ភ្នំពេញ​មានសម្រាម​១០០០តោន​ក្នុង១ថ្ងៃ

សម្រាម គឺជាផ្នែក​មួយនៃ​សំណល់រឹង ដែលមិន​ត្រឹមតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់បរិស្ថាន និងសោភ័ណ​ភាពក្នុង​ទីក្រុង​ប៉ុណ្ណោះទេ ថែមទាំង​អាចប៉ះ​ពាល់ដល់​សុខុមាល​ភាព​សាធារណៈ​ផងដែរ។ នៅក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន ទោះបី​ជាមាន​លក្ខណៈល្អ​ប្រសើរ​ច្រើន ជាងមុន​ទាក់ទិន​នឹងការ​គ្រប់គ្រង និងការ​ប្រមូល​សម្រាម​ក៏ដោយ ក៏នៅតែ​មាន​ប្រជាពលរដ្ឋ​មួយចំនួន បានបោះ​សម្រាម​ចោលពាស វាលពាស​កាល គ្មានសណ្ដាប់​ធ្នាប់ ដោយមិន​បានវេចខ្ចប់​ឱ្យបាន​ត្រឹមត្រូវ ដែលបង្ក​ឱ្យមាន​ភាពកខ្វក់ និងការ​លំបាក​ដល់ការ​ប្រមូល សម្រាម។ ប្រឈមមុខ​នឹងបញ្ហា​នេះ តើនរណា​ខ្លះត្រូវ​ចូលរួម​សហការ ដើម្បីរក្សា​អនាម័យ និងសោភ័ណ​ភាពនៅ​ក្នុង​ទីក្រុង?

រូបភាពទស្សនាវដ្តីសុខភាពយើង

ឆ្លើយតប​ទៅនឹង​សំណួរខាង​លើនេះ លោក ចៅ ស៊ីមកុសល នាយក​ការិយាល័យ​រដ្ឋបាល​នៃក្រុមហ៊ុន​ស៊ីនទ្រី ដែលជា​ក្រុម ហ៊ុនទទួល​បន្ទុកពី​សាលាក្រុង ក្នុងការ​ប្រមូល​សម្រាម​ក្នុងរាជធានី​ភ្នំពេញ បានបក​ស្រាយថា ដើម្បី​ថែរក្សា​អនាម័យ និងសោភ័ណភាព ទីក្រុង ចាំបាច់​ត្រូវមាន​ការចូលរួម​សកម្មភាព​ពីសាលាក្រុង​ភ្នំពេញ ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ដឹកជញ្ជូន សម្រាម​ស៊ីនទ្រី និងជាពិសេស​ការចូលរួម​ដោយផ្ទាល់​ពីសំណាក់​អាជ្ញាធរ​ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ​តាមគេហដ្ឋាន​តែម្ដង ព្រោះ ប្រជាពលរដ្ឋ​ជាអ្នក​បញ្ចេញ​សម្រាម។

បញ្ហាដែល​ជួបប្រទះ​កន្លងមក​នៅបន្ដ​កើតមាន

បញ្ហាដែល​នៅតែកើត​មានឡើង គឺប្រជាពលរដ្ឋ​មួយចំនួន នៅតែ​បោះចោល​សម្រាមពាស​វាលពាសកាល​គ្មានការ​ទទួលខុស ត្រូវ។ សម្រាមត្រូវ​បាន​បោះចោល​ក្រៅធុង​រប៉ាត់រប៉ាយ និងមិនបាន​វេចខ្ចប់​ឱ្យបាន​ត្រឹមត្រូវ បណ្ដាលឱ្យ​រលួយ​មានក្លិន​ស្អុយ។ បញ្ហា មួយទៀត គឺពួកអ្នក​រើសអេតចាយ តែងតែ​រើកកាយ​សម្រាម ដើម្បីស្វែង​រកសំណល់​ដែលអាច​លក់បាន​សម្រាប់​ចិញ្ចឹមជីវិត។ សូម្បីតែ សម្រាម​នៅក្នុងធុង ក៏ត្រូវពួក​គេរើ​ចេញដែរ។ ដូច្នេះការ​ប្រមូល​សម្រាម ត្រូវចំណាយ​ពេលយូរ​ជាងការ​កំណត់ ហើយបណ្ដាល​ឱ្យមាន ការយឺតយ៉ាវ​ក្នុងការ​ប្រមូល​សម្រាម​ដទៃទៀត ដែលបន្សល់​សម្រាមស្អុយ​រលួយ និងកកស្ទះ​តាមកន្លែង​នីមួយៗ​ជាបន្ដ​បន្ទាប់។

បញ្ហា​សម្រាមនេះ ក្រុមហ៊ុន​ដឹកជញ្ជូន​សម្រាម​ស៊ីនទ្រី​ក៏ទទួល​សា្គល់ដែរថា ជួនកាល​អាចមាន​ភាពយឺតយ៉ាវ​ក្នុងការដឹក ជញ្ជូន​សម្រាម ដោយបណ្ដាល​មកពី​ចរាចរណ៍​ចង្អៀត ឬកកស្ទះ និងការជាប់​ផុងរថយន្ដ​ដឹកសម្រាម ជាពិសេស​ច្រើនកើត​មានឡើងនៅ ខែវស្សា។

រូបភាពទស្សនាវដ្តីសុខភាពយើង

រួមគ្នាដើម្បី​បរិស្ថានល្អ

អាជ្ញាធរខណ្ឌ និងសង្កាត់ ត្រូវចូលរួម​យ៉ាងជិតស្និទ្ឋ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បីយល់​ដឹងពីពេល​វេលាក្នុង​ការដាក់ និងប្រមូល សម្រាម ចៀសវាង​ការដាក់​សម្រាមរយៈ​ពេលយូរ​មុនការ​ប្រមូល។ ប្រជាពលរដ្ឋ​ត្រូវវេចខ្ចប់​ឱ្យបាន​ត្រឹមត្រូវ រួចដាក់​នៅមុខ​ផ្ទះរៀងៗ ខ្លួន ឬដាក់ក្នុង​ធុងសម្រាម​ដែលបាន​កំណត់។ ប្រជាពលរដ្ឋ ត្រូវមាន​ស្មារតីភ្ញាក់​រលឹកយល់ដឹង​ពីអនាម័យ​តាម​លំនៅដ្ឋាន​របស់ខ្លួន តាម ការសម្អាត​សម្រាម និងដាក់​សម្រាមតែ​នៅក្នុងធុង ដើម្បីលើក​កម្ពស់សោភ័ណ​ភាពទីក្រុង និងសុខភាព​ខ្លួនផង ក៏ដូចជា​មិនបង្កការ​យឺត យ៉ាវក្នុង​ការប្រមូល​សម្រាម។ ទន្ទឹមគ្នា​នេះដែរ អាជ្ញាធរ​សង្កាត់ត្រូវ​ជួយចាត់​ធានការ​ទប់ស្កាត់ កុំឱ្យ​ក្រុមរើស​អេតចាយ​រើកកាយ បង្ក ឱ្យសម្រាម​ខ្ចាត់ខ្ចាយ​តទៅទៀត។ ដោយឡែក​បុគ្គលិក​របស់ក្រុមហ៊ុន​ប្រមូល​សម្រាម ក៏ត្រូវ​ខិតខំ​បំពេញ​តួនាទី និងបង្កើន​ការ ប្រមែ​ប្រមូល​ឱ្យបាន​ទាន់ពេល​វេលា ដោយសហការ​បានល្អជាមួយ​ដៃគូពាក់​ព័ន្ធផងដែរ។

វិធានការ និងដំណោះស្រាយ​ឆ្ពោះទៅរក​ជោគជ័យ

ទោះបី​កន្លងមក​បញ្ហាសម្រាម​នៅតែជា​កង្វល់មួយ​ក៏ដោយ យើងនៅ​តែមាន​សុទិដ្ឋិនិយម​យ៉ាងខ្លាំង ក្នុងការកែ​ប្រែអនាម័យ និងសោភ័ណភាព​ទីក្រុង ដោយសម្អាង​ទៅលើការ​ចូលរួម​ពីគ្រប់មជ្ឈដ្ឋាន​ដែលទាក់ទិន។ ក្នុងកិច្ច​ប្រឹងប្រែង​ដើម្បីថែរក្សា​ការពារ អនាម័យ និងបរិស្ថាន​ក្នុងទីក្រុង​ឱ្យបានល្អ និងជម្រុញ​ឱ្យប្រជាពលរដ្ឋ​នៅរាជធានី​ភ្នំពេញ ចូលរួម​ថែរក្សា​ការពារ​អនាម័យ​ឱ្យកាន់តែ​ប្រសើរនោះ សាលាក្រុងភ្នំពេញ​មានគម្រោង​ធ្វើការ​ផាកពិន័យ​ជាទឹកប្រាក់​១០ម៉ឺនរៀល ដល់ប្រជាពលរដ្ឋ​ណា ដែលចោល​សម្រាម​អាណាធិបតេយ្យ ខ្វះអនាម័យ​ធ្វើឱ្យខូច​សោភ័ណភាព​ទីក្រុង។ ទន្ទឹមគ្នា​នេះដែរ កាលពីដើម​ខែកុម្ភៈ ឆ្នាំ២០០៦នេះ សាលាក្រុង​ភ្នំពេញ និង ក្រសួងបរិស្ថាន បានធ្វើយុទ្ឋនា​ការអប់រំ​ដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹង​ពីការថែរក្សា​អនាម័យ និងការ​វេចខ្ចប់​សម្រាម​ដាក់ធុង​ឱ្យបាន ត្រឹមត្រូវ។

ដោយឡែក​ក្រុមហ៊ុន​ស៊ីនទ្រី ដែលជា​អ្នកទទួល​បន្ទុកពី​សាលា​ក្រុងភ្នំពេញ ក្នុងការ​ប្រមូល​សម្រាម ក៏បានប្រាប់ឱ្យ​ដឹងផង ដែរ ក្រុមហ៊ុន​មានគម្រោង​នឹងដាក់​បន្ថែមនូវ​ធុងសម្រាម​តាមផ្លូវ​សាធារណៈ និងទីប្រជុំជន​ឱ្យបាន​គ្រប់គ្រាន់ និងអប់រំ​ជម្រុញ​ប្រជាពល រដ្ឋឱ្យចេះ​ធ្វើការបែង​ចែកសម្រាម ដើម្បីយក​សម្រាមទៅ​ធ្វើការ​កែច្នៃ។ បច្ចុប្បន្ន​ក្រុមហ៊ុន​ស៊ីនទ្រី កំពុង​ប្រើប្រាស់​នូវរថយន្ដ​ចំនួន៨០ គ្រឿង ដើម្បីប្រមូល​នូវសម្រាម​ចំនួនពី៩០០ ទៅ១០០០តោន​ក្នុងមួយថ្ងៃ ពីខណ្ឌទាំង៧ នៃរាជធានីភ្នំពេញ ទៅចាក់ចោល​នៅកន្លែង ចាក់សម្រាម​តំបន់​ស្ទឹងមានជ័យ។ លោក ចៅ ស៊ីមកុសល បានឱ្យដឹងថា ប្រជាពលរដ្ឋ​ណាដែល​មិនសប្បាយ​ចិត្ដនឹងបញ្ហា​សម្រាមនេះ អាចលើក​បញ្ហាទាំងនេះ ទៅដល់​អ្នកតំណាង​ស៊ីនទ្រី ដែលមាន​នៅគ្រប់ខណ្ឌ និងសង្កាត់ដើម្បី​ធ្វើការ​ដោះស្រាយ។ ដូច្នេះ ជាមួយនឹង ការអប់រំ​ជាបណ្ដើរៗ ដោយមានការ​ផាកវិន័យ ការពង្រឹង​សមត្ថភាព​ដឹកជញ្ជូន​សម្រាមរបស់​ក្រុមហ៊ុន​ស៊ីនទ្រី ព្រមទាំង​កិច្ចសហការ របស់​ប្រជាពលរដ្ឋ​ទាំងអស់ នាពេលអនាគត យើងពិត​ជាអាចរក្សា​អនាម័យ បរិស្ថាន​បានស្អាត និងលើកសោភ័ណភាព​ទីក្រុង​យើងបាន ជាក់ជា​មិនខាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *