ពណ៌បបូរមាត់ប្រាប់យើងអំពីសុខភាពខ្លួនរបស់យើង។ បបូរមាត់ស្លេកស្លាំងបញា្ជក់ថាអ្នកមានសុខភាពមិនល្អ។ ឯបបូរមាត់មានពណ៌ក្រហមព្រឿង បង្ហាញថាលោកអ្នកមានសុខភាពល្អបរិបូរណ៍។ ដើម្បីបន្ថែមសម្រស់មួយកម្រិតទៀត សុភាពនារីត្រូវប្រើក្រែមដើម្បីជា ជំនួយក្នុងការតុបតែងបបូរមាត់។ ប៉ុន្ដែបញ្ហាគឺស្ថិតត្រង់ថា ពេលដែលអ្នកនាងកញ្ញាទទួលទានអាហារ ដែលធ្វើឱ្យរលុបបាត់ស្នាមក្រែមដ៏ផូរ ផង់ ហើយវាពិតជាមិនងាយស្រួលប៉ុន្មានទេក្នុងការឆ្លៀតពេលលាបក្រែមបន្ថែមពណ៌ទៀតនោះ។ តើត្រូវធ្វើដូចម្ដេច?
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកការលាបក្រែមពណ៌បបូរមាត់ ដែលមិនត្រឹមតែអាចលើកសម្រស់អ្នកនាងកញ្ញាកាន់តែស្រស់ស្អាតទេ ថែមទាំងអាចឱ្យស្ថិតស្ថេរនៅលើបបូរមាត់បានយូរទៀតផង ដោយទទួលបានការប្រឹក្សាពីកញ្ញា លីសុខុន ម៉ារីណា អ្នកជំនាញ ខាងតុបតែងមុខនៅសាពណ៌បង្ហាញម៉ូត។
សម្រាប់បបូរមាត់ធម្មតា
– ជាដំបូង យកម្សៅទ្រនាប់ស្អិតសម្រាប់លាបមុខដែលមានពណ៌សាច់ មកលាបតាមទម្រង់មាត់នៅលើបបូរមាត់តែម្ដង ដោយប្រើ ជក់លាប។ ការប្រើម្សៅនេះ គឺដើម្បីឱ្យកាន់តែមានប្រសិទ្ឋិភាពក្នុងការបញ្ចេញពណ៌ក្រែម និងក៏ដូចជាបង្កើនសម្រស់បបូរមាត់តាមបែប សម័យថ្មី ដោយពុំចាំបាច់ប្រើពណ៌គូសលើរឹមបបូរមាត់។
– ប្រើក្រែមរលោងគ្មានពណ៌មកលាបស្រាលៗ ដើម្បីផ្ដល់ភាពសំណើម និងរលោងដល់បបូរមាត់
– ប្រើពណ៌លាបលើត្របកភ្នែកមកលាបជាមួយនឹងជក់ ដោយជ្រើសរើសពណ៌ដែលយើងពេញចិត្ដ ឬអាចយកក្រែមពណ៌ដិតមកលាប ក៏បាន ព្រោះការលាបក្រែមពណ៌ដិតនេះមិនចេញពណ៌ដិតដូចពណ៌របស់វាទេ វានឹងចេញពណ៌ស្រាលទៅវិញ។
– ដល់ដំណាក់កាលនេះ យើងត្រូវជ្រើសរើសក្រែមរលោងលាបពីលើមួយជាន់ទៀត ដើម្បីឱ្យបបូរមាត់កាន់តែលេចពណ៌ស្រស់ និង រលោងផូរផង់។
– សម្រាប់អ្នកនិយមភាពសិចស៊ី (sexy) ឬលេងបបូរមាត់នោះ គេនិយមយកក្រែមពណ៌ក្រហមព្រឿងៗ ឬផ្កាឈូកខ្ចីមកលាបផ្នែក ខាងក្នុងនៃបបូរមាត់ក្រោមទៀត។
សម្រាប់បបូរមាត់ស្ដើង និងតូច
សម្រាប់បបូរមាត់ប្រភេទនេះ គេអាចបន្ថែមនូវសិល្បៈក្នុងការគូសវាស ដោយប្រើជក់មកគូសពង្រីកឱ្យមើលទៅឃើញក្រាស់ និងធំ ជាងទម្រង់មាត់ពីធម្មជាតិរបស់យើង។ ចំពោះការលាបក្រែម គឺធ្វើទៅដូចវិធីសម្រាប់បបូរមាត់ធម្មតាផងដែរ។
សម្រាប់បបូរមាត់ក្រាស់
សម្រាប់បបូរមាត់ក្រាស់ គឺយើងយកពណ៌សម្រាប់លាបលើត្របកភ្នែកពណ៌ត្នោត ឬចំប៉ាក្រៀម មកលាបគូសត្រឹមតែពាក់កណ្ដាល បបូរមាត់ប៉ុណ្ណោះ។ ការជ្រើសរើសពណ៌ក្រម៉ៅបែបនេះ គឺដើម្បីបិទបាំងកម្រាស់របស់បបូរមាត់។ បន្ទាប់មក យើងត្រូវយកក្រែមដែលមាន ពណ៌ភ្លឺៗ ដូចជាពណ៌ក្រហមខ្ចី ឬផ្កាឈូកខ្ចីយកមកលាបផ្នែកខាងក្នុងនៃបបូរមាត់។ ចុងបញ្ចប់ យើងយកក្រែមរលោងគ្មានពណ៌ មកលាបពី លើមួយស្រទាប់ទៀត។ សម្រាប់វិធីនេះ គេមិនប្រើម្សៅស្អិតទ្រនាប់លាបមុខមកលាបពីក្រោម ដែលការធ្វើបែបនេះ មិនបានផ្ដល់នូវស្នាម ក្រែមស្ថិតស្ថេរ ដូចវិធីប្រើសម្រាប់បបូរមាត់ធម្មតាទេ។
ការជ្រើសរើសពណ៌ក្រែមឱ្យស្របទៅនឹងសម្លៀកបំពាក់
ការនិយមក្នុងការជ្រើសរើសពណ៌ក្រែមមកលាបសម្រាប់សុភាពនារីយើងសព្វថ្ងៃនេះ មានតែ៥ ទៅ៦ពណ៌ប៉ុណ្ណោះ ដូចជាពណ៌ក្រហម ខ្ចី ក្រហមចាស់ ពណ៌ផ្កាឈូកខ្ចី ចាស់ ភ្លឺ ពណ៌ចំប៉ាក្រៀម និងពណ៌ក្បឿងជាដើម។ តាមបទពិសោធន៍របស់កញ្ញា ម៉ារីណា អ្នកនាងបានកត់ សម្គាល់ថា នៅពេលដែលយើងស្លៀកសម្លៀកបំពាក់ពណ៌ខៀវ យើងនិយមជ្រើសរើសក្រែមបបូរមាត់ពណ៌ផ្កាឈូក ឬអាចជាពណ៌ផ្កាឈូក ចេញពណ៌រាងស្វាយខ្ចី។ ចំណែកបបូរមាត់ពណ៌ក្រហម ឬពណ៌ស្រាលផ្សេងៗ ត្រូវនឹងសម្លៀកបំពាក់ពណ៌លឿង។ ចំពោះសម្លៀកបំពាក់ពណ៌ ក្រហម យើងអាចប្រើពណ៌ក្រែមបានច្រើន ដូចជាពណ៌ផ្កាឈូកខ្ចី ផ្កាឈូកលាយស្វាយ ផ្កាឈូកលាយពណ៌ក្បឿង ពណ៌ចំប៉ាក្រៀមជាដើម។ ឯ សម្លៀកបំពាក់ពណ៌ស្វាយ ត្រូវទៅនឹងក្រែមពណ៌ទឹកក្រូចខ្ចី ឬទឹកក្រូចលាយផ្កាឈូក។ ចំណែកពណ៌ក្រែមចុងឈូកខ្ចី ត្រូវនឹងសម្លៀកបំពាក់ ពណ៌ស៊ីលៀប។
ដំបូន្មានអ្នកប្រឹក្សា
ដើម្បីឱ្យបបូរមាត់មានសុខភាពល្អ អ្នកនាងកញ្ញាគួរទទួលទានទឹក បន្លែ និងផ្លែឈើឱ្យបានច្រើនជាប្រចាំ។ គួរចៀសវាងប្រការមួយចំនួន ៖
– ការលិទ្ធបបូរមាត់ញឹកញាប់ពេក ព្រោះជាតិទឹកអាស៊ីតនៃទឹកមាត់ អាចធ្វើឱ្យបបូរមាត់ទៅជាស្ងួត និងប្រេះ។
– មិនត្រូវប្រើក្រែមហួសកាលកំណត់។ ចូរចងចាំថាក្រែមដែលហួសការកំណត់ប្រើប្រាស់ មានក្លិនខុសធម្មតា។
– ចៀសវាងការប្រើក្រែមដែលស្ងួតខ្លាំងពេក ព្រោះក៏អាចឱ្យបបូរមាត់យើងស្ងួត និងប្រេះបានដែរ។
– ចៀសវាងការលាបក្រែមពេញផ្ទៃបបូរមាត់ ហើយលុបចេញភ្លាមៗច្រើនដងក្នុងអំឡុងពេលយ៉ាងខ្លី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply