គួរជ្រើសរើស​សកម្មភាព​ផ្លូវកាយ​ប្រភេទណា?

កាលពី​លេខមុន ទស្សនាវដ្ដី សុខភាពយើង បានលើក​យកអត្ថបទ​ដែលមាន​ចំណង​ជើងថា “លេងកីឡា​ដើម្បីអ្វី?” ប្រយោជន៍​ណែនាំលោកអ្នក​អំពី​មូលហេតុ​ដែលត្រូវ​លេងកីឡា និងប្រការ​គួរ​ប្រតិបត្ដិ​ផ្សេងៗ​ទាក់ទង​នឹង​កីឡា។ បើ​លោកអ្នក​យល់ព្រម​ថាលេង​កីឡា ជួយ អបអរ​លោកអ្នក​ក្នុងការ​សម្រេច​ចិត្ដនេះ។ យើងខ្ញុំ​សូមបង្ហាញ​ជូនអំពី​ការ​ជ្រើសរើស​សកម្មភាព​ផ្លូវកាយ ដែល​សមស្រប​នឹង​តម្រូវការ និង ចំណង់​ចំណូលចិត្ដ។ តើត្រូវ​សម្រេច​ចិត្ដលេង​កីឡា​ប្រភេទ​ណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្រើស “កីឡាស្រូប​ខ្យល់​អាកាស”

សម្រាប់​អ្នកណា? សម្រាប់អ្នក​ដែលធ្វើ​ការនៅ​ការិយាល័យ អ្នកដែល​មិន​ចូលចិត្ដ​ទៅហាត់​នៅក្លឹប និងអ្នក​ដែលមិន​ចង់ចំណាយ ប្រាក់បង់​ប្រចាំខែ​ជាដើម។

សកម្មភាព​អ្វីខ្លះ?

– រត់ត្រឹកៗ ៖ រត់ជួយ​ឱ្យភ្លៅ និងជើង​ស្រឡូន ព្រមទាំង​ជួយបង្កើន​ភាព​អត់ធ្មត់​របស់​សព៌ាង្គកាយ។ រយៈពេល​ហាត់ប្រាណ​មាន ប្រសិទ្ធិភាព ត្រូវរត់​ត្រឹកៗ​ឱ្យបាន​លើសពី​៤០នាទី។ សូមចាប់​ផ្ដើមដំបូង​ត្រឹមតែ​២០នាទី​ក៏បាន ក្រោយមក​ទើបបង្កើន​តាម​ដំណាក់​កាល។ លោកអ្នក​មិនគួរ​ជ្រើសរើស​យកការ​រត់ត្រឹកៗ​នៅលើ​ចិញ្ចើម​ផ្លូវ​ឡើយ ព្រោះអាច​មាន​គ្រោះថ្នាក់​ចរាចរ និងបង្ក​ផល​អាក្រក់​ដល់​សរសៃ​កែង ជើង។ គួរ​ជ្រើសរើស​ការរត់​នៅក្នុង​សួនច្បារ ឧទ្យាន និង​ទីកន្លែង​ដែលមាន​សភាព​ទន់​មាន​សុវត្ថិភាព។

– រត់លើ​រ៉ូឡូ ឬជិះ​រ៉ូឡូ  លទ្ធផល​របស់វា​ទទួលបាន​ប្រហាក់​ប្រហែល​នឹងការ​រត់ត្រឹកៗ​ដែរ។ ប៉ុន្ដែពេល​ជិះរ៉ូឡូ លោកអ្នក​ត្រូវតែ​ពាក់​ទ្រនាប់​ក្បាល ជង្គង់ ទ្រនាប់​កែងជើង និងមួក​ការពារ​ក្បាល។

– ការដើរ​ដោយ​ថ្មើរជើង ដើម្បី​មាន​ប្រសិទ្ធិភាព​ជួយរាង​កាយឱ្យ​បានស្អាត​ស្វែល ឬសង្ហា គួរ​ជ្រើសរើស​យកការ​ដើរដោយ​ថ្មើរជើង តាមចង្វាក់​សមស្រប ឱ្យបាន​រយៈពេល​យ៉ាងហោច​ណាស់​១ម៉ោង។ បើចង់​ដើរឆ្ងាយ ជាការ​ប្រសើរ​ត្រូវគិត​គូររក​ផ្លូវធ្វើ​ដំណើរ​ជាមុន នៅ កន្លែង​ចង្អៀត​ត្រូវ​ចៀសផ្លូវ​ឱ្យអ្នក​ដំណើរ​ផ្សេងទៀត​ទៅមុន និងត្រូវ​ត្រៀមខ្លួន​ដើរឱ្យ​បាន​ត្រឹមត្រូវ (ស្បែកជើង​ពាក់ដើរ សម្លៀកបំពាក់ សម្រាប់​ផ្លាស់ប្ដូរ នំចំណី ផ្លែឈើ​ក្រៀម និងទឹក​ពិសា)។

– ជិះកង់ ជួយសាច់​ដុំកំភួន​ជើង ភ្លៅ និងសាច់ដុំ​កំប៉េះគូទ។ មិនត្រូវ​ជិះកង់​នៅពី​ក្រោយ​បំពង់​សឺម៉ាំង​ម៉ូតូ ឬរថយន្ដ​ឡើយ ហើយក្នុង​មួយថ្ងៃ គួរតែ​ជិះឱ្យ​បានយ៉ាង​ហោច​ណាស់១ម៉ោង​កន្លះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្រើស “កីឡា​ជាពួក”

សម្រាប់​អ្នកណា? អ្នកដែល​ចង់ឈ្នះ​ចាញ់​ជាមួយ​អ្នកដទៃ អ្នកដែល​ចង់ជួប​គេជួប​ឯង អ្នកដែល​ចង់ស្គាល់​ច្បាប់ទម្លាប់​លេងជា ក្រុមពួក​ជាដើម។

សកម្មភាព​អ្វីខ្លះ?

– ការរាំ ការរាំ​សម័យក្ដី រាំឌីស្កូក្ដី រាំប្រពៃណី​ក្ដី សុទ្ធតែ​ធ្វើឱ្យ​សាច់ដុំ​ពេញ​សព៌ាង្គកាយ​ធ្វើ​ការងារ និងជួយ​កែលំអរ​សកម្មភាព អវយវៈ។

– ការហែល​ទឹក ការហែលទឹក​នៅក្នុងក្លឹប និងក្នុង​អាងហែល​ទឹក ជាកីឡា​សារៈ​ប្រយោជន៍​សម្បូរ​បែបមួយ​ប្រភេទ។ សព៌ាង្គ កាយត្រាំ​ក្នុងទឹក ងាយស្រួល​ដល់ការ​បញ្ចេញ​កាយវិការ។ លំហាត់​មាន​ប្រសិទ្ធិភាព​ល្អ ដូចការ​ហាត់នៅ​ទីវាល​ដែរ។ លើសពីនេះ ទឹកមាន ឥទ្ធិពល​គួក​ច្របាច់​សាច់ដុំ រាងកាយ​យើង ដូចការ​ម៉ាស្សា​ធ្វើសរសៃ​អញ្ចឹង។

– ការសមាធិ សកម្មភាព​ផ្លូវកាយ​ជាបែប​ទស្សនៈ​វិទ្យានេះ ធ្វើឡើង​ក្រោម​រូបភាព​ផ្សេងៗ ហើយជួយ​លាង​ជម្រះ​អារម្មណ៍ មួហ្មង​(ស្ដ្រេស្ស) ព្រោះថា​សមាធិ​ចាក់គ្រឹះ​លើ​លំហាត់​ប្រាណ​កាយវិការ និងការ​ដក​ដង្ហើម។

– ការហាត់ប្រាណ​នៅក្នុងក្លឹប ផ្ដល់អត្ថ​ប្រយោជន៍​តែលម្អរ​រូបរាងកាយ និងសុខុមាលភាព​ផ្លូវកាយ។ វាជា​សកម្មភាព​ហាត់ប្រាណ ទៅតាម​កាលវិភាគ ចំណង់​ចំណូលចិត្ដ កម្រិត​ហាត់ និងគោល​បំណង​របស់អ្នក​ហាត់។ ជាទូទៅ សូមចាប់​ផ្ដើមហាត់​ដំបូង ដោយប្រើ ប្រាស់​កម្មវិធី​ហាត់ផ្ទាល់​ខ្លួនមួយ ដែលរៀប​ចំដោយអ្នក​ជំនាញខាង​លំហាត់ប្រាណ ទើប​ជាការ​ប្រសើរ។

– លេងបាល់ (បាល់ទះ បាល់ទាត់…) ជាកីឡា​ជាក្រុម និងជាកីឡា​ស្រូប​ខ្យល់​អាកាស​ផង។ វាផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ដល់រូបរាង​កាយ និងសាច់​ដុំ ប៉ុន្ដែត្រូវ​គិតគូរ​អំពី​សុវត្ថិភាព​ផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្រើស “នៅផ្ទះ”

សម្រាប់​អ្នកណា? អ្នកដែល​មិនចង់​បង្ហាញមុខ​ជាសាធារណៈ មនុស្ស“ពន្រូល” ដូចជា​មិនចង់រត់​ឱ្យគេ​ឃើញ អ្នក​ដែលមាន​កូន ត្រូវថែ​ទាំមើល​នៅផ្ទះ អ្នកដែល​ចូលចិត្ដ​នៅម្នាក់​ឯង ពេលហាត់ ឬធ្វើអ្វីមួយ​ជាដើម។

សកម្មភាព​អ្វីខ្លះ?

– ការហាត់​ជាមួយ​សម្ភារៈ​កីឡា ត្រូវបំពាក់ ឬទិញ​សម្ភារៈ​កីឡា​មួយចំនួន ដូចជា​ដុំដែក​អាល់ទែរ កង់ធាក់​នៅនឹង​កន្លែង ច្រវ៉ា ទាញ ឬ រុញ​កម្រាល​វិល​សម្រាប់​រត់ត្រឹកៗ​នៅនឹង​កន្លែង។ បើ​លោកអ្នក​ទើបតែ​ហាត់ គួរតែ​ចាប់ផ្ដើម​ហាត់ ដោយមាន​អ្នកជំនាញ​ជួយបង្ហាញ ចលនា​ត្រឹមត្រូវ ទើបជា​ការប្រសើរ។

– ការហាត់​ជាមួយ​វីដេអូ និងទូរទស្សន៍ ត្រូវរក​កាសែត​វីដេអូ​សម្រាប់​ហាត់ប្រាណ និងត្រូវ​ហាត់តាម​កម្មវិធី​ហាត់ប្រាណ​តាម ទូរទស្សន៍ ដោយធ្វើ​ចលនាតាម​ការបង្ហាត់​ទាំងនោះ។

– ឧបករណ៍​ភ្ញោចដើរ​ដោយ​ចរន្ដ​អគ្គិសនី មានអត្ថ​ប្រយោជន៍​សម្រាប់​ជួយដាស់​ការស្វិត​ស្រពោន​សរីរាង្គ​របស់​សព៌ាង្គកាយ​បាន ខ្លះ ជាពិសេស​សម្រាប់​អ្នកដែល​មិនធ្វើ​ចលនា​យូរ វាគ្មាន​ឥទ្ធិពល​លើសាច់​ដុំឡើយ។ ឧបករណ៍​ប្រភេទនេះ​ទើបតែ​នាំចូល​ថ្មីនៅ​ប្រទេសកម្ពុជា អ្នកខ្លះ សម្រេចចិត្ដ​ទិញយក​មកប្រើ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ ប្រសិទ្ធិភាព​ពិតប្រាកដ​មិនដឹង​ថាយ៉ាង​ណាទេ។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *