ទុក្ខស្រី ប្ដីកាន់​លុយ

លុយ ជាបញ្ហា​ជម្លោះ​យ៉ាងខ្លាំង​នៅក្នុង​សង្គម​គ្រួសារ ដោយសារ​តែវា​ជាវត្ថុដែលយើង​ត្រូវការ​ប្រើប្រាស់​ជាចាំបាច់។ ដោយសារ​តែបញ្ហានេះ ធ្វើឱ្យ​គ្រួសារ​មួយចំនួន​មានជម្លោះ​ទាស់ទែង​គ្នារហូតដល់​បែក​​​បាក់​គ្រួសារ​ក៏មាន។ គ្រួសារខ្លះ មានជម្លោះ​ដោយសារ​តែភាព ខ្វះខាត គឺចំណូល និងចំណាយ​មិនមាន​ភាព​ស្មើគ្នា។ ប៉ុន្ដែ​គ្រួសារ​ខ្លះទៀត មានលុយ​បរិបូរណ៍ ហើយក៏​នៅតែ​មាន​ជម្លោះ។ តើនេះ​បណ្ដាលមកពីមូលហេតុអ្វី?

រូបភាពទស្សនាវដ្តីសុខភាពយើង

ឆ្លើយតប​នឹងបញ្ហា​ខាងលើ លោកស្រី សិព វិរិយ៉ា អ្នកជំនាញ​ការផ្នែក​ទំនាក់​ទំនង​ព័ត៌មាន នៅសមាគម​ថែទាំ​សុខភាព​គ្រួសារ កម្ពុជា   រ៉ាក់   បានមាន​ប្រសាសន៍​អំពីបញ្ហា​នេះ ថាបណ្ដាមក​ពីការ​មិនយល់​ចិត្ដគ្នា​រវាងស្វាមី និងភរិយា​នៅក្នុង​គ្រួសារ។ លោកស្រីបាន អត្ថាធិប្បាយ​អំពីតួនាទី​របស់ស្វាមី និងភរិយា​នៅក្នុង​សង្គម​គ្រួសារ ថាតាមផ្លូវ​ព្រះពុទ្ធ​សាសនា ស្វាមី និងភរិយា​មានកាតព្វកិច្ច​៥យ៉ាង​ប្រហាក់ ប្រហែលគ្នា។

តួនាទីស្វាមី និងភរិយាក្នុង​សង្គម​គ្រួសារ

១- តួនាទីរបស់​បុរសជា​ស្វាមី

ទី១ បុរសត្រូវតែរកលុយ​មកចិញ្ចឹម​កូន និងភរិយា។

ទី២ ត្រូវតែរកវត្ថុលម្អ​មកបំពេញ​ឱ្យភរិយា ដូចជាគ្រឿង​អលង្កា មាស ប្រាក់​ជាដើម។

ទី៣ ត្រូវតែឱ្យតម្លៃទៅលើ​ភរិយា ត្រូវលើក​តម្កើង​កិត្ដិយស ឬផ្ដល់នូវ​សិទ្ធិដែល​មានសម្រាប់​ប្រពន្ធ។

ទី៤ ត្រូវស្មោះត្រង់ជាមួយភរិយា មិនត្រូវ​មានភរិយា​ផ្សេងទៀត មិនត្រូវ​ទុកដាក់​ប្រពន្ធដូចជា​អ្នកបម្រើ។

ទី៥ តួនាទីប្ដីមួយទៀត គឺទុកដាក់​កូនចៅឱ្យ​មានគូស្រករ និងកា​ធ្វើបុណ្យទាន សម្រាប់​ឪពុកម្ដាយ។

បើគិតតាម​ផ្លូវលោកនៅ​ក្នុងសង្គមខ្មែរ​វិញក៏ដូចគ្នាដែរ គឺស្វាមី​ត្រូវតែ​មានតួនាទី​រកស៊ី​យកលុយ​មកទុកដាក់​នៅក្នុងផ្ទះ។ ត្រូវតែ ទទួល​ខុសត្រូវ មិនទៅ​រកដៃគូ​នៅខាងក្រៅ។ ជាឧទាហរណ៍ នៅពេល​ប្រពន្ធមាន​ផ្ទៃពោះ ស្វាមីត្រូវ​តែស្វះស្វែង​រកចំណី​អាហារ ឬក៏ ពេទ្យ ឬក៏ដឹក​ជញ្ជូន​ទៅមន្ទីរ​ពេទ្យ។ បុរសត្រូវតែ​ឧបត្ថម្ភ និងត្រូវតែ​ផ្គត់ផ្គង់​នៅពេល​ដែលប្រពន្ធ​ឆ្លងទន្លេ។

២- តួនាទីរបស់​ស្ដ្រីជាភរិយា

តួនាទីរបស់​ភរិយា មិនខុសពីស្វាមីទេ គ្រាន់តែ​ខុសត្រង់​ថាប្រពន្ធ​ជាអ្នកទុក​ដាក់លុយ ហើយត្រូវ​ស្រឡាញ់ញាតិ​ខាងប្ដី​ឱ្យដូច​ញាតិ ខាងខ្លួន។ ប្រពន្ធ​មិនមាន​នាទីក្នុង​ការរក​លុយកាក់ទេ។ ទាំងនេះ​ជាប្រពៃណី​ក្នុងសង្គម​គ្រួសារខ្មែរ​ដែលឆ្លាប់​បានប្រតិបត្ដិ​កន្លងមក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការទុក​ដាក់លុយ

ជាយូរ​មកហើយ​នៅក្នុង​សង្គមខ្មែរ នៅពេល​ដែលបុរស​ជាប្ដីរកបាន ត្រូវតែ​ឱ្យប្រពន្ធ​ជាអ្នក​ទុកដាក់។ ប៉ុន្ដែនៅ​សម័យទំនើប បច្ចុប្បន្ននេះ ការទុក​ដាក់លុយ​កាក់មាន​ការខុស​ប្លែកគ្នា​បន្ដិច ដោយអ្នក​ខ្លះគេនិយម​តាមប្រពៃណី​បរទេស ដែលប្ដី និងប្រពន្ធ​ទុកដាក់​លុយ ផ្សេងៗគ្នា។ បញ្ហានេះ គឺអាស្រ័យ​ទៅលើការ​និយមរបស់​គ្រួសារ​នីមួយៗ។

ជាក់ស្ដែង​មានគ្រួសារខ្លះ ដំបូងគាត់​ឱ្យប្រពន្ធ​ទុកដាក់លុយ ប៉ុន្ដែ​ប្រពន្ធគាត់​មិនសូវ​ចេះទុកដាក់​លុយទេ។ នៅពេល​ដែលប្ដី​រកបាន មកទុក​ឱ្យប្រពន្ធ ប្រពន្ធបែរ​ជាចាយ​វាយអស់ ឬគាត់យក​ទៅលេង​ល្បែងផ្សេងៗ​អស់ នាំឱ្យបុរស​ជាប្ដី ត្រូវតែជា​អ្នកកាន់​កាប់លុយ​ដោយខ្លួន ឯងវិញម្ដង។

មានករណីខ្លះ ប្រពន្ធជា​អ្នកធ្វើការ ស្វាមីក៏ជា​អ្នកធ្វើការ​ដែរ ប៉ុន្ដែស្វាមី​រកប្រាក់​បានតិច​ជាង​ប្រពន្ធ។ ប្ដីមានការ​ច្រណែន ដោយ សារឃើញ​ប្រពន្ធមាន​លុយច្រើន ហើយគាត់​មិនឱ្យលុយ​ប្រពន្ធ​គាត់ទេ គាត់ទុក​សម្រាប់​ខ្លួនគាត់។ ដូច្នេះការ​ចំណាយទាំង​ប៉ុន្មាន គឺនៅ​លើប្រពន្ធ គាត់ទាំងអស់។ ករណី​ទាំងនេះ គឺវាអាស្រ័យ​ទៅតាម​ប្រភេទ​គ្រួសារ​នីមួយៗ ដែលគេ​ស្រុះស្រួល​គ្នា។

តាមការ​សង្កេតឃើញ គ្រួសារដែល​មានស្វាមី​ជាអ្នក​កាន់លុយ ភរិយាច្រើន​តែគ្មាន​សេចក្ដី​សុខទេ។ ដោយសារ​បុរសជា​ប្ដីមិន​ដឹងថា ប្រពន្ធ​ត្រូវចំណាយ​លើអ្វីខ្លះ គាត់ឱ្យ​លុយទៅ​ប្រពន្ធចាយ​មានកម្រិត។ ឧទាហរណ៍​ក្នុង១ថ្ងៃ គាត់ឱ្យទៅ​ប្រពន្ធ​គាត់១០០០០ ឬ២០០០០ រៀល។ ប្រពន្ធគាត់​ទិញបាន​តែម្ហូប​សម្រាប់១​ថ្ងៃប៉ុណ្ណោះ។ ចំពោះសម្ភារៈ​ផ្សេងទៀត គាត់មិន​អាចទិញ​បាន ដូចជា​សាប៊ូ ថ្នាំដុស​ធ្មេញ គ្រឿង សម្អាង ក្រែមម្សៅ​ជាដើម។ ប្រការនេះ​ធ្វើឱ្យប្រពន្ធ​កើតទុក្ខ​មិនសុខចិត្ដ នាំឱ្យ​មានរឿង​រកាំរកូស​នៅក្នុង​គ្រួសារ ដោយសារ​ប្រពន្ធយល់ ថាខ្លួន ឯងមិន មែនជាអ្នក​កាន់លុយ ចង់ទិញរបស់​អ្វីមិនបាន​ដូចចិត្ដ។ ជាហេតុនាំ​ឱ្យប្រពន្ធ​មានការ​សង្ស័យ ខ្លាចប្ដី្ដយកទៅឱ្យ​បងប្អូន ឬមានស្រី​ផ្សេង ទៀត។

ផ្ទុយទៅវិញ ប្រសិនបើ​ប្រពន្ធជា​អ្នកកាន់លុយ ហើយប្ដី​ជាអ្នកមិន​ខ្វល់ខ្វាយ និងមិនមាន​គំនិត​ចង្អៀត​ចង្អល់ ហើយប្រពន្ធ​ចេះរៀបចំ ការចាយ​វាយបាន​ត្រឹមត្រូវ ដឹងថាអ្វី​ដែលត្រូវចាយ និងអ្វីដែល​មិនត្រូវ​ចាយ។ ប្រពន្ធចេះ​ធ្វើការ​ប្រៀបធៀប​ប្រាក់ចំណូល​ដែលប្ដី​រកបាន និង ការចំណាយ។ ហើយគាត់​ជាប្រពន្ធ​ចេះគិតគូរ​សន្សំទុកដាក់​ប្រាក់មួយ​ចំណែក​សម្រាប់ពេល​កូនឈឺ និងតម្រូវការ​ផ្សេងៗទៀត​ជាដើម។ បែប នេះគ្រួសារ​នោះ ពិតជា​មានសេចក្ដីសុខ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បណ្ដាំផ្ញើរបស់​លោកស្រី សិព វិរិយ៉ា

តាមរយៈ​បទពិសោធន៍ ដែលលោកស្រី​ធ្លាប់បាន​ជួបប្រទះ​ខ្លួនលោក​ស្រីផ្ទាល់ និងបទពិសោធន៍ ដែលលោក​ស្រីធ្លាប់បាន​មើលឃើញ នៅជុំវិញ​ខ្លួនផងនោះ លោកស្រី​បានផ្ដល់ជា​ដំបូន្មានល្អ​ថា នៅក្នុង​គ្រួសារ​បញ្ហាទុក​ដាក់លុយ មិនសំខាន់​ថាអ្នកទុក​ដាក់លុយ​បុរសជា​ស្វាមី ឬស្ដ្រី ជាប្រពន្ធ​ឡើយ។ ប្រការ​សំខាន់​បំផុតត្រូវ​ចេះគោរពគ្នា និងចេះពិភាក្សាគ្នា ថាគួរតែ​សន្សំលុយ ដើម្បីគោល​បំណងអ្វីឱ្យ​ច្បាស់លាស់ និងគួរយក លុយទៅ​ធ្វើអ្វីខ្លះ​សម្រាប់ថ្ងៃ​អនាគត។ សរុបមក​បញ្ហាដែល​សំខាន់ គឺការចេះយល់​ចិត្ដគ្នា ស្មោះត្រង់ ចេះពិភាក្សាគ្នា និងគោរពគ្នា​ទៅវិញទៅ មក ដើម្បីឈាន​ឆ្ពោះទៅរក​គោលដៅ​មួយដែល​យើងចង់បាន។

ទស្សនាវដ្ដី សុខភាពយើង សូមឱ្យបង​ប្អូនជនរួម​ជាតិ ពិចារណា​ទៅលើការ​លូតលាស់​នៃសង្គម​គ្រួសារ​របស់យើង ហើយ​ប្រតិបត្ដិ តាមអ្វី​ដែលល្អ។ បើមាន​ឱកាសនៅ​ថ្ងៃក្រោយ សុខភាពយើង នឹងខំស្រាវជ្រាវ​រកគំនិតថ្មីៗ ទាក់ទងនឹង​ភារកិច្ចប្ដី​ប្រពន្ធមក​បង្ហាញជូន​ទៀត ដើម្បី សុភមង្គល និងសុខភាព​គ្រួសាររបស់​លោកអ្នកអាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *