នៅក្នុងសព៌ាង្គកាយរបស់មនុស្សទាំងមូល ភ្នែកអាចចាត់ទុកថាជាសរីរាង្គមួយសំខាន់បំផុត។ ភាពស្រស់ស្អាតនៃពិភពលោក ដែលមាននៅជុំវិញខ្លួនយើង គឺជាកម្មសិទ្ធផ្ដាច់មុខតែមួយគត់របស់ភ្នែក។ វាពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ប្រសិនបើយើងមិនបានយកចិត្ដទុកដាក់ថែរក្សាភ្នែកឱ្យបានល្អ និងមកពិនិត្យព្យាបាលឱ្យទាន់ពេលវេលានោះ។
ដើម្បីផ្ដល់ចំណេះដឹងអំពីការថែរក្សាភ្នែកដល់ប្រជាពលរដ្ឋ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកវេជ្ជ បណ្ឌិត ដោរ សីហា ជាមន្ដ្រីសម្របសម្រួលកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល។
សារៈសំខាន់របស់ភ្នែក
បើនិយាយឱ្យសាមញ្ញទៅភ្នែក ឬចក្ខុវិញ្ញាណ គឺជាសរីរាង្គមួយសំខាន់ណាស់ វាមានតួនាទីចាប់យកសំណុំរូបភាព ហើយ បញ្ជូនទៅកាន់ខួរក្បាលដើម្បីវាយតម្លៃនូវអ្វីដែលយើងបានឃើញ ថាជាវត្ថុ សត្វ រុក្ខជាតិ ឬមនុស្ស ក្នុងជំហរមួយអព្យាក្រឹត។ ភ្នែកជា វិញ្ញាណមួយចំណោមវិញ្ញាណទាំងប្រាំរបស់មនុស្ស គឺចក្ខុវិញ្ញាណ។ យើងត្រូវការវាដើម្បីជាគោលបំភ្លឺផ្លូវ នៅពេលយើងចេញទៅក្រៅ មើលទិដ្ឋភាពពិតនៃធម្មជាតិដែលនៅជុំវិញខ្លួនយើង ជួនកាលភ្នែកអាចជាសារបញ្ជាក់ប្រាប់ពីទឹកចិត្ដរបស់យើង ហើយវាក៏ជាសោភ័ណភាពមួយទាក់ទាញផងដែរ។
មូលហេតុបង្កជម្ងឺភ្នែក
តាមធម្មតាភ្នែកច្រើនមានបញ្ហាដោយសារការធ្វេសប្រហែសមិនបានព្យាបាលឱ្យបានទាន់ពេលវេលា តែជួនកាលវាក៏អាច បណ្ដាលមកពីគ្រោះថ្នាក់ដោយចៃដន្យដែរ។
ការធ្វេសប្រហែស ៖ នៅពេលចេញមកខាងក្រៅ យើងត្រូវប្រឈមមុខនឹងបរិយាកាសជុំវិញ ដែលហុចផលអវិជ្ជមានដល់ ភ្នែកជាច្រើន ដូចជាពន្លឺព្រះអាទិត្យដែលមានកម្ដៅខ្លាំង អាចបណ្ដាលឱ្យឈឺភ្នែក រកាំភ្នែក ភ្នែកស្ងួតទឹកជាដើម។ ធូលីដីដែលមាន ពាសពេញអាកាស អាចបណ្ដាលឱ្យភ្នែកឡើងបាយ រលាកភ្នែក រមាស់ភ្នែកជាដើម។ ការអានសៀវភៅរយៈពេលយូរ ដោយមិនបាន សម្រាក ការទទួលរងនូវពន្លឺខ្លាំងពេកពីអេក្រង់ទូរទស្សន៍ ឬកុំព្យូទ័រ ការព្រងើយកន្ដើយនឹងរោគសញ្ញាតូចតាចមួយចំនួន ក៏ជាមូល ហេតុដែលនាំឱ្យមានគ្រោះថ្នាក់ដល់ភ្នែកផងដែរ។
គ្រោះថ្នាក់ចៃដន្យ ៖ មានករណីធ្ងន់ធ្ងរជាច្រើនដែលបានស្ដែងចេញឡើងតាមរយៈគ្រោះថ្នាក់នេះ ដូចជារបួសភ្នែកបណ្ដាល មកពីការចាក់រុក ឬវាយតប់គ្នាដែលបណ្ដាលឱ្យភ្នែកជាំ ឬប្រេះស្រាំ និងសត្វចឹកដែលអាចបណ្ដាលឱ្យខ្វាក់ភ្នែកតែម្ដង។ គ្រាប់ថ្ម សត្វ ល្អិត ឬគ្រាប់ស្រូវចូលភ្នែក ករណីទាំងនេះ បើទុកយូរមិនប្រញាប់ព្យាបាលឱ្យទាន់ពេលទេនោះ វានឹងអាចនាំឱ្យបាត់បង់នូវឱកាស សងឹ្ឃម ឬគ្មានសង្ឃឹមតែម្ដង។
ប្រភេទជម្ងឺភ្នែក
សព្វថ្ងៃនេះ មន្ទីរពេទ្យរដ្ឋឯកទេសភ្នែកមានរហូតដល់ទៅ១៦កន្លែង នៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០០៥ មានអ្នកជម្ងឺ ភ្នែករហូតដល់ទៅ២០០០០នាក់ ដែលបានទទួលយកនូវសេវាកម្មពីអ្នកជំនាញរបស់យើង ហើយបានរកឃើញនូវប្រភេទជម្ងឺមួយ ចំនួន។
ជម្ងឺភ្នែកស្ងួតទឹក ៖ ដោយសារខែនេះជាខែប្រាំង អាកាសធាតុក្ដៅខ្លាំងជាហេតុនាំឱ្យមានអាការនេះ កើតលើប្រជាពលរដ្ឋ ខ្មែរប្រមាណជា៧០%។ រោគសញ្ញារបស់ជម្ងឺនេះមាន ដូចជាហៀរទឹកភ្នែក ចាញ់ពន្លឺ មានអារម្មណ៍ថាដូចជាមានអ្វីនៅក្នុងភ្នែក ភ្នែក រកាំ ស្រវាំងភ្នែកជាដើម។ ជម្ងឺនេះ មិនសូវជាធ្ងន់ធ្ងរប៉ុន្មានទេ ដោយអាចព្យាបាលបាន ដោយគ្រាន់តែដាក់ថ្នាំទឹកភ្នែកសិប្បនិម្មិត ប៉ុណ្ណោះ។
ភ្នែកមីញ៉ូប ៖ គឺជាលក្ខណៈរបស់ភ្នែកដែលមិនអាចមើលឆ្ងាយបានច្បាស់ តែមើលជិតច្បាស់ ដោយសារកាំពន្លឺ ឬរូបភាព មកផ្ដុំគ្នានៅខាងមុខសរសៃបាតភ្នែក(រ៉េទីន) ជាហេតុនាំឱ្យភ្នែកចុករោយ ក្ដៅភ្នែក ហៀរទឹកភ្នែក ឧស្សាហ៍ព្រិចភ្នែកពេលមើលវត្ថុ នៅឆ្ងាយ និងឈឺក្បាលនៅម្ដុំថ្ងាស។ អាការទាំងនេះកាន់តែខ្លាំងនៅពេលប្រើប្រាស់ភ្នែកច្រើន ដូចជាអានសៀវភៅ ឬប្រើកុំព្យូទ័រ។ ជាទូទៅមនុស្សអាយុចាប់ពី៤០ ដល់៥០ឆ្នាំ តែងតែប្រឈមមុខនឹងបញ្ហានេះ។
ជម្ងឺបាយភ្នែកពីកំណើត ៖ រោគសញ្ញាទូទៅនៃជម្ងឺនេះ គឺចលនារបស់ភ្នែកប្រព្រឹត្ដិទៅដោយមិនប្រក្រតី គំហើញមានការ ថយចុះ កូនក្រមុំភ្នែកឡើងស ហើយភ្នែកដូចជារាងស្រលៀងបន្ដិច។
ជម្ងឺទឹកដក់ក្នុងភ្នែក ៖ អាការរោគមាន ដូចជាហៀរទឹកភ្នែកខ្លាំង ខ្លាចពន្លឺថ្ងៃខ្លាំង កញ្ចក់ភ្នែករីកធំ ហើយគំហើញក៏មានការ ថយចុះខ្លាំង។
របួសខ្ទាំគ្រាប់ភ្នែក ៖ ភាគច្រើនបង្កឡើងដោយសារការវាយតប់គ្នា ឬប៉ះទង្គិចនឹងភ្នែកខ្លាំង ដែលបណ្ដាលឱ្យហើមត្របក ភ្នែក កញ្ចក់ភ្នែកស្រអាប់ ឈាមនៅក្នុងបន្ទប់មុខភ្នែក គំហើញថយចុះខ្លាំង ហើយជាពិសេសឈឺចាប់ក្នុងភ្នែកខ្លាំង។
របួសធ្លាយគ្រាប់ភ្នែក ៖ ការគប់គ្នាដោយវត្ថុរឹង ឬស្រួចទៅលើភ្នែក អាចបណ្ដាលឱ្យគំហើញមានការថយចុះជាខ្លាំង កូន ក្រមុំមិននៅចំកណ្ដាល បន្ទប់មុខនៃភ្នែករាក់ ប្រស្រីភ្នែកលៀនតាមមុខរបួស ជាពិសេសធ្លាយកញ្ចក់ភ្នែកដែលជាអាការធ្ងន់ធ្ងរ។
វិធីការពារភ្នែក
មានវីធីងាយៗ ដូចជាការពាក់វែនតាការពារកម្ដៅថ្ងៃ រៀងរាល់ពេលដែលយើងចេញក្រៅផ្ទះ ឬពេលដែលអាកាសធាតុក្ដៅ ខ្លាំង (ដើម្បីកាត់បន្ថយកម្ដៅ) ឬក៏អាចពាក់មួកសុវត្ថិភាពដើម្បីការពារធូលីដីហុយចូលភ្នែក និងគួរតែលុបមុខជាមួយនឹងទឹកស្អាតជា និច្ចនៅរាល់ពេលដែលមានធូលីជាប់ភ្នែក ឬពេលមកពីខាងក្រៅវិញ។ ការទទួលទានបន្លែ ឬផ្លែឈើដែលមានជីវជាតិវីតាមីនអា ដូចជា ការ៉ុត ល្ហុង ខ្នុរជាដើម ក៏អាចជួយថែរក្សាភ្នែកបានដែរ តែការទទួលទានថ្នាំគ្រាប់វីតាមីនអាច្រើនពេក ពិតមិនមានប្រយោជន៍ចំពោះ មនុស្សធំទេ ផ្ទុយទៅវិញវាធ្វើឱ្យហើមសរសៃអុបទិច។ ថ្នាំគ្រាប់វីតាមីនអានេះ វាមានប្រសិទ្ធភាពខ្ពស់ សម្រាប់តែក្មេងអាយុក្រោម ៦ឆ្នាំប៉ុណ្ណោះ។ វិធីបូរាណមួយចំនួន មិនគួរយកមកប្រើទេ ជាអាទិការលាងភ្នែកដោយទឹកម្លូ ករណីភ្នែករលាត់ដោយការអេះ ឬទង្គិច វានាំឱ្យមេរោគដែលមាននៅលើស្លឹកម្លូមានឱកាសយ៊ាយីភ្នែកបាន។
រីឯកុមារគួរត្រូវយកចិត្ដទុកដាក់តាំងពីកើតមកភ្លាម ដោយត្រូវសម្អាតភ្នែក និងមុខឱ្យបានស្អាតជានិច្ច ហើយគួរនាំកុមារ ទៅទទួលថ្នាំគ្រាប់វីតាមីនអាឱ្យបានគ្រប់គ្រាន់ និងគួរបន្ដក់ថ្នាំអង់ទីប៊ីយ៉ូទិចនៅក្នុងភ្នែកផង។ ករណីកុមារភ្នែកក្រហម ហើមភ្នែក មើលមិនច្បាស់ល្អ ឬកូនក្រមុំភ្នែកពណ៌ស គួរប្រញាប់នាំកុមារទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
ចូរអប់រំកូនចៅកុំឱ្យលេងរបស់ណាដែលអាចបង្កមហន្ដរាយដល់ភ្នែក ហើយបើសិនជាមានការប៉ះទង្គិច រកាំភ្នែកខ្លាំង ឬឈឺ ភ្នែកខ្លាំង ពិសេសបើសង្ស័យថាភ្នែកមានបញ្ហា សូមប្រញាប់មកកាន់មន្ទីរពេទ្យភ្នែកដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិ ត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply