បរិស្ថាន ជារឿងសំខាន់ណាស់សម្រាប់សម័យទំនើប។ ការបំពុលបរិស្ថានជាប្រការគ្រោះថ្នាក់បំផុត។ កិច្ចការពារបរិស្ថាន ត្រូវតែយកចិត្ដទុកដាក់ដោយរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។
នៅខែធ្នូ ឆ្នាំ១៩៩៦ ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ត្រូវបានអនុម័តដោយសភាជាតិ និងឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រព្រះបាទព្រះនរោត្ដមសីហនុ ព្រមទាំងបានប្រកាសទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមចំណែក ក្នុងកិច្ចការពារបរិស្ថាន ទស្សនាវដ្ដីសុខភាពយើង សូមធ្វើការដកស្រង់ចំណុចសំខាន់ខ្លះនៃច្បាប់នេះ។
គោលបំណងនៃច្បាប់
មាត្រា១ ៖ បានចែងពីគោលដៅនៃច្បាប់
– ការពារលើកកម្ពស់គុណភាពបរិស្ថាននឹងសុខភាពពលរដ្ឋដោយធ្វើការទប់ស្កាត់ ការកាត់បន្ថយ និងការត្រួតពិនិត្យការបំពុល
– វាយតម្លៃហេតុប៉ះពាល់បរិស្ថានមុននឹងចេញសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចំពោះរាល់គម្រោងដែលបានស្នើឡើង
– ធានាឱ្យមានការអភិរក្ស ការអភិវឌ្ឍន៍ ការគ្រប់គ្រង និងការប្រើប្រាស់ដោយហេតុផល និងប្រកបដោយនិរន្ដរភាព និងភាពស្ថិតស្ថេរនូវធនធានធម្ម ជាតិនៃព្រះរាជាណាចក្រកម្ពុជា
– លើកទឹកចិត្ដ និងផ្ដល់លទ្ធភាពឱ្យសាធារណជនចូលរួមក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
– បង្ក្រាបអំពើទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
ផែនការបរិស្ថានជាតិ និងផែនការបរិស្ថានតំបន់
មាត្រា២ ៖ ផែនការបរិស្ថានជាតិ និងផែនការបរិស្ថានតំបន់ ត្រូវសម្រាប់ដោយរាជរដ្ឋាភិបាល និងក្រសួងបរិស្ថានដោយសហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ។
មាត្រា៣ ៖ ផែនការបរិស្ថានជាតិជាផែនការសម្រាប់កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធានធានធម្មជាតិប្រកបដោយនិរន្ដរភាព និងភាពស្ថិតស្ថេរ សម្រាប់អនុវត្ដទូទាំងព្រះរាជាណាចក្រកម្ពុជា។ ផែនការបរិស្ថានជាតិត្រូវ ៖
– កំណត់ពីបញ្ហាបរិស្ថានសំខាន់ៗ និងបញ្ហាគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
– លើកឡើងពីវិធានការសម្រាប់ធានាការគ្រប់គ្រងបរិស្ថាន។
មាត្រា៤ ៖ ផែនការបរិស្ថានតំបន់ ត្រូវអនុលោមតាមផែនការបរិស្ថានជាតិ។ ផែនការបរិស្ថានតំបន់ត្រូវ ៖
– កំណត់ពីបញ្ហាបរិស្ថានសំខាន់ៗ និងបញ្ហាគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃតំបន់នីមួយៗ
– លើកឡើងពីវិធានការសម្រាប់ធានាការគ្រប់គ្រងបរិស្ថាននៃតំបន់នោះ។
មាត្រា៥ ៖ ផែនការបរិស្ថានជាតិ និងផែនការបរិស្ថានតំបន់ត្រូវពិនិត្យ និងកែសម្រួលយ៉ាងយូរមួយដងក្នុងរយៈពេលប្រាំឆ្នាំ។
ដកស្រង់ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply