ទឹកដោះម្ដាយ ជាអាហារដ៏ពិសិដ្ឋបំផុត សម្រាប់ដំណើរការលូតលាស់របស់សរីរាង្គកាយទារក។ វាជាទឹកដោះដែលស្អាត គ្មានមេរោគ ហើយជាអាហារសម្បូរជីវជាតិគ្រប់ឥតខ្ចោះ។ មាតាទាំងឡាយ ត្រូវបំបៅកូនជាមួយតែទឹកដោះសុទ្ធ រយៈពេល៦ខែ។
សារៈសំខាន់នៃទឹកដោះម្ដាយ
មាតាមិនត្រូវច្របាច់ទឹកដោះដំបូងចោលទេ ព្រោះទឹកដោះដំបូងជាសារធាតុដែលមានសារៈសំខាន់ណាស់សម្រាប់ទារក។ ទឹកដោះដំបូង ជាទឹកដោះដែល មាតាផលិតនៅក្នុងបី-បួនថ្ងៃដំបូង ក្រោយពេលសម្រាលកូនរួច។ វាមានលក្ខណៈខាប់ ពណ៌លឿងថ្លាៗ។ ទឹកដោះដំបូង មានបរិមាណតិចតួចទេ ប៉ុន្ដែវាគ្រប់គ្រាន់ សម្រាប់ទារក និងជាតម្រូវការចាំបាច់របស់ទារក ក្នុងរយៈពេលបី-បួនថ្ងៃដំបូងនេះ។ ទឹកដោះដំបូង សម្បូរទៅដោយអង្គបដិបក្ខ(សារធាតុការពារសព៌ាង្គកាយទប់ ទល់នឹងមេរោគ) និងគោលិកាសរបស់ឈាម ច្រើនជាងទឹកដោះដែលចេញក្នុងថ្ងៃបន្ទាប់។
ទឹកដោះដំបូង ផ្ដល់ឱ្យទារកនូវភាពសុំាដំបូង ដើម្បីការពារទារកទប់ទល់នឹងបាក់តេរី ក៏ដូចវីរុសជាច្រើនដែលទារកនឹងជួបប្រទះ។ ទឹកដោះដំបូង អាច រំលាយ និងជំរុញលាមកព្រៃ(មេកូនីញ៉ូម) ចេញមកក្រៅបាន ដើម្បីជួយការពារកុំឱ្យមានខាន់លឿង។ លើសពីនេះ វាមានកត្ដាលូតលាស់ជួយឱ្យពោះវៀន មាន សមត្ថភាពការពារអាឡែកហ្ស៊ី និងភាពមិនទទួលអាហារ។ កត្ដានេះជួយសម្រួលពោះវៀនទារកក្នុងការរំលាយ ការស្រូបយកទឹកដោះ និងជួយការពារកុំឱ្យពោះ វៀនស្រូបយក ជាតិប្រូតេអ៊ីនណាដែលមិនអាចរំលាយបាន។
ទឹកដោះម្ដាយមានជាតិប្រូតេអ៊ីន និងខ្លាញ់ជាច្រើនដែលមានបរិមាណត្រឹមត្រូវ ធ្វើឱ្យទារកងាយស្រួលរំលាយ និងស្រូបយក។ វាមានបរិមាណជាតិដែក តិចតួច និងធ្វើឱ្យទារកមិនមានភាពស្លេកស្លាំង។ វានៅមានវីតាមីនអា និងវីតាមីនសេគ្រប់គ្រាន់ ដែលជួយឱ្យទារកមានភ្នែកភ្លឺល្អ ហើយការពារកុំឱ្យមានជម្ងឺឆ្លង មានជាតិទឹកគ្រប់គ្រាន់ និងជីវជាតិគ្រប់គ្រាន់ដោយមិនចាំបាច់បន្ថែមជីវជាតិក្រៅទៀត។
លើសពីនេះ ទារកដែលបៅដោះម្ដាយ មិនសូវមានជម្ងឺរាគ និងជម្ងឺរលាកផ្លូវដង្ហើមទេ។ តាមការអង្កេតជាក់ស្ដែង ទារកដែលនៅបន្ដបៅទឹកដោះម្ដាយ ក្នុងពេលមានជម្ងឺ ឆាប់ជាសះស្បើយ ជាងទារកដែលបញ្ឈប់ការបៅទឹកដោះម្ដាយ។
ការបំបៅកូនដោយទឹកដោះ ជួយឱ្យម្ដាយ និងទារកមានភាពស្និទ្ធស្នាល ទំនាក់ទំនងក្ដីស្រឡាញ់ ដែលនាំឱ្យម្ដាយមានអារម្មណ៍ពេញចិត្ដយ៉ាងខ្លាំង។ ការ សិក្សាមួយចំនួនបានលើកឡើងថា ការបំបៅដោះម្ដាយ អាចជួយឱ្យកុមារមានបញ្ញាវាងវៃ។ ទារកដែលមានទម្ងន់តូចពីកំណើត ទទួលការបំបៅដោះម្ដាយនៅក្នុង សប្ដាហ៍ដំបូងនៃជីវិត គេមានបញ្ញាស្មារតីល្អជាងទារកដែលបំបៅដោយទឹកដោះសប្បនិម្មិត(ទឹកដោះគោ)។
ហេតុអ្វីបានជាទារក ត្រូវបៅតែទឹកដោះម្ដាយមួយមុខគត់រយៈពេល៦ខែ?
មាតាត្រូវឱ្យទារកបៅតែទឹកដោះម្ដាយមួយមុខគត់រយៈពេល៦ខែ ពីព្រោះក្នុងកំឡុងពេលនេះ ទារកនៅខ្ចីណាស់។ ពោះវៀនរបស់ទារកក៏នៅខ្ចី មិនអាច កិនអាហារបានទេ។ ម្យ៉ាងវិញទៀត ទឹកដោះម្ដាយ ជាអាហារមានគ្រប់ជីវជាតិរួចស្រេចទៅហើយ។ នៅពេលទារកមានអាយុលើសពី៦ខែ ធ្មេញទារកចាប់ផ្ដើមដុះ មានសមត្ថភាពអាចទំពាខ្លះៗ ដូច្នេះគួរតែបន្ថែមអាហារបំប៉នដល់ទារក។
ដំបូន្មានរបស់គ្រូពេទ្យជំនាញសម្រាប់មាតាទាំងឡាយ
ទឹកដោះម្ដាយជាទឹកដោះមិនជូរផ្អូម និងមិនមានការទិញដូរទៀតផង។ ទឹកដោះម្ដាយ អាចទុកបានរយៈពេល៨ម៉ោងនៅកន្លែងធម្មតា។ វាអាចទុកបាន រយៈពេល២៤ម៉ោង ប្រសិនបើយើងទុកវានៅក្នុងទូរទឹកកក។ សម្រាប់ម្ដាយដែលគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់បំបៅកូន មុនចេញទៅប្រកបការងារ ម្ដាយអាច ច្របាច់ទឹកដោះទុកឱ្យអ្នកផ្ទះ និងអ្នកថែទាំទារកសម្រាប់បញ្ចុក ឬបំបៅក៏បាន។ នៅពេលសម្រាលកូនបានរយៈពេល១ម៉ោង ម្ដាយត្រូវឱ្យកូនបៅភ្លាម។ ការដែល ឆាប់ឱ្យកូនបៅនេះ គឺដើម្បីធ្វើឱ្យមានសុខភាពល្អទាំងកូនទាំងម្ដាយផងដែរ ព្រោះវាធ្វើឱ្យស្បូនច្របាច់ឈាមអាក្រក់ចេញមកបានអស់។ ម្ដាយឆាប់មានសុខភាពល្អ ឡើងវិញ និងឆាប់បានត្រឡប់ទៅផ្ទះ។ ចំពោះម្ដាយដែលមានទឹកដោះ ហើយមិនព្រមបំបៅដោះកូន ជារឿយៗតែងជួបនូវបញ្ហាស្ទះទឹកដោះ ជាហេតុបណ្ដាលឱ្យ មានជម្ងឺដោះ ដូចជាលាសដោះ បូសដោះ ដំបៅដោះជាដើម។ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការផ្ដាំផ្ញើថា បើលោកអ្នកចង់ដឹងពត៌មានលម្អិតអំពីការបំបៅដោះ នេះ សូមអញ្ជើញទៅពិគ្រោះជាមួយ អ្នកជំនាញខាងសុខភាពមាតាទារក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply