កូនខ្ញុំ​ទាបជ្រុល ធ្វើម៉េច​ទៅ?

កុមារប្រមាណ​ជាង២០ភាគរយ ដែលមានកម្ពស់​ទាបជ្រុល។ ឪពុកម្ដាយ​របស់កុមារ​គ្រប់រូបចង់ឱ្យ​បុត្រធីតា​របស់ខ្លួន​មានការ​លូតលាស់ល្អ និងកម្ពស់ខ្ពស់។ គម្លាតខុសគ្នា​នៃរូបកាយ​របស់កុមារ​ជារឿង​ស៊ាំញ៉ាំ តើអាច​ដោះស្រាយ​បានទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុ​ដែលបណ្ដាល​ឱ្យកុមារ​ទាបជ្រុល

កុមារមាន​កម្ពស់ទាប​ភាគច្រើន​បណ្ដាលមក​ពីហេតុផល​នៃជម្ងឺណាមួយ។ ជម្ងឺរ៉ាំរៃ​ស្ទើរតែ​ទាំងអស់ អាចបង្ក​ផលប៉ះពាល់​ដល់ការលូតលាស់ និងការដក​កម្ពស់របស់​កុមារ។ ប៉ុន្ដែតាម​រយៈការ​ត្រួតពិនិត្យ អ្នកស្រាវជ្រាវ​បានសន្និដ្ឋាន​រួមថា កម្ពស់ទាប​របស់កុមារ កើតចេញ​ពីការលូតលាស់​ធំធាត់ បែបធម្មជាតិ​តែម្ដង។

ពិតហើយ តំណពូជដើរ​តួនាទីសំខាន់​ក្នុងការកំណត់​ការលូតលាស់ ឬការដក​កម្ពស់​របស់កុមារ ប៉ុន្ដែមិនមែន​គ្រប់គ្នា​នោះទេ។ តាមការ​ស្រាវជ្រាវ បើសិនជា​ឪពុកម្ដាយមាន​កម្ពស់ខ្ពស់ កូន២ភាគ៣​មានសំណាងខ្ពស់។

ធ្វើម៉េច​ទើបដឹង​ថាបុត្រធីតា​លោកអ្នកនឹង​មានកម្ពស់​ទាបពេល​ពេញវ័យ?

ដើម្បីជា​គោលខ្លះ ទស្សនាវដ្ដី​សុខភាពយើង​សូមណែនាំ​រូបមន្ដ​គិតគូរ​កម្ពស់របស់​កូន​ពេលពេញវ័យ​គិតជា​សង់ទីម៉ែត្រ (ស.ម) តាម រយៈ​កម្ពស់កម្ពរ​របស់ឪពុក និងម្ដាយ​គិតជា​សង់ទីម៉ែត្រ (ស.ម)។

– សម្រាប់​កូនប្រុស

កម្ពស់ពេលពេញវ័យ​ប៉ាន់ស្មាន (ស.ម) =   កម្ពស់​ម្ដាយ(ស.ម) + កម្ពស់​ឪពុក(ស.ម) + ១៣

                                                            ២

– សម្រាប់​កូនស្រី

កម្ពស់ពេលពេញវ័យ​ប៉ាន់ស្មាន (ស.ម) =   កម្ពស់​ម្ដាយ(ស.ម) + កម្ពស់​ឪពុក(ស.ម) – ១៣

                                                            ២

សូមបញ្ជាក់ថា​រូបមន្ដនេះ គ្រាន់តែ​ជាគោល​ប៉ុណ្ណោះ មិនអាចធ្វើ​ការប៉ាន់ស្មាន​ត្រឹមត្រូវ​បាន ១០០ភាគរយ​នោះទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

មានវិធី​ធ្វើឱ្យក្មេង​ដកកម្ពស់​បានទេ?

កត្ដាបរិស្ថាន​មួយចំនួន​សំខាន់ខ្លាំង​ណាស់ ជួយកុមារ​ឱ្យធំធាត់​ដកកម្ពស់​ជាធម្មតា ដូចជាចំណី​អាហារមាន​លំនឹង និងសព្វមុខ សកម្មភាព​ផ្លូវកាយ​ជាប្រចាំ ពេលម៉ោងដេក​អប្បបរិមា​ត្រឹមត្រូវ​ជាដើម។

ប៉ុន្ដែប្រសិន​បើកុមារនោះ មានគំនូស​ខ្សែកោងទាប​ជាងមាត្រដ្ឋាន គប្បីរកឱ្យ​ឃើញមូលហេតុ​ដែលអាច​ជាដើមចម។ ប្រសិនបើ ក្រោយពីការ​ពិនិត្យវេជ្ជសាស្ដ្រ​រួចរាល់ហើយ យើងសង្កេតឃើញ​មានការខ្សោយ ឬខ្វះជាតិ​អ័រម៉ូន​លូតលាស់ ក្មេងនោះ​គួរបន្ដការ​ព្យាបាល ដោយជាតិ​អ័រម៉ូនសំយោគ​ជួយការលូតលាស់​ដកកម្ពស់។ កុមារត្រូវ​ទទួលការ​ព្យាបាល​ដោយចាក់ថ្នាំ​ក្រោមស្បែក ជារៀងរាល់ថ្ងៃ។ ការព្យាបាល​ត្រូវប្រើប្រាស់រ​យៈពេលយូរ រហូតដល់​ជាច្រើនឆ្នាំ​ឯណោះ ទើបមាន​ប្រសិទ្ធិភាព។

ប្រសិនបើ​កុមារនោះ កើតមាន​ជម្ងឺប៉ះពាល់​ដល់ការ​លូតលាស់​ដកកម្ពស់ ការព្យាបាល​ដោយ​ជាតិអ័រម៉ូន​លូតលាស់ ជួយឱ្យ​កុមារខ្លះ ដែលទាបដក​កម្ពស់បានជាច្រើន​សង់ទីម៉ែត្រដែរ។ ជាឧទាហរណ៍ ចំណេញបាន​១០សង់ទីម៉ែត្រ​ជាមធ្យម ចំពោះក្មេងស្រី​ដែលមាន​ជម្ងឺតួនែរ។

ប្រសិនបើ​កុមារមិនមានខ្សោយ ឬខ្វះអ័រម៉ូន និងជម្ងឺ​ដែលប៉ះពាល់​ដល់កម្ពស់​នោះទេ មិនទាន់​មានវិធីព្យាបាល​នៅឡើយទេ។

ម្យ៉ាងទៀត សព្វថ្ងៃនេះ អ្នកវិទ្យសាស្ដ្រ​បានឃើញវិធី​វះកាត់​ពន្លូតជើង​ទាំងពីរ។ បច្ចេកទេសនេះ​ត្រូវការ ការវះកាត់​ច្រើនដង តម្រូវឱ្យ​មានការគាំទ្រ​ផ្លូវចិត្ដជាខ្លាំង។ បច្ចេកទេស​វះកាត់នេះ ត្រូវបាន​ប្រើប្រាស់​ដោយកម្រ​បំផុត ស្ទើរតែគ្មាន​ប្រើប្រាស់ក៏​ថាបាន។ ការព្យាបាល​ពន្លូតកម្ពស់​ទាំងនេះ មានធ្វើតែ​នៅប្រទេស​ជឿនលឿន​ប៉ុណ្ណោះ។ នៅប្រទេសកម្ពុជា យើងមិនទាន់​ឃើញមាន​ប្រើវិធីវះកាត់​បែបនេះនៅ​ឡើយទេ។

កិច្ចអភិវឌ្ឍន៍​ការព្យាបាល​ពន្លូតកម្ពស់​នាពេល​អនាគត

ការព្យាបាល​ដោយជាតិ​អ័រម៉ូន​លូតលាស់ កំពុងត្រូវ​បានកែសម្រួល​ឱ្យរឹតតែ​ប្រសើរឡើង ជាប្រយោជន៍​ដល់អ្នក​ទទួលការ​ព្យាបាល ។ ឥឡូវនេះ​ចាក់រាល់ថ្ងៃ ថ្ងៃក្រោយនឹងចាក់​មួយសប្ដាហ៍ម្ដង ឬមួយខែម្ដង។ អ្នកវិទ្យាសាស្ដ្រ​កំពុងស្រាវជ្រាវ រករបៀបព្យាបាល​ផ្សេងទៀត ជំនួសការចាក់ ដូចជាប្រើការបាញ់​ស្ព្រាយតាមច្រមុះ (ស្រាវជ្រាវចប់ ​៣ឆ្នាំទៀត) ការបិតគ្រាប់ថ្នាំ​លើស្បែក (មិនតិចជាង​៥ឆ្នាំឡើយ) ជាដើម។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *