អ្នកនាង គង់ សុជាតិ គឺជាពិធីការនីល្បីល្បាញមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះបីស្ថិតក្នុងវ័យ២៧ឆ្នាំ ព្រមទាំងមានបុត្រពីរនាក់ និងមានកិច្ចការមមាញឹកយ៉ាងខ្លាំងជុំវិញការងារធ្វើអាជីវកម្ម និងការងារពិធីការនីរបស់អ្នកនាងយ៉ាងណាក៏ដោយ សម្ផស្សរបស់អ្នកនាងតូវបានទស្សនិកជនទទួលស្គាល់ និងសរសើថាកាន់តែស្រស់ស្អាត។ តើអ្នកនាង សុជាតិ មានវិធីថែរក្សាសម្រស់ និងសុខភាពយ៉ាងដូចម្ដេចខ្លះ?
ឆ្លើយតបទៅនឹងចម្ងល់ខាងលើទស្សនាដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយអ្នកនាង សុជាតិដើម្បីឱ្យអ្នកនាងបង្ហើបពីអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពផ្ទាល់ខ្លួន។
សុខភាពស្បែក
ពេលសំខាន់បំផុតសម្រាប់អ្នកនាង សុជាតិ គឺនៅក្រោយពេលសម្រាលកូន។ អ្នកនាងត្រូវបានទទួលការថែទាំតាមបែបបុរាណពី សំណាក់ម្ដាយរបស់អ្នកនាងដោយផ្ទាល់។ អ្នកនាងធ្វើការស្ពុងជាមួយនឹងបាលីមួយថ្ងៃមួយដង ឬយ៉ាងហោចណាស់៣ទៅ៤ដងក្នុងមួយ សបា្ដហ៏។ ការស្ពុងនេះធ្វើទៅជាប់គ្នារយៈពេលបីខែ។ លើសពីនេះទៅទៀត រយៈពេលមួយខែបន្ទាប់ពីសម្រាលកូន ទើបអ្នកនាងអាចមុជ ទឹកជម្រះខ្លួន។ ដើម្បីជៀសវាងការខូចស្បែក និងរក្សាស្បែកឱ្យចាំបានល្អ អ្នកនាង សុជាតិ មិនទទួលទានចំណីអាហារមួយចំនួន ដូចជាប្រហុក ផ្អក អាហារត្រជាក់ឪឡឹកជាដើម។ តំណមអាហារនេះធ្វើទៅរហូតដល់កូនមានអាយុបានមួយឆ្នាំទើបឈប់។
ដោយកូនអ្នកនាងមានអាយុច្រើនបន្ដិចហើយ រាល់ថ្ងៃនេះ ការថែរក្សាស្បែករបស់អ្នកនាងគឺគ្រាន់តែប្រើក្រែមបំប៉នស្បែកដងខ្លួន នៅពេលយប់ និងក្រែមការពារកំដៅថ្ងៃនៅរាល់ពេលព្រឹកព្រលឹម និងលាងសម្អាតខ្លួនជាមួយសាប៊ូសម្អាតខ្លួនធម្មតា។
ចំពោះស្បែកមុខ និងកវិញ អ្នកនាងសុជាតិយកចិត្ដទុកដាក់យ៉ាងខ្លាំង ដោយអ្នកនាងយល់ឃើញថា វ័យរបស់អ្នកនាងជាវ័យកំពុង តែវិវត្ដទៅរកភាពចំណាស់ និងសម្រស់ស្បែកមុខមានភាពចាំបាច់សម្រាប់អាជីពជាពិធីការនី ដែលត្រូវបង្ហាញមុខតាមកញ្ជក់ទូរទស្សន៏របស់អ្នកនាង។ ដូច្នេះជារៀងរាល់ថ្ងៃ អ្នកនាងបានប្រើប្រាស់ក្រែមជាច្រើនប្រភេទ ដូចជាក្រែមលាបបន្ដឹងកុំឱ្យមានសភាពជ្រីវជ្រួញក្រែមទ្រនាប់ ការពារកំដៅថ្ងៃ ក្រែមទ្រនាប់ជំនួយឱ្យការផាត់មុខកាន់តែស្រស់ស្អាត ក្រែមបំប៉នស្បែកនៅពេលយប់ ក្រែមលាងសម្អាតម្សៅខាងក្នុង ក្រែមលាងសម្អាតម្សៅខាងក្រៅ និងសាប៊ូដែលមានគុណភាពល្អជាដើម។
សុខភាពសក់
អ្នកនាង សុជាតិ តែងតែប្ដូរពណ៌សក់ជាញឹកញាប់ ដើម្បីឱ្យមានភាពទាន់សម័យទៅតាមសង្គមស៊ីវីល័យ។ ប្រការនេះធ្វើអោយ អ្នកនាងមានបញ្ហសរសៃសក់ខ្លះៗមិនអាចជៀសបាន។ ប្រឈមមុខនឹងបញ្ហាសក់អ្នកនាងត្រូវធ្វើការថែរក្សាសក់ ដោយជ្រើសរើសផលិតផល សាប៊ូកក់សក់ដែលត្រូវនឹងស្បែកក្បាល និងសរសៃសក់។ រាល់លើកបន្ទាប់ពីកក់សក់ អ្នកនាងតែងតែធ្វើការអប់សក់ជាមួយនឹងក្រែមអប់សក់ហើយប្រើប្រេងលាបទៅលើសរសៃសក់ ដើម្បីជំនួយឱ្យសក់រឹងមាំបានល្អ។
សុខភាពរាងកាយ
សំដីទន់ភ្លន់អមជាមួយស្នាមញញឹមស្រស់ស្អាត អ្នកនាងសុជាតិបានឱ្យដឹងថា អ្នកនាងចូលចិត្ដបរិភោគបន្លែគ្រប់ពណ៌ ផ្លែឈើ និងសាច់ខ្លះៗដែរ ជាពិសេសសាច់ត្រី។ អ្នកនាងជៀសវាងការទទួលទានសារធាតុខ្លាញ់ ព្រោះខ្លាញ់អាចធ្វើឱ្យឡើងទម្ងន់ ខូចសុខភាព និងបង្កឱ្យមានជម្ងឺផ្សេងៗ។ ម្យ៉ាងទៀត ទោះបីជាអ្នកនាងសុជាតិ យល់ឃើញថានាងធាត់បន្ដិចបើមើលទៅតាមកញ្ចក់ទូរទស្សន៏ ហើយចង់ធ្វើការបញ្ចុះទម្ងន់ដើម្បីឱ្យមានភាពកាន់តែស្រស់ស្អាតក៏ដោយ អ្នកនាងមិនប្រើប្រាស់ថ្នាំសម្រកទម្ងន់អ្វីឡើយ។ អ្នកនាងព្យាយាមបន្ថយការបរិភោគអាហារដែលមានកាឡូរីទាប និងហាត់កីឡា ដូចជាហែលទឹកជាដើម។
ជាទីបញ្ចប់ជុំវិញសម្រស់ និងសុខភាព អ្នកនាង សុជាតិ សូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយើងជាពិសេសស្ដ្រីខ្មែរចាប់អារម្មណ៏និងយកចិត្ដទុកដាក់ ក្នុងការថែទាំសុខភាព និងសម្រស់ ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply