អនាម័យមាត់ធ្មេញ គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប និងគ្រប់វយ័ ព្រោះថាធ្មេញល្អក្លិនមាត់មិនស្អុយ សម្រស់ស្រស់ស្អាត បរិភោគអាហារបានឆ្ងាញ់ និយាយបានល្អ សុខភាពល្អ។ បើនិយាយអំពីសុខភាពមាត់ធ្មេញ មនុស្សគ្រប់រូបគ្រប់វយ័តែងតែជួបប្រទះជម្ងឺពុកធ្មេញ ដែលប្រជាជនខ្មែរតែងតែយល់ច្រឡំថាជាជម្ងឺដង្កូវស៊ីធ្មេញ ជាពិសេសកើតមានលើកុមារ។
ជម្ងឺដង្កូវស៊ីធ្មេញ ជាពាក្យមួយដែលប្រជាជនខ្មែរនិយមប្រើ សម្រាប់អប់រំកុមារកុំឱ្យញាំស្ករគ្រាប់។ ពាក្យនេះត្រូវបានអ្នកជំនាញ ហៅថាជម្ងឺពុកធ្មេញ។ លោកទន្ដបណ្ឌិត ហេង សុបញ្ញា ជាព្រឹទ្ធបុរសរងនៃមហាវិទ្យាលយ័ទន្ដសាស្ដ្រ បានឱ្យដឹងថា នៅប្រទេសកម្ពុជា អត្រាជម្ងឺពុកធ្មេញលើកុមារមានប្រហែលជា៧៥%។
ហេតុអ្វីបានជាកុមារច្រើនតែកើតជម្ងឺពុកធ្មេញ
ប្រការដែលនាំអោយកុមារជួបប្រទះជម្ងឺពុកធ្មេញច្រើនបែបនេះដោយប្រការផ្សេងៗ។ ប្រការទីមួយបណ្ដាលមកពីខ្វះអនាម័យ ឪពុកម្ដាយមិនបានជួយធ្វើអនាម័យធ្មេញទៅលើកូន។ ទី២គឺមកពីកុមារនៅតូចពេក យើងពិបាកនឹងពន្យល់ប្រាប់គេអំពីសារៈសំខាន់នៃការ ធ្វើអនាម័យមាត់ធ្មេញ។ ម្យ៉ាងវិញទៀត កុមារចូលចិត្ដទទួលទានស្ករគ្រាប់ ហើយមិនបានដុសធ្មេញឱ្យបានត្រឹមត្រូវទេ។
តើត្រូវធ្វើអនាម័យធ្មេញទៅលើកុមារដោយរបៀបណា?
ការធ្វើអនាម័យមាត់ធ្មេញទៅលើកុមារមានដូចតទៅ ទី១នៅពេលកុមារមានអាយុពី៤ទៅ៥ឆ្នាំ ឪពុកម្ដាយត្រូវជួយសម្អាតធ្មេញកូន យ៉ាងហោចណាស់គួរតែឆែកមាត់កូនឱ្យបានម្ដងក្នុងមួយសប្ដាហ៏។ នៅអាយុ៦ឆ្នាំ ឪពុកម្ដាយត្រូវចំណាយពេលបង្រៀនកូនឱ្យចេះសម្អាតធ្មេញដោយខ្លួនឯង ដោយប្រើច្រាសតូចហើយទន់។ របៀបដុសធ្មេញ ធ្មេញក្រោមត្រូវដុសពីក្រោមឡើងលើ ធ្មេញលើត្រូវដុសពី លើចុះមកក្រោម ដុសគ្រប់ផ្ទៃទាំងអស់របស់ធ្មេញ។ ត្រូវដុសមួយថ្ងៃ៣ដង នៅពេលព្រលឹម ថ្ងៃត្រង់ និងពេលល្ងាច ក្រោយពេលទទួលទាន អាហាររួច។ ប្រសិនបើឪពុកម្ដាយខ្វះ ថវិកាទិញច្រាសដុសធ្មេញ គម្បីត្រូវយកដៃរបស់គាត់រុំជាមួយសំឡី ឬប្រើដៃទទេក៏បានទៅដុសលើ អញ្ចាញធ្មេញរបស់កូន ដើម្បីឱ្យចំណីដែល ជាប់ធ្មេញរបស់កូនចេញបានខ្លះដែរ។
ប្រការគួរធ្វើ និងគួរចៀសវាង
ចំពោះចំណីអាហារ កុមារគួរសវាងការទទួលទានអាហារ ដែលផលិតនៅក្នុងរោងចក្រ និងមានជាតិស្ករច្រើន ដូចជានំ ស្ករគ្រាប់ ព្រោះចំណីអាហារទាំងនោះវាអាចបំផ្លាញធ្មេញបាន។ ប៉ុន្ដែកុមារគួរទទួលទានចំណីអាហារធម្មជាតិដូចជាផ្លែឈើគ្រប់ប្រភេទ ព្រោះវាអាចជួយធ្វើឱ្យធ្មេញរ៉ឹងម៉ាំល្អ។ ដូច្នេះ មាតាបិតាទាំងឡាយគួរឆ្លៀតពេលវេលារបស់ខ្លួន នៅពេលថ្ងៃសៅរ៏ ឬថ្ងៃអាទិត្យបង្រៀន កូនឱ្យចេះដុសធ្មេញ។ ត្រូវចេះពន្យល់ លួងលោម និងប្រាប់កូនកុំឱ្យញ៉ាំស្ករគ្រាប់ច្រើនពេក។ បើញ៉ាំស្ករត្រូវដុសធ្មេញ និងត្រូវយករូបភាព ដែលគេផ្សព្វផ្សាយស្ដីពីសុខភាពមាត់ធ្មេញឱ្យកូនមើល ដើម្បីដាស់អារម្មណ៏របស់កុមារឱ្យខ្លាច និងយល់ពីផលវិបាកនៃការមិនធ្វើអនាម័យធ្មេញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply