បរិស្ថានល្អស្អាត​ជួយជំរុញ​វិស័យ​ទេសចរណ៍!

អនាម័យ និងបរិស្ថាន ជារឿង​មួយ​សំខាន់​ណាស់ក្នុង​ការរស់់នៅ។ នៅបណ្ដា​ប្រទេសរីក​ចម្រើន​ជឿនលឿន​នានា គេយល់​ឃើញថា បញ្ហា​អនាម័យជាមុខវិជ្ជា​វិទ្យាសាស្ដ្រ​មួយ ដែលនិយាយ​អំពីការ​ថែទាំ​សុខភាព លើក​កម្ពស់​សុខភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ តាមរយៈ​ការធ្វើ​អនាម័យនេះ។ យ៉ាងណា​ម៉ិញ វិស័យ​ទេសចរណ៍ ជាវិស័យ​មួយដែល​ត្រូវការ​ជាចាំបាច់​នូវការ​ធ្វើអនាម័យ​ជាចម្បង​ដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អនាម័យ និងបរិស្ថាន​ជះឥទ្ធិពល​ដូចម្ដេចខ្លះ ដល់វិស័យ​ទេសចរណ៍?

បើតាមប្រសាសន៍របស់លោក អ៊ុក វណ្ណា បណ្ឌិត​គ្រប់គ្រង​សេដ្ឋកិច្ច​ទេសចរណ៍ នៃវិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ​កម្ពុជា បានលើក​ឡើងថា បញ្ហា អនាម័យ​នៅ​ប្រទេសកម្ពុជា នៅពុំទាន់​មានលក្ខណៈ​ត្រឹមត្រូវ​នៅឡើយ​ទេ។ ដោយសារ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅមាន​កម្រិតទាប ជាក់ស្ដែង​នៅតាម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ខ្លះ ទាំងការ​រៀបចំ​សម្អាត​អនាម័យ ទាំងឯក​សណ្ឋានរបស់​បុគ្គលិក ទាំងបន្ទប់​ទឹកក្ដី ទាំងបន្ទប់​ដាំស្លក្ដី ពុំទាន់​មានការ​រៀបចំ ត្រឹមត្រូវ​ទៅតាម​លក្ខណៈស្ដង់ដា​នៅឡើយទេ។

ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវគិត​អំពីការ​រៀបចំ​គ្រប់គ្រង​ទៅលើ​សម្រាម កាកសំណល់​ដែលប៉ះពាល់​បរិស្ថាន​ស្នាក់នៅ ឱ្យមាន​របៀប​រៀបរយ​ល្អ។ កាកសំណល់​ដែលចោល​ពាសវាល​ពាសកាល​នៅតាម​តំបន់​ទេសចរណ៍ វាជា​បច្ច័យអាក្រក់​មួយធ្វើ ឱ្យមនុស្ស សារធាតុដី និងព្រៃឈើ​នៅទីនោះ កើតមាន​ជម្ងឺផ្សេងៗ ដោយសារ​ការពុល​បរិយាកាស និងការ​បង្កពី​មេរោគ​គ្រប់ប្រភេទ។ ចំពោះ​បន្ទប់ស្នាក់​នៅរបស់ ភ្ញៀវក្នុង​សណ្ឋាគារ បើសិន​ជាយើង​មិនបាន​រៀបចំ​ខាងផ្នែក​សម្លេង ក្លិន ឬការ​រៀបចំ​ម៉ាស៊ីន​ត្រជាក់ឱ្យ​បានទៅ​តាមស្ដង់ដា​អន្ដរជាតិទេ (មានន័យថា​សីតុណ្ហភាព​ខាង ក្រៅប៉ុន្មាន ឱ្យស៊ីនឹង​សីតុណ្ហភាព​ខាងក្នុង) វាអាច​បង្កឱ្យ​មានជម្ងឺ​ច្រើនណាស់ ដូចជា​ជម្ងឺថ្លើម ជម្ងឺផ្លូវ​ដង្ហើម ជម្ងឺក្រពះ​ពោះវៀន​ជាដើម នេះជា​បញ្ហាដែល​គេទើប​តែ ស្រាវជ្រាវ​រកឃើញ។ អនាម័យ​មាន​សារៈសំខាន់​ណាស់ ដូច្នេះសូម​ឱ្យប្រជាពល​រដ្ឋ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍ ផ្ទះសំណាក់ និងសណ្ឋាគារ​ទាំងឡាយ គួរតែ ​សហការណ៍​ជាមួយ​មន្ទីរ និងក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​សុខាភិបាល ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​ជាដើម ដើម្បី​ធ្វើការ​ការពារ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អត្ថប្រយោជន៍​នៃអនាម័យ និងបរិស្ថាន លើវិស័យ​ទេសចរណ៍

នៅពេល​ដែលតំបន់​ទេសចរណ៍​មានការ​ការពារ​អនាម័យ​បរិស្ថាន​បាន​ត្រឹមត្រូវ យើងអាច​កាត់បន្ថយ​ការនាំចូល​គ្រឿងបរិភោគ​ទាំងឡាយ​ពីប្រទេស​ដ៏ទៃ បាន។ យើងបង្កើន​គុណភាព​អាហារ​ផ្លែឈើ និងសាច់ឱ្យ​មានលក្ខណៈ​ល្អប្រសើរ។ ការបង្កើន​នេះ ត្រូវគិត​ផងដែរ​ដល់ការ​ការពារ​បរិស្ថាន​អនាម័យ​ក្នុងការ​ដាំដុះ ឱ្យ មានលក្ខណៈ​ស្ដង់ដា។ ការធ្វើ​បែបនេះ ធ្វើឱ្យ​ចំណូលភ្ញៀវ​ទេសចរណ៍​កាន់តែខ្ពស់។ លើសពី​នេះទៅទៀត ជីវភាព​ប្រជាពលរដ្ឋ​នៅតំបន់​ទេសចណ៍​មានការ​កើនឡើង រឹតតែ​ប្រសើរ ចំណែក​ភ្ញៀវ​ទេសចរណ៍​ក៏កាន់តែ​ច្រើន​ប្រៀប​ដូចពាក្យ​ចាស់បុរាណ​លោកថា “ ទឹកត្រជាក់ត្រីកុំ ” យ៉ាង​ដូច្នោះ​ដែរ។

ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តាមរយៈ​ការការពារ​អនាម័យ​បរិស្ថាននេះ វាផ្ដល់​ឱ្យសេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ទាំង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅក្នុងតំបន់ ក៏ ដូចជាសេដ្ឋកិច្ច​របស់រដ្ឋ​ដែរ។ បើប្រជាពលរដ្ឋ​យើងធ្វើ​អនាម័យ រក្សាបាន​នូវបរិស្ថាន​ល្អ វាធ្វើឱ្យ​គាត់មិន​ចំណាយ​ថវិកា​ទៅផ្គត់ផ្គង់ និងជួសជុល​នូវជីវភាព​ដែលរងការ ប៉ះពាល់។ មានន័យថា គាត់មិន​ចាំបាច់​ចំណាយ​ថវិកា​ក្នុងការ​ទិញថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺរបស់​កូនចៅ សត្វពាហនៈ និងថ្នាំគីមី​សម្រាប់ផល​ដំណាំ​ទៀតទេ។

ផ្ទុយទៅវិញ វិស័យទេសចរណ៍​អាច​រលាយ​សាបសូន្យ​បាន ប្រសិន​បើយើង​មិនរក្សា​បាននូវ​គុណភាព​អនាម័យ​បានល្អ​ទេ ព្រោះ​ថា វិស័យ​ទេសចរណ៍ អភិវឌ្ឍន៍​ទៅបាន មិនមែន​ពឹងផ្អែក​តែទៅ​លើ​ធនធាន​ទេសចរណ៍​បែប​ធម្មជាតិ និងបែប​ប្បធម៌​នោះទេ គឺយើង​ត្រូវពឹង​ផ្អែកទៅ​លើអនាម័យ​បរិស្ថាន​ជាចម្បងដែរ។ ដើម្បីប្រែ​ក្លាយតំបន់​មួយទៅជា​តំបន់ស្អាត​គ្មានមេរោគ ការធ្វើ​អនាម័យ​ត្រូវចូល​រួមពី​សហគមន៍ ទាំងភ្ញៀវ​ទេសចរណ៍ ទាំង​ប្រជាពលរដ្ឋ​ដែលរស់​នៅតំបន់​នោះ រួមទាំង​អ្នកគ្រប់គ្រង​តំបន់​ទេសចរណ៍​ផ្ទាល់។ ប្រការ​មួយទៀត សណ្ឋាគារ និង​ភោជនីយដ្ឋាន ក៏ត្រូវគិត​ទៅលើ​ការរៀបចំ​គ្រប់គ្រង​សម្រាម ឬកាក​សំណល់ឱ្យ​បានត្រឹម ត្រូវ។ ព្រោះថា បញ្ហា​អនាម័យ និងបរិស្ថាន​នេះ មាន​សក្ដានុពល​ខ្លាំងណាស់​ទៅលើ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដូចដែល​បានរៀបរាប់​ខាងលើ​ស្រាប់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *