កាហ្វេ ធ្វើឱ្យ​ខូច​​​​សុខភាព

សព្វថ្ងៃនេះ មានភេសជ្ជៈ​ជាច្រើនមុខ ដែល​លោកអ្នក​អាច​ជ្រើសរើស​បាន។ ភេសជ្ជៈ​មួយចំនួន​ល្អជាង​មួយ​ចំនួនទៀត។ ប្រជាពលរដ្ឋ​ខ្លះ​ចូលចិត្ដ​ទទួលទានកាហ្វេ ឬតែ។ នៅតាម​តៀមកាហ្វេ យើងឃើញ​មានមនុស្ស​អង្គុយ​ពិសា​កាហ្វេ​ត្រៀបត្រា ពីព្រលឹម​ស្រាងៗ ​ទល់ព្រលប់។ កាហ្វេ និងតែមាន​ឥទ្ធិពល​ជួយកម្លាំង ខួរក្បាល ប៉ុន្ដែ​ភេសជ្ជៈ​ទាំងពីរ​មុខនេះ ក៏អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យើងដែរ ពេលណា​យើងផឹក​វាច្រើនពេក។ តើត្រូវ​ពិសា​ភេសជ្ជៈ ដែលសម្បូរ​ទៅដោយ ជាតិកាហ្វេអ៊ីន​ក្នុងបរិមាណ​ប៉ុន្មាន? មុននឹងផឹក ត្រូវគិត​ជាមុន។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាហ្វេអុីន​ជួយកម្លាំង​ទាន់ចិត្ដ

ជាតិកាហ្វេអ៊ីន ជាសារធាតុ​ដែលមាន​នៅក្នុង​កាហ្វេ តែ​(គេនិយមហៅវាថាជាតិតែអ៊ីន) កាកាវ និងភេសជ្ជៈហ្គាស​លាយជាតិ​កូឡា។ កាហ្វេអ៊ីន​សុទ្ធតែ នៅក្នុង​ភេសជ្ជៈ​ទាំងនេះ គ្រាន់តែតិច ឬច្រើន​វាមាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធប្រសាទ ដោយភ្ញោច​សកម្មភាព​ខួរក្បាល បង្កើន​សកម្មភាព​រ៉េផ្លិច និងបង្រឹង​សតិស្មារតី។

ម្យ៉ាងទៀត ជាតិកាហ្វេអ៊ីន​បង្កការ​ពង្រីក​ទងសួត និងសរសៃ​ឈាម។ វាបង្កើន​ចលនា​ផ្លូវដង្ហើម ចលនា​បេះដូង និងចលនា​ពោះវៀន​ផងដែរ។ ឥទ្ធិពល មួយទៀត​របស់ជាតិ​កាហ្វេអ៊ីន គឺបង្កើនការ​បញ្ចេញរស​ផ្លូវរំលាយ​អាហារ​(រសក្រពះ) និងបញ្ចុះ​ទឹកនោម។

ពេលផឹក​កាហ្វេ​ចូលទៅ​ក្នុងខ្លួន ជាតិកាហ្វេអ៊ីន​ជ្រាបចូល​យ៉ាងលឿន​ទៅក្នុង​ចរន្ដ​ឈាមរត់។ វាចេញ​ពីក្នុងខ្លួន​មកក្រៅ​វិញ ក្នុងរយៈ ពេលប្រមាណ​ជាបី- បួនម៉ោង អាចតិច​ជាង ឬច្រើនជាង​នេះទៅតាម​បុគ្គលម្នាក់ៗ។ ដូច្នេះ អ្នកខ្លះ​មិនមាន​បញ្ហាទទួល​ទានដំណេក​មិនលក់ ដោយផឹក​កាហ្វេ​ពេលទទួល​ទានអាហារ​ល្ងាចឡើយ។ រីឯអ្នក​ខ្លះទៀត គ្រាន់តែ​ផឹកកាហ្វេ​មួយក្រេប​ពេលល្ងាច លុះរហូត​ដល់ពេល​ពាក់កណ្ដាល​អធ្រាត្រ​ទៅហើយ នៅតែ​បិទភ្នែក​មិនជិតទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលប៉ះពាល់​របស់​កាហ្វេ

ការទទួល​អារម្មណ៍ល្អ និងសប្បាយ​មួយភ្លែត ដោយសារ​ការទទួលទាន​ជាតិកាហ្វេអ៊ីន​នេះ អាចបាត់​ទៅវិញ ដោយបន្សល់​នូវស្ថាន​ភាពដើមដូច​មុនពេល ទទួលទាន​កាហ្វេ។ ក្រោយពី​អស់ជាតិ​កាហ្វេអ៊ីន​ពីក្នុងខ្លួន លទ្ធផល​បន្សល់នៅ គឺអាការ​អស់កម្លាំង និងស្ថានភាព​ការតឹង​អារម្មណ៍ខ្លះ។ ឥទ្ធិពល​បែបនេះ ជម្រុញឱ្យ ចង់ទទួល​ទានកាហ្វេ​ទៀត ដើម្បីទទួល​បានឥទ្ធិពល​ប្រសើរ​ដូចលើក​មុនទៀត។ បែបនេះ ការញៀន​កាហ្វេអ៊ីន អាចចាប់​ផ្ដើមឡើង​ហើយ។

បរិមាណ​កាហ្វេអ៊ីន​ហួសកំណត់ អាចបង្ក​ជាវិបត្ដិ​ផ្សេងៗ ដូចជា​រំខាន​ដំណេក​(ដេកមិនលក់ យល់សប្ដិ​អាក្រក់) ក្ដៅខ្លួនអែៗ រំខានផ្លូវរំ​លាយអាហារ (ញ័រ បេះដូង ឆ្អល់ក្រពះ ភើជូរ) ញ័រដៃ លែងឃ្លាន​បាយ​ជាដើម។ ម្យ៉ាងទៀត ជាតិកាហ្វេអ៊ីន​អាចធ្វើ​ទុក្ខដល់​បេះដូង ធ្វើឱ្យ​ឡើងឈាម ធ្វើឱ្យ​ឈាមរត់​មិនស្រួល​ចំពោះ ស្ដ្រីមាន​ផ្ទៃពោះ​(ដែលអាចបណ្ដាល​ឱ្យទារក​កើតមក​មិនគ្រប់​ទម្ងន់) និងអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់លទ្ធភាព​មានកូន ឬអត់កូន​របស់ស្ដ្រី​ទៀតផង។

ជាតិកាហ្វេអុីន​ប្រើជា​គ្រឿងផ្សំលាយ​ក្នុងឱសថ​មួយចំនួន

សកម្មភាព​ភ្ញោចរបស់​ជាតិកាហ្វេអ៊ីន ត្រូវបាន​ប្រើប្រាស់​ក្នុងថ្នាំពេទ្យ ឬឱសថសម័យ​មួយចំនួន ប្រយោជន៍​កម្ចាត់​ឥទ្ធិពល​បែបបង្ក​ការងងុយដេក របស់ ពួកថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន​(ថ្នាំអង់ទីអ៊ីស្ដាមីនិក)។ ពោលជា​ជំពូកថ្នាំ​ដែលប្រើ​សម្រាប់​ព្យាបាល​ប្រឆាំង​នឹងគ្រុនផ្ដាសាយ​ធម្មតា ផ្ដាសាយធំ រលាកបំពង់ក និងជម្ងឺ ប្រតិកម្ម​(អាការអាឡែកហ្សី)​ជាដើម។

ដោយសារ​ឥទ្ធិពល​ជួយកម្លាំង​សរសៃឈាម​ខួរក្បាល ជាតិកាហ្វេអ៊ិន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​អាការ​ឈឺក្បាល ដូចជា​ឈឺមួយ​ចំហៀងក្បាល ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំបូន្មានគួរ​ប្រតិបត្ដិ

បរិមាណជាតិ​កាហ្វេអ៊ីន​នៅក្នុង​កាហ្វេ​មានកម្រិត​ប្រែប្រួល កាហ្វេខ្លះ​មានតិច កាហ្វេខ្លះ​ទៀតមាន​ច្រើន។ របៀបធ្វើ ឬឆុង​កាហ្វេ មិនមែន​ជាកត្ដា​បង្កការ ថយចុះ ឬកើនឡើង​បរិមាណ​កាហ្វេអ៊ីន​នៅក្នុង​ទឹកកាហ្វេ​នោះទេ។ ម្សៅ ឬគ្រាប់កាហ្វេ​ដែលយក​មកឆុង​នោះទេ អាចមាន​កាហ្វេអ៊ីនតិច ឬច្រើន។

លោកអ្នក​អាចនៅ​បន្ដទទួល​ទានកាហ្វេបាន ប៉ុន្ដែត្រូវ​ទទួលទាន​វាក្នុងបរិមាណ​តិចល្មម​បានហើយ។ ក្នុងមួយថ្ងៃ លោកអ្នក​អាចពិសា​កាហ្វេ ឬតែបន្ដិច បន្ដួច ដោយកំណត់​យ៉ាងច្រើន​៣ពែងតូច ឬ៣កែវតូច។ ព្រោះថា បរិមាណ​កាហ្វេបីបួន​ពែងតូច​ក្នុង១ថ្ងៃ មិនមាន​ពិសពុល​ឡើយ។ ប៉ុន្ដែអ្នក​ខ្លះរង​ឥទ្ធិពល ឬផលប៉ះ ពាល់​របស់កាហ្វេអ៊ីន​ច្រើនជាង​អ្នកខ្លះទៀត។ បែបនេះ​ជាការស៊ូទ្រាំ​នៃរាង្គកាយ​របស់បុគ្គល​ម្នាក់ៗ។

ប្រសិនបើ​កាហ្វេ​ធ្វើឱ្យ​លោកអ្នក​សម្រាន្ដមិនលក់​នៅពេលយប់ ហើយ​លោកអ្នក​នៅតែចង់​ទទួលទាន​កាហ្វេ គប្បី​ជ្រើសរើស​ទទួលទាន​កាហ្វេ​ដែលគ្មាន ជាតិកាហ្វេអ៊ីន​(ជាប្រភេទកាហ្វេ ដែលផលិតដោយ​ដកយកជាតិ​កាហ្វេអ៊ីន​ចេញ)។ កាហ្វេគ្មាន​ជាតិកាហ្វេអ៊ីន​នេះ ឃើញមាន​ដាក់លក់​នៅតាម​ទីផ្សារ ក្នុងរូបភាព​ជា ផ្លាកសញ្ញា​ផ្សេងៗ។

បើលោកអ្នក​ចង់កាត់​បន្ថយការ​ទទួលទាន​កាហ្វេ សូមចាប់​ផ្ដើមធ្វើការ​បន្ថយបរិមាណ​ទទួលទាន​បន្ដិចម្ដងៗ។ គន្លឹះមួយ​ដែលលោកអ្នក​អាចធ្វើបាន គឺ ដោយឆុង​លាយកាហ្វេ​ជាមួយ​នឹងកាហ្វេ​គ្មានជាតិ​កាហ្វេអ៊ីន។ ម្យ៉ាងទៀត លោកអ្នក​អាច​ជ្រើសរើស​យកកាហ្វេ​ងាយរលាយ​ក្នុងទឹក ពីព្រោះ​ថាវាមាន​ជាតិកាហ្វេអ៊ីន តិចជាង​កាហ្វេគ្រាប់ ឬកាហ្វេកិន។

សូមប្រុងប្រយ័ត្ន​ជាតិកាហ្វេអ៊ីន។ អ្នកដែល​មានជម្ងឺ​បេះដូង​សរសៃឈាម ឬចង្វាក់​បេះដូងដើរ​មិនទៀង​ទាត់ មិនអាច​ទទួលទាន​ជាតិកាហ្វេអ៊ីន​បាន ឡើយ។ ចំពោះស្ដ្រី​មានផ្ទៃពោះ ក៏ត្រូវ​កម្រិតការ​ទទួលទាន​កាហ្វេដែរ ដាច់ខាត​មិនត្រូវ​ទទួលទាន​លើសពី២​ពែងតូច​ឡើយក្នុង១​ថ្ងៃ។ 

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *