កង្វះជាតិទឹកគឺធ្វើឱ្យមានការប្រឈមមុខទៅនឹងបញ្ហាសុខភាព និងជំរុញឱ្យរាងកាយមិនធំលូតលាស់ និងស្បែកគ្មានសំណើម អាចឈានទៅមានជម្ងឺឈឺថ្កាត់ផ្សេងៗ ដូចជាហេវហត់ អស់កម្លាំង រាងកាយទ្រុឌទ្រោមជាដើម។
ដើម្បីយល់ដឹងអំពីបញ្ហាខ្វះជាតិទឹក និងផលប៉ះពាល់ ទស្សនាវដ្ដី សុខភាពយើង ជួបសម្ភាសជាមួយវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺបេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ។
ការខ្វះជាតិទឹក
ទឹកគឺជាវត្ថុរាវម្យ៉ាងដែលមនុស្ស សត្វ រុក្ខជាតិ និងធម្មជាតិនានាត្រូវការជាចាំបាច់ដើម្បីទ្រទ្រង់សុខភាព ឬ និងជាអាហារប្រចាំថ្ងៃដែលមិនអាចអត់បាន។ ទឹកមានអត្ថប្រយោជន៍មួយទៀតអាចជួយស្រោចស្រពដល់រុក្ខជាតិ ផលដំណាំផ្សេងៗ និងសត្វពាហនៈគ្រប់ប្រភេទ។ ជាទូទៅនៅក្នុងខ្លួនមនុស្សគ្រប់រូបត្រូវការជាតិទឹកជាចាំបាច់ដែលមានការកំណត់យ៉ាងច្បាស់លាស់ ប៉ុន្ដែ មនុស្សទាំងនោះហាក់បីដូចមិនមានការយកចិត្ដទុកដាក់ឱ្យបានត្រឹមត្រូវតាមតម្រូវការ ឬការណែនាំរបស់គ្រូពេទ្យនោះទេ។ ជាតិទឹក នៅក្នុងខ្លួនមនុស្សគ្រប់រូបចាប់ផ្ដើមពីទារកដែលមានអាយុក្រោម១ឆ្នាំត្រូវការជាតិ៧០ភាគរយ ហើយពី១ឆ្នាំដល់អាយុ៥ឆ្នាំត្រូវការ ជាតិទឹក៦៥ភាគរយ ហើយពី៥ឆ្នាំរហូតដល់មនុស្សចាស់គឺត្រូវការជាតិទឹក៦០ភាគរយ។
ប្រសិនបើជាតិទឹកដែលផ្ទុកក្នុងខ្លួនមនុស្សមិនគ្រប់គ្រាន់តាមអាយុកាលទេនោះ អាចប្រឈមនឹងការថមថយកម្លាំងគ្រប់គ្រងរាងកាយ។ សម្រាប់មនុស្សធំត្រូវទទួលទានទឹកក្នុងមួយថ្ងៃឱ្យបានមួយលីត្រកន្លះទៅបីលីត្រ ប៉ុន្ដែក៏មានការប្រែប្រួលទៅតាម ស្ថានភាពផងដែរ ដោយហេតុថាពេលខ្លះគាត់ធ្វើការងារច្រើន ហេវហត់ត្រូវការទឹកច្រើន។ ចំណែកមនុស្សមួយចំនួនមិនសូវបញ្ចេញ កម្លាំងពលកម្មអាចទទួលទានតិចជាងនេះ ហើយភាគច្រើននៃមនុស្សទាំងនេះមានរាងកាយស្លេកស្លាំង និងស្បែកស្ងួតជាដើម។ ម្យ៉ាងទៀតកង្វះទឹកធ្វើឱ្យរាងកាយមិនសូវធំធាត់ដូចមនុស្សដែលទទួលទានទឹកច្រើនឡើយ។ សម្រាប់កុមារវិញពីអាយុ១ឆ្នាំដល់៥ឆ្នាំ ត្រូវការទឹកក្នុងថ្ងៃពី១លីត្រទៅមួយលីត្រកន្លះ។ ចំពោះកុមារអាយុពី៥ឆ្នាំដល់អាយុ១០ឆ្នាំអាចត្រូវការទឹកពី១លីត្រទៅ២លីត្រជា ប្រចាំ។
មូលហេតុបណ្ដាលឱ្យខ្វះជាតិទឹក
បញ្ហាខ្វះជាតិទឹកគឺបណ្ដាលមកពីការបាត់បង់ជាតិទឹកតាមរយៈការរាករូស ក្អួត ឬបាត់បង់តាមស្បែក ខណៈពេលដែលលោក អ្នកឈរនៅហាលថ្ងៃយូរ ហើយរលាកស្បែក។ ចំពោះអ្នកជម្ងឺតម្រងនោម ប៉ះពាល់ទៅនឹងខួរក្បាល ការបញ្ចេញអ័រម៉ូន ធ្វើឱ្យអ្នក ជម្ងឺនោមច្រើន ហើយមិនបានទទួលទានទឹកឱ្យបានសមាមាត្រទៅតាមការបញ្ចេញចោល។ មួយទៀតការខ្វះជាតិទឹកដោយ មិនសូវទទួលទានទឹកតែម្ដង។ កត្ដាទាំងនេះអាចជំរុញដល់សុខភាពរបស់អ្នកជម្ងឺប្រឈមនឹងការបាត់បង់នូវថាមពលគ្រប់ពេលវេលា ហើយអ្នកជម្ងឺប្រភេទនេះនឹងងាយរងគ្រោះដោយជម្ងឺឱកាសនិយមផ្សេងៗទៀតផង។
ផលប៉ះពាល់ចំពោះមនុស្សខ្វះជាតិទឹក
ការខ្វះជាតិទឹកធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពអាចបណ្ដាលឱ្យលោកអ្នកងាយទទួលរងជម្ងឺផ្សេងៗ ដូចជាជម្ងឺសន្លាក់ ជម្ងឺចុករោយ បញ្ហាផ្នែកផ្លូវដង្ហើម ធ្វើការឆាប់ហត់ ដែលស្ដែងចេញពីការទទួលជាតិទឹកមិនគ្រប់គ្រាន់។ ចំពោះកុមារ អាចធ្វើឱ្យមានអាការៈហេវហត់ បេះដូងលោតញាប់។
រោគសញ្ញាចំពោះមនុស្សខ្វះជាតិទឹក
ចំពោះមនុស្សធំក្ដី កុមារក្ដី អាការខ្វះជាតិទឹកបានបង្ហាញនូវសកម្មភាពនៅលើរាងកាយមួយចំនួន ដូចជាការហេវហត់ មានស្បែកស្លេកស្លាំង ធ្វើការងារឆាប់ហត់ ឆាប់ចេញញើស ថែមទាំងផ្លូវដង្ហើមលោតញាប់ហើយឮ។ ពេលខ្លះអ្នកជម្ងឺដែលខ្វះជាតិទឹក មិនអាចធ្វើការងារធ្ងន់ៗបាននោះឡើយ ដោយសារកម្លាំងកាយមិនគ្រប់គ្រាន់។
វិធីការពារការខ្វះជាតិទឹក
ដើម្បីចៀសវាងនូវអាការៈខ្វះជាតិទឹក លោកអ្នកត្រូវតែទទួលទានទឹកមួយថ្ងៃឱ្យបានពីមួយលីត្រកន្លះទៅបីលីត្រ ចំពោះ មនុស្សចាស់។ ចំណែកកុមារដែលមានអាយុក្រោមមួយឆ្នាំ ឪពុកម្ដាយត្រូវផ្ដល់ទឹកធ្វើយ៉ាងណាឱ្យបាន១លីត្រ។ ចំពោះកុមារចាប់ពី អាយុ២ឆ្នាំដល់៥ឆ្នាំត្រូវទទួលទានទឹកឱ្យបានមួយលីត្រទៅពីរលីត្រ ព្រោះការទទួលទានទឹកគ្រប់គ្រាន់តាមតម្រូវការនាំឱ្យមាន សុខភាពល្អ រាងកាយមាំមួន និងបញ្ញាឈ្លាសវៃទៀតផង។
វិធីព្យាបាលដើម្បីបង្គ្រប់ជាតិទឹក
អ្នកជម្ងឺដែលខ្វះជាតិទឹកត្រូវតែទទួលទានទឹកឱ្យបានទៀងទាត់ ដើម្បីស្ដារមកវិញនូវការបាត់បង់ដោយសារជម្ងឺរាករូស ឬជម្ងឺតម្រងនោម។ លើសពីនេះដើម្បីព្យាបាលបង្គ្រប់ជាតិទឹកឱ្យមានចំណុះក្នុងខ្លួនដូចដើម ត្រូវតែជ្រើសរើសយកចំណីអាហារណា ដែលមានផលប្រយោជន៍អាចផលិតបាននូវជាតិទឹក ហើយបំប៉នដល់សុខភាព ដូចជាផ្លែក្រូចពោធិ៍សាត់ ទឹកអំពៅ ទឹកសណ្ដែក និងទឹកផ្លែឈើកំប៉ុងជាដើម ដើម្បីជំនួសជាតិទឹកដែលបាត់បង់។ មិនតែប៉ុណ្ណោះចំណីអាហារខាងលើនេះអាចផ្ដល់នូវផលប្រយោជន៍ សម្រាប់សុខភាពទៀតផង។
ដំបូន្មានអ្នកជំនាញ
ប្រជាពលរដ្ឋគ្រប់រូបគប្បីទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីថែរក្សារាងកាយឱ្យមានភាពមាំមួន ចៀសវាងនូវ ជម្ងឺឈឺថ្កាត់ផ្សេងៗ។ ទឹកអាចផ្ដល់ផលប្រយោជន៍ច្រើនណាស់ចំពោះរាងកាយ និងកោសិកានានា។ ដូច្នេះការទទួលទានទឹកច្រើនមិនមែនជារឿងអត់ប្រយោជន៍ ឬខាតបង់នូវសុខភាពនោះឡើយ។ ការទទួលទានទឹកកាន់តែច្រើន កាន់តែល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply