វិធីឆាប់​មានកូន

ជម្រាបសួរលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបាទ​​​មានអាយុ​​​៣២ឆ្នាំ រីឯភរិយាខ្ញុំបាទ​​​អាយុ១៩ឆ្នាំ យើងបាន​​​រៀបការ​​​ជាមួយគ្នា​​​មួយខែ​​​មកហើយ។ ហើយខ្ញុំ​​​ចង់ឱ្យ​​​​​​គាត់មានផ្ទៃពោះ​​​លឿនបំផុត​​​តាមដែលអាចធ្វើទៅបាន។ ខ្ញុំឮគេនិយាយថា វាអាស្រ័យទៅនឹង​​​​ថ្ងៃខែដែលរួមភេទ ក្រោយពីធ្លាក់“ឈាមរដូវ”។ សូមលោកវេជ្ជបណ្ឌិត​​​​​​​មេត្ដាជួយផ្ដល់​​​ដំបូន្មានល្អៗ​​​​ដល់ខ្ញុំបាទផង។ សូមអរគុណ​​​ទុកជាមុន។ ខ្ញុំទន្ទឹងរង់ចាំចម្លើយ​​​របស់​លោកវេជ្ជបណ្ឌិត។ លោក ម. ហ. រ អាយុ៣២ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អរគុណប្អូនប្រុសដែលបានសួរសំណួរដ៏មានសារៈសំខាន់​មកកាន់ខ្ញុំបាទ។ គឺជាការត្រឹមត្រូវណាស់ ភរិយារបស់ប្អូននៅក្មេង អាចមានផ្ទៃពោះបានយ៉ាងងាយ បើមានការរួមភេទចំថ្ងៃធ្លាក់មេជីវិត។ ថ្ងៃធ្លាក់មេជីវិតគឺ​ជាចន្លោះកណ្ដាល ពេលនៃការមករដូវ​ទាំង២ដង។ ជាឧទាហរណ៍ បើភរិយារបស់ប្អូនប្រុសមករដូវទៀងទាត់​រៀងរាល់២៨ថ្ងៃម្ដង នោះថ្ងៃធ្លាក់មេជីវិតគឺ ថ្ងៃទី១៤រាប់ចាប់ពីថ្ងៃទី១នៃ​ថ្ងៃមករដូវចុងក្រោយគេ។ បើថ្ងៃមករដូវចុងក្រោយគឺថ្ងៃទី២៨ឧសភា ថ្ងៃធ្លាក់មេជីវិតដែលគណនា ឃើញគឺថ្ងៃទី១២ ខែមិថុនា។ នៅថ្ងៃទី១២ ខែមិថុនា បើមានការរួមភេទគឺ​ជាថ្ងៃដែលអាចមានផ្ទៃពោះបាន។ ប៉ុន្ដែការធ្លាក់មេជីវិត អាចធ្លាក់មុនឬក្រោយ១ថ្ងៃឬ២ថ្ងៃ ហេតុនេះលោកអាចរួមភេទ​ពីថ្ងៃទី១០ទៅ១៤ មិថុនា ជាថ្ងៃអាចមានកូនបាន។ សរុបសេចក្ដីមក ករណីគូស្រកររបស់ប្អូនប្រុស​មិនពិបាកមានកូននោះទេ គ្រាន់តែធ្វើយ៉ាងណាត្រូវមានការរួមភេទ​នៅរវាងថ្ងៃធ្លាក់មេជីវិតរៀងរាល់ខែ។ សូមប្អូនប្រុស និងភរិយាមានសំណាងល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *