យើងមិនអាចរស់បាន ដោយគ្មានជាតិទឹកនៅក្នុងខ្លួន និងទឹកពិសាគ្រប់គ្រាន់ឡើយ។ ការស្រេកទឹកជាសញ្ញាអាសន្ន ដែលត្រូវឆ្លើយតបដោយផឹកទឹកភ្លាម។ លោកអ្នកអាចបាត់បង់ជាតិទឹកតាមរយៈទឹកនោម លាមក ញើសជាដើម។ តែមនុស្សអាចបង្ក្រប់ជាតិទឹកវិញ តាមរយៈការផឹកទឹក ឬភេសជ្ជៈ និងតាមរយៈការបរិភោគអាហារជាប្រចាំថ្ងៃ។
ទឹកមាននៅទីណាខ្លះ?
សាព៌ាង្គកាយមនុស្ស មានជាតិទឹកមានប្រមាណជា៦០ទៅ៧០ភាគរយ។ ជាតិទឹកមានបរិមាណច្រើននៅក្នុងសាច់ដុំ សរីរាង្គ កោសិកា និងជាលិកា តែមានបរិមាណតិចនៅក្នុងម៉ាស់ខ្លាញ់។ ទឹកមាននៅក្នុងភេសជ្ជៈផ្សេងៗ ដូចជាទឹកតែ ទឹកកាហ្វេ ទឹកផ្លែឈើជាដើម ប៉ុន្ដែ ត្រូវប្រុងប្រយ័ត្ន ជាពិសេសចំពោះភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដែលមានឥទ្ធិពលមិនល្អខ្លះ ដូចជាបញ្ចុះទឹកនោមជាដើម រីឯភេសជ្ជៈដែលមាន ជាតិអាល់កុល និងមានជាតិផ្អែមខ្លាំង លោកអ្នកមិនគួរពិសាច្រើនឡើយ។ ម្យ៉ាងទៀត ទឹកក៏មាននៅក្នុងសម្ល និងចំណីអាហារផងដែរ។ នៅក្នុងវេជ្ជសាស្ដ្រ ទឹកមានរូបភាពជាទឹកអូរ៉ាលីត ទឹកសេរ៉ូមជាដើម សម្រាប់ប្រើបញ្ចូលទៅក្នុងខ្លួនមនុស្ស ពេលរាគរូស និងខ្វះជាតិទឹកដោយប្រការផ្សេងៗ។
ហេតុអ្វីបានត្រូវពិសាទឹក?
ទឹកមានតួនាទីកម្រិតជីវិត យើងមិនអាចរស់នៅដោយមិនផឹកទឹកលើសពី៥ថ្ងៃឡើយ ដូចពាក្យដែលថា“អត់អ្វីក៏អត់ចុះ កុំឱ្យតែអត់ទឹក”។ ហេតុនេះ ជាចាំបាច់លោកអ្នកត្រូវរក្សាលំនឹងជាតិទឹកនៅក្នុងសាព៌ាង្គកាយ។ ការស្រេកទឹកជាសញ្ញាអាសន្ន ដែលត្រូវឆ្លើយតបដោយ ផឹកទឹកភ្លាម ដើម្បីបញ្ចៀសកង្វះជាតិទឹក និងផលវិបាកផ្សេងៗ។ ជារៀងរាល់ថ្ងៃ ការបាត់បង់ជាតិទឹកពីក្នុងខ្លួន ដូចជាទឹកនោម លាមក ញើស ជាដើម មានកម្រិតច្រើន តម្រូវឱ្យយើងផឹកទឹកមួយថ្ងៃ មួយលីត្រកន្លះ។
ទឹកមិនមានផ្ទុកកាឡូរីឡើយ ដូច្នេះវាមិនមែនជាសារធាតុដែលផ្ដល់ថាមពលឡើយ។ ប៉ុន្ដែវាធ្វើឱ្យមានការផ្លាស់ប្ដូររវាងកោសិកា និងការច្រានកាកសំណល់ចោល។ ដូច្នេះមុខងារសារវន្ដរបស់ជាតិទឹក គឺដើរតួនាទីជាយានដឹកជញ្ជូនសារធាតុចិញ្ចឹមចាំបាច់ទៅក្នុងសាព៌ាង្គកាយ និងបញ្ចេញជាតិពុលមកក្រៅវិញ។ វាមានតួនាទីសំខាន់មួយទៀត គឺសម្រួលលំនឹងសីតុណ្ហភាព ឬកម្តៅរបស់អង្គប្រាណយើង។
មនុស្សជំនាន់មុនបានប្រៀនប្រដៅកូនចៅ មិនឱ្យផឹកទឹកពេលបរិភោគបាយឡើយ ព្រោះពួកគាត់ខ្លះយល់ថា ទឹកបំបែក ឬធ្វើឱ្យដុំ អាហារដែលលេបចូល បែកខ្ញែក ឬរាវ ដែលនាំឱ្យមានអារម្មណ៍ថា បរិភោគមិនចេះឆ្អែត និងបរិភោគរឹតតែច្រើន។ អ្នកខ្លះទៀតយល់ថា ការផឹកទឹក និងការបរិភោគអាហារក្នុងពេលតែមួយ នាំឱ្យឆាប់ឆ្អែតទៅវិញ។
យើងគួរពិសាទឹកឱ្យទៀងទាត់ និងគ្រប់ពេលពេញមួយថ្ងៃ មិនថាពេលណាឡើយ ទោះពេលបាយក៏យើងអាចពិសាទឹកបានដែរ។ យ៉ាងណាមិញ ការពិសាទឹកពេលភ្ញាក់ពីដំណេកពេលព្រឹកព្រលឹម មានប្រយោជន៍ខ្លាំងណាស់ ជាពិសេសជួយលាងក្រពះ ពោះវៀន សម្រួលដល់ ការបញ្ចេញកាកសំណល់ និងការផ្លាស់ប្ដូរ ឬផ្ទេររវាងកោសិកា។
តើលោកអ្នកគួរជ្រើសរើសយកទឹកប្រភេទណាមកពិសា?
លោកអ្នកត្រូវប្រុងប្រយ័ត្នឱ្យមែនទែនក្នុងការជ្រើសរើសទឹកយកមកផឹក។ ដើម្បីសុខភាពល្អ លោកអ្នកត្រូវពិសាទឹកស្អាត ទឹកឆ្អិន ឬទឹកដែលបានសម្លាប់មេរោគរួច ឬដែលបានត្រងយកជាតិពុលចេញអស់ជាដើម។ ដាច់ខាត លោកអ្នកមិនត្រូវពិសាទឹកមិនស្អាត ទឹកឆៅ និង ទឹកដែលមានមេរោគ ឬជាតិពុលឡើយ។ ព្រោះថា បើលោកអ្នកពិសាទឹកមិនស្អាត ដូចជាទឹកស្រែ ទឹកបឹង ទឹកទន្លេជាដើម នោះលោកអ្នកនឹង អាចឆ្លងជម្ងឺ ឆ្លងតាមទឹកផ្សេងៗ ដូចជាគ្រុនពោះវៀន ព្រូនជាដើម និងលោកអ្នកអាចពុល ឬប៉ះពាល់សុខភាពដោយសារជាតិបំពុលបរិស្ថាន ដូចជាជីដាក់ស្រែ ថ្នាំសម្លាប់សត្វល្អិតដេដេតេជាដើម។
ទឹកមានផ្ទុកទៅដោយជាតិអំបិលខនិជ និងជាតិរ៉ែផងដែរ ទឹកប្រភេទនេះ គេហៅថា ទឹកខនិជ។ ទឹកខនិជ ជាទឹកដែលចម្រោះ ឬ ផលិតឡើងដោយរក្សាវត្ដមានជាតិអំបិលខនិជ និងជាតិរ៉ែកម្រ ដូចជាជាតិកាល់ស្យូម ជាតិម៉ាញ៉េស្យូម ជាតិសូដ្យូមជាដើម។ ទឹកខនិជដែល ល្អបំផុត គឺជាទឹកខនិជដែលកើតចេញពីធម្មជាតិ។ ដើម្បីឱ្យងាយយល់ សូមអនុញ្ញាតលើកយកទឹកខនិជធម្មជាតិអេវីយ៉ង់ (Evian) ជាគំរូមក ពន្យល់ជូន។ ទឹកអេវីយ៉ង់មួយលីត្រមានជាតិកាល់ស្យូម៧៨មីលីក្រាម ជាតិម៉ាញ៉េស្យូម២៤មីលីក្រាម ជាតិសូដ្យូម៥មីលីក្រាម និងសារជាតិ ដទៃទៀត។ ទឹកខនិជអេវីយ៉ង់ មានប្រយោជន៍លាងបញ្ចេញកាកសំណល់របស់សាព៌ាង្គកាយជួយការរំលាយអាហារ និងប្រើសម្រាប់ពេលផ្ដាច់ ដោះ ឬផ្ដាច់ទឹកដោះរបស់ទារក។
ដកស្រង់ពីសៀវភៅ ២៤ម៉ោងដើម្បីសុខភាពល្អ
និពន្ធដោយវេជ្ជ. លី ចេងហ៊ុយ
បោះពុម្ពផ្សាយដោយហា្គឡាក់ស៊ី នៅឆ្នាំ២០០១
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply