ការប្រើប្រាស់ថ្នាំញៀន មានការកើនឡើងគួរឱ្យព្រួយបារម្ភជារៀងរាល់ឆ្នាំ។ ថ្នាំញៀនមានច្រើនប្រភេទ ដូចជាហេរ៉ូអ៊ីន ម័រហ្វីន អំហ្វេតាមីន កញ្ឆាជាដើម និងមានច្រើនសណ្ឋាន ដូចជាប្រភេទម្សៅ ចាក់បញ្ចូល និងជក់។ ថ្នាំញៀនទាំងនេះ គឺជាជាតិពុលម្យ៉ាង ដែលនៅ ពេលជ្រាបចូលទៅក្នុងខ្លួន វាធ្វើឱ្យខួរក្បាលយើង មានតម្រូវការបំពេញថែមទៀតដោយខានមិនបាន។
យ៉ាម៉ាជាអ្វី?
មេតំហ្វេតាមីនដែលហៅថា យ៉ាបា ឬយ៉ាម៉ា(ថ្នាំឆ្កួត) គឺជាប្រភេទថ្នាំញៀនសំយោគ ដែលផ្សំឡើងពីសារធាតុគីមីឈ្មោះថា អេហ្វេ ដ្រីន ឬផ្សឺដូអេហ្វេឌ្រីន។ វាជាក្រាមម្សៅម្យ៉ាង ពណ៌ស គ្មានក្លិន មានរសជាតិចត់ ហើយមានសណ្ឋាន ដូចជាគ្រីស្ដាល់ ដែលងាយរលាយក្នុង ទឹក ឬអាល់កុល។ ថ្នាំញៀនប្រភេទនេះ ត្រូវបានប្រើបំពានយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមយុវវ័យ ទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ។ អ្នកទាំង នោះ អាចជាក្រុមយុវវ័យដែលមានជីវភាពធូរធារ អ្នកស៊ីឈ្នួលលក់កម្លាំងពលកម្ម កម្មករ ស្ដ្រីរកស៊ីផ្លូវភេទ ស្ដ្រីលក់ស្រាបៀរ ស្ដ្រីខារ៉ាអូខេ ជាដើម។ បច្ចុប្បន្ននេះ ការប្រើប្រាស់គ្រឿងញៀន បានលុកលុយដល់ស្រទាប់យុវជន ដែលមានឪពុកម្ដាយក្រីក្រ និងក្រុមកុមារតាមចិញ្ចើម ថ្នល់។ តើថ្នាំញៀនប្រភេទមេតំហ្វេតាមីននេះ ប៉ះពាល់ដល់បុគ្គល និងសង្គមខ្មែរដល់កម្រិតណាដែរ?
ផលប៉ះពាល់ចំពោះបុគ្គលដែលប្រើប្រាស់
តាមពត៌មានវិទ្យាសាស្ដ្រ ថ្នាំមេតំហ្វេតាមីន ដែលគេតែងហៅយ៉ាងខ្លីថា ម៉ា ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល។ វា បង្កើននូវភាពរស់រវើក បន្ថយចំណង់បរិភោគអាហារ និងធ្វើឱ្យមានអារម្មណ៍រីករាយ ហើយវាមានឥទ្ធិពល ពី៦ទៅ៨ម៉ោង។
លោកវេជ្ជបណ្ឌិត កា ស៊ុនបូណាត ជាអ្នកឯកទេសវិកលវិទ្យាបានបង្ហាញថា ការប្រើប្រាស់ថ្នាំមេតំហ្វេតាមីននេះ ធ្វើឱ្យពិការទាំង ផ្លូវកាយ ទាំងផ្លូវចិត្ដ។ ពីព្រោះថ្នាំញៀនប្រភេទនេះ វាធ្វើឱ្យខូចសរសៃខួរក្បាល។ ឥទ្ធិពលនៃថ្នាំនេះ ធ្វើឱ្យអ្នកប្រើប្រាស់ញ័រដៃជើង មាន អារម្មណ៍វេទនា រហូតដល់ប្រកាច់បីទៅបួនដងក្នុងមួយថ្ងៃ។ អ្នកញៀនថ្នាំ បាត់ចំណង់អាហារ និងទទួលទានដំណេក រស់នៅក្នុងភាពគ្មាន អនាម័យ ដែលជាលទ្ធផល ធ្វើឱ្យអ្នកញៀនមានរូបរាងស្លេកស្លាំង ស្គមស្គាំង និងងាយទទួលនូវជម្ងឺផ្សេងៗ។ លើសពីនេះទៀត ពួកគេមាន ស្មារតី ការចងចាំតិចតួច និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ បញ្ហាដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺការចម្លងមេរោគអេដស៍ តាម រយៈការប្រើម្ជុល និងសឺរ៉ាំងរួមគ្នា ដើម្បីចាក់បញ្ចូលថ្នាំញៀន និងការរួមភេទជាមួយដៃគូច្រើនមិនប្រើស្រោមអនាម័យ ដែលពួកគេប្រព្រឹត្ដជា រៀងរាល់ថ្ងៃ។ ការប្រើប្រាស់ថ្នាំមេតំហ្វេតាមីនកម្រិតខ្ពស់ អាចបង្កើនសីតុណ្ហភាពក្នុងខ្លួនដល់កម្រិតខ្ពស់ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ ជួនកាល អាចបណ្ដាលឱ្យបាត់បង់ជិវិត។ ចំពោះផ្លូវចិត្ដវិញ អ្នកញៀនថ្នាំអាចក្លាយទៅជាឆ្កួតវង្វេង ភ័យខ្លាច បញ្ចេញកាយវិការរវើរវាយ និងកើតវិបត្ដិ ផ្លូវចិត្ដចង់សម្លាប់ខ្លួន។
ផលប៉ះពាល់ចំពោះសង្គមជាតិខ្មែរ
អ្នកញៀនថ្នាំទាំងនេះ មិនត្រឹមតែមានផលប៉ះពាល់បុគ្គលខ្លួនឯងជាអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងបង្កផលប៉ះពាល់ដល់សង្គម និង ក្រុមគ្រួសារយ៉ាងខ្លាំង។ ពួកគេអាចប្រព្រឹត្ដអំពើអាក្រក់ អន្ធពាល និងបទឧក្រឹដ្ឋផ្សេងៗ ដូចជាឆក់ប្លន់ ចាប់រំលោភ សម្លាប់មនុស្សជាដើម។ សម្រាប់យុវវ័យដែលជាសសរទ្រូងជាតិ ពួកគេត្រូវបាត់បង់ការសិក្សា ការងារ បាត់បង់អត្ដសញ្ញាណ ខូចកេរ្ដិ៍ឈ្មោះ អនាគត និងក្លាយជាបន្ទុក មួយយ៉ាងធ្ងន់ធ្ងរដល់សង្គម និងរដ្ឋាភិបាល ក្នុងការថែទាំព្យាបាល និងអប់រំ។ នេះជាវិបត្ដិដែលនាំឱ្យសង្គមមានភាពអនាធិបតេយ្យ គ្មានសីល ធម៌ និងមិនមានភាពរីកចម្រើន។
បណ្ដាំផ្ញើរបស់អ្នកជំនាញ
ចំពោះបញ្ហានេះ លោកសាស្ដ្រាចារ្យ កា ស៊ុនបូណាត យល់ឃើញថា វិធានការចម្បង គឺរដ្ឋាភិបាលត្រូវរួមសហការជាមួយប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ការជួញដូរ និងប្រើប្រាស់ថ្នាំញៀន។ ត្រូវសហការជាមួយក្រសួង និងស្ថាប័ននានាដែលពាក់ព័ន្ធ ដោយផលិតជាឯកសារ និង កម្មវិធីផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន។ រដ្ឋាភិបាលត្រូវធ្វើការព្យាបាល និងស្ដារនិតិ សម្បទាអ្នកញៀនថ្នាំទាំងនេះ ដើម្បីឱ្យពួកគេក្លាយជាបុគ្គលល្អ អាចចូលរួមក្នុងសង្គមជាតិជាថ្មីម្ដងទៀត។
លោកវេជ្ជបណ្ឌិតបានធ្វើការផ្ដាំផ្ញើដល់មាតាបិតា ដែលមានកូនស្ថិតក្នុងវ័យងាយទទួលរងការប្រើប្រាស់ថ្នាំញៀន ឱ្យជួយយកចិត្ដ ទុកដាក់អប់រំ និងសង្កេតមើលពីការសេពគប់ អាកប្បកិរិយារបស់កូន ដើម្បីអូសទាញពួកគេឱ្យទាន់ពេលវេលា កុំឱ្យពួកគេលង់ខ្លួនក្នុងការសេពគប់គ្រឿងញៀន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply