្អព្រមទាំងក្រុមគ្រួសារ។
លោកស្រី ស. ម. អាយុចន្លោះពី៤៨ទៅ៦៥ឆ្នាំ
វេជ្ជបណ្ឌិតយើង ៖ សូមអរគុណបងស្រីដែលបានសរសេរសំបុត្រតាមរយៈអ៊ីម៉ែលមកខ្ញុំបាទ។ សូមអភ័យទោស ខ្ញុំមិនបានដឹងថា ជាបងប្រុសឬបងស្រីទេ ប៉ុន្ដែខ្ញុំសូមសន្មតថាជាបងស្រីមួយរូប ដើម្បីឆ្លើយសំណួរឱ្យបានត្រឹមត្រូវ និងស្និទ្ធស្នាល។ ខ្ញុំសូមរំលឹកថាបុរស និងស្ដ្រីមានស្ថានភាពសុខភាពមិនដូចគ្នាទាំងស្រុងនោះទេ។ ពួកគាត់មានជម្ងឺប្រចាំរាងកាយរៀងៗខ្លួន។ ដូច្នេះហើយបានជាមានគ្រូពេទ្យជំនាញខាងរោគស្ដ្រី និងជំនាញខាងសុខភាពបុរស។
ងាកមកសំណួរបងស្រីវិញ ហាក់ដូចជាមិនសូវច្បាស់ទេ។ ខ្ញុំសូមធ្វើការសង្ខេបជា៣សំណួរ ៖ ទី១ ការទទួលទានទឹកក្នុង មួយថ្ងៃ ស្បែកស្ងួត និងសំណួរទី៣វិធីទប់ស្កាត់ជម្ងឺតម្រង់នោមកុំឱ្យកើតវិញជាថ្មី។ ទាក់ទងនឹងការទទួលទានទឹក បងស្រីអាចទទួល ទានបានប្រមាណជា១,៥លីត្រក្នុងមួយថ្ងៃ។ បើនិយាយអំពីទឹក គឺជាវត្ថុរាវទាំងឡាយ ដូចជាទឹកសម្ល ភេសជ្ជៈជាតិផ្អែមផ្សេងៗជាដើម។ ការទទួលទានជាតិទឹកមិនគ្រប់គ្រាន់ និងការទទួលទានទឹកច្រើនហួសហេតុក៏អាចមានបញ្ហាដែរ។
ចំពោះស្បែកស្ងួត តាមខ្ញុំបាទធ្វើការប៉ាន់ស្មាន បងស្រីមានអាយុចន្លោះពី៤៨ទៅ៦៥ឆ្នាំ គឺជាវ័យចាប់ផ្ដើមអស់រដូវ ឬអស់រដូវតែម្ដង។ ចូលដល់វ័យអស់រដូវនេះ សុខភាពស្ដ្រីចាប់ផ្ដើមប្រែប្រួលដោយសារការប្រែប្រួល ឬកង្វះជាតិអ័រម៉ូន។ ជាលទ្ធផល ស្ដ្រីក្នុងវ័យនេះចាប់ផ្ដើមទ្រុឌទ្រោម សុខភាពស្បែកចាប់ផ្ដើមស្ងួត សក់ចាប់ផ្ដើមស្រួយ ឆ្អឹងចាប់ផ្ដើមពុកផុយ ដែលបង្កជាការឈឺចាប់នៅតាមឆ្អឹងឆ្អែង។ ហេតុនេះអាការស្បែកស្ងួតរបស់បងស្រីទាក់ទងជាចម្បងទៅនឹងរដូវនេះផ្ទាល់តែម្ដង។
ចម្ងល់ទី៣ដែលទាក់ទងនឹងរោគតម្រង់នោម និងវិធីទប់ស្កាត់កុំឱ្យកើតមានជាថ្មី។ សំណួរនេះមានការពិបាកឆ្លើយតបតាម អ៊ីម៉ែលឬតាមក្រដាសបន្ដិច ដោយសារមិនបានឃើញរោគសញ្ញាផ្ទាល់ និងធ្វើការវិភាគរករោគវិនិច្ឆ័យតាមក្បួនវេជ្ជសាស្ដ្រត្រឹមត្រូវ និងសព្វជ្រុងជ្រោយ។ ជម្ងឺតម្រង់នោមមានច្រើនប្រភេទណាស់ ដូចជារោគខ្សោយតម្រង់នោម គ្រួសក្នុងតម្រង់នោម មហារីកតម្រង់នោម រលាកតម្រង់នោម ឬខូចតម្រង់នោម។ ជម្ងឺទាំងនោះខ្លះអាចបង្ការបាន ខ្លះមិនអាចបង្ការបាន ខ្លះអាចព្យាបាលជា ខ្លះមិនអាចព្យាបាលជា។ ហេតុនេះ ខ្ញុំបាទសូមអភ័យទោស មិនធ្វើការឆ្លើយលម្អិតតាមរយៈទំព័រទស្សនាវដ្ដី សុខភាពយើង នោះទេ។ ខ្ញុំសូមអញ្ជើញបងស្រីទៅជួបគ្រូពេទ្យជំនាញខាងរោគតម្រង់នោម ដើម្បីធ្វើការថតឆ្លុះ វិភាគឈាម និងទឹកនោម ប្រហែលជាអាចជួយបងស្រីប្រកបដោយប្រសិទ្ធភាព។ សូមបងស្រីកុំអស់សង្ឃឹមអី មានរូបគឺមានទុក្ខ មានជម្ងឺមិនអាចគេចផុតឡើយ។ សូមជូនពរឱ្យបងស្រី បានជាសះស្បើយដូចបំណង និងទទួលបានសុភមង្គលក្នុងក្រុមគ្រួសារ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply