ក្បួនថែរក្សា​​​គភ៌ ៖ ការថែទាំ​​​សុខភាព​​​​ប្រចាំថ្ងៃ(ត)

គ្រូពេទ្យមានតួនាទីសំខាន់ណាស់​នៅក្នុងការជួយជ្រោមជ្រែង​គាំពារសុខភាពម្ដាយ និងកូនដែលនៅក្នុងផ្ទៃ ប៉ុន្ដែស្ដ្រីខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ​ក៏ដើរតួនាទីសំខាន់​ផងដែរនៅក្នុងការ​ឃ្លាំមើលថែសុខភាពម្ដាយនិងកូន។ ការតាមដាន​របស់ខ្លួនស្ដ្រីផ្ទាល់​អាចជាជំនួយសកម្ម​មិនអាចខ្វះបានសម្រាប់គ្រូពេទ្យ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំបូន្មាន៧យ៉ាងដើម្បី​តាមដានសុខភាព​ប្រចាំថ្ងៃ

១. សូមស្ដាប់ការហត់នឿយ​របស់រាងកាយ

វាគឺជាការវាយតម្លៃ​សុខភាពរបស់គភ៌។ មានតែស្ដ្រីជាសាមីខ្លួន​ដែលពពោះទេ ដែលអាចដឹងថា​ខ្លួនត្រូវការការសម្រាក​កាយកម្រិតណា។ តើអស់កម្លាំងខ្លាំងទេ? បើចម្លើយថា ច៎ាស នោះសូមណាត់ជួបជាមួយ​គ្រូពេទ្យភ្លាម ដើម្បីត្រួតពិនិត្យសុខភាព​និងផ្ទៃពោះ។ គ្រូពេទ្យពិតជាអាចជួយ​លោកស្រីអ្នកនាង​បានយ៉ាងពិតប្រាកដ។

២. សូមកុំប្រើកម្លាំង​ហួសហេតុ

ស្ដ្រីមានផ្ទៃពោះត្រូវថែទាំខ្លួន​យ៉ាងម៉េចឱ្យដើរឆ្ងាយ​ពីការពិបាកចិត្ដ និងការតានតឹងអារម្មណ៍​ដែលយើងនិយម​ហៅថា ស្រេស្សនោះឯង។ ត្រូវរស់នៅក្នុងស្ថានភាពធម្មតា មិនត្រូវរស់របៀបជាអ្នកជម្ងឺ​ដែលត្រូវការការពារ​យ៉ាងខ្លាំងក្លានោះទេ ហើយក៏មិន ត្រូវធ្វើ​ដូចជាស្ដ្រីជើងឆើត (Superwoman)នោះដែរ។

៣.​​ សូមតាមដានការ​កន្ដ្រាក់នៃស្បូន

ចាប់ពីខែទី៦ទៅ ស្បូនរបស់ស្ដ្រីមានផ្ទៃពោះ​ចាប់ផ្ដើមកន្ដ្រាក់​ជារៀងរាល់ថ្ងៃតិចៗរួចទៅហើយ។ ជារឿងធម្មតា​នោះទេ ព្រោះជាការហាត់សមមុន ទំហំដល់ពេលសម្រាលមែនទែន។ ការកន្ដ្រាក់កម្រិតណា​អាចជាសញ្ញាអាសន្ន​មួយដែលខ្លួនប្រាណស្ដ្រី​បាន បញ្ជូនប្រាប់។ បើជាករណីកន្ដ្រាក់ខ្លាំង ស្ដ្រីត្រូវសម្រេចចិត្ដយក​ការសម្រាកស្ងៀម ទើបជាការប្រសើរ និងអ្វីៗទាំងអស់នឹង​វិលមករៀប រយធម្មតាវិញ។ បើនៅតែមិនស្រួលទៀត លោកស្រីអ្នកនាង​ត្រូវអនុវត្ដការតាមដាន​ត្រួតពិនិត្យល្អិតល្អន់មួយ។

៤. សូមតាមដានការ​ធាក់របស់ទារក

ចាប់ពីអាយុបាន៤ខែឡើងទៅ ទារកចាប់ផ្ដើមកម្រើក។ នេះគឺជាតឹកតាងមួយ​ដែលអាចប្រាប់ថា អ្វីៗដំណើរការទៅយ៉ាងល្អ សម្រាប់គាត់។ សូមតាមឃ្លាំមើលការធាក់​បង្វិលរបស់ទារក។ ដើម្បីងាយស្រួល​ក្នុងការរាប់ការធាក់បង្វិល សូមលោកស្រីអ្នកនាង​ដេកផ្អៀងទៅខាងឆ្វេង។ សូមធ្វើការទម្រេតបែបនេះ​ជារៀងរាល់ថ្ងៃ។

ប្រសិនបើចលនាទាំងនេះថមថយ ឬបាត់មួយរយៈយូរខុសពីធម្មតា សូមទៅជួបគ្រូពេទ្យជាបន្ទាន់។ ប៉ុន្ដែមិនត្រូវភ្លេចគិតថា​អ្នកជើងឯងដ៏តូច​របស់លោកស្រីអ្នកនាង​ម្នាក់នេះ មានកន្លែងតិចទៅៗនៅក្នុងស្បូន ដែលអាចធ្វើឱ្យគាត់លែងសូវ​កម្រើកបានដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

៥. សូមថ្លឹងទម្ងន់ខ្លួន​១សប្ដាហ៍ម្ដង

លោកស្រីអ្នកនាងមិនចាំបាច់ធ្វើការ​ថ្លឹងទម្ងន់ខ្លួនរាល់ថ្ងៃនោះទេ គឺអាចថ្លឹងជាប្រចាំ​១ដងក្នុង១សប្ដាហ៍​ជាការស្រេចទៅ​ហើយ។ ការថ្លឹងអាចឱ្យដឹងថា ការឡើងទម្ងន់នោះថេរឬអត់។ បើសិនជាទម្ងន់ឡើងច្រើនជ្រុល សូមទៅជួបគ្រូពេទ្យ ដើម្បីស្វែងរក​មធ្យោបាយ​ណាមួយក្នុងការទប់ស្កាត់។

៦. សូមតាមដានទឹកនោម​ដោយខ្លួនឯងនៅផ្ទះ

គ្រូពេទ្យរបស់លោកអ្នកអាចស្នើសុំ​ការតាមដានវិភាគ​ទឹកនោមជាញឹកញាប់។ ហេតុនេះ លោកស្រីអ្នកនាង​អាចធ្វើតេស្ដទឹក​នោមដោយខ្លួនឯងបាននៅឯផ្ទះ។

៧. សូមមានទំនុកចិត្ដ​លើខ្លួនឯង

សូមប្រាប់នូវអាការរោគ ឬបញ្ហាដែលលោកស្រីអ្នកនាង​មានទៅដល់គ្រូពេទ្យ។ ហើយត្រូវក្លាហាន ហ៊ានសាកសួរនូវរាល់​ចម្ងល់ដែល​លោកស្រីអ្នកនាងមាន។ ជាការបញ្ចៀសនូវការភ្លេច ឬនឹកមិនឃើញនូវបញ្ហាណាមួយ សូមលោកស្រីអ្នកនាង​សរសេរសំណួរទាំងនោះ​នៅក្នុងក្រដាស ពេលទៅជួបជាមួយគ្រូពេទ្យ។

ដំបូន្មាន៥យ៉ាង​ដើម្បីថែទាំជីវភាព​ប្រចាំថ្ងៃ

ពេលដែលមានផ្ទៃពោះ ស្ដ្រីមានផ្ទុកទារក និងគឺជាការផលិត​មនុស្សម្នាក់ផ្សេងទៀត ដែលផ្ដល់ឱ្យដោយក្ដីស្រឡាញ់។ ហេតុ​នេះសូមជួយទារក​ឱ្យមានសុខភាព និងលំនឹងល្អ។ ជាបន្ដទៅទៀតសូមបន្ដជ្រាប​អំពីដំបូន្មានថែទាំខ្លួនប្រចាំថ្ងៃ។

១. អាការៈស្ដ្រេស្ស

សូមយកចិត្ដទុកដាក់​លើស្ថានភាពសុខភាព​ផ្ទាល់ខ្លួន កុំឱ្យហត់នឿយ​អស់កម្លាំងពេក។ និយាយបែបនេះ មិនមែនមានន័យថា លោកស្រីអ្នកនាង​មិនត្រូវធ្វើអ្វីសោះ​នោះទេ។ សូមចៀសឱ្យបានរាល់ការគិត ឬខឹងសម្បារដែលមិនបានការ គ្រាន់តែជាការនាំឱ្យ ខាតពេល និងកម្លាំងចិត្ដកាយ​យ៉ាងឥតប្រយោជន៍។ សូមធ្វើគធ្វើថ្លង់​ជាមួយរឿងអ្នកដទៃ។ ប្រសិនបើមានអាការស្ដ្រេស្ស​ឬតានតឹង អារម្មណ៍ សូមធ្វើសមាធិភ្លាម។ ជាពិសេស​មិនត្រូវយកពេលសម្រាកនេះ​ទៅធ្វើការងារដែលនៅសេសសល់​នោះទេ។ ការសមាធិត្រូវ ធ្វើដូចតទៅ ៖

– ជ្រើសរើសយកកន្លែងដែល​ស្ងាត់ស្ងៀម

– ដេកផ្ងារលើគ្រែ ឬលើកម្រាល ដោយកើយ​ខ្នើយទាប

– សូមលើកជើងរបស់លោកស្រីអ្នកនាង​ទាំងពីរឡើង​លើដាក់នៅលើ​កៅអីអង្គុយ

– សូមដកដង្ហើម​យឺតៗ មួយៗ

– សូមព្រលែងចោល មិនទប់អ្វីឡើយ រាល់សាច់ដុំទាំងអស់​លែងកម្រើក

– សូមឱ្យខួរក្បាលសម្រាកដោយមិនគិត​អ្វីទាំងអស់។

២. តម្រូវការ​ខ្យល់ដង្ហើម

លោកស្រីអ្នកនាង​បានដកដង្ហើមធម្មតា ប៉ុន្ដែនៅតែខ្វះ​ខ្យល់អុកស៊ីសែន។ តម្រូវការនេះ​មិនមែនជារឿង​គ្រាន់តែ​គិតនោះទេ។ នៅពេលមានផ្ទៃពោះ ស្ដ្រីត្រូវដកដង្ហើម​សម្រាប់មនុស្ស​ពីរនាក់ ហេតុនេះ​តើត្រូវ​ធ្វើដូចម្ដេច?

– សូមឱ្យបន្ទប់ដែលលោកស្រីអ្នកនាង​ស្នាក់នៅ​មានខ្យល់ចេញចូល​គ្រប់គ្រាន់

– សូមទទួលទានដំណេកដោយ​បើកបង្អួច និងមាន​ខ្យល់អុកស៊ីសែន​គ្រប់គ្រាន់

– សូមឧស្សាហ៍ដើរកម្សាន្ដ​នៅកន្លែងទីវាល ដែលមាន​ខ្យល់បរិសុទ្ធ។

រូបភាពទស្សនាវដ្តីសុខភាពយើង

៣. ការសម្អាត​រាងកាយ

– ការបែកញើស ៖ ស្ដ្រីមានផ្ទៃពោះ អាចមានការ​បែកញើស​ច្រើនជាងមុន ពិតជា​គួរឱ្យ​ធុញទ្រាន់ណាស់ ប៉ុន្ដែជាការ ធម្មតាទេ។ ព្រោះថា​សារពាង្គកាយ​របស់ស្ដ្រីមានផ្ទៃពោះ​បញ្ចេញចោលនូវកាកសំណល់​បន្ថែម ដែលបញ្ចេញ​ដោយទារក។ ដើម្បីជម្រះ ញើសទាំងនេះ លោកស្រីអ្នកនាង​ត្រូវបង្កើនការងូតទឹក​ដុសលាងខ្លួន។ ការងូតទឹកក្ដៅឧណ្ហៗ​នៅពេលល្ងាច ឬក្បាលព្រលប់អាចជួយឱ្យ​លោកស្រីអ្នកនាង​លង់លក់បានស្រួលខ្លួន​ស្កប់ស្កល់។ សូមកុំងូតទឹក​ដែលក្ដៅខ្លាំងពេក ដែលអាចបង្កឱ្យ​មានការចុះ​សម្ពាធឈាម អាកទែរខ្លាំង។

– អនាម័យសរីរាង្គភេទ អ័រម៉ូនផ្ទៃពោះ នាំឱ្យមានការកើនឡើង​នូវទឹក​រំអិលទ្វារមាស។ ប្រសើរបំផុត​ត្រូវបង្កើនការ លាងសម្អាត​នៅមាត់ទ្វារមាស និងប្រដាប់ភេទ​ខាងក្រៅ២ដងក្នុង១ថ្ងៃ ដោយទឹក និងសាប៊ូ។ ផលិតផល​ទាំងអស់នេះ អាចរកទិញ បាននៅតាម​ឱសថស្ថាន និងផ្សារទំនើប។ បើសិនជាការ​ចេញទឹករំអិល ឬធ្លាក់វត្ថុរាវ​តាមទ្វារមាស​ច្រើនហួសហេតុ សូមទៅ​ជួបជាមួយ គ្រូពេទ្យ។ សូមចៀសឱ្យបាន​នូវការចាក់បញ្ចូល​អ្វីមួយទៅក្នុង​ទ្វារមាស គឺជារឿងឥតប្រយោជន៍​ជាងមានប្រយោជន៍។

៤. ការទទួលទាន​ដំណេក

ស្ដ្រីមានផ្ទៃពោះ​ត្រូវទទួលទានដំណេក​យ៉ាងតិចបំផុត៨ម៉ោង​ក្នុងមួយយប់ និងច្រើនជាងនេះ​ក្នុងករណី​មានអារម្មណ៍ថា​ត្រូវ ការដេកបន្ដទៀត។ នៅប៉ុន្មានខែដំបូង លោកស្រីអ្នកនាង​ពិតជាចង់ដេក និងសម្រាកច្រើន។ ផ្ទុយទៅវិញ នៅពេលជិតសម្រាល​ ប្រហែលជាពីរបីសប្ដាហ៍​មុនសម្រាលបុត្រ ស្ដ្រីមានផ្ទៃពោះ​ទទួលទានដំណេក​មិនសូវលក់នោះទេ។ ហេតុនេះ​ត្រូវសាកសួរ​យោបល់ និងដំបូន្មាន​ពីគ្រូពេទ្យ។ ទទួលទានដំណេក​បានលក់ស្កប់ស្កល់ គឺផ្ដល់អត្ថប្រយោជន៍​ជាច្រើន និងជាសកម្មភាព​ដូចតទៅ ៖

– បើសិនជាអាចស្ដ្រីមាន​ផ្ទៃពោះ​ត្រូវធ្វើការសម្រាក ធ្មេចភ្នែកពេលថ្ងៃត្រង់​មួយសន្ទុះ។ បែបនេះមាន​អត្ថប្រយោជន៍ខ្លាំង ណាស់​សម្រាប់ពេលហល់បាយ ឬចរន្ដឈាមរត់​មិនស្រួល។

– ធ្វើកាយវិការសមស្របណាមួយ​ដោយមិនខ្វាយខ្វាល់​ពីការគាបសង្កត់​ទៅលើទារកនោះទេ។ ពោះរបស់ស្ដ្រី​អាចការពារទារក​បានយ៉ាងល្អ។

៥. សូមកុំជក់បារី និងផឹកស្រា

– សូមកុំជក់បារី និងកុំស្រូបផ្សែងបារី ប្រសិនបើស្ដ្រីមានផ្ទៃពោះជក់បារី គឺមានន័យថាទារក​ក៏ជក់បារីដែរ។ ទារកអាច ទទួលយកជាតិនីកូទីន​តាមរយៈសុក។ ការសិក្សាបានបង្ហាញថា ស្ដ្រីមានផ្ទៃពោះហើយជក់បារី​អាចទទួលរងនូវផលប៉ះពាល់​ជាច្រើន ជាអាទិគឺការ​សម្រាលកូនមុនខែ ឬកើតមិនគ្រប់ខែ វិបត្ដិនៃការលូតលាស់​ប្រព័ន្ធសរសៃប្រសាទ​និងខួរក្បាល ទម្ងន់ទាបជាទារក សុខភាពល្អដល់ទៅ១០ភាគរយ។ល។ ប្រការទាំងនេះហើយដែលគ្រូពេទ្យ​តែងតែណែនាំស្ដ្រីមានផ្ទៃពោះ​មិនឱ្យជក់បារីជាដាច់ខាត។ ហេតុនេះស្ដ្រីមានផ្ទៃពោះ​មិនត្រូវជក់បារី និងស្រូបផ្សែងបារី​ពីអ្នកជក់បារីនោះទេ តាមរយៈការអនុវត្ដដូចតទៅ ៖ គឺសូមប្រាប់អ្នកដទៃ ឬអ្នកដែលនៅជិតខ្លួនកុំឱ្យជក់បារី​ពេលខ្លួនមានវត្ដមាន និងត្រូវគេចចេញឱ្យឆ្ងាយ​ពីកន្លែងដែលមានផ្សែងបារី។

– សូមកុំទទួលទានស្រា ជាតិសុរាឬស្រាជ្រាប​ចូលយ៉ាងលឿនទៅក្នុងឈាម សុកមិនអាចមានលទ្ធភាព​ច្រោះឬអាចទប់ ស្កាត់មិនឱ្យជាតិស្រា​ចូលទៅក្នុងខ្លួនទារកនោះទេ។ ហេតុនេះ បើម្ដាយផឹកស្រាឬប្រមឹក ទារកក៏ផឹកស្រា​ឬប្រមឹកផងដែរ។ ផល ប៉ះពាល់នៃសុរាឬស្រា ក៏មិនស្រាលប៉ុន្មានដែរទេ គឺធ្វើឱ្យការលូតលាស់​របស់ទារកថមថយ ឬយឺតយ៉ាវ ជាពិសេសនៅ​ប៉ុន្មានខែដំបូង ពេលសរីរាង្គកាយ​កំពុងត្រូវបានបង្កើត និងលេចជារូបរាងឡើង។ ហេតុនេះទម្លាប់របស់ស្ដ្រីខ្មែរ​មួយចំនួនដែលនាំគ្នា​ទទួលទានស្រា ឬស្រាថ្នាំក្នុងពេល​មានផ្ទៃពោះ គឺជាការខុសឆ្គង ដែលមិនគួរធ្វើនោះទេ។

(សូមបន្ដអាននៅលេខក្រោយទៀត)

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១


Categories:

Leave a Reply

Your email address will not be published. Required fields are marked *