ប្រការត្រូវធ្វើ​​​ពេលកូន​​​ក្តៅខ្លួន

ក្ដៅខ្លួន ឬគ្រុនក្ដៅ មិនមែន​ជាជម្ងឺ​ឡើយ វាគ្រាន់តែ​ជាការការពារ​របស់​សព៌ាង្គកាយ​តែប៉ុណ្ណោះ។ ក្នុងករណី​ភាគច្រើន វាបណ្ដាល​មកពីប្រតិកម្ម​ប្រឆាំងតប​តទៅ​នឹងការ​បង្ករោគ​ដោយមេរោគ​ណាមួយ។ កុមារក្ដៅ​ខ្លួន មិនមាន​ជាគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្ដែ​ត្រូវតែ​យកចិត្ដ​ទុកដាក់​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្ដៅខ្លួន​ជាអ្វី?

ក្ដៅខ្លួន ឬការឡើង​កម្ដៅក្នុងខ្លួន ដែល​ប្រជាពលរដ្ឋខ្មែរ​និយមហៅ​គ្រុនក្ដៅ មិនមែន​ជាជម្ងឺ​នោះទេ វាគ្រាន់តែ​ជារោគ​សញ្ញាមួយ​តែប៉ុណ្ណោះ។ ការឡើង​កម្ដៅខ្លួន នៅលើ​កុមារ​កើតឡើង​បែបកំហុគ​និងក្ដៅខ្លាំង កាលណាក្មេង​នេះមាន​អាយុតិច។ ព្រោះថា សព៌ាង្គកាយ​របស់ពួកគេ មិនទាន់​សម្រប ទប់ទល់​បាន ដូចពេល​ពួកគេមាន​វ័យធំឡើយ។

ការឡើង​កម្ដៅខ្លួន​បកស្រាយ​មធ្យោបាយ​ការពារ​ខ្លួន ជាពិសេស​ករណីមាន​ការបង្ករោគ​ដោយ​មេរោគ​ណាមួយ។ ជួនវាអាច​ បណ្ដាលមក​ពីការ ប្រែប្រួល​កម្ដៅ ប្រតិកម្ម​អាឡែកហ្សី ឬការប្រែប្រួល​អារម្មណ៍​ជាដើម។

ក្ដៅខ្លួនបង្ក​អាការៈ​អ្វីខ្លះ?

គេអាច​សន្និដ្ឋានថា ក្មេងក្ដៅខ្លួន កាលបើ​សីតុណ្ហភាព​នៅរន្ធគូទ​របស់ក្មេង លើសពី​៣៧,៥អង្សារសេ​នៅពេលព្រឹក និងលើស​ពី៣៨អង្សារសេ​នៅ ពេលល្ងាច។

កុមារ​ក្ដៅខ្លួន មានអាការៈ​ស្ដែងចេញ​ជាច្រើន​ទៀត ដូចជា​កែវភ្នែក​របស់ពួកគេ​ចាំងព្រាក ថ្ពាល់ទាំង​ពីរឡើង​ក្រហម ថ្ងាសក្ដៅ​ជាដើម។ លើសពី នេះទៅ​ទៀត ចង្វាក់ដង្ហើម​ដើរញាប់ និងដង្ហក់។ ចំណែកចង្វាក់​បេះដូង ក៏រឹតតែ​បង្កើនល្បឿន​ញាប់ដែរ។

សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ដ្រ​មិនទាន់​មានការ​បញ្ជាក់ថា ការឡើង​កម្ដៅរឹតតែ​ខ្លាំង ជាស្ថានភាព​ធ្ងន់ធ្ងរ​របស់ជម្ងឺ​នោះឡើយ។ ប៉ុន្ដែ ត្រូវតែប្រុង ប្រយ័ត្នផងដែរ ចំពោះកាយវិការ និងអាកប្ប​កិរិយា​ទូទៅ​របស់កុមារ ដូចជា​មានសភាព​ស្ពឹកស្រពន់ ដេក​មិនងើប ឬសភាព​ឆ្លេឆ្លា​ជាងពេល​ដែលមិន​ទាន់ ឡើងកម្ដៅ​ខ្លួនជាដើម។ ដាច់ខាត ត្រូវតែ​ធ្វើការ​បញ្ចុះកម្ដៅ​ជាប្រចាំ ពីព្រោះថា​ការប្រកាច់ និងអាការ​រវើរវាយ អាចកើតឡើង​ពេលណា​សីតុណ្ហភាព​ក្នុង ខ្លួនឡើង លើស​ពី៤០អង្សារសេ។

ប្រការដែល​ត្រូវធ្វើ ពេលកូន​ក្ដៅខ្លួន

–  សូមឱ្យកុមារ​ផឹកទឹកឱ្យ​បានច្រើន ដើម្បី​ចៀសវាង​ការខ្វះ​ជាតិទឹក​ក្នុងខ្លួន។

– សូមយក​ក្រណាត់ ក្រម៉ា ឬកន្លែងទទឹក​(ត្រជាក់) ដាក់នៅ​លើថ្ងាស កញ្ចឹងក និងលើដៃ។ ពេលក្រណាត់​ក្ដៅ សូមផ្លាស់​ប្ដូរជា​ប្រចាំសារ​ចុះ សារឡើង រហូតដល់​ខ្លួនត្រជាក់​ធម្មតាវិញ។

– សូមងូត​ទឹកឱ្យកុមារ តែទឹក​ត្រូវមាន​សីតុណ្ហភាព​ក្ដៅដែរ គ្រាន់តែ​មានសីតុណ្ហ​ភាពតិច​ជាកម្ដៅ​ខ្លួនរបស់​កុមារ​១អង្សារសេ​តែប៉ុណ្ណោះ។ សូម បញ្ចុះកម្ដៅ​ដោយឱ្យ​កុមារ​ងូតទឹក រហូតដល់​កុមារមាន​កម្ដៅខ្លួន​៣៧អង្សារសេ។ សូមឱ្យ​កុមារងូត​ទឹកពី១០ ​ទៅ១៥នាទី។ លោកអ្នក​ត្រូវស្ថិត​នៅក្បែរកូន និងថែទាំ​គេឱ្យបាន​ជាប់លាប់​ល្អ។

– លោកអ្នក​អាចឱ្យ​កូនលេបថ្នាំ​បញ្ចុះកម្ដៅ ជាពិសេសថ្នាំ​ប៉ារ៉ាសេតាម៉ុល ដែលមាន​សណ្ឋានជា​គ្រាប់សុល​តាម​ទ្វារលាមក ឬកញ្ចប់​ម្សៅលាយ ជាមួយទឹក​ផឹកតាម​មាត់។ កម្រិត​បរិមាណ​ប្រើប្រាស់​ថ្នាំប៉ារ៉ាសេតាម៉ុល សម្រាប់កុមារ​តូច​(ពី៣ខែ ​ដល់២ឆ្នាំ) និងកុមារធំ(អាយុ២ ទៅ៨ឆ្នាំ) មិនដូចគ្នា ឡើយ។ សូមគោរពឱ្យបានត្រឹមត្រូវទៅតាមកម្រិតបរិមាណដែលត្រូវប្រើ ប្រមាណជា​៦០មីលីក្រាម ក្នុងទម្ងន់​ខ្លួន១គីឡូក្រាម​ក្នុងមួយថ្ងៃ​(ប្រហាក់ ប្រហែលនឹង​១៥មីលីក្រាម ក្នុងទម្ងន់​ខ្លួន១គីឡូក្រាម ​រៀងរាល់៦​ម៉ោងម្ដង)។ ជាឧទាហរណ៍ បើកុមារ​នោះមាន ទម្ងន់ខ្លួន​១៧គីឡូក្រាម កុមារ​អាចលេប ផឹក ឬសុលថ្នាំ​ប៉ារ៉ាសេតាម៉ុល ដែល​មានកម្រិត​២៥០មីលីក្រាម​រៀងរាល់៦​ម៉ោង ១ដង។

– សូមនាំកូន​ទៅជួប​អ្នកឯកទេស ឬអ្នកជំនាញ​ខាងជម្ងឺកុមារ ជាចាំបាច់ ក្នុងករណី​កុមារក្ដៅ​ខ្លួនខ្លាំង កម្ដៅអូស​បន្លាយលើស​ពី៣ថ្ងៃ កុមារ​គ្រុន ក្ដៅ​ជាក្មេងកំពុង​បៅដោះ​(មិនទាន់លែងបៅ) ឬក្នុងករណី​កុមារគ្រុនក្ដៅ​ធ្លាប់ប្រកាច់ (ដែលពលរដ្ឋខ្មែរ​និយមហៅថា ស្កន់)។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការគួរយល់​ដឹងបន្ថែម

– វិធីវាស់ស្ទង់​សីតុណ្ហភាព​តាមរន្ធគូទ ជាវិធាន​គួរឱ្យទុក​ចិត្ដបាន​បំផុត។ សីតុណ្ហភាព​ក្នុងខ្លួន​ធម្មតា​មិនមាន​ជម្ងឺស្ថិត​នៅចន្លោះពី​៣៦,៦អង្សារ សេ​ ទៅ៣៧,៤អង្សារសេ។

– នៅតាម​ប្រទេស​ជឿនលឿន គ្រូពេទ្យ​ឯកទេស​ជម្ងឺកុមារ និងវេជ្ជបណ្ឌិត​ជម្ងឺទូទៅ មានប្រដាប់​វាស់កម្ដៅ ឬទែម៉ូម៉ែត្រ​ស៊កតាម​រន្ធត្រចៀក ដែលអាច​វាស់សីតុណ្ហភាព​បានរហ័ស និងគួរឱ្យ​ទុកចិត្ដបាន។ វិធីនេះ​ងាយទទួល​ការយល់​ព្រមពីកុមារ​តូចៗ។

– លោកអ្នក​ត្រូវប្រុង​ប្រយ័ត្ន ចំពោះ​ការវាស់​កម្ដៅដែល​ដាក់ទែម៉ូម៉ែត្រ​នៅប្រឡោះ​ក្លៀក។ សីតុណ្ហភាព​ដែលបាន​ពីការ​វាស់នេះ មានកម្រិត ទាបជាង​សីតុណ្ហភាព ឬកម្ដៅ​ក្នុងខ្លួន ចំនួនកន្លះ​អង្សារសេ។ ជាឧទាហរណ៍ បើលោកអ្នក​វាស់​សីតុណ្ហភាព​នៅប្រឡោះ​ក្លៀក ឃើញ៣៩អង្សារសេ កម្ដៅ ក្នុងខ្លួនពិត​ប្រាកដត្រូវ​មាន៣៩,៥អង្សារសេ។ លទ្ធផល​វាស់មិន​អាចយក​ជាការ​បានទេ បើការ​វាស់ដោយ​ដាក់ទែម៉ូម៉ែត្រ​មិនបាន​ត្រឹមត្រូវ។

– លោកអ្នក​មិនត្រូវ​បង្ខំកូន​ដែលកំពុង​គ្រុនក្ដៅ ឱ្យបរិភោគ​ចំណីអាហារ​រឹងទេ ប្រសិន​បើគេ​មិនឃ្លាន​នោះ។ ផ្ទុយទៅ​វិញលោកអ្នក ត្រូវឱ្យកូន ផឹកទឹក​ឱ្យបាន​ច្រើន។ ព្រោះថា ពេលដែល​សីតុណ្ហភាព ឬកម្ដៅខ្លួន​ថយចុះ កុមារ​នឹងចាប់ផ្ដើម​ឃ្លាន​ចំណីអាហារ​វិញហើយ។

– ដាច់ខាត លោកអ្នក​មិនត្រូវ​ឱ្យកូន​លេបថ្នាំ​អាស្ពីរីន ដោយគ្មាន​វេជ្ជបញ្ជា ឬដោយគ្មាន​ដំបូន្មានពី​គ្រូពេទ្យឡើយ។ បើអាច​ប្រើបាន កូនលោក អ្នកអាច​លេប​អាស្ពីរីន​បានតែ៤ ទៅ៥ដង​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ហើយក្នុង​មួយថ្ងៃ មិនត្រូវ​លេបលើស​ពី៥០មីលីក្រាម ក្នុងទម្ងន់​ខ្លួន ១គីឡូក្រាម​ឡើយ។ 

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *