បច្ចុប្បន្ននេះយុវតីក្នុងសង្គមជាតិខ្មែរមួយចំនួនមានការភ្លើតភ្លើននឹងការសប្បាយនូវរឿងផ្សេងៗដែលតែងតែកើតមានឡើងស្ទើររៀងរាល់ថ្ងៃនៅក្នុងសង្គម ជាពិសេសក្នុងរឿងស្នេហាតែម្ដង រហូតបានជ្រុលជ្រួសខ្លួនប្រាណ(អស់ភាពបរិសុទ្ធ)មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ និងខុសពីប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។
ទុំមុនស្រគាលជាអ្វី?
ទុំមុនស្រគាលជាអត្ថន័យនៃពាក្យស្លោករបស់ខ្មែ្មរយើង ដោយប្រៀបធៀបអត្ថន័យទៅនឹងកូនស្រី ដែលប្រព្រឹត្ដនូវរឿងមិន គប្បីរហូតជ្រុលជ្រួសខ្លួនប្រាណមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ និងធ្វើខុសពីប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង។
មូលហេតុដែលបង្កឱ្យយុវតីធ្វើខុសពីប្រពៃណីទំនៀមទម្លាប់
នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ យុវតីខ្មែរមួយចំនួនបានជ្រុលជ្រួសខ្លួនប្រាណ(អស់ភាពបរិសុទ្ធ)មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ដោយមាតាបិតាមិនទាន់បានផ្សំផ្គុំផង។ មានន័យថាវប្បធម៌ និងប្រពៃណីរបស់បរទេស ជាពិសេសវប្បធម៌នៅប៉ែកអឺរ៉ុបបាន ជ្រាបចូលក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវវ័យ និងយុវតីតែម្ដង។ បើនិយាយពីសម័យកាលពីដើមវិញ ការទទួលយកនូវព័ត៌មានបច្ចេកវិទ្យាមានលក្ខណៈតូចចង្អៀត និងមិនសូវធំទូលាយដោយប្រព័ន្ធព័ត៌មានមិនទាន់ទំនើបដូចបច្ចុប្បន្ននេះ។ បច្ចុប្បន្ននេះប្រព័ន្ធនៃការផ្សព្វផ្សាយ ឬបច្ចេកវិទ្យាព័ត៌មានមានលក្ខណៈទំនើប និងធំទូលាយ ដូច្នេះហើយបានជាយុវវ័យ និងយុវតី មានការជ្រួលជ្រើម ចង់យល់ ចង់ដឹងនូវបញ្ហាផ្សេងៗដែលតែងតែកើតមានឡើងឥតឈប់ឈរ។ កត្ដាមួយទៀតគឺបណ្ដាលមកពី មាតាបិតា ឬអាណាព្យាបាលមានការអប់រំកូនស្រីមានលក្ខណៈធូររលុង និងមិនសូវតឹងរឹងដូចសម័យកាលពីដើមឡើយ។
ផលប៉ះពាល់ដល់សង្គម និងក្រុមគ្រួសារ
១ . ក្រុមគ្រួសារ ៖ ប្រសិនបើយុវវ័យ និងយុវតីខ្មែរធ្វើបែបនេះពិតជាមានផលលំបាកសម្រាប់ប្រទេសជាតិ និងបង្ក ឱ្យមានផលប៉ះពាល់ ទាំងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ និងភាពអាប់ឱនកិត្ដិយសក្រុមគ្រួសារទៀតផង។ ពេលដែលមាតាបិតា ឬអាណាព្យាបាលបានដឹងពីកំហុសឆ្គងថាកូនស្រីរបស់ខ្លួនបានធ្វើខុសពីប្រពៃណី មាតាបិតាពិតជាមានសេចក្ដីអាម៉ាសណាស់ចំពោះញាតិ មិត្ដជិតខាង ជាពិសេសក្រុមគ្រួសារសាច់ញាតិរបស់ខ្លួនដែលអប់រំកូនរបស់ខ្លួនមិនបានល្អ។
២ . សង្គម ៖ កូនស្រីដែលបានជ្រុលជ្រួសខ្លួនប្រាណមុនថ្ងៃរៀបការ ពិតជាខុសពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលខ្មែរនិយម ហៅថា ទុំមុនស្រគាល។ យុវវ័យខ្មែរមួយចំនួនយល់ឃើញថា មានស្នេហាគឺជាសេចក្ដីសប្បាយដោយមិនគិតដល់រឿងអនាគត របស់ខ្លួនទេ ចេះតែបណ្ដោយខ្លួនទៅៗ រហូតបានជ្រុលជ្រួសខ្លួនប្រាណមុនថ្ងៃរៀបអាពាហ៍ពិពាហ៍។ ដោយបុរសខ្លះយកស្នេហាជាល្បែងលេងសើច មានន័យថាពេលដែលបានខ្លួនប្រាណរបស់នារីដែលជាសង្សារបែរជាមិនមានការទទួលខុសត្រូវ។ ហេតុនេះហើយធ្វើ ឱ្យនារីដែលជាអ្នកខាតបង់ខ្លួនប្រាណ(ព្រហ្មចារី) មានអារម្មណ៍គិតនូវអំពើផ្សេងៗដែលតែងតែកើតមានឡើងនៅក្នុងសង្គម មានដូចជា មានអារម្មណ៍ខ្មាសញាតិជិតខាង ក្រុមគ្រួសាររបស់ខ្លួន មិត្ដភក្ដិ ចំពោះការមានផ្ទៃពោះដោយភាគីបុរសជាសង្សារមិនទទួល ខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើ។ ព្រមទាំងមានសតិអារម្មណ៍ច្របូលច្របល់គ្នា អាចឈានទៅដល់ការបញ្ចប់ជីវិត(អត្ដឃាដ)តាម របៀបផ្សេងៗ ដែលអាចធ្វើទៅបាន។ កត្ដាទាំងនេះហើយដែលជាហេតុបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បញ្ហាក្នុងសង្គមជាតិ ខ្មែរ និងក្រុមគ្រួសារ។
វិធីការពារកុំឱ្យកើតមានបញ្ហានេះនៅក្នុងសង្គមខ្មែរ
ដើម្បីទប់ស្កាត់កុំឱ្យកើតមានឡើងនូវបញ្ហានេះក្នុងសង្គមជាតិខ្មែរ មាតាបិតា ឬអាណាព្យាបាលគ្រប់រូបគួរតែមានវិធានការ ដ៏តឹងរ៉ឹងចំពោះកូន ជាពិសេសគឺកូនស្រីតែម្ដង។ អាណាព្យាបាលមិនគួរស្រឡាញ់កូនហួសហេតុពេក ព្រោះអាចបណ្ដាលឱ្យកូនរបស់ខ្លួន បានចិត្ដទៅជាខូច។ មាតាបិតារកលុយដើម្បីចិញ្ចឹមកូនឱ្យកូនរៀនសូត្របានជ្រៅជ្រះនឹងគេ ប៉ុន្ដែមាតាបិតាគួរមានពេលវេលានៅជិតកូនឱ្យបានច្រើនជាងការងារប្រចាំថ្ងែ ព្រោះវាមានភាពកក់ក្ដៅនៃក្នុងក្រុមគ្រួសារមួយ។ ប៉ុន្ដែប្រសិនបើមាតាបិតា ឬអាណាព្យាបាល មិនមានពេលវេលាគ្រប់គ្រាន់នៅជាមួយកូន(ភាពជិតស្និទ្ធ)ឱ្យបានច្រើនទេ មាតាបិតារវល់តែជាប់បំពេញភារកិច្ចការងារ ឬប្រកបមុខ របររកស៊ីផ្សេងៗគ្នា គ្មានពេលវេលាគ្រប់គ្រាន់នៅជាមួយកូន កូនគ្មានភាពកក់ក្ដៅក្នុងក្រុមគ្រួសារ ជាហេតុធ្វើឱ្យកូនរបស់ខ្លួនគិតតែ នូវរឿងសប្បាយផ្សេងៗជាមួយមិត្ដភក្ដិ ឬជាមួយសង្សាររបស់ខ្លួនទៅវិញ។
ដំបូន្មានរបស់អ្នកប្រឹក្សា
កូនប្រុសកូនស្រីធ្វើអ្វី កុំធ្វើតែតាមអំពើចិត្ដ និងតាមគំនិតរបស់ខ្លួន ធ្វើអ្វីត្រូវគិតពីច្បាប់សង្គម ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ និងគ្រួសារ ព្រោះយើងជាខ្មែរ ជាកូនខ្មែរមិនត្រូវធ្វើខ្លួនដូចបរទេសទេ។ បើជាកូនត្រូវធ្វើជាកូនល្អរបស់មាតាបិតា មិនត្រូវ ធ្វើជាកូនអកតញ្ញូទេ មិនត្រូវធ្វើអ្វីតាមតែអំពើចិត្ដរបស់ខ្លួនឯងឡើយ។ កូនស្រីដែលមិនស្ដាប់ដំបូន្មានរបស់មាតាបិតា ភាគច្រើនតែង តែទទួលរងនូវវិបត្ដិផ្សេងៗ ឧស្សាហ៍កើតមានឡើង ដូចជាបើជាស្រីអាចទៅជាស្ដ្រីមេម៉ាយ មានកូនអត់ប្ដី និងទទួលរងនូវវិបត្ដិផ្សេងៗ ដោយបញ្ហានេះកើតមានឡើងដោយសារតែកូនមិនស្ដាប់ដំបូន្មានរបស់មាតាបិតា។ ដូចនេះកូនប្រុសកូនស្រីត្រូវគិតពីអនាគតរបស់ខ្លួន និងត្រូវយល់ដឹងពីទឹកចិត្ដរបស់មាតាបិតា ហើយរស់នៅមិនគិតតែរឿងសប្បាយពេកទេ ត្រូវធ្វើខ្លួនជាមនុស្សល្អ ជាកូនល្អរបស់ មាតាបិតា ជាសិស្សល្អរបស់គ្រូ ជាប្រជាពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរឱ្យបានល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply