ចាប់តាំងពីមានការផ្ទុះឡើងនូវជម្ងឺគ្រុនផ្ដាសាយបក្សីនៅចុងឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន មានមនុស្ស៤នាក់ហើយ ដែលរស់នៅក្នុងខេត្ដកំពត បានបាត់បង់ជីវិតដោយសារជម្ងឺគ្រុនផ្ដាសាយបក្សី ដែលបង្កដោយវីរុសបាស់៥អ៊ិន១។ ចាប់ពីខែឧសភា ឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃ មិនទាន់ឃើញមានករណីឆ្លងថ្មីនៅឡើយទេ។
ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ឋនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាល។
គ្រុនផ្ដាសាយបក្សីជាអ្វី?
ជម្ងឺគ្រុនផា្ដសាយបក្សី គឺជាជម្ងឺឆ្លងរបស់សត្វដែលបណា្ដលមកពីវីរុសមួយបែប ដែលជាធម្មតាឆ្លងតែលើបសុបក្សីតែ ប៉ុណោ្ណះ។ ជម្ងឺផ្ដាសាយបក្សី រាលដាលចម្លងដោយកម្រទៅលើមនុស្ស។ ចំពោះបសុបក្សីនៅក្នុងស្រុក ការឆ្លងរាលដាលនៃវីរុសនេះ បណ្ដាលឱ្យមានមេរោគ២ប្រភេទ គឺទម្រង់ទាប និងទម្រង់ខ្ពស់។ មេរោគទាប ជាទូទៅមានរោគសញ្ញាបន្ដិចបន្ដួចប៉ុណ្ណោះ មានដូចជា សត្វបះរោម មានការធ្លាក់ចុះក្នុងការបន្ដពូជ និងពេលខ្លះយើងមិនទាំងដឹងពីរោគសញ្ញានោះទៀតផង។ ចំពោះមេរោគខ្ពស់វិញ វារាត ត្បាតផ្ទួនៗតាមហ្វូងបសុបក្សី ដែលបណា្ដលឱ្យមេរោគនេះប៉ះពាល់ដល់សរីរៈខាងក្នុងរបស់សត្វ និងធ្វើឱ្យសត្វសា្លប់១០០%ក្នុងរយៈ ពេល២៤ម៉ោង។
ស្ថានភាពជម្ងឺគ្រុនផ្ដាសាយបក្សីនៅកម្ពុជា
ចាប់តាំងពីខែឧសភា ឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន មិនទាន់រកឃើញមានករណីកើតជម្ងឺគ្រុនផា្ដសសាយបក្សីមកលើមនុស្ស ដែលបង្កដោយវីរុសហាស់៥អ៊ិន១ (H5N1) នៅឡើយទេ។ ទោះបីជាមានផលជាវិជ្ជមានបែបនេះក៏ដោយ ក្រសួងសុខាភិបាលនៅតែ បន្ដធ្វើការពិនិត្យធ្វើតេស្ដរាល់ករណីដែលសង្ស័យ ដើម្បីចៀសវាងការឆ្លងរាលដាលជម្ងឺគ្រុនផ្ដាសាយបក្សីមកមនុស្ស។ កន្លងមក មាន មនុស្សជាង២៨០នាក់ ជាករណីដែលសង្ស័យថា អាចកើតជម្ងឺនេះ បានយកទៅពិនិត្យ។ លទ្ឋផលបង្ហាញថាគ្មានផ្ទុកជម្ងឺគ្រុនផ្ដាសាយ បក្សីទេ។ មន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានហាមឃាត់ការនាំចូលនូវបសុបក្សី និងផលិតផលបសុបក្សី គ្រប់ចូលក្នុង ប្រទេស និងចុះសម្លាប់សត្វមាន់ទានៅកសិដ្ឋានមួយចំនួនដែលប៉ះពាល់ដោយជម្ងឺផ្ដាសាយបក្សី ហើយលាងសម្អាត និងដាក់តំបន់ទាំង នោះ នៅក្នុងការតាមដានដើម្បីស្វែងរករោគសញ្ញារាតត្បាត។
របៀបឆ្លងទៅមនុស្ស និងរោគសញ្ញាសង្ស័យថាឆ្លងគ្រុនផ្ដាសាយបក្សី
មនុស្សអាចឆ្លងផ្ដាសាយបក្សី តាមរយៈការប៉ះពាល់ជិតស្និទ្ឋិទៅនឹងបក្សី ឬកាកសំណល់មាន់ទាដែលផ្ទុកមេរោគផ្ដាសាយបក្សី។ អ្នកដែលប្រឈមមុខនិងការឆ្លងជាងគេ គឺអ្នកចិញ្ចឹម អ្នកលក់ អ្នកសម្លាប់ និងអ្នកចម្អិនមាន់ទាទាំងនោះ។
រោគសញ្ញា មានលក្ខណៈប្រហាក់ប្រហែលនឹងការកើតផ្ដាសាយធម្មតាដែរ។ ប៉ុន្ដែអ្វីដែលគួរឱ្យកត់សម្គាល់ គីត្រង់ថាអ្នកជម្ងឺ មានធ្លាប់ប៉ះពាល់ទៅនឹងបក្សីឈឺ ឬស្លាប់ក្នុងអំឡុងពេលមួយសបា្ដហ៍កន្លងមក។ រោគសញ្ញាដែលតែងតែកើតមាន មានដូចជាគ្រុនក្ដៅ លើសពី៣៨អង្សា ពិបាកដកដង្ហើម ក្អក ថប់ដង្ហើម ឬហត់ ឈឺខ្នង ឈឺចង្កេះជាដើម។
វិធានការទប់ស្កាត់ជម្ងឺគ្រុនផ្ដាសាយបក្សី
រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្រឱ្យ យល់ដឹងពីជម្ងឺគ្រុនផ្ដាសាយបក្សី របៀបឆ្លង និងចេះផ្ដល់ដំណឹងដល់អាជ្ញាធរ និងមណ្ឌលសុខភាពដែលនៅជិតផ្ទះ រាល់ករណីដែលយើង សង្ស័យថាមានកើតជម្ងឺនេះឡើង។ ការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនេះ បានធ្វើទូទាំងប្រទេស និងគ្រប់ថ្នាក់ខេត្ដហើយ។
បច្ចុប្បន្ននេះ មានក្រុមការងារឆ្លើយតបបន្ទាន់២៦ក្រុមនៅទូទាំងខេត្ដក្រុង ដែលមានតួនាទីធ្វើការអង្កេតស្រាវជ្រាវជម្ងឺរាត ត្បាត និងស្រាវជ្រាវរកអ្នកដែលសង្ស័យថាអាចប្រឈមមុខនឹងជម្ងឺផ្ដាសាយបក្សី រួចធ្វើការវិភាគបញ្ជូនមកថ្នាក់ជាតិ ដើម្បីធ្វើរោគវិនិ ច្ឆ័យ។ ពួកគាត់ក៏មានតួនាទីអប់រំប្រជាពលរដ្ឋឱ្យយល់ពីជម្ងឺផ្ដាសាយបក្សីនេះដែរ។
ការប្រុងប្រយ័ត្នជាកត្ដាចម្បង។ អង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជាព្រួយបារម្ភអំពីការវិវឌ្ឍន៍របស់ជម្ងឺ គ្រុនផ្ដាសាយបក្សី ចំពោះករណីឆ្លងពីមនុស្សទៅមនុស្ស។ មានមន្ទីរពេទ្យត្រៀមសម្រាប់ព្យាបាលអ្នកជម្ងឺគ្រុនផ្ដាសាយបក្សីចំនួន២ គឺមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ ដោយភ័យខ្លាចក្នុងការផ្ទុះរាលដាលឡើងនូវជម្ងឺគ្រុនផ្ដាសាយបក្សី ជាយថាហេតុ ក្រសួងសុខាភិបាលមានផែនការពង្រីកមន្ទីរពេទ្យចំនួន៣ នៅក្នុងខេត្ដកំពត កំពង់ចាម និងស្ទឹងត្រែងបន្ថែមទៀត។
មន្ទីរពិសោធន៍ថ្នាក់ជាតិ សម្រាប់ធ្វើការវិភាគរកមេរោគជម្ងឺគ្រុនផ្ដាសាយបក្សី បានបង្កើតឡើងស្ថិតនៅវិទ្យាស្ថានជាតិ សុខ ភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរាលដាលជាយថាហេតុ។ ផែនការត្រៀមលក្ខណៈជាសកល ដើម្បីប្រយុទ្ឋទៅនឹងជម្ងឺគ្រុនផ្ដាសាយបក្សី ដែលអាចឆ្លងពីមនុស្សទៅមនុស្ស ត្រូវបានធ្វើឡើងដោយសហការណ៍រវាងក្រសួងពាក់ព័ន្ធ ជាច្រើន។ ការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលន្ថែម ជាកត្ដាចាំបាច់សម្រាប់ផែនការ នេះ។
ដំបូន្មានអ្នកជំនាញ
ជម្ងឺគ្រុនផ្ដាសាយបក្សី អាចឱ្យបងប្អូនប្រជាពលរដ្ឋបាត់បង់អាយុជីវិត។ ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវមានការប្រុង ប្រយ័ត្ន បើសិនមានករណីងាប់មាន់ទានៅក្នុងភូមិស្រុករបស់ខ្លួន ហើយសង្ស័យថាជាជម្ងឺគ្រុនផ្ដាសាយបក្សី ត្រូវផ្ដល់ព័ត៌មានជាចាំបាច់ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវការរាតត្បាតមេរោគគ្រុនផ្ដាសាយបក្សីនេះ។ អ្នកដែលប្រឈមមុខ និងគ្រោះថ្នាក់ខ្លាំងនោះ គឺ អ្នកដែលប្រកបមុខរបរដែលប៉ះពាល់នឹងមាន់ទា។ ដូច្នេះយើងត្រូវបង្ការដោយខ្ទប់ច្រមុះ ដោយកន្សែង ក្រមា ឬប្រដាប់បិទមុខ ពាក់ ស្បែកជើងកវែង រាល់ពេលទៅជិតសត្វស្លាបទាំងនោះ។ សូមពាក់ស្រោមដៃនៅពេលសម្លាប់ និងចម្អិនសត្វមាន់ទា និងលាងសម្អាតដៃ ជើងឱ្យបានស្អាតល្អជាមួយសាប៊ូ បន្ទាប់ពីបានប៉ះពាល់សត្វទាំង នោះ។ មិនត្រូវបរិភោគសត្វមាន់ទា ដែលងាប់គ្មានមូលហេតុនោះទេ និងគួរតែទទួលទានសត្វមាន់ទាដែលចម្អិនបានឆ្អិនល្អ។
រួមគ្នាការពារទប់ស្កាត់ជម្ងឺផ្ដាសាយបក្សី
ថ្មីៗនេះក្រោមកិច្ចសហការណ៍របស់ក្រសួងសុខាភិបាលជាមួយអង្គការឃែរកម្ពុជា និងសហគមន៍អឺរ៉ុប ផ្ទាំងរូបភាពមួយត្រូវ បានបោះពុម្ភផ្សាយ។ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការដកស្រង់ខ្លឹមសារ។ ហេតុនេះ ដើម្បីចៀសវាងជម្ងឺផ្ដាសាយបក្សី យើងត្រូវ អនុវត្ដសកម្មភាពដូចខាងក្រោម ៖
- មិនត្រូវយកសត្វបក្សី (មាន់ ទា…) ឈឺ ឬងាប់មកធ្វើអាហារទេ
- ត្រូវចម្អិតអាហារឱ្យបានឆ្អិនល្អមុនពេលបរិភោគ
- ត្រូវលាងដៃឱ្យបានស្អាត ដោយប្រើសាប៊ូ ឬផេះពី១០ ទៅ១៥នាទី បន្ទាប់ពីបានប៉ះពាល់សត្វបក្សី (មាន់ ទា…) ក្អក ឬកណ្ដាស់
- ត្រូវពាក់ម៉ាស់ការពារបើអ្នកមានជម្ងឺផ្ដាសាយ
- ត្រូវខ្ទប់មាត់ និងច្រមុះពេលកំពុងក្អក ឬកណ្ដាស់ ដោយប្រើក្រមា កន្សែង ឬក្រដាសអនាម័យ។ល។
- ត្រូវជូតដៃឱ្យស្ងួតនឹងកូនកន្សែង ក្រម៉ា ឬក្រដាសអនាម័យ
- ត្រូវបោសលាងសម្អាតសម្ភារៈប្រើប្រាស់ដោយសាប៊ូ ឬដាក់ចូលក្នុងធុងសម្រាម កប់ ឬដុតចោល
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply