នាងខ្ញុំនៅលីវមិនទាន់រៀបការទេ។ ខ្ញុំសូមសួរថា តើការរួមភេទដំបូងរបស់ស្ដ្រី អាចបង្កមានផ្ទៃពោះដែរ ឬទេ? កញ្ញា ស.ច.ធ អាយុ១៩ឆ្នាំ ភ្នំពេញ
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការរួមភេទដំបូងអាចបណ្ដាលឱ្យមានផ្ទៃពោះ គឺជាការពិត។ មានស្ដ្រីច្រើនមកហើយដែលមានផ្ទៃពោះ ដោយសារតែការ រួមភេទលើកដំបូង ជាអាទិករណីចាប់រំលោភ១ដងមានផ្ទៃពោះ ករណីជ្រុលជ្រួសជាមួយសង្សារ១ដងមានផ្ទៃពោះជាដើម។ ដូច្នេះបើមានការ រួមភេទដំបូងក្ដី ទីប៉ុន្មានក្ដី ដែលមិនចង់បានកូន ត្រូវប្រើស្រោមអនាម័យ ឬរកវិធីពន្យារកំណើតផ្សេងទៀត។ វេជ្ជបណ្ឌិតយើងសូមរំលឹកថា ការរួមភេទ មិនត្រឹមតែបង្កការតាំងគភ៌ដែលមិនចង់បានប៉ុណ្ណោះទេ ថែមទាំងបង្កការឆ្លងជម្ងឺកាមរោគ ដូចជាមេរោគអេដស៍ វីរុសរលាកថ្លើម ស្វាយប្រមេះជាដើម។
បើប្អូនស្រីមានការរួមភេទ ដែលអាចបង្កការមានផ្ទៃពោះ សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬឱសថការី ដើម្បីសាក សួររកថ្នាំគ្រាប់ការពារកំណើតបន្ទាន់។ ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ គឺជាវិធីទប់ស្កាត់កំណើតមួយប្រភេទ។ វាកាន់តែមានប្រសិទ្ធិភាព បើ ប្រើក្រោយពេលរួមភេទហើយភ្លាមៗ តែមិនត្រូវលើសពី៧២ម៉ោង(៣ថ្ងៃ)ឡើយ។ សូមបញ្ជាក់ថា ថ្នាំគ្រាប់ការពារកំណើតបន្ទាន់នេះ មិនមែនជាថ្នាំរំលូតកូនទេ ហើយក៏មិនអាចការពារការឆ្លងជម្ងឺកាមរោគ មេរោគអេដស៍ និងជម្ងឺអេដស៍បានដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply