រ៉ែខនិជ ៖ ជាតិ​​​​​​​ម៉ាញ៉េស្យូម(ត)

ក្រោយពី​​​ជ្រាបអំពី​​​រ៉ែខនិជ ជាតិកាល់ស្យូម ជាតិអ៊ីយ៉ូដ និងជាតិដែក នៅលើទំព័រ​​​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ  ពេលនេះ​​​ដល់វេន​​​​ជាតិម៉ាញ៉េស្យូម​​​​ចូលមក​​​បង្ហាញខ្លួន​​​​​​វិញ​​​ម្ដង​​​ហើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទី​ជាតិម៉ាញ៉េស្យូម

សារធាតុម៉ាញ៉េស្យូម​ដែលបានចាត់់បញ្ចូលទៅក្នុង​ចំណាត់ថ្នាក់រ៉ែខនិជ ឬអាហារបំប៉ន ត្រូវបានគេស្គាល់ថា​ជាតិរ៉ែខនិជ ចង្វាក់បេះដូង មានតួនាទីពិសេសដូចជា ៖

– ជួយសរីរសាស្ដ្រនៃសព៌ាង្គកាយ ម៉ាញ៉េស្យូមជាសារធាតុសារវ័ន្ដ​ជួយដល់ការលូតលាស់ និងដំណើរការត្រឹមត្រូវនៃ សរីរាង្គកាយ ជាពិសេសប្រតិកម្ម​មេតាប៉ូលីស ខួរក្បាល និងប្រព័ន្ធការពារ។

– សម្រួលចង្វាក់បេះដូង សាច់ដុំ និងប្រព័ន្ធប្រសាទ ជាតិម៉ាញ៉េស្យូមមានតួនាទីចម្បងជាងគេគឺកែតម្រូវ ឬសម្រប សម្រួលចង្វាក់បេះដូង ការកន្ដ្រាក់នៃសាច់ដុំ និងការបញ្ជូនសារតាមប្រព័ន្ធប្រសាទ។

– ប្រឆាំងជម្ងឺរឹងសរសៃឈាម និងប្រឆាំងក្រួស ជាតិម៉ាញ៉េស្យូម​ប្រឆាំងនឹងការឡើងរឹង​នៃសរសៃឈាម និងការ បង្កកំណើត​ជាតិក្រួសក្នុងតម្រងនោម ប្លោកនោម និងទឹកប្រមាត់។

– ជួយការស្រូបសារធាតុចិញ្ចឹមនានា វាមានសារៈសំខាន់ខ្លាំងណាស់​នៅក្នុងការស្រូបជាតិកាល់ស្យូម ផូស្ព័រ និងជាតិ ប៉ូតាស្យូម​នៅធ្មេញ និងឆ្អឹង ក៏ដូចជាការស្រូបជាតិស្ករ និងវីតាមីនសេ។

– ជួយកម្លាំង វាក៏មានតួនាទីផងដែរ ជាជំនួយដល់​ការស្រូបប្រូតេអ៊ីន និងការផលិតថាមពល ឬកម្លាំងកាយផងដែរ។

– ជួយផ្លូវចិត្ដផ្លូវអារម្មណ៍ ជាចុងក្រោយជាតិម៉ាញ៉េស្យូម​ធ្វើឱ្យប្រសើរឡើងនូវលំនឹងផ្លូវចិត្ដ និងផ្លូវអារម្មណ៍ ព្រមទាំង ជួយសម្រួល​ដល់ការទទួលទានដំណេកផងដែរ។

របបអាហារូបត្ថម្ភ​ប្រចាំថ្ងៃរបស់​ជាតិម៉ាញ៉េស្យូម

ខ្លួនប្រាណមនុស្សត្រូវការការទទួលទានចូល​ជាប្រចាំនូវសារ​ធាតុម៉ាញ៉េស្យូម​ក្នុងបរិមាណចំនួនជាមធ្យម៤០០មីលីក្រាម​ក្នុង១ថ្ងៃ។ ជាអាទិមនុស្សប្រុសទម្ងន់៧០គីឡូក្រាម​ត្រូវការជាតិម៉ាញ៉េស្យូម​ចំនួន៤២០មីលីក្រាម រីឯមនុស្សស្រី៥៥គីឡូក្រាមវិញ​គឺ ត្រូវការ៣៣០មីលីក្រាម។ ដើម្បីឱ្យមានភាពជាក់លាក់ គេអាចធ្វើការគណនាតម្រូវ​ការជាតិម៉ាញ៉េស្យូម​ទៅតាមទម្ងន់ខ្លួន គឺក្នុងទម្ងន់ ខ្លួនមនុស្ស១គីឡូក្រាម​ត្រូវការជាតិម៉ាញ៉េស្យូម​ចំនួន៦មីលីក្រាម។ នៅប្រទេសបារាំង​គេបានរកឃើញថា មនុស្សចំនួនពី៥០ទៅ៦០% ខ្វះជាតិម៉ាញ៉េស្យូម​នេះ រីឯនៅប្រទេសកម្ពុជា​ក៏មានអត្រាមិនចាញ់នេះប៉ុន្មាននោះទេ។

ការខ្វះជាតិ​ម៉ាញ៉េស្យូម​នាំឱ្យប៉ះពាល់់ដល់​សុខភាព

ប្រសិនបើយើងទទួលទាន​សារធាតុម៉ាញ៉េស្យូម​មិនបានគ្រប់គ្រាន់់នោះទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាព​គួរឱ្យកត់សម្គាល់ ។ ផលប៉ះពាល់ទាំងនោះដែលចម្បង​ជាងគេគឺវិបត្ដិប្រព័ន្ធប្រសាទ ទទួលទានដំណេកមិនលក់ កម្លាំងសាច់ដុំចុះខ្សោយ ប្រកាច់ កន្ដ្រាក់ ដៃជើង(ដូចតេតាណូស) ញ័រដៃជើង អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាល ចុកឆ្អល់ពោះ ហឹងត្រចៀក រលាកក្រហល់ក្រហាយ ប្រតិកម្ម រមួលក្រពើ ក្ដាមកាច់ និងរ៉ាឌីកាល់សេរី(អុកស៊ីដង់)។

ចំណីអាហារ​ដែលមានជាតិ​ម៉ាញ៉េស្យូម

ជាតិម៉ាញ៉េស្យូម​មាននៅលើចំណីអាហារមួយចំនួន ជាពិសេសមាននៅលើចំណីអាហារ​ដូចជាទឹកខនិជដែល​សម្បូរជាតិ ម៉ាញ៉េស្យូម ផ្លែឈើក្រៀម សូកូឡា បន្លែក្រៀម នំប៉័ង និងប៉មជាដើម។

ជាតិម៉ាញ៉េស្យូម​ជាគ្រាប់ថ្នាំអាហារបំប៉ន

សារជាតិម៉ាញ៉េស្យូម​ចំនួន២៥០ទៅ៥០០មីលីក្រាម ដែលផ្សំផ្គុំជាមួយ​ជាតិកាល់ស្យូមពី៥០០មីលីក្រាមទៅ១ក្រាម អាចជា ជំនួយដ៏ប្រសើរបំផុត​ជួយដល់ការបំបាត់ស្ដ្រេស្ស ក្រហល់ក្រហាយ សភាពតានតឹងអារម្មណ៍ និងការទទួលទានដំណេកមិនលក់ ប៉ុន្ដែក៏ ជួយផងដែរដល់​ជម្ងឺរលាកពោះវៀន និងជម្ងឺសន្លាក់ឆ្អឹង។ គ្រាប់ថ្នាំអាហារបំប៉នទាំងនោះ​ច្រើនតែផ្សំផ្គុំផងដែរជាមួយជាតិ​វីតាមីនបេ៦ ដែលជួយសម្រួល​ដល់ការសំយោគ។ ផ្ទុយទៅវិញ ពពួកវីតាមីនដេមិនត្រូវប្រើ ឬលេបពេលជាមួយគ្រាប់ថ្នាំ​ជាតិម៉ាញ៉េស្យូមនោះទេ ពីព្រោះថាវាបង្កឱ្យមានការ​ប៉ះពាល់ដល់សំយោគ។ អ្នកជំនាញបានទូន្មានមិនឱ្យប្រើប្រាស់​គ្រាប់ថ្នាំម៉ាញ៉េស្យូមកម្រិតដូសច្រើននិងយូរ អង្វែងនោះទេ ព្រោះវាអាចបង្កឱ្យកើតជាឧបសគ្គ​ដល់ការសំយោគជាតិកាល់ស្យូម និងផូស្ព័រ។ លើសពីនេះទៅទៀត ការប្រើប្រាស់ គ្រាប់ថ្នាំជាតិម៉ាញេស្យូម​ហាមជាដាច់ខាតក្នុងករណី​មានជម្ងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។

សរុបសេចក្ដីមក គ្រាប់ថ្នាំជាតិម៉ាញ៉េស្យូម​ត្រូវលេបឬប្រើប្រាស់ឱ្យបានទៀងទាត់ ក្នុងរយៈពេលប៉ុន្មានពី២ទៅ៣សប្ដាហ៍តែ ប៉ុណ្ណោះ​ក្នុងកម្រិតដូសខ្ពស់ ទៅតាមតម្រូវការចាំបាច់។

សូមបញ្ជាក់ថា គេអាចប្រើប្រាស់ជាតិម៉ាញ៉េស្យូម​នៅតាមមន្ទីរពេទ្យ ដោយចាក់ជាពិសេសក្នុងករណី​ដំបៅសាច់បេះដូង ឬ បញ្ហាជម្ងឺបេះដូងធំៗផ្សេងទៀត ឬករណីប្រឈមមុខ ករណីគម្រាមកំហែង និងការសម្រាលបុត្រ​មុនកំណត់(សម្រាលកូនមិនគ្រប់ ខែ)។

តើអ្នកណាខ្លះ​ដែលត្រូវការ​ជាតិម៉ាញ៉េស្យូម?

ខ្លួនប្រាណយើងស្ដុកទុក​ជាតិម៉ាញ៉េស្យូម​នៅក្នុងធ្មេញ និងនៅក្នុងឆ្អឹង​របស់យើង(ផ្សំផ្គុំជាមួយជាតិកាល់ស្យូម និងជាតិ ផូស្ព័រ)។ តម្រូវការ​ជាតិម៉ាញ៉េស្យូម​ត្រូវកើនឡើងក្នុងករណីដូចតទៅ ៖

  • ប្រសិនបើទទួលទាន​ជាតិស្ករច្រើន ស្ករគ្រាប់ ឬនំប៉័ងប៊ីស្កុដ
  • លើកុមារដែល​ដេកនោមយប់
  • ករណីទទួលទាន​សុរាច្រើនជ្រុល
  • ករណីលេប​ថ្នាំអង់ទីប៊ីយ៉ូទិក
  • ពេលចាញ់កូន
  • អ្នកជម្ងឺ​ទឹកនោមផ្អែម
  • អ្នកជម្ងឺ​លើសឈាម
  • អ្នកលេបថ្នាំ​គ្រាប់ពន្យារកំណើត
  • អ្នកដែលឈឺពោះ​មុនមករដូវ
  • អ្នកដែលមានវិ​បត្ដិបេះដូង​សរសៃឈាម​(ចង្វាក់បេះដូងដើរមិនស្មើ)
  • អ្នកដែលរលាកច្រមុះ ផ្ដាសាយ និងឬឈឺបំពង់ករ៉ាំរ៉ៃ​ឬជាប្រចាំ។

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *