នាងខ្ញុំមានអាយុ៤០ឆ្នាំ។ រយៈពេល២ឆ្នាំមកហើយ ដែលនាងខ្ញុំបានពាក់កងដាក់ក្នុងស្បូន ដើម្បីពន្យារកំណើត(ការពារកុំឱ្យមានកូន)។ នេះជាវិធីពន្យារកំណើតល្អប្រសើរណាស់ សម្រាប់នាងខ្ញុំ។ តើនាងខ្ញុំឡើងទម្ងន់៥គីឡូក្រាម ដោយសារកងស្បូននេះ ឬទេ។ អ្នកស្រី ហ.ច.ន អាយុ៤០ឆ្នាំ ខេត្ដកណ្ដាល
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាទូទៅ កងដាក់ក្នុងស្បូនភាគច្រើន ផ្សំពីសារធាតុលោហៈស្ពាន់ ហើយគ្មានជាតិអ័រម៉ូនឡើយ។ ប៉ុន្ដែ កងដាក់ស្បូនខ្លះអាច បន្ថែមជាតិអ័រម៉ូនប្រូស្សេស្ដេរ៉ូន ដែលមានសកម្មភាពប្រឆាំងនឹងការតាំងគភ៌ ដូចជាមានជាតិឡឺវ៉ូន័រស្សេស្ដ្រែល។ ជាតិឡឺវ៉ូន័រឡេស្ដ្រែល គឺជា អ័រម៉ូនប្រូស្សេស្ដេរ៉ូនមួយប្រភេទផ្សេងទៀតតែប៉ុណ្ណោះ ដែលជាអ័រម៉ូនមានឥទ្ធិពលបង្ខាំងខ្ទប់សារធាតុមេតាប៉ូលីសចំណីអាហារជាយថាហេតុ ជាពិសេសសារធាតុខ្លាញ់ និងសារធាតុស្ករ។ បែបនេះពិតជាអាចបង្កការឡើងទម្ងន់មែន។ ដូច្នេះកងដាក់ស្បូន ដែលមានលាយជាតិ អ័រម៉ូន ភាគច្រើនអាចបង្កការឡើងទម្ងន់របស់លោកស្រី។ ទម្ងន់៥គីឡូរបស់លោកស្រី អាចបណ្ដាលមកពីកងដាក់ស្បូននេះ។ ប៉ុន្ដែប្រការល្អ លោកស្រីគួរតែទៅជួបជាមួយអ្នកជំនាញខាងពន្យារកំណើត ប្រយោជន៍សាកសួរអំពីផលប៉ះពាល់បែបនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply