យុទ្ធសាស្រ្តអប់រំ​​​កូនមិនស្តាប់​​​ដំបូន្មាន

បញ្ហារបស់​វ័យជំទង់ ត្រូវបាន​ក្លាយជា​ប្រធានបទ​ប្រចាំ ដែល​អាណាព្យាបាល និងមាតាបិតា​គ្រប់រូប លើកយក​មក​ពិភាក្សា​ពោរពេញដោយ​ការខ្វល់ខ្វាយ​យ៉ាងខ្លាំង​ពីការ​ប្រៀន​ប្រដៅ​ពួកគេ។ ទន្ទឹម​នឹងភាព​រីកចម្រើន​ខាងបច្ចេក​វិទ្យាផង​នោះ រិតតែ​ធ្វើឱ្យ​អាណាព្យាបាល ពិបាក​តាមដាន​ជាមួយ​នឹងលិ្បចថ្មីៗ ក៏ដូចភាព​ទាន់សម័យ​របស់​យុវវ័យ។ ហើយបញ្ហា​របស់ក្មេង​ជំទង់ បានក្លាយ​ជារឿង​ឈឺក្បាល​មិនចេះចប់ រហូតដល់​មាន​អាណាព្យាបាល​ខ្លះ ដោយសារ​ការគ្រប់ គ្រងកូន​លែងបាន រហូតដល់​ដាច់ចិត្ដ​ប្រកាស​កាត់កាល​កូន ដើម្បីគេច​ចេញពី​ការទទួល​ខុសត្រូវ ចំពោះ​ទង្វើផ្សេងៗ​របស់កូន​នៅក្នុង​សង្គម។ ទោះបី​យ៉ាងណា ការសម្រេច​ចិត្ដបែប​នេះ មិនមែន​ជាជម្រើស​ដែល​អាណាព្យាបាល​ចង់ធ្វើ​នោះទេ។ ដូច្នេះ​គួរធ្វើ​យ៉ាងណា ដើម្បី​ទប់ស្កាត់​ភាព​ភ្លើតភ្លើន​របស់វ័យ​ជំទង់?

រូបភាពទស្សនាវដ្តីសុខភាពយើង

ជារឿយៗ​មាតា​បិតា​អាណាព្យាបាល​ខ្លះ លាន់មាត់ថា ” កាលខ្ញុំ​នៅពី​ក្មេងខ្ញុំ​មិនអញ្ចឹង​សោះ ” ឬ “ សម័យខ្ញុំ​វាមិន​អញ្ចឹងសោះ ” តើវាកាត់​ទៅរកអ្នកណា?។ល។

ភាពមិន​ចុះសម្រុង រវាង​ចិត្ដសាស្ដ្រ​របស់​អាណាព្យាបាល និង​ក្មេងជំទង់

ជាទូទៅ​នៅក្នុង​ក្រសែ​ភ្នែក​ឪពុកម្ដាយ កូននៅ​តែជាក្មេង​តូចមួយ ដែលត្រូវ​ការនូវ​ភាពថ្នាក់ថ្នម ការយក​ចិត្ដទុក​ដាក់ថែ​ទាំ មិនថា​ពួកគេ​មានវ័យ ប៉ុណា្ណ​នោះទេ។ ដោយហេតុ​នេះហើយ ទើប​ឪពុកម្ដាយ​ប្រាថ្នាចង់​ឱ្យកូន​ធ្វើតាម​ចិត្ដរបស់​ខ្លួន នោះទើប​ហៅថា ជាកូន​ដែលប្រកប​ដោយ​គន្លងធម៌។ ផ្ទុយ​ទៅវិញ គេនឹង​ក្លាយជា​កូនរមិល​គុណភ្លាមៗ​ដែរ នៅពេល​គេមិន​ស្ដាប់ ឬមិនធ្វើ​តាមបង្គាប់​ឪពុកម្ដាយ។ អាចថា​ដោយសារ​កត្ដាទាំង​នេះហើយ ដែលឪពុក​ម្ដាយខិត​ខំលត់ ដំកូន​តាំងពី​នៅតូចៗ ជា​ពិសេស គឺនៅវ័យ​ជំទង់​នេះតែ​ម្ដង ដែលចាស់ៗ​ច្រើន​ហៅថា “ វ័យឈាម​រាវ ” ឬ ” វ័យរមិល​គុណ ”។

អាកប្ប​កិរិយាក្មេង​ជំទង់

ពេលនៅតូច ឪពុកម្ដាយ​តែងមើល​ថែទាំ​គ្រប់សព្វ​បែបយ៉ាង​ទាំងអស់ ហើយអ្នក​ដែល​ជិតស្និទ្ធ​ជាមួយ​កូនជាង​គេ គឺឪពុកម្ដាយ​នេះហើយ។ អ្វីៗ​គ្រប់យ៉ាង គឺគេ​រៀនសូត្រ​ពី​ឪពុកម្ដាយ និងក្រុម​គ្រួសារ។ ក្នុងដំណាក់​កាលនេះ គឺឪពុកម្ដាយ និងក្រុម​គ្រួសារ​មាន​ឥទ្ធិពល​ខ្លាំងជាង​គេទៅលើ​ផ្លូវចិត្ដ​របស់កុមារ។ ប៉ុន្ដែ នៅពេល​ឈានចូល​ដល់វ័យ​ជំទង់ យុវវ័យ​លែងចង់​ធ្វើតាម​បង្គាប់​ឪពុកម្ដាយ​ហើយ។ គេចង់​ឱ្យមនុស្ស​ទាំងអស់​ទទួល​ស្គាល់ថា គេជា​មនុស្សធំ។ យុវវ័យ ចាប់ផ្ដើម​មានការ​ទទួលខុស​ត្រូវ និងទាមទារ​ភាពម្ចាស់​ការលើ​ខ្លួនឯង។ គេចង់ដឹង ចង់ឮ​ដោយការ​មើលឃើញ និងធ្វើដោយ​ខ្លួនឯង​ផ្ទាល់។ ប៉ុន្ដែ ក្នុងមួយ ប៉ប្រិច​ភ្នែក យុវវ័យ​អាចផ្លាស់​ប្ដូរ​អាកប្ប​កិរិយា ពីមនុស្ស​ធំទៅកូន​ក្មេងភ្លាម។ មិនតែ​ប៉ុណ្ណោះ ក្មេងជំទង់​ច្រើនធ្វើអ្វី ដែលផ្ទុយ​នឹងការ​ហាមឃាត់​របស់ឪពុក ម្ដាយ ហើយ​ក្រុមដែល​អាចផ្ដល់​មោទនភាព​ដល់គេខ្លាំង​ជាងគេ គឺមិត្ដភក្ដិ។ ជា​ឧទាហរណ៍ ពាក្យសរសើរ​ចេញពី​មាត់​របស់ស​មាជិក​ក្រុម​គ្រួសារ មិនមាន​តម្លៃ ស្មើនឹង​ការសរសើរ​របស់​មិត្ដភក្ដិ​នោះទេ។ យុវវ័យ​ច្រើនត្រាប់​តាម​មិត្ដភក្ដិ ដូចជាការ​ស្លៀកពាក់ ការប្រើប្រាស់​សម្ភារៈ​ផ្សេងៗ ដែលក្រុម​របស់គេ​ឱ្យតម្លៃ​ជាដើម។ ប្រការ​ទាំងនេះ​ហើយ ដែលនាំ​ឱ្យយុវវ័យ ងាយលង់​នឹងភាព​ភ្លើតភ្លើន​លែងស្ដាប់​ឪពុកម្ដាយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​សាស្ដ្រសម្រប​សម្រួល

ផ្អែកលើ​កត្ដា​ចិត្ដសាស្ដ្រ​ខាងលើ​នេះ លោកអ្នក​ដែលជា​អាណាព្យាបាល ពុំគួរ​តឹងតែង​ខ្លាំងពេក​ជាមួយ​កូនៗ​នោះទេ។ ក្នុងវ័យនេះ យុវវ័យ​ត្រូវការ សេរីភាព។ តម្រូវការ​របស់យុវវ័យ និងការ​គ្រប់គ្រង​យ៉ាងតឹងតែង​របស់​លោកអ្នក អាចបង្ក​ជា​ទំនាស់​ខ្លាំងក្លា​បាន ហើយវា​អាចធ្វើឱ្យ​លោកអ្នក​បាត់បង់​រូបគេក៏ ថាបាន។

មានការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​មាតាបិតា ដែលអប់រំ​កូនដោយ​ធូររលុង និងតឹង​តែង។ ជាលទ្ធផល អ្នកដែល​អប់រំកូន​ដោយភាព​ស្និទ្ធស្នាល​ពុំសូវ តឹងតែង គឺមិនសូវ​កើតមាន​អារម្មណ៍​ឆេវឆាវ​ខឹងកូន​ចៅប៉ុន្មាន​ទេ។ ហើយជា​រឿយៗ កូនហ៊ាន​បើកចំហរ ឬនិយាយ​ប្រាប់ពី​ការពិត និងការ​លំបាកក្នុង​ចិត្ដរបស់ គេ ឱ្យ​អាណាព្យាបាល​ជួយ​ដោះស្រាយ ។

ប្រការដែល​អាណាព្យាបាល​គួរធ្វើជាមួយ​ក្មេងជំទង់

យោងតាម​ឯកសារ​រៀបរៀង​ដោយកម្ម​វិធីអភិវឌ្ឍន៍​ធនធាន​យុវជន​ដែលមាន​ឈ្មោះថា “ កូនយើង​លូតលាស់​ទៅជា​យុវជន ” អាណាព្យាបាល​អាច ជួយក្មេង​ជំទង់ដោយ ៖

– យកចិត្ដទុកដាក់ស្ដាប់​ពួកគេ​ដោយមិន​ធ្វើការ​វិនិច្ឆ័យ​ភ្លាមៗ

– គោរពមតិយោបល់​របស់គេ

– ជាពិសេសមិនត្រូវ​សើចចំអក ឬមើលងាយ​ចំពោះបញ្ហា ឬការស្រមើ​ស្រមៃ​របស់ក្មេង​ទាំងនោះ​ទេ។

– ប្រសិនបើសង្កេត​ឃើញថា គេចាប់​អារម្មណ៍នឹង​បញ្ហាអ្វី​មួយ គួរនាំ​គេទៅ​ជួបបញ្ហា​នោះដោយ​ផ្ទាល់ និងពន្យល់​ពី​ហេតុផល​ដល់គេ​ផង។

– ម្យ៉ាងវិញទៀត គួរផ្ដល់​ទំនុកចិត្ដ​ដល់ពួក​គេ។ ប្រសិន​បើលោកអ្នក​អាចធ្វើ​ឱ្យ​ស្និទ្ធស្នាល​ជាមួយគេ ហើយ​គេចាត់​ទុកលោក​អ្នកជា​មិត្ដភក្ដិ នុះគេ នឹងប្រាប់​លោកអ្នក​ពីការ​ពិត និងទំនាស់​នៅក្នុង​ចិត្ដ​របស់គេ។ ការសុំ​ប្រឹក្សា​យោបល់​ពី​លោកអ្នក​នេះ ជា​ចំណុចល្អ​បំផុត ដែលលោក​អ្នកអាច​គ្រប់គ្រង​ទង្វើរបស់ ពួកគេ​បាន។

– ចូរចង​ចាំថា ក្មេងជំទង់​ទទួល​ឥទ្ធិពល​ខ្លាំងណាស់​ពីក្រុម​មិត្ដភក្ដិ ដូច្នេះ​ឪពុកម្ដាយ​គួរជួយ​ពួកគេ​ក្នុងការ​ជ្រើសរើស​មិត្ដភក្ដិ​ឱ្យបាន​ល្អ។ ហើយគប្បី ត្រូវតាម​ដានកូន​តទៅ​ទៀត ទោះបី​ជា​លោកអ្នក គោរព​សេរីភាព​របស់កូន​ក៏ដោយ។

– ព្យាយាម​ស្វែងយល់​ពីចំណូលចិត្ដ ឬនិស្ស័យ​ពីកំណើត​របស់ក្មេង។ ជាឧទាហរណ៍ កូន​លោកអ្នក​ចូលចិត្ដ​វិស័យ​កីទ្បា តន្ដ្រី សិល្បៈ។ល។

– ឪពុកម្ដាយ​ត្រូវធ្វើ​ចិត្ដឱ្យ​ទូលាយ និងមិន​ត្រូវ​ប្រកាន់ខឹង នឹងអាកប្ប​កិរិយា​របស់កូន​ហួសហេតុ រហូតដល់​ធ្វើឱ្យ​គេលែង​ហ៊ាន​ត្រឡប់​មកផ្ទះ​វិញ នោះ​ទ្បើយ។

– រំលឹកទ្បើងវិញ​នូវយុវវ័យ​ដែល​លោកអ្នក​ឆ្លងកាត់ តើ​លោកអ្នក​មានតម្រូវ​ការ​អ្វីខ្លះ? លោកអ្នក​ទទួលបាន​ការឆ្លើយ​តបពី​ឪពុកម្ដាយ​កម្រិតណា? ហើយអ្នក​មានអារម្មណ៍​បែបណា​នៅពេល​នោះ? ឆ្លុះបញ្ចាំង​តាមរឿង​នេះ តើអ្វី​ដែលអ្នក​ចង់ផ្ដល់​ឱ្យកូន? ហើយអ្វី​ដែលអ្នក​ចង់ឱ្យ​គេចៀស​វាង ដោយផ្អែក​តាម បទពិសោធន៍​របស់​លោកអ្នក។

ប្រសិនបើ​លោកអ្នក​អាចអនុវត្ដ​បាននូវ​វិធីសាស្ដ្រ​ខាង​លើនេះ ជឿជាក់​ថា លោកអ្នក​នឹងក្លាយ​ជា​អាណាព្យាបាល​ទាន់សម័យ ដែលអាច​ចូលចុះ ជា មួយយុវវ័យ​គ្រប់​សម័យកាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦


Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *