អេកូជាឧបករណ៍មានសារៈសំខាន់ណាស់ក្នុងឯកទេសសម្ភព។ អេកូមាន២ប្រភេទ គឺអេកូពណ៌ធម្មជាតិ និងអេកូសខ្មៅ។ ឧបករណ៍អេកូធម្មជាតិ ចាប់ផ្ដើមមានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០០០។ សម្រាប់នៅប្រទេសជឿនលឿននានា ការប្រើប្រាស់អេកូនេះ មានតាំងពីទសវត្សរ៍ទី៧០មកម្លេ៉ះ។
បុត្រធីតា ដែលមានកាយសម្បទា សុខភាពមាំមួន និងមានប្រាជ្ញាឆ្លាតវៃ ជាមោទនភាពមួយរបស់មាតាគ្រប់រូប។ ស្ដ្រីជាអនាគត មាតាបន្ទាប់ពីបានប្រតិបត្ដិនូវប្រការគួរប្រតិបត្ដិខ្លះៗ នៅពេលកំពុងមានផ្ទៃពោះដែលបានសរសេរនៅក្នុងអត្ថបទ “ ប្រការដែលស្ដ្រីមានផ្ទៃ ពោះត្រូវប្រតិបត្ដិ ” របស់ទស្សនាវដ្ដី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦។ ហើយប្រការមួយទៀត ដែលគាត់គួរតែធ្វើដែរ គឺការទៅ ធ្វើការពិនិត្យផ្ទៃពោះដោយអេកូ ឬអេកូសាស្ដ្រ (Echographie).
សារៈសំខាន់របស់អេកូ
អេកូមានសារៈប្រយោជន៍់ខ្លាំងណាស់សម្រាប់ផ្នែកសម្ភព។ យើងអាចឆ្លុះមើលដឹងពីការតាំងទីរបស់ទារក និងអាចមើលដឹងពីភាព ធម្មតា និងមិនធម្មតារបស់ទារកនៅក្នុងផ្ទៃ។ យើងអាចមើលដឹងពីការវិវឌ្ឍន៍លូតលាស់របស់ទារកបានច្បាស់ចំនួន៨០%។ ជាពិសេស យើងអាច មើលដឹងពីជម្ងឺរបស់ទារកទើបកើត តាំងពីពេលនៅក្នុងពោះម្លេះ។
នៅពេលធ្វើការពិនិត្យអេកូ គ្រាន់តែដាក់ឧបករណ៍ឆ្លុះជាក្បាលភ្ជាប់ដោយខ្សែទុយយោ និងលាបទឹកប្រេងនៅលើពោះ វានឹងចេញ រូបភាពនៅលើអេក្រង់ទូរទស្សន៍។ បើយើងចង់បានរូបភាពអ្វី យើងដាក់ឧបករណ៍នោះ នៅកន្លែងដែលយើងចង់មើល យើងអាចមើលឃើញ។ យើងអាចមើលឃើញរូបភាពកូននោះផ្កាប់មុខ ភេទប្រុស ឬស្រី ឬមើលនូវអ្វីដែលយើងចង់ដឹង និងមើលឃើញ។
ភាពខុសគ្នារវាងអេកូសខ្មៅ និងអេកូពណ៌
ជាទូទៅអេកូពណ៌ និងអេកូសខ្មៅខុសប្លែកគ្នាបន្ដិច។ អេកូពណ៌ វាគ្រាន់តែមានបំពាក់ពណ៌ទៅលើរូបភាពបន្ថែមតែប៉ុណ្ណោះ។ ជាពិ សេស ចង់មើលពីភាពមិនធម្មតានៃបេះដូងរបស់ទារកនៅក្នុងផ្ទៃ ថាតើបេះដូងចំហ ឬអត់ជាដើម។ ម្យ៉ាងទៀត អេកូពណ៌ជួយបំពាក់ពណ៌ដើម្បី ជាជំនួយឱ្យឃើញកាន់តែច្បាស់។ ការពិនិត្យអេកូនេះ ក៏មានព្រំដែនរបស់វាដែរ មិនមែនមានន័យថាអ្វីៗ ក៏អេកូអាចមើលឃើញបានទាំងអស់ នោះទេ។ ចំពោះករណីមិនធម្មតាទាំងឡាយណា ដែលមានទំហំតូចជាង៣មីលីម៉ែត្រ អេកូមិនអាចមើលឃើញទេ។ ដូច្នេះ ទារកដែលបានពិនិត្យ អេកូហើយ មិនមែនមានន័យថាទារកនោះ មានសុខភាពល្អ១០០%នោះទេ គឺមានកន្លែងមិនធម្មតាខ្លះដែលអេកូមិនអាចមើលឃើញ។
ការពិនិត្យអេកូប៉ះពាល់សុខភាពឬទេ?
ការពិនិត្យអេកូមិនមានផលប៉ះពាល់ដល់សុខភាពម្ដាយ និងទារកក្នុងផ្ទៃទេ ហើយវាមិនបង្កឱ្យមានការឈឺចាប់អ្វីទាំងអស់។ យើង អាចធ្វើការពិនិត្យ ហើយពិនិត្យទៀតបាន។ សម្រាប់ស្ដ្រីមានផ្ទៃពោះដែលមានជីវភាពខ្សត់ខ្សោយ ក៏អាចមកពិនិត្យអេកូនេះបានដែរ។ ព្រោះ ការពិនិត្យនេះមានតម្លៃថោកល្មម។ ក្នុងការពិនិត្យអេកូម្ដងជាមធ្យមត្រូវចំណាយថវិកា២០.០០០រៀល។
ដំបូន្មានអ្នកជំនាញ
លោកវេជ្ជបណ្ឌិត ហួត សេង អ្នកឯកទេសសម្ភព និងរោគស្ដ្រី មានប្រសាសន៍ថា ស្ដ្រីទាំងឡាយមិនត្រូវធ្វេសប្រហែសឡើយ គឺចាំបាច់ត្រូវតែធ្វើការពិនិត្យផ្ទៃពោះ។ ក្នុងកិច្ចការសម្ភពដែលលោកបានធ្វើនៅកម្ពុជា ការពិនិត្យលើផ្ទៃពោះស្ដ្រី ពុំសូវមានឃើញមានករណីមិន ធម្មតាធ្ងន់ធ្ងរណាមួយកើតឡើងចំពោះទារកទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply