ប៉ុន្មានខែចុងក្រោយនេះ នៅប្រទេសកម្ពុជាមានអ្នកល្បីៗជាច្រើនបានស្លាប់ដោយសារដាច់សរសៃឈាមនៅក្នុងក្បាល។ ការស្លាប់របស់ពួកគេដូចជាផុយស្រួយណាស់។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថាតើមានវិធីសម្គាល់ និងទប់ស្កាត់បែបណាខ្លះទៅ ចំពោះការដាច់សរសៃឈាមនៅក្នុងក្បាលនេះ? សូមអរគុណលោកវេជ្ជបណ្ឌិតជាមុន។
លោកស្រី យ. ដ. ល អាយុ២៩ឆ្នាំ ខេត្ដកំពត
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការដាច់សរសៃឈាមក្នុងក្បាលគឺជាផលប៉ះពាល់នៃជម្ងឺណាមួយដូចជាជម្ងឺលើសឈាម ជម្ងឺក្រិន រឹងសរសៃឈាមក្រហមជាដើម។ សព្វថ្ងៃនេះវាកំពុងក្លាយជាឃាដករដៃឯកសម្លាប់មនុស្សនៅប្រទេសកម្ពុជា ហើយក៏ជាឧក្រិដ្ឋជន ដែលបង្កការពិការភាពសម្រាប់មនុស្សចំណាស់ជាច្រើនផងដែរ។ តាមការប៉ាន់ប្រមាណ ការដាច់សរសៃឈាមក្នុងក្បាលដែលច្រើនតែ កើតនៅលើមនុស្សវ័យចំណាស់នេះ គឺប្រហែលជា៧៥%ឯណោះ កើតលើមនុស្សអាយុលើសពី៦០ឆ្នាំ និងមានប្រមាណតែ២០% ប៉ុណ្ណោះកើតលើមនុស្សពេញវ័យដែលកំពុងប្រកបវិជ្ជាជីវៈ។ នៅប្រទេសកម្ពុជាមិនទាន់មានតួលេខច្បាស់ថាតើក្នុង១ឆ្នាំមានមនុស្ស ប៉ុន្មាននាក់នោះទេ ដែលរងការដាច់សរសៃឈាមក្នុងក្បាលនេះនៅឡើយទេ។ ប៉ុន្ដែមានប្រជាពលរដ្ឋខ្មែរជិត១លាននាក់ឯណោះដែលកំពុងមានជម្ងឺលើសឈាម និងជម្ងឺទឹកនោមផ្អែម។
ទាក់ទងនឹងវិធីសម្គាល់ការដាច់សរសៃឈាមក្នុងក្បាល លោកស្រីអាចធ្វើការសង្កេតនូវអាការរោគមួយចំនួនដូចតទៅ ៖
- សុខៗស្រាប់តែដៃម្ខាង ឬជើងម្ខាងកម្រើកលែងរួច មុខម្ខាងធ្លាក់ ស្ពឹកមួយចំហៀង និងវៀចមាត់ រឹតតែធ្ងន់ធ្ងរ ជួនកាលអាចស្លាប់មួយចំហៀងខ្លួនតែម្ដង។
- ជួនកាលស្រាប់តែស្ពឹកដៃម្ខាង ឬជើងម្ខាង ស្ពឹកមុខ ឬស្ពឹកមួយចំហៀងខ្លួនតែម្ដង។
- ពិបាកនឹកឃើញពាក្យសម្ដីដែលធ្លាប់ប្រើ ឬជួនកាលនិយាយពាក្យទាំងនោះលែងចេញតែម្ដង។
- ជួនអាចឈរលែងនឹង និងដើរលែងកើត ឬលែងត្រង់ផ្លូវ។
- ភ្លាមៗភ្នែកមួយចំហៀងសម្លឹងលែងឃើញ ពិលភ្នែក ឬសម្លឹងឃើញដូចព្រិលធ្លាក់មេឃចុះអព្ភ។
- ឈឺក្បាលគំហុក និងខ្លាំងមួយរំពេចដោយមិនបានដឹងមុន ឬគ្មានមូលហេតុតែម្ដង។
បែបនេះការដាច់សរសៃឈាមក្នុងក្បាលគឺពិតជាធ្ងន់ធ្ងរណាស់។ នៅប្រទេសកម្ពុជាយើងក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋខ្មែរ រាប់ពាន់នាក់ដែលទទួលរងគ្រោះដោយសារជម្ងឺនេះ។ តាមការអង្កេតមានជនរងគ្រោះគេចផុតពីមរណភាព និងពិការភាពតិចតួចបំផុត ពោលគឺយ៉ាងហោចណាច់ក៏ជនរងគ្រោះលើសពី៣ភាគ៤ដែលជាមកវិញ នៅមានពិការភាព និងផលប៉ះពាល់។
សរុបមកការពារគឺប្រសើរជាងព្យាបាល។ វិធីទប់ស្កាត់គឺព្យាបាលជម្ងឺដើមហេតុដែលបង្កការដាច់សរសៃឈាមក្នុងក្បាលឱ្យ បានត្រឹមត្រូវតាមដំបូន្មាន និងការព្យាបាលរបស់គ្រូពេទ្យព្យាបាល។ សូមលោកស្រី និងក្រុមគ្រួសារមានសំណាងល្អ ចៀសផុតពីគ្រោះ ថ្នាក់អាក្រក់បែបនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply