ផ្លែឈើ និងបន្លែ ជួយថែទាំ​​​សុខភាព

មានមនុស្ស​ប្រមាណ​ជាង៥០% មិនបាន​បរិភោគ​ផ្លែឈើ និងបន្លែ​គ្រប់គ្រាន់​ឡើយ ជាពិសេស​កុមារ ក្មេងជំទង់ និងយុវវ័យ។ ហេតុ អ្វីបាន​ជាផ្លែឈើ និងបន្លែ​ផ្ដល់សារៈ​សំខាន់ដល់​សុខភាព​របស់យើង?

រូបភាពទស្សនាវដ្តីសុខភាពយើង

បរិមាណ​ត្រូវពិសា

លោកអ្នក​គួរតែ​ពិសា​ផ្លែឈើ និងបន្លែ​រៀងរាល់ថ្ងៃ រយៈពេល​ពេញមួយឆ្នាំ ឱ្យបាន​ច្រើនមុខ និងបរិមាណ​ច្រើនគ្រប់​គ្រាន់។ យ៉ាងហោច​ណាស់ លោកអ្នក​ត្រូវពិសា​ផ្លែឈើ និងបន្លែឱ្យ​បានប្រាំមុខ ឬស្មើនឹង​ចំនួន​ប្រមាណជា​៤ខាំ (៤០០ក្រាម)ដែរ ក្នុង១ថ្ងៃ។ កុមារ​ក៏ត្រូវបរិភោគ​ផ្លែឈើ និងបន្លែ​ឱ្យបាន​ច្រើនមុខ​ដូចមនុស្ស​ពេញវ័យ​ផងដែរ។ ប៉ុន្ដែ​បរិមាណ ត្រូវកំណត់​ទៅតាមវ័យ និងអាយុ។

ផ្លែឈើ និងបន្លែជួយ​ការពារ​សុខភាព

ការស្រាវជ្រាវ​វិទ្យាសាស្ដ្រ​ថ្មីៗនេះ បានបង្ហាញថា ការទទួលទាន​ផ្លែឈើ និងបន្លែ​អាចជួយ​កាត់បន្ថយ​ការបង្ក​ជម្ងឺបេះដូង សរសៃ ឈាម និងជម្ងឺមហារីក​មួយចំនួន ដូចជា​មហារីកមាត់ បំពង់ក បំពង់អាហារ ក្រពះ ពោះវៀន មហារីកសួត​ជាដើម។ ករណី​ជម្ងឺមហារីក ដទៃទៀត ក៏ពាក់ព័ន្ឋ​ទៅនឹង​អត្ថប្រយោជន៍​បង្ការជម្ងឺ​របស់ផ្លែឈើ និងបន្លែដែរ។ មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន កំពុងរក​ហេតុផល​ចំពោះ ករណីនេះ និងប្រហែល​ជាអាច​ចំណាយ​ពេលយូរ​ទៀតផង។

ម្យ៉ាងទៀត ដោយសារ​នៅក្នុង​ផ្លែឈើ និងបន្លែ មានកម្រិត​អត្រា​ជាតិខ្លាញ់ និងថាមពល​កាឡូរីទាប អ្នកដែល​បរិភោគ​វាបានគ្រប់ គ្រាន់ មិនសូវ​មានជម្ងឺ​ធាត់លើស​គីឡូ និងជម្ងឺ​ទឹកនោម​ផ្អែមឡើយ។ ហើយ​ថែមទាំង​អាចបញ្ចៀស​បាន នូវផល​ប៉ះពាល់​នៃជម្ងឺ​ទាំងនោះ​ទៀតផង។

លើសពីនេះ ការបរិភោគ​ផ្លែឈើ និងបន្លែ ជួយសម្រួល​ដល់ដំណើរ​ការរំលាយ​អាហាររបស់ចំណី​អាហារ។

អត្ថប្រយោជន៍​ការពារ​សុខភាព​របស់រុក្ខជាតិ ពាក់ព័ន្ធ​ផងដែរ​ទៅនឹងវត្ដមាន​សារធាតុ​សរសៃ ជីវជាតិ​វីតាមីន សារធាតុ​កម្រ និងជា ពិសេស​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ហេតុអ្វីបាន​ជាកុមារ​ត្រូវការ​ផ្លែឈើ និងបន្លែដែរ?

ផ្លែឈើ និងបន្លែ ជាចំណី​អាហារ​ចាំបាច់​មិនអាច​ខ្វះបាន​សម្រាប់​កុមារ​ដែលកំពុង​លូតលាស់​ធំធាត់។ ផ្លែឈើ និងបន្លែ​ត្រូវចាត់ បញ្ចូល​ទៅក្នុង​របបអាហារ​មានលំនឹង។ លោកអ្នក​អាចជួយ​បុត្រា​បុត្រី ក្នុងការ​ថែរក្សា​សុខភាព​យូរអង្វែង​របស់ពួកគេ ដោយគ្រាន់​តែដាក់ បញ្ចូលទៅ​ក្នុងម្ហូប​អាហារ​ប្រចាំថ្ងៃ​របស់ពួក​គេនូវបន្លែ និងផ្លែឈើ ជាពិសេស​ពេលពួក​គេនៅ​វ័យក្មេង។ ទោះបី​ជាពួកគេ​ស្រែកយំ​មិនព្រម បរិភោគ​ក៏ដោយ គប្បីជម្រុញ​ពួកគេ លួងលោម និងទម្លាប់ឱ្យ​ពួកគេ​បរិភោគ តាំងពី​ទើបតែ​ចេះញ៉ាំ​អាហារ ព្រមទាំង​ពេលនៅ​កុមារភាព និង ពេលវ័យ​ជំទង់។

ព្រោះថា​រសជាតិ និងទម្លាប់​ចំណីអាហារ គួរតែ​ចាប់ផ្ដើម​ពីនៅ​កុមារភាព។ ប្រសិនបើ​លោកអ្នក ទម្លាប់ឱ្យ​បុត្រាបុត្រី​របស់លោក អ្នក​បរិភោគបន្លែ និងផ្លែឈើ​នោះ ដល់ពេល​ពួកគេ​ធំពេញ​រូបរាង និងពេញវ័យ ពួកគេ​នឹងមាន​ទំនោរ​ញ៉ាំវាដោយ​ស្វ័យប្រវត្ដិ។

ផ្ទុយទៅវិញ ទម្លាប់អាក្រក់​ក្នុងការ​បរិភោគ​ចំណីអាហារ ដែលពួក​គេបាន​ទទួលតាំង​ពីកុមារ​ភាព អាចបង្ក​បង្កើនកត្ដា​គ្រោះថ្នាក់​ដល់ ជម្ងឺបេះដូង សរសៃឈាម ដូចជាជម្ងឺធាត់ ជម្ងឺលើសឈាម ការឡើង​ខ្ពស់ជ្រុល​នៃជាតិខ្លាញ់​កូឡេស្ដេរ៉ុល​ជាដើម។ គេបាន​ដឹងថា ដំណើរ វិវឌ្ឍន៍​បង្កវិបត្ដិ​ទាំងនេះ ជាទូទៅ​ប្រើប្រាស់​ពេលវេលា​ជាច្រើនឆ្នាំ មុនពេល​ជម្ងឺនោះ​ចាប់ផ្ដើម​ទៅទៀត ជួនតាំង​ពីវ័យ​កុមារភាព។

តើបុត្រាបុត្រី​របស់លោកអ្នក​មិនចូល​ចិត្ដផ្លែឈើ និងមិនចូល​ចិត្ដបន្លែឬ? ទោះបី​ពួកគេ​មិន​ចូលចិត្ដ​ក្ដី ដាច់ខាត​លោកអ្នក​មិនត្រូវ បង្ខិតបង្ខំ​ឱ្យធ្វើ និងដាក់​ទណ្ឌកម្ម ព្រោះតែ​ការបរិភោគ​នេះឡើយ។ សង្ឃឹមថា​លោកអ្នក​នឹងរិះរក​វិធី ដើម្បីកែ​តម្រូវ​អាកប្បកិរិយា​ចំណីអាហារ បុត្រា ទាំងនេះ ជាទុល​នៃជាតិ​ខ្លាញ់ បុត្រីរបស់​លោកអ្នក។ នៅឱកាស​ក្រោយ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយក​បញ្ហាទាក់ទង​ទៅនឹងកុមារ មកសរសេរ​បន្ថែម ទៀត។

សូមជ្រើសរើស​ផ្លែឈើ និងបន្លែឱ្យបាន​គ្រប់មុខ

សូមពិសា​ផ្លែឈើ និងបន្លែ​ទៅតាម​រដូវកាល ពេលរដូវ​ផ្លែស្វាយ​ត្រូវបរិភោគ​ផ្លែស្វាយ រដូវមង្ឃុត ញ៉ាំមង្ឃុត។ នៅប្រទេសយើង សម្បូរផ្លែឈើ និងបន្លែស្រស់​ណាស់ ដូច្នេះសូម​ទម្លាប់ញ៉ាំ​ផ្លែឈើ និងបន្លែ​ស្រស់ ពីព្រោះថា ការទុកយូរ ជាតិវីតាមីន​នៅក្នុងនោះ​ត្រូវបាត់បង់ យ៉ាងលឿន។ បើលោកអ្នក​ពិសា​មិនទាន់ សូមទុក​ដាក់វា​ក្លាសេ និងធ្វើ​ជាចំណី​អាហារ​បម្រុង។

បើលោកអ្នក​មិនចូលចិត្ដ​ផ្លែឈើ និងបន្លែមួយ​មុខណា សូមជ្រើសរើស​យកមុខផ្សេង ព្រោះផ្លែឈើ និងបន្លែ​មានរស​ជាតិដោយ ឡែកផ្សេងៗ​ពីគ្នាជាច្រើន មិនចូល​ចិត្ដមួយ ចូលចិត្ដ​មួយទៀត។ តាមការ​ស្រាវជ្រាវ​បានឱ្យដឹង​ថា ពីផ្លែឈើ និងបន្លែ​មួយមុខ ទៅមួយមុខ ផ្សេងទៀត មានកម្រិត​អាហារូបត្ថម្ភ​ប្រហាក់​ប្រហែលគ្នា និងអាច​ជំនួសគ្នា​បានទៀតផង។ ពេលដែល​ក្មេង​បដិសេធ​មិនព្រម​ចូលតុ​បរិភោគ ជាទូទៅ ពួកគេ​ងាយទទួល​យកការ​បរិភោគ​ផ្លែឈើ​ជាងបន្លែ។ ដូច្នេះចូរ​ឱ្យពួកគេ​ញ៉ាំផ្លែឈើ​ជំនួស​បន្លែបាន។

ចង់ឱ្យ​មានសុខភាព​ល្អបាន ដរាបណា​ការបរិភោគ​អាហារ​មានលំនឹង។ លើសពី​នេះទៀត ត្រូវផ្សារ​ភ្ជាប់ការ​បរិភោគ ទៅនឹង អនាម័យ​ក្នុងជីវភាព​រស់នៅ និងសកម្មភាព​ផ្លូវកាយ​ជាប្រចាំ បើអាច​ធ្វើបាន។ ទាំងនេះ​មិនមែន​សម្រាប់តែ​អ្នកណា​ម្នាក់ឡើយ ពោល​សម្រាប់ សមាជិក​គ្រប់រូប​នៅក្នុង​គ្រួសារ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *