អាជីវកម្មកែសម្ផស្សនៅកម្ពុជាកំពុងរីកដុះដាលដូចផ្សិត ប៉ុន្តែអ្នកចូលទៅរកសេវានេះកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ នៅពេលប្រទេសនេះមានគ្រូពេទ្យឯកទេសកែសម្ផស្សតិច ប៉ុន្តែជាជីវកម្មនេះមានលើសចំនួនគ្រូពេទ្យជំនាញ។
លោក ធឿង ច័ន្ទសីហា បណ្ឌិតវេជ្ជសាស្រ្តឯកទេសវះកាត់បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃព្រហស្បត៍ ទី២៥ សីហាកន្លងមកថា នៅកម្ពុជាមានគ្រូពេទ្យជំនាញវះកាត់កែសម្ផស្សតិច ដែលធ្វើឲ្យប្រជាពលរដ្ឋប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ ដោយសារពួកគាត់មានចំណេះដឹងទាក់ទងវិស័យកែសម្ផស្សនៅមានកំរិត និងការផ្សព្វផ្សាយពាណិជ្ជកម្មលើសពីការពិតរបស់គ្លីនីក ឬហាងកែសម្ផស្សនានានៅកម្ពុជា។ លោកបន្តថា ក្រសួងព៌តមាន និងក្រសួងសុខាភិបាល គួរចាត់វិធានការណ៍ចំពោះហាងកែសម្ផស្ស ឬគ្លីនិកកែសម្ផស្សដែលផ្សព្វផ្សាយពាណិជ្ជកម្មលើសពីការពិតទាំងនោះ។
លោកបន្តថា “នៅប្រទេសបារាំងអ្នកដែលអាចវះកាត់កែសម្ផស្សបាន ទាល់តែមានជំនាញវះកាត់ទូទៅសិន ទើបអាចវះកាត់កែសម្ផស្សបាន ”។ លោកបន្តថា “អ្នកខ្លះបានចេញទៅធ្វើកម្មសិក្សានៅស្រុកគេ ឬនៅក្នុងស្រុករយៈពេល១ឆ្នាំក៏ថាខ្លួនមានជំនាញកែសម្ផស្ស និងចាប់ផ្តើមផ្តល់សេវាកម្មវះកាត់កែសម្ផស្ស គឺពិតជាមានគ្រោះថ្នាក់ណាស់ សម្រាប់អ្នកទៅរកសេវារបស់ពួកគេ ”។
លោក ធឿង ច័ន្ទសីហា បានបន្តថា លោកជួបអ្នកវះកាត់កែសម្ផស្សជាច្រើនមានបញ្ហាច្រមុះ វៀចមុខ សុដន ដោយសារការចាក់សារជាតិហ្វីល័របំពេញថ្ពាល់ ចាក់ឲ្យសុដនរីកធំ និងចាក់ឲ្យប្រដាប់ភេទតឹងណែន។ ស្រ្តីមួយចំនួនបានចាក់សារធាតុហ្វីល័រលើប្រដាប់ភេទ ដើម្បីឲ្យប្រដាប់ភេទរបស់ខ្លួនរួមតូច។ វាសុទ្ឋតែជាគ្រោះថ្នាក់សម្រាប់អ្នកជំងឺ ប្រសិនជាយើងធ្វើការវះកាត់ជាមួយគ្រូពេទ្យគ្មានជំនាញកែសម្ផស្សត្រឹមត្រូវ។
អ្នកគ្មានឯកទេសកែសម្ផស្ស តែងប្រើសម្ភារៈវះកាត់មិនបានត្រឹមត្រូវ ធ្វើការវះកាត់ក្នុងបន្ទប់ដែលគ្មានស្តង់ដាត្រឹមត្រូវ និងមិនបានសម្លាប់មេរោគលើឧបករណ៍ សម្រាប់វះកាត់ឲ្យបានត្រឹមត្រូវនោះទេ ។
លោកវេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា បានបន្តថា នៅស្រុកគេមុនធ្វើការវះកាត់កែសម្ផស្ស គ្រូពេទ្យតែងទុករយៈពេល៣សប្តាហ៍ឲ្យអតិថិជនរបស់ខ្លួនគិត ប៉ុន្តែនៅកម្ពុជា អ្នកផ្តល់សេវាវះកាត់កែសម្ផស្សមិនបានធ្វើបែបនេះទេ ពួកគេគិតតែអាជីវកម្មពួកគេ មិនគិតពីផលវិបាករបស់អតិថិជនរបស់ខ្លួនទ្បើយ។ លោកបន្ថែមថា មានការផ្សាយពាណិជ្ជកម្មថា មានការយកខ្លាញ់ត្រីបាទ្បែន មកចាក់បំពេញថ្ពាល់ គឺជាការភូតកុហកទាំងស្រុង ព្រោះក្នុងពិភពលោកគេមិនដែលយកខ្លាញ់ត្រីបាទ្បែនមកប្រើបែបនេះទេ។
ដើម្បីទទួលបានសេវាវះកាត់កែសម្ផស្សបានត្រឹមត្រូវ និងដើម្បីដឹងថាគ្រូពេទ្យវះកាត់នោះមានជំនាញច្បាស់លាស់ដែរឬទេ តើត្រូវពិនិត្យលើកត្តាអ្វីខ្លះ?លោកវេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា បានមានប្រសាសន៍ឲ្យដឹងថា ទី១ អ្នករកសេវាវះកាត់កែសម្ផស្សគួរស៊ើបអង្កេតថា តើអ្នកកែសម្ផស្សនោះពិតជាមានជំនាញឬអត់ ទី២ កុំជឿលើរូបថត ព្រោះរូបថតគេអាចធ្វើក្នុងកុំព្យូទ័របាន ហើយនៅស្រុកគេៗមិនដែលបង្ហាញពីរូបថតនោះទេ ទី៣ ត្រូវសុំពិនិត្យមើលតើសម្ភារៈវះកាត់មានដូចគេនិយាយឬអត់? ទី៤ ត្រូវពិនិត្យមើលបន្ទប់ និងសម្ភារៈវះកាត់មានស្តង់ដាឬអត់?
និងទី៥ ត្រូវស្រាវជ្រាវពីឯកសារតាមអ៊ីនធើណេតថា តើអ្វីដែលអ្នកកែសម្ផស្សបាននិយាយត្រឹមត្រូវតាមឯកសារគេបង្ហាញឬអត់ ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២
Leave a Reply