ការថែរក្សាសុខភាពរបស់ស្ដ្រីមានស្វាមី គឺមានការខុសគ្នាខ្លះពីស្ដ្រីនៅលីវ។ ព្រោះថាអ្នកមានស្វាមី អាចនឹងមានជម្ងឺផ្លូវភេទម្យ៉ាង ហៅថាជម្ងឺកាមរោគ ដែលឆ្លងពីស្វាមី។ ជម្ងឺនេះ ចំពោះបុរសជាស្វាមីមិនមានរោគសញ្ញាអ្វីស្ដែងចេញឡើងទេ។ ប៉ុន្ដែ ចំពោះស្ដ្រី ដែលមាន លក្ខណៈទន់ខ្សោយជាងបុរស មានរោគសញ្ញាឱ្យដឹង ដូចជាការធ្លាក់សមានរមាស់ជាដើម។
កាលពីលេខមុន ទស្សនាវដ្ដី សុខភាពយើង បានលើកមកជម្រាបជូនរួចមកហើយ អំពីវិធីថែទាំសុខភាពរបស់ស្ដ្រីនៅលីវ។ ពេល នេះ យើងសូមលើកយកវិធីថែទាំសុខភាពរបស់ស្ដ្រីមានស្វាមី មកជម្រាបជូនម្ដង។
ស្ដ្រីមានស្វាមីត្រូវយល់ដឹងសុខភាពរបស់ខ្លួនបែបណា?
ស្ដ្រីដែលមានស្វាមីហើយ ងាយនឹងមានបញ្ហាសុខភាពណាស់ ហើយច្រើនតែជាបញ្ហាធ្ងន់ធ្ងរទៀតផង។ លោកស្រីវេជ្ជបណ្ឌិត ជូ ពិន បានមានប្រសាសន៍ណែនាំស្ដ្រីខ្មែរទាំងឡាយឱ្យបានស្វែងយល់ដឹងនូវការថែទាំសុខភាពរបស់គាត់។
– ប្រការទី១ ៖ ស្ដ្រីគួរយល់ដឹងអំពីការធ្លាក់សរបស់គាត់ ប្រការនេះមិនខុសពីការថែទាំសុខភាពរបស់ស្ដ្រីនៅលីវទេ គឺគាត់ត្រូវ ពិនិត្យទៅលើសភាពសរបស់គាត់ថា សធម្មតា និងមិនធម្មតា មានសភាពបែបណា។ ការធ្លាក់សធម្មតា គឺមានពណ៌ធម្មតា និងមានលក្ខណៈ អន្លាយៗដូចសម្បោរ។ ចំណែកសមិនធម្មតា គឺមានលក្ខណៈដុំៗ មានពណ៌លឿង ពណ៌បៃតង ហើយរមាស់។
– ប្រការទី២ ៖ ស្ដ្រីត្រូវយល់ដឹងអំពីការបាត់រដូវ គឺត្រូវដឹងពីថ្ងៃដែលគាត់មករដូវចុងក្រោយបំផុត។ មាននារីមានស្វាមីខ្លះ នៅ ពេលបាត់រដូវ គាត់ច្រើនតែទិញឧបករណ៍មួយសម្រាប់ជ្រលក់ទឹកនោម ដើម្បីពិនិត្យមើលថាគាត់មានគភ៌ឬទេ។ នៅពេលគាត់ជ្រលក់ទឹកនោម ទៅគាត់ឃើញ មានសញ្ញាក្រហមពីរនៅលើឧបករណ៍នោះ មានន័យថាគាត់មានផ្ទៃពោះហើយ គាត់មិនត្រូវគេងចាំតែថ្ងៃសម្រាលនោះទេ។ ផ្ទុយទៅវិញ កាលដែលឃើញក្រហមពីរបែបនេះ មិនមែនមានន័យថា គាត់សុទ្ធតែមានផ្ទៃពោះ ហើយរង់ចាំតែថ្ងៃសម្រាលនោះទេ។ ឃើញ សញ្ញានោះ គឺមានន័យថាគាត់ត្រូវប្រញាប់មកមន្ទីរពេទ្យ។ ការមកមន្ទីរពេទ្យ និងជួបអ្នកជំនាញដើម្បីធ្វើការវិនិច្ឆ័យ ថាគាត់មានទម្ងន់មែន ឬ ទេ។ ហើយការមានផ្ទៃពោះអាចមានកូននៅក្នុងស្បូន ឬកូននៅក្រៅស្បូន។
– ប្រការទី៣ ៖ ប្រសិនបើគាត់រួមដំណេកទៅ មានការធ្លាក់ឈាម គាត់ក៏ត្រូវទៅជួបគ្រូពេទ្យដែរ។ ព្រោះការរួមដំណេកជាមួយគ្នា មានការធ្លាក់ឈាម គឺជួនកាលប្រហែលជាស្បូនរបស់គាត់មានបញ្ហា ដូចជាដុះសាច់នៅមាត់ស្បូនជាដើម។
ប្រការគួរចៀសវាង
នៅពេលរួមភេទរួច មានការធ្លាក់ទឹកកាមចេញមកខាងក្រៅ ស្ដ្រីត្រូវចៀសវាងការលូកលាងខាងក្នុងស្បូនដោយខ្លួនឯង។ គឺត្រូវ លាងតែផ្នែកខាងក្រៅ ឬក៏អាចយកក្រណាត់ស្អាតមកជូតសម្អាតតែប៉ុណ្ណោះ។ ចៀសវាងការបើកស្បូនមួយខែម្ដងៗ។ ការពិនិត្យសុខភាព មួយខែម្ដងៗក៏មិនចាំបាច់ដែរ លើកលែងតែពេលមានបញ្ហាដូចបានជម្រាបខាងលើ ទើបយើងមកជួបជាមួយគ្រូពេទ្យតែម្ដង ហើយត្រូវធ្វើ តាមការណែនាំរបស់គ្រូពេទ្យ។ នៅពេលពិគ្រោះជាមួយគ្រូពេទ្យហើយ ស្ដ្រីខ្លះគ្រូពេទ្យឱ្យ៣ខែមកពិនិត្យសុខភាពម្ដង ស្ដ្រីខ្លះទៀត៦ខែ ឬមួយឆ្នាំទើបមកពិនិត្យម្ដងទៅតាមស្ថានភាពជម្ងឺ និងសុខភាពរបស់គាត់។
ផលវិបាកនៃការធ្វេសប្រហែសចំពោះសុខភាព
ប្រសិនបើបងប្អូនស្ដ្រីមិនធ្វើការប្រុងប្រយ័ត្នក្នុងការថែទាំសុខភាពទេ គាត់នឹងប្រឈមមុខនឹងជម្ងឺមួយចំនួន ដូចជាជម្ងឺមហារីកដៃ ស្បូន មហារីកសុដន់ មហារីកស្បូន មហារីកមាត់ស្បូនជាដើម។ ជម្ងឺមហារីកស្បូន មិនឱ្យដឹងរោគសញ្ញាជាមុនទេ ចាប់ផ្ដើមដំបូងឡើយ គឺធ្លាក់ សធុំក្លិន អ្នកខ្លះធ្លាក់ឈាមតែម្ដង។ ប្រសិនបើយើងពិនិត្យដឹងអាការមុន យើងអាចរកវិធីទប់ស្កាត់បានទាន់ពេលវេលា។ ជាឧទាហរណ៍ គាត់ ទើបនឹងធ្លាក់សធុំក្លិន គាត់បានទៅពិនិត្យសុខភាព គ្រូពេទ្យនឹងប្រាប់ពីវិធីបង្ការខ្លះៗ។ ប្រសិនបើគាត់មិនចាប់អារម្មណ៍នឹងការធ្លាក់ស គាត់ បណ្ដែតបណ្ដោយឱ្យការធ្លាក់សធុំក្លិន ទុកយូររហូតដល់មានធ្លាក់ឈាម នោះជាដំណាក់កាលពិបាកក្នុងការធ្វើការព្យាបាលណាស់។
ដំបូន្មានរបស់គ្រូពេទ្យជំនាញ
ស្ដ្រីខ្មែរមានការយល់ដឹង នៅមានកម្រិតទាបទាក់ទងទៅនឹងការពិនិត្យសុខភាព មើលផ្ទៃពោះ មើលស្បូន។ លោកស្រីវេជ្ជបណ្ឌិត ជូ ពិន ចូលរួមជាដំបូន្មានដល់ស្ដ្រីខ្មែរថា សូមឱ្យស្ដ្រីស្គាល់ថ្ងៃមករដូវចុងក្រោយបំផុតរបស់ខ្លួនឯង ស្គាល់សភាពស ចេះធ្វើអនាម័យ កុំស្លៀក ខោដែលស្អុះស្អាប់ពេក និងកុំស្លៀកខោសើម។ ទាំងស្ដ្រីមានគ្រួសារក្ដី មិនមានគ្រួសារក្ដី នៅពេលវ័យកាន់តែចាស់ចាប់ពីអាយុ៣៥ឆ្នាំឡើងទៅ ត្រូវតែទៅពិនិត្យសុខភាព ដូចជាពិនិត្យស្បូន និងសុដន់ ឱ្យបានរាល់៦ខែម្ដង យ៉ាងយូរបំផុត១ឆ្នាំម្ដង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply