ជម្ងឺ​រលាកថ្លើម​ប្រភេទបេ

បច្ចុប្បន្ននេះ ការព្យាបាលជម្ងឺ​រលាកថ្លើម​ដោយវីរុសបេ នៅមាន​ប្រសិទ្ធិភាព​ជាសះស្បើយ​ក្នុងកម្រិតមួយ ហើយមាន​តម្លៃថ្លៃ ចំណាយទាំងថវិកា និងទាំងពេល​វេលាយូរ​ទៀតផង។ វិធីមួយដែល​ល្អបំផុត​ក្នុងការ​ទប់ទល់​នឹងជម្ងឺនេះ គឺការបង្ការ។ ការពារប្រសើរ​ជាងព្យាបាល។ វិធីបង្ការ​ដែលមាន​ប្រសិទ្ធិភាព​ស្ទើរតែ១០០% គឺការ​ចាក់ថ្នាំបង្ការ ជាវ៉ាក់សាំង​ប្រឆាំងនឹងវីរុស​រលាកថ្លើមបេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺ​រលាកថ្លើម​ប្រភេទបេ​ជាអ្វី?

ជម្ងឺរលាកថ្លើម ជាជម្ងឺមួយប្រភេទ​ដែលស្ដែងឡើង ដោយការរលាក​នៃសាច់ថ្លើម។ ជម្ងឺរលាកថ្លើម​ដែលទើប​តែកើត ហើយកើត​ក្នុងរយៈពេលខ្លី ហៅថាជម្ងឺ​រលាកថ្លើម​ស្រួចស្រាវ។ បើអុស​បន្លាយរយៈ​ពេលវែង គេហៅថា​ជម្ងឺរលាកថ្លើម​រ៉ាំរ៉ៃ។ មានកត្ដា​ជាច្រើន​ដែលអាច បង្កឱ្យមានជម្ងឺ​រលាកថ្លើម ជាពិសេស​ដោយវីរុស និងជាតិសុរា។ ជម្ងឺរលាកថ្លើម​ដោយវីរុសបេ សព្វថ្ងៃនេះ​ក្លាយជា​មូលហេតុ ឬដើមចម​នៃជម្ងឺ រលាកថ្លើមរ៉ាំរៃ នៅតាមបណ្ដា​ប្រទេសមួយចំនួន។ មានវីរុស​ជមឺរលាកថ្លើម៦​ប្រភេទសំខាន់ៗ គឺប្រភេទអា(A) បេ(B) សេ(C) ដេ(D) អឺ(E) និងហ្សេ(G)។ ដូច្នេះ ជម្ងឺរលាក​ថ្លើមប្រភេទបេ អាចហៅបានថា​ជម្ងឺរលាកថ្លើម​ដោយវីរុសបេ ឬជម្ងឺរលាក​ថ្លើមបេ។

ការរាលដាល​ជម្ងឺរលាកថ្លើម​ដោយ​វីរុសបេ

ជម្ងឺរលាកថ្លើម​ប្រភេទបេ មានអត្រា​រាលដាលខ្ពស់។ តាមការ​ប៉ាន់ស្មាន នៅលើ​ពិភពលោក មានមនុស្ស​ប្រមាណជា២ពាន់លាន នាក់បានឆ្លង​មេរោគនៃ​ជម្ងឺនេះ។ ហើយក្នង​ចំណោមនោះ មានប្រមាណជា​ជាង៣៥០លាននាក់ បានរងនូវ​ជម្ងឺរលាកថ្លើម​រ៉ាំរ៉ៃ។

តាមការអង្កេត​ស្រាវជ្រាវ​បានឱ្យដឹងថា ជម្ងឺរលាកថ្លើម​ប្រភេទបេច្រើន​តែកើតនៅលើ​មនុស្សវ័យកណ្ដាល ក្នុងចន្លោះវ័យ​ពី២០ទៅ៤០ឆ្នាំ។ ក្រុមមនុស្ស​ដែលងាយរងគ្រោះ​បំផុត គឺអ្នកចូលចិត្ដ​រួមភេទដូចគ្នា អ្នកសេព​គ្រឿងញៀន​ដោយចាក់​តាមសរសៃ អ្នកមានដៃគូ​រួមភេទច្រើន អ្នកដើរលេង ឬធ្វើដំណើរច្រើន។ល។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុ​បង្កជម្ងឺ​រលាកថ្លើម​ដោយ​វីរុសបេ

ជម្ងឺរលាកថ្លើម​ដោយវីរុសបេ ឆ្លងតាមឈាម និងទឹកកាម ដូចមេរោគ​អេដស៍ដែរ។ វីរុសបេ​ឆ្លងចូលទៅក្នុងខ្លួន​មនុស្សតាមរយៈ ឈាម ទឹកកាម និងទឹករំអិលភេទ។ ការឆ្លងពីម្ដាយទៅកូន កើតមានឡើង នៅពេលសម្រាលកូន ពេលដែលទារក​ចេញតាមទ្វារមាស​របស់ម្ដាយ អាចមានការ​ប៉ះពាល់នឹង​មេរោគវីរុសបេ ដែលមាននៅ​ក្នុងឈាម​របស់ម្ដាយ។ ចំពោះការឆ្លងពី​បុគ្គលម្នាក់​ទៅបុគ្គល​ម្នាក់ទៀត កើតឡើងតាម​ការរួមភេទ និងតាមឈាម។

សរុបសេចក្ដីមក ការឆ្លងសំខាន់ៗមាន ដូចជាការរួមភេទ (ទាំងការរួមភេទ​តាមទ្វារមាស ទាំងការរួមភេទតាម​ទ្វារលាមក) ការប្រើ​ម្ជុលរួមគ្នា និងការសម្រាលកូន។ ដូច្នេះ បុគ្គលដែល​ប្រឈមមុខ​នឹងការឆ្លងជម្ងឺ​រលាកថ្លើម​នេះជាងគេ គឺជាអ្នក​រួមភេទដូចគ្នា អ្នកមានដៃគូ​រួមភេទច្រើន អ្នកទទួលការ​បញ្ចូលឈាម អ្នកសេព​គ្រឿងញៀន​ដោយចាក់ អ្នកចាក់សាក់ អ្នកចោះក្រវិល និងបុគ្គលិក​សុខាភិបាល។

ចំពោះទឹកមាត់ មិនទាន់មានការ​អះអាងថាឆ្លង​១០០%នោះទេ។ តែមានឯកសារ​ខ្លះបានសរសេរថា អាចមានការឆ្លង​តាមទឹកមាត់ ក្នុងអត្រា​តិចតួចបំផុត សឹងតែគ្មាន​ការឆ្លង។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីបង្ការ​ជម្ងឺរលាកថ្លើម​ដោយវីរុសបេ

ដើម្បីការពារខ្លួនកុំឱ្យឆ្លងមេរោគ​រលាកថ្លើមប្រភេទបេ ត្រូវចៀសវាងឱ្យបានរាល់របៀប​នៃការឆ្លងទាំងឡាយ ជាអាទិៈ

– មិនត្រូវប្រើម្ជុល និងសឺរ៉ាំងរួមគ្នា

– ត្រូវប្រើស្រោមអនាម័យ រាល់ពេលរួមភេទដែលសង្ស័យ ទាំងតាមទ្វារមាស ទាំតាមទ្វារលាមក

– មិនត្រូវប្រើឧបករណ៍ ឬប្រដាប់ប្រដាដែលមុតចេញឈាម ជាមួយអ្នកមានមេរោគ​ថ្លើមប្រភេទបេឡើយ ជាពិសេសឧប ករណ៍ដែលប្រើក្នុងផ្ទះជាមួយគ្នា ដូចជាកន្ដ្រៃកាត់ក្រចក ឡាម កាំបិតកោរ ច្រាសដុសធ្មេញ​ក្រាសសិតសក់ជាដើម

– អ្នកមានជម្ងឺរលាកថ្លើមប្រភេទបេ ត្រូវមានសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន។

វិធីបង្ការមួយទៀតដែលមានប្រសិទ្ធិភាពខ្ពស់ គឺការចាក់វ៉ាក់សាំង ឬថ្នាំបង្ការជម្ងឺរលាកថ្លើម​ដោយវីរុសបេនេះ។ បើលោកអ្នកទៅ ចាក់បានទៀងទាត់តាមពិធីសារ ឬកម្មវិធីត្រឹមត្រូវ ប្រសិទ្ធិភាពនៃការបង្ការអាចបានដល់ទៅជាង៩០%​ក្នុងរវាងប្រមាណ៣ឆ្នាំដំបូង ជួនលើសពីនេះ អាស្រ័យទៅតាមបុគ្គល និងប្រសិទ្ធិភាពនៃថ្នាំបង្ការ។

ចំពោះករណីស្ដ្រីមានផ្ទៃពោះ គប្បីត្រូវពិនិត្យរកមេរោគវីរុសបេ នៅពេលមានគភ៌ទើបជាការប្រសើរ។ ព្រោះថា បើដឹងថាស្ដ្រីនោះ មានវីរុសបេ គាត់អាចទទួលការព្យាបាល ដោយថ្នាំហ្គាម៉ាគ្លូប៊ុយលីន។ ចំណែកទារក នឹងត្រូវទទួលការព្យាបាលដូចម្ដាយដែរ នៅពេលប្រសូត្ររួចមក។ ទាំងនេះ ក្នុងគោលបំណងការពារ​ទារកឱ្យឆ្លងផុតពីការឆ្លងវីរុស​រលាកថ្លើមប្រភេទបេ។

ពេលណាត្រូវទៅ​ពិគ្រោះអ្នកជំនាញ?

លោកអ្នកត្រូវរួសរាន់ទៅពិគ្រោះជម្ងឺ​ជាមួយគ្រូពេទ្យជំនាញ និងនៅមន្ទីរពេទ្យ ពេលលោកអ្នកមានរោគសញ្ញា​សង្ស័យមួយចំនួន ដូចជាអាការៈល្ហិតល្ហៃរ៉ាំរ៉ៃ កែវភ្នែកឡើងពណ៌លឿង កន្ទួលរមាស់លើស្បែក​រកហេតុផលមិនឃើញ ឈឺចាប់ស្ទើរតែគ្រប់សន្លាក់ដៃជើងខ្លួន ប្រាណជាដើម។

ជម្ងឺរលាកថ្លើមបែបសាហាវ​កម្រឃើញមានណាស់។ តាមការប៉ាន់ប្រមាណ មានប្រមាណជា១%ចំណោម​ជម្ងឺរលាកថ្លើមបែបមានរោគសញ្ញា។ វាជាស្ថានភាពធ្ងន់ធ្ងរ​នៃការរលាកថ្លើមស្រួចស្រាវ ករណីនេះអាចប៉ះពាល់​ដល់អាយុជីវិត។

ពេលដែលឆ្លងចូលទៅក្នុងខ្លួនមនុស្ស វីរុសបេចាប់បង្ករោគសញ្ញា​ប្រមាណជាពី៦ទៅ២៥សបា្ដហ៍ (ពី១ខែកន្លះទៅ៦ខែ)។ តែជាដំបូងអ្នកជម្ងឺចាប់គ្រុនក្ដៅខ្លួន ឈឺសាច់ដុំ ឈឺសន្លាក់ បាយមិនបាន ក្អួតចង្អោរ អស់កម្លាំង និងកន្ទួលរមាស់ស្បែក។ លើសពីនេះទៅទៀត មានការឡើងលឿងក្នុងទឹកនោម លើស្បែក និងកែវភ្នែកស។ ពេលដែលថ្លើមរលាក វាលែងមានលទ្ធភាព​បំពេញមុខងារមេតាប៉ូលីស​ដូចធម្មតាហើយ ដែលបង្កការច្រាសច្រាល​ជាតិប៊ីលីរុយប៊ីននៅក្នុងខ្លួន ដែលជាដើមហេតុនៃការកើតលឿង។

ដោយឡែកវីរុសបេមួយចំនួន មិនបង្កជារោគសញ្ញាទេ ធ្វើឱ្យអ្នកដែលឆ្លងមេរោគនេះ មានផ្ទុកមេរោគនេះមួយជីវិត តែគ្មានរោគសញ្ញា។ បែបនេះ ជាទម្រង់ជម្ងឺរលាកថ្លើម​ដោយវីរុសបេរ៉ាំរ៉ៃ។ ទម្រង់រ៉ាំរ៉ៃ​នេះយូរទៅ អាចបង្កជារោគក្រិនថ្លើម ហើយអាចឈានទៅជម្ងឺ មហារីកថ្លើម។

ដូច្នេះ បើមានការសង្ស័យ ត្រូវអញ្ជើញទៅពិគ្រោះ​ជាមួយគ្រូពេទ្យជំនាញ ដែលជាឱកាសធ្វើតេស្ដឈាម​វិភាគរកមេរោគវីរុសបេ និងការវិភាគពាក់ព័ន្ធដទៃទៀត។ ពីព្រោះថា ដើម្បីឱ្យដឹងថាមានមេរោគ​រលាកថ្លើមប្រភេទបេ និងតាមដានដំណើរវិវត្ដរបស់វីរុស មានតែវិធីពិនិត្យឈាមតែមួយគត់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការពិនិត្យជម្ងឺ និងការធ្វើ​វិភាគឈាម

– ការពិនិត្យគ្លីនិក ដែលជាការពិនិត្យដោយភ្នែក ស្ទាប និងការសាកសួររបស់គ្រូពេទ្យព្យាបាល មិនអាចសន្និដ្ឋានថាមានជម្ងឺ រលាកថ្លើមដោយវីរុសបេបាន១០០%ទេ។ ការធ្វើរោគវិនិច្ឆ័យ​ត្រូវផ្អែកទៅលើការពិនិត្យ ឬវិភាគឈាម។

– ការកើតឡើងនៃជាតិ​អង់ស៊ីមរបស់ថ្លើម ដូចជាត្រង់សាមីណា ផូស្ពាតតាអាល់កាលីនជាដើម គឺជារោគសញ្ញានៃការ​បំផ្លាញ កោសិកាថ្លើម។

– ការកើនឡើងនៃកោសិកាឡាំផូស៊ីត (កោសិកានៃគោលិកាឈាមស) អាចសន្និដ្ឋានបានថា​ជាការបង្កជម្ងឺដោយពពួកវីរុស។

– ការវិភាគសេរ៉ូមឈាម ជួយឱ្យកំណត់ថាជាវីរុសប្រភេទណា។ ចំពោះជម្ងឺរលាកថ្លើមដោយវីរុសបេ អ្នកជីវសាស្ដ្រស្វែងរក វត្ដមានរបស់សារធាតុអង់ទីហ្សែន ហាស់បេអេស (HBS). ការបាត់អង់ទីហ្សែននេះវិញ មានន័យថាជាសះស្បើយ ពីជម្ងឺរលាកថ្លើមដោយវីរុសបេវិញ។

– មានសារធាតុអង់ទីហ្សែន និងអង់ទីក័រ(អង្គបដិបក្ខប្រាណ)ផ្សេងទៀត ដែលប្រើប្រាស់ផងដែរ ដើម្បីវិភាគសម្រាប់កំណត់ ដំណើរវិវត្ដរបស់ដំណាក់កាលជម្ងឺ ដូចជាទើបតែកើតថ្មី ឬកើតយូរមកហើយជាដើម។

– ប្រសិនបើរោគសញ្ញាជីវសាស្ដ្រទាំងនេះ មានវត្ដមានលើសពី៦ខែ ជាពិសេសត្រង់សាមីណា និងអង់ទីហ្សែន ហាស់បេអេស (HBS) អាចហៅបានថាជា​ជម្ងឺរលាកថ្លើមរ៉ាំរ៉ៃដោយវីរុសបេ។ ដើម្បីតាមដានភាពធ្ងន់ធ្ងរ និងបោះជំហានទៅរកការព្យាបាល មានការវិភាគផ្សេងទៀតដែលត្រូវធ្វើដូចជា​ការច្រឹបសាច់ថ្លើមយកទៅវិភាគជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការព្យាបាល​ជម្ងឺរលាកថ្លើម​ដោយវីរុសបេ

ក្នុងករណីជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ បែបសកម្មបន្ដិចបន្ដួច(ធ្វើទុក្ខបុកម្នេញតិចតួច) គេធ្វើការតាមដានដោយបូមឈាម ដើម្បីអង្កេត អង់ស៊ីមត្រង់សាមីណា និងរាប់ចំនួនមេរោគវីរុសបេ។ ក្នុងដំណាក់កាលនេះ អ្នកជម្ងឺមិនត្រូវពិសាជាតិសុរា និងឱសថ​មួយចំនួន ដែលបង្កការ ពុលថ្លើម និងបំផ្លាញសាច់ថ្លើម។

ចំពោះជម្ងឺរលាកថ្លើម​ដោយវីរុសបេ បែបឃោរឃៅ(ធ្វើទុក្ខបុកម្នេញខ្លាំងក្លា) សព្វថ្ងៃនេះ មានការព្យាបាល​ដោយថ្នាំអាំងទែហ្វេ រ៉ុង និងរីបាវីរីន ហើយដែលប្រសិទ្ធិភាព​ជាសះស្បើយ អាចមានប្រមាណជាពី៣០ទៅ៤០%។ នៅប្រទេសជឿនលឿន គេអាចធ្វើការវិភាគមុន នឹងព្យាបាល ដើម្បីកំណត់ និងសម្របសម្រួល​ការព្យាបាលត្រឹមត្រូវមួយ។ ក្នុងករណីបរាជ័យនៃការព្យាបាល​ដោយប្រើប្រាស់ថ្នាំទាំងពីរមុខ អាំងទែរហ្វេរ៉ុង និងរីបាវីរីននេះ គេអាចប្ដូរប្រើប្រាស់ថ្នាំ​ប្រឆាំងនឹងវីរុសផ្សេងទៀត ដូចជាថ្នាំអាដេនីសអារ៉ាប៊ីណូស៊ីដ ឬឡាមីវុយឌីនជាដើម។

កាលបើបុគ្គលដែលមាន​រោគរលាកថ្លើមរ៉ាំរ៉ៃ ហើយមុខងារថ្លើម​កំពុងបំផ្លិចបំផ្លាញ ដោយបង្កជាដុំសាច់ ជាពិសេសដុំសាច់មហារីក នោះការព្យាបាល​តម្រូវឱ្យធ្វើការផ្សាំ ឬប្ដូរថ្លើម បើអាចធ្វើទៅបាន។

រីឯករណីជម្ងឺរលាកថ្លើមទម្រង់​បែបសាហាវ ការព្យាបាលត្រូវធ្វើដាច់ខាត​នៅផ្នែកសង្គ្រោះបន្ទាន់​ក្នុងមន្ទីរពេទ្យ។ ពីព្រោះថាការ បាត់បង់មុខងារថ្លើមស្រួចស្រាវ អាចកើតមាន បង្កផលប៉ះពាល់​ដល់អាយុជីវិត។ ករណីនេះជួនតម្រូវ​ឱ្យធ្វើការផ្សាំ និងប្ដូរថ្លើមភ្លាមផងដែរ។

ឱសថព្យាបាល​ប្រឆាំងវីរុសបេទាំងនោះ ជួនមិនអាចឱ្យជម្ងឺរលាកថ្លើម​ជាសះស្បើយបាន និងមិនអាចទប់ស្កាត់​ការឆ្លងបានទេតែ គ្រាន់តែអាចកាត់បន្ថយកម្រិតសកម្មភាព​វីរុសតែប៉ុណ្ណោះ។ ពោលគឺគ្រាន់តែកាត់បន្ថយរោគសញ្ញា​នៃការបំផ្លិចបំផ្លាញថ្លើមតែប៉ុណ្ណោះ។ ហេតុដូច្នេះ លោកអ្នកដែលមានជម្ងឺ​រលាកថ្លើមប្រភេទបេនេះ ត្រូវទៅពិគ្រោះ និងទទួលការព្យាបាល​ពីគ្រូពេទ្យជំនាញ។ សូមចៀសវាងការសម្រេច ចិត្ដព្យាបាល ដោយប្រើប្រាស់ថ្នាំដោយខ្លួនឯង ដែលជាការបង្កផលអាក្រក់ដល់ថ្លើម​ដែលកំពុងមានជម្ងឺ និងបង្កគ្រោះថ្នាក់​ដល់អាយុជីវិត។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *