កូនក្រៅស្បូន ជាគភ៌ដែលកកើតឡើងនៅក្រៅស្បូន ដូចជានៅលើដៃស្បូន ប្រមោយស្បូននៅក្នុងពោះជាដើម។ តើមានវិធីបង្ការ ចៀសវាងការមានកូនក្រៅស្បូនបានទេ? កូនក្រៅស្បូនផ្ដល់ផលវិបាកធ្ងន់ធ្ងរដែរឬទេ?
តើធ្វើដូចម្ដេចទើបដឹងថា មានកូនក្រៅស្បូន?
លោកវេជ្ជបណ្ឌិត លៀង ចន្ទរិទ្ឋិ អ្នកឯកទេសខាងរោគស្ដ្រី និងសម្ភព បានប្រាប់ឱ្យដឹងពីសញ្ញាណខ្លះៗនៃការមានកូនក្រៅស្បូន។ ដំបូងស្ដ្រីដែលធ្លាប់មានរដូវទៀងទាត់ បែរជាបាត់រដូវ មានអាការៈចាញ់កូន ចុកពោះ និងមានអារម្មណ៍ថប់ ព្រមទាំងអាចធ្លាក់ឈាមតិចៗ ពណ៌ខ្មៅ។ កាលណាមានអាការៈដូចខាងលើ ស្ដ្រីគួរមកមន្ទីរពេទ្យឱ្យគ្រូពេទ្យពិនិត្យផ្ទៃពោះ ដើម្បីឱ្យដឹងថា តើមានកូនក្រៅស្បូនដែរ ឬទេ? ក្នុងករណីខ្លះ អាការៈដូចរៀបរាប់ខាងលើ មិនអាចសន្និដ្ឋានថា ស្ដ្រីមានកូនក្រៅស្បូននោះទេ។ ដំបូងគ្រូពេទ្យនឹងធ្វើការស្ទាបពិនិត្យលើ បរិវេណស្បូន។ ប្រសិនបើមានការឈឺចាប់ គ្រូពេទ្យនឹងតម្រូវឱ្យអ្នកជម្ងឺពិនិត្យវិភាគរកអ័រម៉ូនហ្គោណាដូត្រូហ្វីន កូរីយ៉ូនិក (ដែលសរសេរ កាត់ជាភាសាបច្ចេកទេសថា hCG) និងពិនិត្យអេកូ។ ក្នុងករណីមិនច្បាស់ អ្នកជម្ងឺត្រូវពិនិត្យឆ្លុះដោយឧបករណ៍ឆ្លុះសឺលីយ៉ូស្កុប។ ជាទូទៅ ពលរដ្ឋខ្មែរ បានត្រឹមតែពិនិត្យអេកូតែប៉ុណោ្ណះ។ ការពិនិត្យអេកូ មានពីររបៀប័ ទីមួយ មើលទៅតាមពោះ និងទីពីរ មើលតាមទ្វារមាស។ វិធីទីពីរនេះ ទទួលលទ្ធផលជាក់លាក់ជាង។
ផលវិបាកនៃការមានកូនក្រៅស្បូន
ករណីស្ដ្រីខ្មែរដែលមានកូនក្រៅស្បូន នៅពេលមកដល់មន្ទីរពេទ្យ គឺច្រើនតែបែកដៃស្បូនរួចទៅហើយ។ ដូច្នេះគ្រូពេទ្យ ត្រូវធ្វើ ការវះកាត់ដេរភ្ជិត និងសម្អាតឈាមដែលនៅក្នុងពោះនោះ។ ពេលមានឈាមហូរច្រើនពេក អ្នកជម្ងឺត្រូវបញ្ចូលឈាម។ ការចាក់បញ្ចូលឈាម អាចប្រឈមមុខនឹងការឆ្លងជម្ងឺផ្សេងៗ។ លើសពីនេះ ស្ដ្រីដែលវះកាត់រួច អាចមានកូនក្រៅស្បូនម្ដងទៀត និងលែងមានកូន។ ផ្ទុយទៅវិញ ប្រសិនបើស្ដ្រីដឹងពីការមានកូនក្រៅស្បូន ហើយមកធ្វើការវះកាត់ទាន់ពេលវេលា នោះនឹងធ្វើឱ្យការវះកាត់ មានភាពងាយស្រួលជាង និងមិន ចាំបាច់ធ្វើការបញ្ចូលឈាម។ កូនកកើតក្រៅស្បូន លើប្រមោយស្បូន និងដៃស្បូន មានអាយុមិនលើស២ខែទេ។ ចំណែកឯកូននៅក្នុងពោះ អាចមានអាយុដល់ទៅ៥ខែ។ ទារកនៅក្រៅស្បូន មិនមានជីវជាតិចិញ្ចឹមដូចទារកក្នុងស្បូនទេ ដូច្នះវាមានកាយសម្បទាទន់ខ្សោយខុស ប្រក្រតី។ គេត្រូវធ្វើការវះកាត់យកទារកចេញ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ស្ដ្រីជាម្ដាយ។
ការបង្ការកុំឱ្យមានកូនក្រៅស្បូន
ដើម្បីចៀសវាងការមានកូនក្រៅស្បូន ស្ដ្រីជាមាតាគួរចៀសវាងជម្ងឺផ្សេងៗ ដូចជាជម្ងឺរលាកដៃស្បូន ជម្ងឺកាមរោគជាដើម។ ស្ដ្រី ដែលប្រើវិធីពន្យាកំណើតដោយដាក់កង និងថ្នាំគ្រាប់ប្រភេទមីក្រូប្រូស្សែសស្ដាទីវរៀបរៀងសេតាតិថប ស្ដ្រីដែលជក់បារីច្រើន និងស្ដ្រីដែល មានរោគអង់ដូមេទ្រីយ៉ូស នៅក្នុងស្បូន ក៏អាចបណ្ដាលឱ្យមានកូនក្រៅស្បូនដែរ។ ស្ដ្រីដែលមានជម្ងឺ ដូចបានរៀបរាប់ខាង លើ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬទៅមន្ទីរពេទ្យព្យាបាលជម្ងឺ ដើម្បីចៀសវាងការមានកូនក្រៅស្បូន។
ហេតុដូច្នេះ ស្ដ្រីជាមាតាទាំងឡាយ ត្រូវយកចិត្ដទុកដាក់ចំពោះរោគសញ្ញា ឬអាការៈមិនប្រក្រតីដូចបានរៀបរាប់ខាងលើ។ ជាពិសេស គប្បីទៅមន្ទីរពេទ្យពិនិត្យជម្ងឺស្ដ្រី និងផ្ទៃពោះឱ្យបានទៀងទាត់ និងត្រឹមត្រូវ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply