អំពើហិង្សាក្នុងគ្រួសារ កើតមានយ៉ាងច្រើននៅក្នុងសង្គមខ្មែរ។ អំពើហិង្សានេះ ផ្ដល់ជាបច្ច័យអាក្រក់បំផុតដល់គ្រួសារ និងសង្គមជាតិ ដោយបន្សល់ទុកនូវស្ដ្រីមេម៉ាយ កូនកំព្រា និងអ្នកមានវិបត្ដិផ្លូវចិត្ដធ្ងន់ធ្ងរ។ តើវិបត្ដិក្នុងសង្គមគ្រួសារ ត្រូវដោះស្រាយបែបណា?
អំពើហិង្សា កើតមានទៅលើគ្រប់ស្រទាប់គ្រួសារទាំងអ្នកមាន ទាំងអ្នកក្រ។ ភាគច្រើននៃអ្នករងគ្រោះច្រើនតែជាស្ដ្រី ដែលមានភាពទន់ខ្សោយជាងបុរស។
មូលហេតុនៃអំពើហិង្សាក្នុងគ្រួសារ
អំពើហិង្សាក្នុងគ្រួសារកើតឡើងពីបញ្ហាជាច្រើន ដូចជាកើតឡើងដោយសារបុរសជាស្វាមីអាងអំណាច និងប្រើសិទ្ធិអំណាចរបស់ ខ្លួនជាមេគ្រួសារគាបសង្កត់ទៅលើភរិយា។ មានមូលហេតុផ្សេងទៀត កើតឡើងដោយសារការផឹកស្រា និងលេងល្បែងស៊ីសង។ កត្ដាខ្លះទៀត កើតឡើង ដោយសារបុរសមានភាពមិនស្មោះត្រង់ កត្ដាជីវភាពក្រីក្រពេក លុយកាក់បែងចែកមិនត្រឹមត្រូវក្នុងគ្រួសារ ឬភាពអវិជ្ជា។ គ្រួសារ មានជីវភាពធូរធា តែមិនមានភាពស្មោះត្រង់ មិនគោរពគ្នា និងមិនយល់ចិត្ដគ្នា ករណីបុរសជាស្វាមីមានភរិយាថ្មីទៀតក៏ជាដើមហេតុនៃអំពើ ហិង្សាដែរ។ គ្រួសារខ្លះទៀត ដោយសារឃើញប្រពន្ធក្រ មិនចេះអក្សរ ឬមិនបានរកលុយចូលក្នុងគ្រួសារ បុរសជាស្វាមីចេះតែរករឿងវាយធ្វើ បាបប្រពន្ធជារឿយៗ។
ផ្ទុយទៅវិញ មានគ្រួសារខ្លះទៀត ប្ដី និងប្រពន្ធសុទ្ធសឹងជាអ្នកចេះដឹង និងជាអ្នកធ្វើការដូចគ្នា។ បុរសជាប្ដីធ្វើការឋានៈទាបជាង ប្រពន្ធ ហេតុអ្វីបានជាមានអំពើហិង្សា ប្ដីវាយប្រពន្ធដែរ? នេះដោយសារតែការច្រណែនប្រច័ណ្ឌ ដោយឃើញប្រពន្ធខ្លួនឯងដើរជាមួយមិត្ដភក្ដិ ជាជនជាតិបរទេសជាដើម។
ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ
អ្នកដែលរងគ្រោះដោយសារអំពើហិង្សាភាគច្រើនជាប្រពន្ធ និងកូន។ ជួនកាល ក៏មានបុរសជាអ្នករងគ្រោះដែរ ប៉ុន្ដែមានភាគតិច ណាស់។ ការដែលបុរសរងគ្រោះនេះ ជួនកាលដោយសារភាគីខាងស្រីជាអ្នកមានឋានៈខ្ពស់ជាង។ ភាគីខាងស្រីមើលងាយ ទីបំផុតក៏នាំឱ្យមាន អំពើហិង្សា និងការលែងលះគ្នា។
ផលនៃអំពើហិង្សានេះ ធ្វើឱ្យប្ដីប្រពន្ធលែងលះគ្នា ការប៉ះពាល់ផ្លូវចិត្ដស្ដ្រី និងកូនៗ។ ស្ដ្រីក្លាយជាស្ដ្រីមេម៉ាយ រីឯកូនក្លាយជាកុមារ កំព្រា។ កូនប្រុសក្លាយជាអ្នកជក់គ្រឿងញៀន បង្កផលវិបាកដល់សុខភាពខ្លួន និងសង្គម។ កូនស្រីក្លាយជាស្ដ្រីរកស៊ីផ្លូវភេទ ឬកើតមាននូវជម្ងឺ ដែលសង្គមស្អប់ខ្ពើម នាំឱ្យខូចអនាគត។ អ្នករងគ្រោះទោះជាបុរសក្ដី ជាស្ដ្រីក្ដី នៅពេលជួបបញ្ហាបែបនេះ នាំឱ្យមានជម្ងឺប៉ះទង្កិចផ្លូវចិត្ដយ៉ាង ខ្លាំង បង្កជាជម្ងឺរុំារ៉ៃ កើតទុក្ខរីងរ៉ៃ រហូតដល់អាចស្លាប់ខ្លួនទៀតក៏មាន។
របៀបដោះស្រាយអំពើហិង្សាក្នុងគ្រួសារ
ប្រសិនបើក្នុងគ្រួសារមានជម្លោះជាមួយគ្នារាល់ថ្ងៃ រហូតមានការប្រើអំពើហិង្សា គឺមានតែឪពុកម្ដាយ សាច់ញ្ញាតិ បងប្អូន ឬអ្នក ជិតខាងទេដែលអាចជួយពួកគេបាន។ ប្រសិនបើអ្នកជិតខាងមិនអាចដោះស្រាយបាន គឺមានតែរដ្ឋអំណាចទេ ដែលអាចជួយដោះស្រាយបាន។ ស្ដ្រីជាប្រពន្ធ ត្រូវដាក់ពាក្យបណ្ដឹងទៅតាមភូមិ ឃុំ ឬអង្គការសិទ្ធិមនុស្ស និងជួយស្ដ្រីមានវិបត្ដិនានាដែលអាចជួយបាន។ បើករណីធ្ងន់ធ្ងរ សាម៉ីខ្លួនអាចឈានទៅពឹងពាក់មេធាវីដាក់ពាក្យបណ្ដឹងទៅតុលាការ។
ការបញ្ចូលការអប់រំអំពើហិង្សា ទៅក្នុងសាលារៀនតាំងពីថ្នាក់បឋមសិក្សាទៅ ក៏ជាមធ្យោបាយមួយក្នុងការកាត់បន្ថយអំពើហិង្សា បានខ្លះដែរ។ ព្រោះថាចរិកមនុស្សពិបាកកែណាស់ ដូចពាក្យចាស់លោកតែងពោលថា ពត់ឫស្សីទាន់នៅខ្ចី ប្រដៅជនប្រុសស្រីទាន់នៅក្មេង។
ដំបូន្មានអ្នកមានបទពិសោធន៍
ដើម្បីចៀសវាងអំពើហិង្សាក្នុងគ្រួសារ ប្ដី និងប្រពន្ធ ឬគូស្រករថ្មីថ្មោង ដែលទើបចាប់ដៃគ្នា ត្រូវចេះគោរពគ្នាទៅវិញទៅមក មាន ភាពស្មោះត្រង់ ចេះជួយគ្នាទៅវិញទៅមក និងមិនត្រូវមើលបំណាំគ្នា។ ប្ដី និងប្រពន្ធត្រូវមានការពិភាក្សាគ្នា។ ដើម្បីដោះស្រាយបញ្ហាឱ្យបាន ស្រួល ត្រូវចេះស្ដាប់ហេតុផលគ្នាទៅវិញទៅមក មិនត្រូវប្រើអំពើហិង្សាទេ។ ការស្ដាប់ហេតុផលគ្នា ធ្វើឱ្យយើងមានសេចក្ដីសុខក្នុងគ្រួសារ ហើយ។
នៅក្នុងគ្រួសារ ប្រសិនបើមានភាគីណាម្នាក់ខឹង ភាគីម្នាក់ទៀតត្រូវចេះអត់ធ្មត់ ទោះបីថាអ្នកនោះខឹងខុសក៏ដោយ ត្រូវទុកឱ្យអ្នក នោះនិយាយឱ្យអស់សិន។ នៅពេលគេរំសាយកំហឹងហើយ សឹមយើងលើកហេតុផលមកនិយាយ ទើបយើងអាចដោះស្រាយបញ្ហាបាន។ ប្រសិនបើភាគីម្ខាងកំពុងតែខឹង ហើយភាគីម្ខាងទៀតតបទៅវិញ មានការចង់ឈ្នះរៀងខ្លួន មិនដឹងថាអ្នកណាស្ដាប់អ្នកណាទេ។
ដូចនេះ ទាំងពីរភាគីត្រូវចេះស្ដាប់គ្នា និងចេះអត់ឱនឱ្យគ្នាទៅវិញទៅមក។ យើងម្នាក់ៗត្រូវគិតថា ចិត្ដយើងមិនដូចចិត្ដគេឡើយ ហើយចិត្ដគេក៏មិនដូចចិត្ដយើងដែរ។ នៅពេលដែលយើងចង់ឱ្យគេធ្វើតាមយើង គឺយើងត្រូវគិតថា ខ្លួនយើងអាចធ្វើតាមគេបានដែរ ឬទេ។ ប្រសិនបើយើងពិចារណាលើចំនុចទាំងអស់នេះបាន គឺអាចកាត់បន្ថយបញ្ហាហិង្សាបានមួយចំនួនដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply