ជាទូទៅចំពោះមនុស្សស្រីមានស្វាមី ការបាត់រដូវជាសញ្ញាដែលគាត់សង្ស័យថាមានផ្ទៃពោះ ដែលគាត់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។ ចំណែកឯស្ដ្រី ដែលទើបតែសម្រាលបុត្រហើយ ឬក៏ស្ដ្រីដែលទើបនឹងយកកូនចេញរួច គាត់មិនត្រូវឱ្យមានគភ៌ទៀតភ្លាមបានទេ។ ប្រសើរបំផុត គាត់ត្រូវមករដូវឱ្យបានម្ដងទៀតសិន ទើបគាត់អាចមានសកម្មភាពមានគភ៌តទៅទៀតបាន។ ប៉ុន្ដែមានករណីខ្លះ ស្ដ្រីនៅពេល ដែលគាត់ទើបតែឆ្លងទន្លេ ឬទើបតែធ្វើការរំលូតកូនរួច គាត់មិនទាន់មករដូវម្ដងទៀតទេ ស្រាប់តែគាត់មានផ្ទៃពោះទៀត។
ឆ្លើយតបនឹងករណីខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ប្រធានផ្នែកពិនិត្យជម្ងឺក្រៅនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក បានមានប្រសាសន៍ថា ករណីនេះជាករណីមួយកើតមានឡើងភាគតិចណាស់។ ចំពោះស្ដ្រីដែលមានបញ្ហាបែបនេះ មិនមែនជាជម្ងឺ ឬ បញ្ហាអ្វីធុំដុំរបស់ស្ដ្រីនោះទេ។
មិនទាន់មានរដូវ ហេតុអ្វីមានកូន?
ជាទូទៅស្ដ្រីដែលយកកូនចេញ និងស្ដ្រីដែលទើបនឹងឆ្លងទន្លេរួច ទាល់តែមករដូវម្ដងសិន ទើបអាចមានកូនទៀតបាន។ ជាក់ស្ដែង មានស្ដ្រីខ្លះ ដែលទើបតែយកកូនចេញ គាត់មិនទាន់មករដូវទេ តែគាត់បែរជាមានកូន៥សប្ដាហ៍ នៅក្នុងពោះទៀតទៅហើយ។ ករណីនេះ គឺ បណ្ដាលមកពីអរ័មូនរបស់ស្ដ្រី ព្រោះការកកើតឡើងជាឈាមរដូវ គឺដោយសារការរីកលូតលាស់ស្រទាប់អង់ដូម៉ែត ក្រោមឥទ្ធិពលរបស់អ័រម៉ូន អឹស្ដ្រូហ្សែន និងអរ័ម៉ូនប្រូហ្សេស្ដេរ៉ូន។ អរ័មូនអឹស្ដ្រូហ្សែន គឺមាននាទីសម្រាប់ធ្វើឱ្យធ្លាក់ពងជីវិត នៅពេលធ្លាក់ពងជីវិតមក ស្ដ្រីមានការ រួមដំណេកធ្វើ្វឱ្យស្ដ្រីនោះមានកូន។ ជួនកាលអរ័ម៉ូនរបស់ស្ដ្រីមានការទន់ខ្សោយ ហេតុនេះហើយដែលបណ្ដាលឱ្យស្ដ្រីអត់មានរដូវ។
ដំបូន្មានគ្រូពេទ្យជំនាញ
ដើម្បីចៀសវាងការមានកូនដោយចៃដន្យបែបនេះ ស្ដ្រីទើបសម្រាលកូនរួច គួរតែបំបៅដោះកូន។ ព្រោះការបំបៅដោះកូនជាវិធី មួយធ្វើមានកូនរង្វើល បន្ទាប់ពីគាត់សម្រាលកូនហើយ។ ប្រសិនបើគាត់មិនធ្វើការបំបៅដោះកូនទេ ធ្វើឱ្យគាត់ឆាប់មានរដូវ ដែលធ្វើឱ្យគាត់ ឆាប់មានកូនឡើងវិញ។ យ៉ាងហោចណាស់ រយៈពេលតែ៣ទៅ៤ខែ ប៉ុណ្ណោះគាត់នឹងមានកូនឡើងវិញ។ ចំពោះម្ដាយដែលបំបៅដោះកូន យ៉ាងតិចណាស់ក៏៦ខែដែរ ទើបគាត់មករដូវម្ដងទៀត គាត់អាចមានកូនម្ដងទៀតបាន។
នេះមិនមែនមានន័យថា ជាកម្មវិធីពន្យាកំណើតដោយការបំបៅកូនដោយទឹកដោះនោះទេ តែវាជាវិធីមួយធ្វើឱ្យស្ដ្រីមានកូនរង្វើល ពីពេលសម្រាលបុត្របានបន្ដិចដែរ។ ការមានកូនរង្វើល ធ្វើឱ្យមានសុខភាពល្អទាំងម្ដាយ ទាំងកូន។
បើមិនទាន់ចង់បានកូនទៀត បន្ទាប់មកម្ដាយត្រូវរកវិធីពន្យារកំណើត មិនត្រូវធ្វេសប្រហែសទេ។ ហើយក៏មិនត្រូវចេះតែឱ្យមាន កូនដោយចៃដន្យដែរ ដូចមានពាក្យថា មានកូនតាមប្រាថ្នា កុំឱ្យមានកូនដោយចៃដន្យ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply