លោកអ្នកតែងតែចង់បានសក់ដែលរស់រវើក ហើយភ្លឺរលោងជានិច្ច។ ប៉ុន្ដែបើសក់របស់លោកអ្នកមានបញ្ហា ជាពិសេសគឺសក់ងាប់ ជារឿងមួយដែលធ្វើឱ្យលោកអ្នកមានការព្រួយបារម្ភបំផុត ហើយបានរិះរកគ្រប់វិធីដើម្បីព្យាបាលសក់ឱ្យមានភាពស្រស់ស្អាតឡើងវិញ។ ចំពោះវិធីនៅក្នុងការកែខៃដើម្បីឱ្យសក់ស្រស់ស្អាតឡើងវិញនេះ មិនមែនជារឿងដែលលំបាកនោះទេ តែត្រូវ ទាមទារការអត់ធ្មត់បន្ដិច ព្រោះវិធីកែខៃសក់ងាប់គឺត្រូវប្រើរយៈពេលយូរ ទើបអាចធ្វើឱ្យសក់វិលមករកសភាពដើមវិញបាន។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្សនៃសម្អាង ការលុច្ស ដើម្បីពន្យល់អំពីវិធីសាស្ដ្រនៅក្នុងការកែខៃសក់ងាប់។
តើអ្វីទៅគឺជាសក់ងាប់?
សក់ងាប់គឺជាប្រភេទសក់មួយដែលមានសភាពរឹងស្ងួត ហើយមានកង្វះនូវសារជាតិចិញ្ចឹម ជាពិសេសគឺជាតិប្រេង។
មូលហេតុដែលបណ្ដាលឱ្យសក់ងាប់
សក់ងាប់បណ្ដាលមកពីកត្ដាច្រើនយ៉ាង ជាពិសេសសក់ដែលគាប ឬផ្លុំញឹកញាប់ ការផ្លាស់ប្ដូរពណ៌សក់ញឹកញាប់ ឬការ ប្រើប្រាស់ផលិតផលខុសជាដើម។ សក់ក៏អាចងាប់ទៅតាមប្រភេទស្បែកក្បាលដែរ ដូចជាស្បែកក្បាលដែលមានសភាពស្ងួតខ្លាំងពេក ព្រោះកាលណាស្បែកក្បាលស្ងួតខ្លាំង ធ្វើឱ្យសរសៃសក់ខ្វះនូវវីតាមីនសម្រាប់ចិញ្ចឹមសរសៃសក់ ដែលជាហេតុធ្វើឱ្យសរសៃសក់ងាប់ បានដោយងាយ។
វិធីកែខៃសក់ងាប់
បើសិនជាសក់ងាប់ លោកអ្នកត្រូវតែមានវិធីសាស្ដ្រនៅក្នុងការកែខៃ ព្រោះបើសិនជាមិនមានវិធីសាស្ដ្រកែខៃចំពោះ សរសៃសក់ងាប់នោះ អាចបណ្ដាលឱ្យសក់មានសភាពកាន់តែធ្ងន់ធ្ងរ គឺធ្វើឱ្យសក់ផុយ ស្រួយ ហើយជ្រុះថែមទៀតផង។ វិធីសាស្ដ្រកែខៃចំពោះសក់ងាប់គឺមានតែមួយគត់ គឺត្រូវធ្វើឱ្យសរសៃសក់រស់ឡើងវិញ តាមរយៈការបញ្ចូលជាតិប្រេង និងជាតិទឹកឱ្យបានគ្រប់គ្រាន់ទៅដល់សរសៃសក់។ លោកអ្នកត្រូវតែទទួលទានទឹកឱ្យបានច្រើន និងទទួលទានបន្លែឱ្យបានច្រើន ជាពិសេសបន្លែដែលមានជាតិជ័រ ដូចជាសណ្ដែកពណ៌ខៀវ ននោង ហោឡាំងតាវ ត្រយូងចេក ត្រកួន រួមទាំងផលិតផលដែលមានគុណភាពហើយមានជាតិប្រេ ដែលអាចជាជំនួយដល់សរសៃសក់បាន។
វិធីការពារកុំឱ្យសក់ងាប់
ដើម្បីការពារកុំឱ្យសក់ងាប់ លោកអ្នកត្រូវជ្រើសរើសផលិតផលដែលមានជាតិប្រេង និងជាតិទឹកឱ្យបានគ្រប់គ្រាន់ ចៀសវាងការប្រើប្រាស់ផលិតផលរំហួតជាតិប្រេងចេញពីសរសៃសក់ ដែលធ្វើឱ្យសរសៃសក់ងាប់។ មិនត្រូវផ្លុំឬគាបសក់ញឹកញាប់ ពេកនោះទេ និងមិនត្រូវផ្លាស់ប្ដូរពណ៌សក់ញឹកញាប់ពេកនោះដែរ ព្រោះការផ្លុំ គាប និងការផ្លាស់ប្ដូរពណ៌សក់ញឹកញាប់ពេកអាច បណ្ដាលឱ្យសក់ងាប់ ផុយ ឬស្រួយជាដើម។
ដំបូន្មានអ្នកជំនាញ
ដើម្បីកុំឱ្យកើតមាននូវបញ្ហាសក់ងាប់ លោកអ្នកគួរតែជ្រើសរើសផលិតផលណាដែលមានគុណភាពខ្ពស់ ជាពិសេសមិនមែន ជាផលិតផលរំហួតជាតិប្រេងចេញពីសរសៃ។ ដើម្បីឱ្យសក់ស្អាត លោកអ្នកគួរតែយកចិត្ដទុកដាក់ចំពោះសក់ឱ្យបានដិតដល់ មិនត្រូវ ធ្វេសប្រហែសឡើយ។ បើមានបញ្ហា លោកអ្នកគួរតែទៅពិភាក្សាជាមួយអ្នកជំនាញ ដើម្បីរកវិធីការពារ និងព្យាបាលសក់ ចៀសវាង ការកើតមានបញ្ហាធ្ងន់ធ្ងរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply