លោកអ្នកធ្លាប់ជ្រាបទេអំពីការដាំបង្គោលធ្មេញ? ការដាំបង្គោលធ្មេញ (Dental Implant) គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងការដាំជំនួសធ្មេញ ដែលបានបាត់បង់ទៅឱ្យមានលក្ខណៈដូចធ្មេញធម្មជាតិឡើងវិញ។ ការដាំបង្គោលធ្មេញ គឺជាបច្ចេកទេស ថ្មីមួយដែលបាននាំចូលមកប្រទេសកម្ពុជានៅឆ្នាំ២០០០។ នៅបណ្ដាប្រទេសជឿនលឿន បច្ចេកទេសនេះត្រូវបានប្រើប្រាស់ប្រមាណជា ជាង៤០ឆ្នាំមកហើយ និងត្រូវបានគេទទួលស្គាល់ប្រើប្រាស់នៅស្ទើរតែជុំវិញពិភពលោក។
តើការដាំបង្គោលធ្មេញមានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?
បច្ចេកទេសក្នុងការដាំបង្គោលធ្មេញនេះ ជាបច្ចេកវិជ្ជាថ្មីមួយដែលមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅនៅលើពិភពលោក។ ការដាំបង្គោលធ្មេញ គឺជាការដាំជំនួសធ្មេញដែលបានបាត់បង់ទៅ និងផ្ដល់ប្រយោជន៍នូវមុខងារ និងសម្ផស្សដូចធ្មេញធម្មជាតិ។ វាប្រៀបបាន ដូចជាយើងពិការម្រាមដៃមួយ ហើយយើងអាចបណ្ដុះម្រាមដៃថ្មីឡើងវិញបានអញ្ចឹងដែរ។
ការដាំបង្គោលធ្មេញប៉ះពាល់ដល់សុខភាពឬទេ?
លោកទន្ដបណ្ឌិត ទិត ហុងយឺ ជាអ្នកជំនាញដែលធ្លាប់បានសិក្សាបច្ចេកទេសនេះនៅប្រទេសអាល្លឺម៉ង់ បានអះអាងថាបច្ចេកទេស នេះមិនផ្ដល់គ្រោះថ្នាក់អ្វីទាំងអស់ដល់មនុស្ស។ ពីព្រោះវាជាបច្ចេកទេសមួយដែលគេបាន សិក្សាស្រាវជ្រាវបានយ៉ាងត្រឹមត្រូវ។ ការដាំបងោ្គលធ្មេញ គឺប្រើឧបករណ៍ធ្វើអំពីទីតាន្យូម(ទិតាន៉ិមប) ដែលជាសារធាតុមួយ អាចនៅជាមួយឆ្អឹងមនុស្សបាន ហើយពុំមានប៉ះពាល់ដល់សុខភាព មនុស្សឡើយ។ មានពាក្យចចាមអារាមខ្លះថាការដាំបង្គោលធ្មេញនាំឱ្យកើតជំងឺមហារីក លោកទន្ដណ្ឌិតបានបដិសេធទាំងស្រុងនូវពាក្យចចាមអារាមនេះ ថាគ្មានបញ្ហនេះកើតឡើងទេ។ ប៉ុន្ដែវាអាស្រ័យទៅនឹងសមត្ថភាពគ្រូពេទ្យ និងឧបករណ៍ប្រើប្រាស់របស់គ្រូពេទ្យដែរ។ ការដាំធ្មេញនេះអាចធ្វើបានលើមនុស្សស្ទើរតែគ្រប់វ័យ ជាពិសេសចំពោះមនុស្សពីវ័យ១៨ឆ្នាំរហូតដល់១០០ឆ្នាំ។ ប្រជាពលរដ្ឋខ្មែរភាគតិចណាស់ដែលបាន យល់ដឹងអំពីបច្ចេកទេសនេះ។ ប៉ុន្ដែរហូតមកដល់ពេលនេះនៅប្រទេសកម្ពុជាយើង មានប្រជាពលរដ្ឋមួយចំនួនបានទទួលការដាំបង្គោលធ្មេញ ដោយពួកគាត់ពេញចិត្ដចំពោះលទ្ធផលដែលទទួលបាន ទាំងមុខងារទំពារ និងសម្ផស្សស្រស់ស្អាត។
ដំបូន្មានរបស់ទន្ដបណ្ឌិត
សូមប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍លើការថែទាំសុខភាពធ្មេញ មិនត្រូវទៅធ្វើការកាត់ ឬដកធ្មេញដែលនាំឱ្យខូច និងបាត់បង់ធ្មេញនោះទេ។ យើងគួរជ្រើសរើសកន្លែងព្យាបាលឱ្យបានត្រឹមត្រូវ អ្នកដែលចង់ដាំបង្គោលធ្មេញ ក៏ត្រូវដឹងពីប្រវត្ដិការងាររបស់គ្រូពេទ្យជំនាញឱ្យ បានច្បាស់លាស់ផងដែរ។ ត្រូវថែរក្សាធ្មេញឱ្យបានល្អ ថ្វីត្បិតតែការដាំំបង្គោលធ្មេញ អាចជំនួសធ្មេញដែលបានបាត់បង់ទៅបានក៏ពិតមែន តែការដាំបង្គោលធ្មេញមានតម្លៃខ្ពស់សម្រាប់ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាបច្ចុប្បន្ននេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply