មាតាបិតាគ្រប់រូបចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនគឺប្រាថ្នាចង់ឱ្យកូនល្អ និងមានអនាគត ប៉ុន្ដែកូនមួយចំនួនបែរជាយល់ខុសនឹងបំណងរបស់មាតាបិតា បែរជាទៅប្រព្រឹត្ដនូវអំពើផ្សេងៗដែលតែងតែកើតមានឡើងក្នុងសង្គម។ តើកត្ដាទាំងអស់នេះ បណ្ដាលមកពីមូលហេតុអ្វី?
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយមហាសុវណ្ណប្បជោត កង ណាម៉ានី ចៅអធិការវត្ដសំពៅមាស និងជាវិន័យធរអនុគណខ័ណ្ឌ៧មករា ព្រះតេជគុណនឹងធ្វើការបកស្រាយអំពីប្រធានបទក្មេងទំនើង ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាប និងយល់កាន់តែច្បាស់អំពីប្រធានបទនេះ។
ក្មេងទំនើងជាអ្វី?
ក្មេងទំនើងជាពាក្យមួយដែលទើបនឹងប្រើប្រាស់សព្វថ្ងៃនេះ រហូតដល់មានពាក្យចាស់ទំនើងទៀត។ នៅក្នុងវចនាក្រម សម្ដេច ជួន ណាត លោកពន្យល់ថាទំនើងគឺអ្វីដែលធ្វើទៅតាមអំពើចិត្ដ ធ្វើទៅតាមអ្វីដែលនឹកឃើញ មិនមានក្រែងរអែងនឹងច្បាប់ ក្រែងរអែងនឹងទំនៀមទម្លាប់ ក្រែងរអែងនឹងសង្គម និងក្រែងរអែងចិត្ដមាតាបិតាឡើយ នឹកចង់ធ្វើអីធ្វើនឹង។ ដោយក្មេងទំនើង គឺក្មេងដែលមាតាបិតាប្រដៅមិនស្ដាប់ ធ្វើអ្វីទៅតាមអំពើចិត្ដរបស់ខ្លួន។
មូលហេតុដែលកើតមានឡើងនូវក្មេងទំនើង
មូលហេតុដែលបង្កឱ្យមានក្មេងទំនើងកើតមានឡើងនៅក្នុងសង្គមខ្មែរ ព្រោះដោយសារក្មេងខ្លះកើតមកពីតូចមាតាបិតា មានបញ្ហាឬវិបត្ដិអ្វីមួយ ដូចជាការជួបគ្រោះថ្នាក់ ឬដោយសារតែសង្គ្រាមហើយត្រូវស្លាប់ រីឯកូននៅតូចៗមិនមានភាពកក់ក្ដៅ មិនមានការអប់រំថែរក្សា និងអាចមកពីមាតាបិតាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬដោយសារជម្ងឺបន្សល់ទុកកូនឱ្យកំព្រានៅម្នាក់ឯង។ ហើយបញ្ហាផ្សេងមួយទៀតដែលកើតមាននូវក្មេងទំនើងនេះគឺដោយសារកត្ដាជាច្រើនមានដូចជា ៖
1 . កត្ដាទី១ ៖ ផ្ដើមចេញពីមាតាបិតាមានការធ្វេសប្រហែស ហើយស្រឡាញ់កូនខ្លាំងពេក ធ្វើឱ្យកូនបានចិត្ដ និងតាមតែទំនើងចិត្ដរបស់កូន រហូតក្លាយទៅជាទម្លាប់។
2 . កត្ដាទី២ ៖ មាតាបិតាខ្វះការយកចិត្ដទុកដាក់ចំពោះកូន មិនសូវផ្ដល់ភាពកក់ក្ដៅដល់កូន ព្រោះមាតាបិតាជាគ្រូដើម បង្រៀនកូនឱ្យមានបែបបទ ព្រោះនៅសាលារៀនគ្រូគ្រាន់តែជាអ្នកផ្ដល់ចំណេះដឹង ប៉ុន្ដែការបង្រៀនពីការរស់នៅ ការអប់រំចរិត មារយាទ និងឥរិយាបថគឺមាតាជាអ្នកបង្រៀន ដូចពាក្យចាស់បានពោលថា ពត់ដែកទាន់នៅក្ដៅ ប្រដៅកូនចៅទាន់នៅក្មេង។
3 . កត្ដាទី៣ ៖ បរិយាយកាសសង្គម ដោយភាពហ៊ឺហា ភាពសប្បាយតាមមិត្ដភក្ដិ តាមពួកខិលខូច ធ្វើឱ្យក្មេងអាចទៅជាក្មេងទំនើងបាន។ សង្គមខ្មែរយើងមានច្បាប់គ្រប់គ្រាន់ហើយ ប៉ុន្ដែការអនុវត្ដន៍ច្បាប់ដូចជាមិនសូវបានដិតដល់នៅឡើយទេ ដោយអ្នកខ្លះមានការភ័យខ្លាចនឹងអំណាច ខ្លាចឥទ្ធិពល បានជាធ្វើឱ្យក្មេងទៅជាទំនើង មិនមាននរណាទៅចាប់ ឬទៅយកមកអប់រំ ព្រោះមាតាបិតារបស់ក្មេងទំនើងមានយសសក្ដិធំ មានមុខមានមាត់ កូនធ្វើអ្វីខុសមិនមាននរណាមួយហ៊ានចាប់់ ឬដាក់ទោស ដាក់ទ័ណ្ឌកម្មឡើយ។ ដោយសារកត្ដាទាំងអស់ហើយបានជាកើតមាននូវក្មេងទំនើង កើតមានឡើងនៅក្នុងសង្គម។
ផលប៉ះពាល់ដល់បញ្ហាក្នុងសង្គមជាតិ និងក្រុមគ្រួសារ
រឿងផលប៉ះពាល់នេះមានច្រើនណាស់ កាលណាមនុស្សគ្មានបែបបទ វាចាប់ផ្ដើមពីនៅក្នុងសង្គម និងគ្រួសារ។
- ខ្លួនឯងផ្ទាល់ ដោយកូនជាមនុស្សខូច មនុស្សអប់រំលែងបាន ប្រដៅលែងបាន ធ្វើអ្វីតាមអំពើចិត្ដ។ កាលណាក្មេងទំនើង អាចទៅជាបោះបង់ចោលការសិក្សា ធ្វើឱ្យបាត់អនាគត អាចឈានចូលសង្គមគ្រឿងញៀន ចូលទៅក្នុងសង្គមបងតូចបងធំ និងអាចឈានក្នុងរឿងចោរកម្មណាមួយជាមិនខាន។
- ក្រុមគ្រួសារ ព្រោះក្មេងទំនើងតែងតែពាក់ព័ន្ធនឹងទ្រព្យសម្បត្ដិរបស់មាតាបិតា ពេលដែលមាតាបិតាទិញរបស់របរផ្សេងៗ ដូចជាទិញម៉ូតូឱ្យកូន កូនយកម៉ូតូទៅលក់ ឱ្យលុយទៅបង់សាលាយកលុយដែលបង់សាលាទៅចាយវាយ។ ករណីក្មេងមួយចំនួនទៀតមាតាបិតាឱ្យលុយទៅបង់សាលា ប៉ុន្ដែកូនបែរជាមិនយកលុយទៅបង់សាលា យកលុយទៅដើរលេងចាយខ្ជះខ្ជាយ ជួនកាលអាចយកលុយទៅទិញគ្រឿងញៀនជក់ក៏ថាបាន។ ភាពសប្បាយរីករាយច្រើនទៅ អាចធ្វើឱ្យក្មេងលែងរៀនសូត្រ លែងចូលសាលា គិតតែរឿងសប្បាយ ធម្មតាការសប្បាយរបស់មនុស្សត្រូវការចាយលុយ បើអត់លុយសប្បាយអត់កើត។ ដូច្នេះនៅពេលដែលអត់លុយមានតែលួចលុយមាតាបិតា ព្រោះពេលសុំលុយមិនឱ្យមានតែលួច ឬអាចទៅបង្ករឿងនៅខាងក្រៅ បង្កទំនាស់ជាមួយអ្នកដទៃ រហូតមាតាបិតាជាអ្នកចេញសងរាល់ការខូចខាត វាធ្វើឱ្យមានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចក្រុមគ្រួសារ និងកិត្ដិយសក្រុមគ្រួសារទៀត។
- កាលណាមានក្មេងទំនើងតែងតែមានផលប៉ះពាល់ដល់បញ្ហាក្នុងសង្គមជាតិ ដូចជាក្មេងទំនើងទៅបង្កើតជាក្រុម បង្កើតទៅជាពួកបង្កភាពអនាធិបតេយ្យ ដើរវាយកាប់ចាក់គ្នា ដើរលួច ដើរប្លន់ ដើរកាប់សម្លាប់គ្នា។
កត្ដាទាំងអស់នេះហើយដែលធ្វើឱ្យក្មេងក្លាយខ្លួនទៅជាក្មេងទំនើងបាន។
មធ្យោបាយការពារទប់ស្កាត់ក្មេងទំនើង
ដើម្បីទប់ស្កាត់នូវបញ្ហានេះ មាតាបិតាគ្រប់រូបមិនត្រូវបណ្ដោយតាមអំពើចិត្ដរបស់កូនទេ។ ដូចពាក្យចាស់បុរាណបានពោលថា ចង់ពត់ឈើទាន់ឈើនៅតូច ចង់ប្រដៅមនុស្សទាន់មនុស្សនៅក្មេង ដូច្នេះមាតាបិតាជាអ្នកចាប់ផ្ដើមអប់រំកូនពីតូច និងបង្រៀនកូនឱ្យចេះគោរព ចេះស្ដាប់បង្គាប់មាតាបិតា ជាពិសេសមាតាបិតាមិនត្រូវទំនើង មិនត្រូវបណ្ដោយទៅតាមអំពើចិត្ដកូន ឡើយ។ ស្រឡាញ់កូនមិនត្រូវផ្ដល់អ្វីហួសហេតុដល់កូនទេ ត្រូវមើលកាលៈទេសៈទាក់ទងនឹងសម្ភារៈប្រើប្រាស់ផ្សេងៗ កាលណាមាតាបិតាបណ្ដោយកូនពេកទៅជាធ្វើឱ្យកូនអាចក្លាយទៅជាក្មេងទំនើងបាន។
ដំបូន្មានអ្នកប្រឹក្សា
មាតាបិតាគ្រប់រូបប្រាថ្នាចង់ឱ្យកូនល្អនៅក្នុងសង្គម។ កូនប្រុសស្រីទាំងអស់បើស្រឡាញ់ខ្លួនត្រូវចេះគោរពមាតាបិតា ព្រោះមាតាបិតាជាព្រះរស់ ដូច្នេះកូនត្រូវតែគោរពត្រូវឱ្យតម្លៃខ្ពស់ ជីវិតកូនចៅប្រុសស្រីទាំងអស់់គ្នាមាតាបិតាជាអ្នកផ្ដល់ឱ្យ ពាក្យដែលមាតាបិតានិយាយទូន្មានអប់រំគួរតែស្ដាប់ និងត្រូវយកមកដាក់នៅក្នុងចិត្ដ ត្រូវគោរព ត្រូវប្រតិបត្ដិឱ្យក្លាយទៅជាកូនល្អ ហើយមិនត្រូវបំភ្លេចពាក្យមាតាបិតាទេ។ ដោយសារកូនភាគច្រើនដែលក្លាយខ្លួនទៅជាក្មេងទំនើងដោយសារការបំភ្លេចបណ្ដាំមាតាបិតា និងមិនយកចិត្ដទុកដាក់ស្ដាប់ពាក្យមាតាបិតា បែរជាចងចាំនូវពាក្យរបស់មិត្ដភក្ដិនិយាយយ៉ាងម៉េចធ្វើតាម មិនហ៊ានក្បត់មិត្ដភក្ដិ សុខចិត្ដ ចោលមាតាបិតា។ ដូច្នេះកូនប្រុសស្រីគប្បីត្រូវគោរពនិងស្ដាប់ដំបូន្មានរបស់មាតាបិតាទើបជីវិតមានភាពប្រសើរ និងរុងរឿងនាថ្ងៃអនាគត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១
Leave a Reply