ព្រៃឈើមានអត្ថប្រយោជន៍ណាស់សម្រាប់មនុស្សជាតិ និងពិភពលោក។ ប៉ុន្ដែព្រៃឈើក៏ផ្ដល់នូវទុក្ខទោសខ្លះដែរ អាស្រ័យទៅលើប្រភេទនៃដើមឈើ។ យើងចែកព្រៃឈើជាពីរប្រភេទ គឺព្រៃឈើធម្មជាតិ និងព្រៃឈើដាំ។ សម្រាប់ពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកព្រៃឈើដាំ មកជម្រាបជូនទុក ជាការស្វែងយល់។
តើអ្វីទៅជាព្រៃឈើដាំ?
ព្រៃឈើដាំ គឺជារុក្ខជាតិ ឬព្រៃឈើ ដែលដាំឡើងវិញ។ រុក្ខជាតិ ឬព្រៃឈើដាំឡើងវិញនេះ មានពូជជាច្រើនផ្សេងៗគ្នា ដូចជាដើមប្រេងខ្យល់ ដើមអាកាស្យា ដើមកាហ្វេ ដើមកៅស៊ូជាដើម។ នៅប្រទេសកម្ពុជា ប្រវត្ដិព្រៃឈើដាំនេះ ទើបតែមានវត្ដមានប៉ុន្មានសតវត្សរ៍ចុងក្រោយនេះប៉ុណ្ណោះទេ។ ដំបូងឡើយ ប្រទេសកម្ពុជា យកចិត្ដទុកដាក់តែទៅលើដំណាំកៅស៊ូ និងដើមកាហ្វេប៉ុណ្ណោះ។ ប៉ុន្ដែ នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលប្រទេសកម្ពុជាបានប្រឹងប្រែងអភិវឌ្ឍន៍ ប្រទេស ដោយធ្វើការទាក់ទាញអ្នកវិនិយោគទុនមួយចំនួន ក្នុងនោះមានការផ្ដល់សម្បទានដីខ្លះដល់ក្រុមហ៊ុនធំៗមួយចំនួន សម្រាប់ដាំដើមប្រេងខ្យល់ និងដើមអាកាស្យា។
នៅប្រទេសកម្ពុជា រុក្ខជាតិទាំង២ប្រភេទនេះ ត្រូវបានចាត់ទុកជាប្រភេទរុក្ខជាតិថ្មី ព្រោះពីមុនមកពុំមានដើមឈើប្រភេទនេះទេ។ ដើមឈើនេះ ត្រូវ បាននាំចូលពីបរទេស ក្នុងកំឡុងទសវត្សរ៍ទី៩០ ដែលដំបូងឡើយ ដាំជាលក្ខណៈសហគមន៍តូចៗប៉ុណ្ណោះ។ តើព្រៃឈើដាំ ប្រភេទរុក្ខជាតិដើមប្រេងខ្យល់ និងដើមអាកាស្យានេះ មានគុណសម្បត្ដិ និងគុណវិបត្ដិដូចម្ដេចខ្លះ?
គុណសម្បត្ដិរបស់ដើមប្រេងខ្យល់ និងដើមអាកាស្យា
ប្រភេទរុក្ខជាតិទាំងពីរនេះ ជាប្រភេទរុក្ខជាតិម្យ៉ាងល្អ ដែលអាចដាំលើដី និងព្រៃរេចរិលបាន ហើយវាជារុក្ខជាតិមួយដុះលឿន។ វាងាយសម្របសម្រួល នឹងលក្ខខណ្ឌដី មានន័យថា ទោះជាដីមិនសូវមានជីជាតិក៏វាអាចដុះបានដែរ។ វាអាចជាគម្របបង្គ្រប់ព្រៃធម្មជាតិ ដែលបានបាត់បង់ទៅ។ ចំពោះសេដ្ឋកិច្ចវិញ ប្រសិនបើយើងដាំវាជាលក្ខណៈធំដុំជាក្រុមហ៊ុន វាអាចជួយផ្ដល់ការងារមួយចំនួនដល់ប្រជាជន ដែលរស់នៅក្នុងតំបន់នោះ។ តាមរយៈដើមប្រេងខ្យល់ និងដើមអាកាស្យានេះ យើងអាចផលិតចេញជាផលិតផលជាច្រើន ដូចជាក្រដាស់ ឱសថ ប្រេងខ្យល់ អុសដុតជាដើម។ លើសពីនេះទៀត នេះជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យមានអ្នកវិនិយោគទុនផងដែរ។
សម្រាប់បរិស្ថានវិញ ព្រៃឈើដាំប្រភេទនេះ ផ្ដល់ផលប្រយោជន៍ខ្លះដែរក្នុងការជួយកាត់បន្ថយឧស្ម័នកាបូនិចបានមួយចំនួនតូច និងអាចជួយកាត់បន្ថយ ការកាប់ឈើធម្មជាតិធ្វើអុសដុត។
គុណវិបត្ដិរបស់ដើមប្រេងខ្យល់ និងដើមអាកាស្យា
តាមការសិក្សាស្រាវជ្រាវរបស់លោក គ្រិស ស្លេន (Chris Lang) បានលើកឡើងពីផលវិបាករបស់ព្រៃឈើដាំ ដែលមានលក្ខណៈទ្រង់ទ្រាយធំរបស់ ដើមប្រេងខ្យល់ និងដើមអាកាស្យានេះ។ ប្រភេទដើមឈើទាំងនេះ មានផលវិបាកមួយចំនួនដល់បរិស្ថានដែលនៅជុំវិញវា តាមរយៈការចោលកាកសំណល់របស់វា។ ជាឧទាហរណ៍ ករណីនៅប្រទេសថៃ មានក្រុមហ៊ុនផលិតក្រដាស់ធំមួយ ឈ្មោះហ្វូនិក( Phoenix )។ ក្រុមហ៊ុនេះបានបង្កើតតាំងពីឆ្នាំ១៩៧៥ ដែលបាននាំចេញ ក្រដាស់ទៅ២៥ប្រទេស។ នៅក្នុងខែមិនាឆ្នាំ១៩៩២ រដ្ឋាភិបាលថៃបានប្រកាសបិទទ្វារក្រុមហ៊ុននេះ ដោយសារតែជាតិពុលចេញពីរោងចក្រ។ តាមការស្រាវជ្រាវ គេសង្កេតឃើញថា ដីដាំំដំណាំ ដីស្រែរបស់អ្នកភូមិ ដែលនៅជុំវិញរោងចក្រផលិតក្រដាស់នោះត្រូវខូច ខ្សោះជីជាតិ ហើយធ្វើឱ្យត្រីនៅក្នុងទន្លេផុង (Pong) ក្បែរ នោះស្លាប់អស់។
តាមឯកសារវ៉តធឺស៊ីត ( Watershed ) ដែលបោះពុម្ពកាលពីឆ្នាំ២០០៤មានឈ្មោះថា ចំការឈើដាំ ឬព្រៃឈើដាំ មិនមែនជាព្រៃធម្មជាតិទេ។ ក្នុង សៀវភៅនេះ បានលើកឡើងពីករណីប៉ះពាល់របស់រុក្ខជាតិប្រភេទដើមប្រេងខ្យល់ និងដើមអាកាស្យានេះថា ធ្វើឱ្យប៉ះពាល់ដល់ការហូរច្រោះដី និងការស្រូបយក ជាតិទឹក។ ឧទាហរណ៍ ការស្រាវជ្រាវនៅក្នុងស្រុកយេនឡាប់ ប្រទេសវៀតណាមបានបង្ហាញថា បន្ទាប់ពីដាំដើមប្រេងខ្យល់ ទឹកអណ្ដូងដែលនៅជិតនោះ បែរជារីង ទឹកខះអស់នៅរដូវប្រាំង ហើយត្រីក្នុងទន្លេងាប់អស់។ វាបំផ្លាញដីស្រែ តាមរយៈប្រព័ន្ធស្រោចស្រព ដែលបញ្ចេញចោលកាកសំណល់របស់រុក្ខជាតិប្រភេទនេះ។
ទស្សនៈអ្នកជំនាញនៅប្រទេសកម្ពុជា
លោក ហម គឹមគង់ សាស្ដ្រាចារ្យផ្នែកបរិស្ថានទទួលបន្ទុកការគ្រប់គ្រងធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្ន្មំពេញបានផ្ដល់ដំបូន្មានថា មុននឹងធ្វើការ សម្រេចចិត្ដដាំរុក្ខជាតិប្រភេទនេះ យើងត្រូវពិចារណាឱ្យបានល្អិតល្អន់។ យើងអាចមានជម្រើសពីរ គឺទីមួយ យើងអាចដាំវានៅចន្លោះព្រៃធម្មជាតិរេចរិល ព្រោះវាជា ផ្នែកមួយ ជួយធ្វើឱ្យមានសំណើម កូនព្រៃធម្មជាតិមានលទ្ធភាពអាចដុះឡើងវិញ។ ប៉ុន្ដែ ការដាំដើមឈើប្រភេទនេះ ក៏មិនត្រូវដាំឱ្យច្រើនលើសលុបទៅលើព្រៃ ធម្មជាតិដែរ។ យើងដាំទៅតាមចំនួនព្រៃធម្មជាតិដែលមានស្រាប់។ ទីពីរ ប្រសិនបើយើងចង់ដាំដើមប្រេងខ្យល់ និងដើមអាកាស្យានេះជាលក្ខណៈឧស្សាហ៍កម្ម យើងត្រូវរកកន្លែងណាដែលគិតថា ព្រៃធម្មជាតិ មិនអាចដុះបាន ដូចជានៅតាមទីវាល នៅតាមជើងភ្នំ ឬភ្នំដែលមិនមានព្រៃឈើ ភ្នំទំពែកជាដើម។ ម្យ៉ាងទៀត យើងគិតថាតំបន់នោះ ជាតំបន់ដែលមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតិចតួចបំផុត ព្រោះតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រភេទរុក្ខជាតិ ដើមប្រេងខ្យល់នេះ សម្បូរដោយជាតិម៉ង់តុល ដែលមច្ឆាជាតិមិនចូលចិត្ដក្លិននេះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply