ជម្ងឺមហារីកគឺជាជម្ងឺមួយដ៏កាចសាហាវបំផុត ដែលអាចសម្លាប់មនុស្សបានយ៉ាងងាយស្រួល ប្រសិនបើអ្នកជម្ងឺមានការធ្វេសប្រហែសក្នុងការព្យាបាលមិនបានទាន់ពេលវេលា។ ជម្ងឺមហារីកកំពុងគម្រាមស្ដ្រីកម្ពុជា។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជម្ងឺមហារីកនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតបាននិយាយឱ្យដឹងថា ស្ដ្រីកម្ពុជាអាចប្រឈមមុខនឹងជម្ងឺមហារីកមាត់ស្បូនច្រើនជាងប្រទេសជិតខាង។ ប្រធានផ្នែកជម្ងឺមហារីករូបនេះបាននិយាយកាលពីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០១១ ឱ្យដឹងថា មន្ទីរពេទ្យខ្មែរសូវៀតបានបើកព្យាបាលជម្ងឺមហារីកនៅឆ្នាំ២០០៣ហើយរហូតដល់ឆ្នាំ២០១០ យើងបាន ទទួលអ្នកជម្ងឺទៅពិគ្រោះ និងព្យាបាលចំនួនជិតពីរម៉ឺននាក់។ លោកបានបន្ដទៀតថា មានជម្ងឺមហារីកមាត់ស្បូនប្រហែលជា ២៥ភាគរយ ជម្ងឺមហារីកសុដន់១៩ភាគរយ មហារីកច្រមុះ និងត្រចៀក១៦ភាគរយ មហារីកកូនកណ្ដុរ៩ភាគរយ មហារីកសួត ៦ភាគរយ មហារីកក្រពះ និងពោះវៀន៤ភាគរយ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានឱ្យដឹងទៀតថា ផ្អែកតាមតួលេខខាងលើនេះ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម យើងអាចសន្និដ្ឋានបានថា អ្នកជម្ងឺមហារីកនៅកម្ពុជាមានអាយុក្មេងជាងអ្នកជម្ងឺនៅវៀតណាម និងថៃ។ លោកបានលើកឧទាហរណ៍មកបញ្ជាក់ថា ជាក់ស្ដែងដូចជាជម្ងឺមហារីកសុដន់ និងមហារីកមាត់ស្បូន អ្នកជម្ងឺមានអាយុក្រោម៣៥ឆ្នាំ ចំនួន១៥ភាគរយ។ បើប្រៀបធៀបទៅនឹងប្រទេសវៀតណាមមានតែ១៥ភាគរយ និងថៃមាន៤ភាគរយប៉ុណ្ណោះ។ ដូចនេះស្ដ្រីកម្ពុជា អាចនឹងប្រឈមមុខនឹងជម្ងឺមហារីកមាត់ស្បូន និងមហារីកសុដន់ច្រើនជាងប្រទេសជិតខាង។
លោកវេជ្ជបណ្ឌិតបានពន្យល់ទៀតថា មូលហេតុដែលបណ្ដាលឱ្យស្ដ្រីកម្ពុជាកើតជម្ងឺមហារីកមាត់ស្បូន គឺដោយសារតែ មេរោគឆ្លងតាមរយៈការរួមភេទ និងមិនមានអនាម័យ។ ចំណែកឯជម្ងឺមហារីកសុដន់វិញមកដល់ពេលនេះនៅមិនទានមានអ្នក វិទ្យាសាស្ដ្រណាដឹងអំពីមូលហេតុដែលនាំឱ្យកើតជម្ងឺនេះនៅឡើយទេ។ លោកវេជ្ជបណ្ឌិតបានកត់សម្គាល់ថា ស្ដ្រីដែលកើតជម្ងឺ មហារីកសុដន់គេសម្គាល់ទៅលើស្ដ្រីនោះមានរូបរាងធាត់ហើយការមករដូវយូរ។
ចំពោះការព្យាបាលអ្នកជម្ងឺមហារីកមាត់ស្បូនដែលបានមកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មានចំនួន២៥ ភាគរយ ហើយអាចព្យាបាលជាបាន៧០ភាគរយ។ អ្នកជម្ងឺមហារីកសុដន់អាចព្យាបាលជាសះស្បើយ៧៤ភាគរយ មហារីកកូនកណ្ដុរ អាចព្យាបាលជា៥០ភាគរយ មហារីកច្រមុះ បំពង់ក ត្រចៀក ព្យាបាលជាសះស្បើយ៣០ភាគរយ មហារីកក្រពះពោះវៀនអាចព្យាបាលជា៤១ភាគ រីឯមហារីកសួតមិនអាចព្យាបាលជាទេ។
លោកវេជ្ជបណ្ឌិត សាយ សេងលី នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតបានបញ្ជាក់ថា បច្ចុប្បន្ននេះមន្ទីរពេទ្យមានសេវា ២៧ផ្នែក ប៉ុន្ដែផ្នែកដែលលេចធ្លោជាងគេមានជម្ងឺវះកាត់ទូទៅ ជម្ងឺផ្លូវចិត្ដ ជម្ងឺកាមរោគ អេដស៍ របេងសួត និងជម្ងឺមហារីក។ ជម្ងឺមហារីកនេះមានតែមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតប៉ុណ្ណោះ ដែលមានសេវានេះហើយដោយសារតែអ្នកជម្ងឺច្រើននោះ មន្ទីរពេទ្យ បានកសាងអគារមួយទៀតដែលនៅជាប់នឹងអគារចាស់ដែលអាចដាក់អ្នកជម្ងឺបានពី៤០-៥០គ្រែ ដែលអគារចាស់អាចដាក់បានតែ២០ គ្រែប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១១ ដោយទទួលបានវ៉ាក់សាំងពីសមាគមគ្រូខ្មែរស្រុកបារាំង៨០០០នាក់ មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀតបានចាក់វ៉ាក់សាំងប្រឆាំងមេរោគHPVដែលបង្កនាំឱ្យកើតជម្ងឺមហារីកមាត់ស្បូននេះដល់បុគ្គលិកមន្ទីរពេទ្យចំនួន២០០០នាក់ និង៦០០០នាក់ដល់សិស្សសាលាដែលមានអាយុចាប់ពី១០ឆ្នាំឡើងទៅ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply