តាមការស្រាវជ្រាវ ការដែលឆាប់មករដូវពេកក៏មិនល្អ ក្រមករដូវពេកក៏មិនល្អដែរ។ ស្ដ្រីកាន់តែឆាប់មានរដូវនៅពេលណាដែល មនុស្សលោកចេះតែវិវឌ្ឍន៍ទៅមុខ។ បងប្អូនស្ដ្រីខ្លះក៏បានយល់ដឹងនូវប្រការមួយចំនួនហើយ ក្នុងការថែទាំខ្លួនពេលមករដូវ។ ប៉ុន្ដែប្រការខ្លះទៀត បងប្អូនស្ដ្រីខ្លះ ក៏នៅពុំទាន់យល់ដឹងនៅឡើយដែរ។
ការមករដូវជាអ្វី?
ការមករដូវ គឺជារឿងធម្មតាទេសម្រាប់ស្ដ្រីគ្រប់រូប។ ហើយការមករដូវនេះ ជាសញ្ញាមួយបញ្ជាក់ប្រាប់គាត់ថា គាត់ពេញក្រមុំ ហើយ។ ពីមុនស្ដ្រីមករដូវនៅអាយុច្រើន ប៉ុន្ដែបច្ចុប្បន្ននេះ អាយុនៃការមករដូវរបស់ស្ដ្រីចេះតែតិចទៅៗ។ យ៉ាងណាម៉ិញ កាលពីមុនស្ដ្រីមាន អាយុ១៧ឆ្នាំទើបមករដូវ ឥឡូវថយមកនៅត្រឹមអាយុ១១ ឬ១២ឆ្នាំ រហូតកុមារីខ្លះទៀត មានអាយុត្រឹមតែ៨ឆ្នាំទេ។ ស្ដ្រីត្រូវដឹងថា ជាធម្មតារដូវស្ដ្រីដែលមកទៀងទាត់ គឺមកមួយខែម្ដងនិងក្នុងរយៈពេលពី៣ ទៅ៥ថ្ងៃ ឬ១សបា្ដហ៍។
អាការៈឈឺនៅមុនពេលមករដូវ
នៅមុនពេលមករដូវ ស្ដ្រីច្រើនមានអាការចុកពោះ ឈឺក្បាល ឈឺដៃ ឈឺជើង ឈឺតាមសាច់ដុំ។ល។ អាការៈទាំងនេះ វានឹងបាត់ទៅ វិញនៅពេលដែលមករដូវ និងក្រោយពេលមករដូវរួច ដោយឯងៗ។
ការប្រើប្រាស់សំឡីអនាម័យ
ស្ដ្រីគួរប្រើសំឡីអនាម័យឱ្យសមស្របទៅតាមចំណុះនៃឈាមរដូវ។ មានន័យថា ឈាមរដូវមកច្រើន យើងគួរប្រើសំឡីអនាម័យ រាងក្រាស់បន្ដិច ឬសំឡីដែលជក់ទឹកបានល្អ ដើម្បីកុំឱ្យឈាមរដូវប្រលាក់មកខាងក្រៅ។ ចំពោះសំឡី កាលណាយើងប្រើក្រាស់ពេក វាធ្វើឱ្យ យើងស្អុះស្អាប់ពេក។ ដូច្នេះស្ដ្រីគួរប្រើប្រាស់សំឡីទន់ ឬបែបណាដែលងាយស្រួលប្រើសម្រាប់ខ្លួនឯង។ ចំពោះស្ដ្រី នៅតាមជនបទ ដែលគ្មាន ថវិកាគ្រប់គ្រាន់ ក្នុងការទិញសំឡីអនាម័យ លោកស្រីអ្នកនាងអាចប្រើក្រណាត់ជំនួសបាន ដោយបោកគក់ក្រណាត់នោះឱ្យបានត្រឹមត្រូវ។
ចំណីអាហារ
មានពាក្យចចាមអារាមខ្លះថា នៅពេលមករដូវ ស្ដ្រីមិនគួរបរិភោគម្ជូរ ទឹកកក ឬតំណមចំណីអាហារមួយចំនួនទៀត ដែលថាធ្វើឱ្យ ដំណើរការរដូវស្ដ្រីមានការរអាក់រអួល។ លោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេសខាងសម្ភព និងរោគស្ដ្រី បានលើកឡើងពីករណីនេះថា ស្ដ្រី មិនចាំបាច់តមចំណីទេ គាត់ចង់បរិភោគអ្វី គឺបរិភោគជាធម្មតា ព្រោះថា ដើម្បីមករដូវបានល្អ ទាល់តែយើងបរិភោគអាហារឱ្យបានគ្រប់សព្វ ដើម្បីឱ្យអាហារនោះ ផលិតចេញជាឈាមរដូវបាន។ មានស្ដ្រីខ្លះ ពេលមករដូវមានភាពស្លេកស្លាំង។ ករណីដូចនេះ គាត់ត្រូវបន្ថែមចំណី គឺត្រូវ បរិភោគឱ្យបានគ្រប់គ្រាន់។ ដូចគ្នាដែរ ចំពោះនារីដែលរើសចំណីអាហារ មិនសូវញុំាចំណីអាហារ ក្នុងកំឡុងពេលនេះគាត់គួរតែញុំាចំណីអាហារ បន្ថែមទៀត។ ចំណីអាហារទាំងនោះ អាចជាផ្លែឈើគ្រប់មុខ (ព្រោះវាមានវីតាមីនគ្រប់គ្រាន់) ឬចំណីអាហារផ្សេងៗទៀត។ ការបរិភោគ ចំណីអាហារបន្ថែមនេះ អាចចៀសវាងបាននូវភាពស្លេកស្លាំង ព្រោះថា នៅពេលមករដូវ ស្ដ្រីត្រូវបាត់បង់ជាតិដែក និងជាតិកាល់ស្យូមយ៉ាង ច្រើនរួចទៅហើយ។
អនាម័យសព៌ាង្គកាយ
នៅពេលឈាមរដូវជោគសំឡី ស្ដ្រីត្រូវប្ដូរសំឡីចេញ ហើយងូតទឹកសម្អាតកាយជាធម្មតា រួចដាក់ ឬបោះចោលសំឡីអនាម័យឱ្យ បានត្រឹមត្រូវ។ ក្នុងពេលមករដូវនេះ គាត់មិនគួរគប្បីចុះទៅក្នុងទឹកត្រញំង ឬស្រះទេ ព្រោះវានាំឱ្យឆ្លងមេរោគផ្សេងៗ។ សូមចៀសវាងនូវការ ស្លៀកខោដែលធ្វើពីជាតិនីឡុង ឬខោដែលហប់ពេក។ ខោសើមត្រូវផ្លាស់ចេញ ដើម្បីចៀសវាងនូវការរមាស់។
សកម្មភាពផ្លូវកាយ
នៅពេលមករដូវ ស្ដ្រីមានការនឿយហត់ និងអស់កម្លាំងច្រើន។ នៅពេលខ្លះ ស្ដ្រីកំពុងមករដូវក៏មិនគួរលេង ឬហាត់កីឡាដែរ ព្រោះវាធ្វើឱ្យកាន់តែអស់កម្លាំងថែមទៀត។ ប៉ុន្ដែស្ដ្រីអាចលេងកីឡា ដែលប្រើកម្លាំងតិចតួច ទៅតាមស្ថានភាពសុខភាព។ ដូចគ្នាដែរ ចំពោះ សកម្មភាពការងារប្រចាំថ្ងៃ ក្នុងពេលមករដូវ ស្ដ្រីចូរកុំធ្វើដំណើរផ្លូវឆ្ងាយពេក និងកុំធ្វើការងារប្រើកម្លាំងធ្ងន់ពេក។ ចូរធ្វើការទៅតាមកម្លាំង ដែលអាចធ្វើទៅបាន។
ដំបូន្មានរបស់អ្នកជំនាញ
បងប្អូនស្ដ្រីទាំងឡាយត្រូវចេះស្រឡាញ់ខ្លួន និងត្រូវចេះថែទាំខ្លួននៅពេលមករដូវ។ សំឡីអនាម័យដែលបានផ្លាស់ចេញ ត្រូវខ្ចប់ឱ្យបានត្រឹមត្រូវ មុននឹងចោលទៅក្នុងធុងសម្រាម ចៀសវាងអ្នកដទៃមើលឃើញថាយើងជាស្រីមិនល្អ។ ដូច្នេះ យើងត្រូវចេះលាក់កំបាំងដែរ។
ប្រសិនបើរដូវមកលើសពីមួយសប្ដាហ៍ឡើងទៅ គឺចាត់ទុកថាជារឿងមិនធម្មតា ហើយគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ នៅពេលដែលដឹងថា ខ្លួនមានអាការៈស្លេកស្លាំង ត្រូវញុំាចំណីអាហារ ឬញុំាគ្រាប់ថ្នាំជាតិដែក ដើម្បីបង្គ្រប់ឱ្យឈាមដែលបានបាត់បង់ទៅ។ ប្រការមួយទៀត ពេលមានអាការៈឈឺចាប់នៅពេលមករដូវជារៀងរាល់ខែ ហើយអូសបន្លាយមិនបាត់សោះ យើងគួរលេបថ្នាំបំបាត់ការ ឈឺចាប់ទាំងនោះ។ ប៉ុន្ដែថ្នាំបំបាត់ការឈឺចាប់មានច្រើនប្រភេទ មុននឹងជ្រើសរើសថ្នាំទៅប្រើប្រាស់ លោកស្រីអ្នកនាងគួរទៅជួបពិគ្រោះជា មួយគ្រូពេទ្យជំនាញជាមុនទើបជាការប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply