តើជម្ងឺក្រពះមានរោគសញ្ញាយ៉ាងដូចម្ដេចខ្លះ?
បើតាមពិតទៅពាក្យថាជម្ងឺក្រពះ គឺជាពាក្យសាមញ្ញសុទ្ធសាធ មិនមែនជាពាក្យបច្ចេកទេសរបស់ពេទ្យទេ។ នៅពេលណាដែល មានការឈឺពោះនៅផ្នែកចុងដង្ហើមខាងលើ ប្រជាជនតែងតែយល់ថាឈឺក្រពះ។ តាមពិតការឈឺនៅផ្នែកចុងដង្ហើមខាងលើអាចមានជម្ងឺរបស់ សរីរៈផ្សេងក្រៅពីក្រពះដែរ ដែលអាចជាមានជម្ងឺផ្លូវទឹកប្រមាត់ ឬជំងឺថ្លើមដែរ។ ម្យ៉ាងទៀតពាក្យថាឈឺក្រពះ វាអាចគ្របដណ្ដប់នូវជម្ងឺជាច្រើនកើតមាននៅក្នុងក្រពះ ដែលអាចបណ្ដាលឱ្យមានការឈឺចាប់ក្នុងក្រពះដូចគ្នា។ ជម្ងឺក្រពះមានច្រើនប្រភេទណាស់ ប៉ុន្ដែជម្ងឺក្រពះដែល យើងជួបប្រទះច្រើនជាងគេមានចំនួន៤ប្រភេទ គឺជម្ងឺដំបៅក្រពះ ជម្ងឺទឹកអាស៊ីតច្រាលពីក្នុងក្រពះមកបំពង់អាហារ ជម្ងឺក្រពះខ្សោយ និងជម្ងឺមហារីកក្រពះ។
ជម្ងឺក្រពះទាំង៤ប្រភេទនេះ វាមានរោគសញ្ញារួមរបស់វាមួយ ដែលអាចឱ្យយើងដឹងបានថាយើងមានជម្ងឺក្រពះ។ ភាគច្រើនអ្នកជម្ងឺ ច្រើនមានការឈឺចាប់នៅក្នុងពោះជាពិសេស នៅផ្នែកចុងដង្ហើម។ ការឈឺចាប់នេះមានលក្ខណះផ្សាក្រហាយ ឬក៏ឆ្អល់។ រោគសញ្ញាបន្ទាប់បន្សំបន្ថែមជាមួយការឈឺចាប់នេះ មានដូចជាការពិបាករំលាយអាហារ នៅពេលដែលយើងបរិភោគអាហារទៅ ធ្វើឱ្យឆាប់ឆ្អែត ឬក៏នៅពេលឆ្អែតហើយក្រស្រកពោះ ហាក់ដូចជាក្រពះមិនបានកិនជាដើម។ ជួនកាលទៀត ក៏មានភើជូ អាចរមូលពោះ កូពោះ ហើយអ្នកខ្លះ ទៀតក៏អាចមានអាការៈហើមពោះផងដែរ។ អាការៈទាំងនេះហើយដែលលធ្វើឱ្យយើងចាប់អារម្មណ៏ទៅដល់រោគក្រពះ ។ ប៉ុន្ដែជម្ងឺក្រពះមួយចំនួនមិនមានឱ្យរោគសញ្ញាច្បាស់លាស់ទេ អ្នកជម្ងឺហាក់ដូចជាមានសុខភាពល្អធម្មតា តែវានឹងស្ដែងចេញឡើងនៅពេលណាដែលមានផលវិបាក ដូចជាធ្លាយក្រពះ ឬក៏មានការធ្លាក់ឈាម។
តើយើងអាចចៀសវាងជម្ងឺក្រពះបានដែរឬទេ?
ជម្ងឺក្រពះ ជាជម្ងឺដែលយើងអាចចៀសវាងបាន បើយើងយល់ច្បាស់អំពីអនាម័យ និងវិធីបង្ការខ្លះៗ។ យើងដឹងថាជម្ងឺក្រពះ ច្រើនកើតទៅលើមនុស្សដែលខ្វះអនាម័យ។ យើងត្រូវអោយមានអនាម័យជានិច្ច គឺត្រូវបរិភោគបន្លែឆ្អិន ទឹកស្អាត ចៀសវាងនូវការទទួល ទានថ្នាំដែលគ្មានវេជ្ជបញ្ជាថ្នាំពេទ្យ ឬឱសថ គឺជាកត្ដាសំខាន់ណាស់ដែលធ្វើឱ្យយើងឈឺក្រពះ ជាពិសេសប្រភេទថ្នាំប្រឆាំងការឈឺសន្លាក់ដៃ សន្លាក់ជើង ដែលប្រជាជនខ្មែរតែងតែហៅថា ថ្នាំសរសៃ។ ជាអាទិថ្នាំអាស្ពីរីន ដែលយើងតែងតែប្រើវាដើម្បីបំបាត់ជម្ងឺផ្ដាសាយ និងគ្រុននោះ វាធ្វើឱ្យយើងឈឺក្រពះ។ គួរចៀសវាងនូវការជក់បារី និងការផឹកស្រា ត្រូវពិសាអាហារ ឱ្យបានទៀងពេលវេលាផងដែរ។
ដំបូន្មានគ្រូពេទ្យជំនាញ
នៅពេលដែលសង្ស័យថាមានឈឺជម្ងឺក្រពះហើយ អ្នកជម្ងឺត្រូវមកជួបវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការពិនិត្យជម្ងឺ បើចាំបាច់គ្រូពេទ្យ នឹងធ្វើការឆ្លុះមើលក្រពះ ឬមើលឈាមបន្ថែមទៀត ដើម្បីទទួលបាននូវរោគវិនិច្ឆ័យបានត្រឹមត្រូវ ដែលអាចឱ្យយើងធ្វើការព្យាបាលជាសះស្បើយដើម្បីចៀសវាងការខាតបង់ពេលវេលា និងថវិកា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply