ចាញ់ច្រាប ឬបាក់ស្បាត កើតមានច្រើននៅក្នុងសង្គមខ្មែរស្ទើរតែគ្រប់វ័យ ហើយអ្នកខ្លះពុំបានចាប់អារម្មណ៍លើបញ្ហានេះទេ។ ភាពបាក់ស្បាតនេះ ធ្វើឱ្យអ្នកជម្ងឺបញ្ចេញអាការៈ ដូចជាឆាប់ភ័យ ឆាប់តក់ស្លុត ភ័យគ្មានហេតុផល នឹកឃើញតែភាពរន្ធត់នៅនឹងមុខជាដើម បណ្ដាលឱ្យមានជម្ងឺផ្សេងៗដល់រាងកាយ នាំឱ្យទទួលទានដំណេកមិនលក់។ មានអ្នកជម្ងឺខ្លះ គ្រាន់តែឮសូរពេទ្យហៅ ឈមោះក៏មានការភ័យខ្លាចដែរ។
ជម្ងឺចាញ់ច្រាបជាអ្វី?
យោងតាមសៀវភៅ សុខភាពផ្លូវចិត្ដសហគមន៍នៅកម្ពុជា របស់អង្គការចិត្ដសង្គមអន្ដរវប្បធម៌ បានលើកឡើងថាជម្ងឺបាក់ ស្បាត ឬចាញ់ច្រាប គឺជាវិបត្ដផ្លូវចិត្ដ កើតមានក្រោយពីបុគ្គលបានឆ្លងកាត់ព្រឹត្ដិការណ៍ដែលពោរពេញដោយក្ដីតក់ស្លុត និងភ័យរន្ធត់។ ហើយព្រឹត្ដិការណ៍ទាំងនេះ ភាគច្រើនកើតចេញពីកត្ដាខាងក្រៅ។ ជាអាទិ មានកត្ដាជាច្រើន ដូចជាសង្គ្រាម ការបាត់បង់ទីលំនៅ ការរំលោភបំពាន គ្រាប់មីន ធ្វើទារុណកម្ម ជាប់ពន្ធនាគារ គ្រោះថ្នាក់ធ្ងន់ធ្ងរ ភ្លើងឆេះផ្ទះ ចោរប្លន់ជាដើម។ ឯកត្ដាខ្លះទៀត បណ្ដាលមកពី គ្រោះថ្នាក់ធម្មជាតិ ដូចជាទឹកជំនន់ ដែលធ្វើឱ្យគ្រោះថ្នាក់ដល់បាត់បង់ជីវិតមនុស្សច្រើននាក់។
លោកវេជ្ជបណ្ឌិត កែ ឈុំ អ្នកឯកទេសខាងជម្ងឺផ្លូវចិត្ដ បានលើកឡើងថា ជម្ងឺចាញ់ច្រាប ឬបាក់ស្បាតនេះ កើតឡើងពីមូល ហេតុជាច្រើន ក្នុងសង្គម និងគ្រួសារមានអំពើហិង្សា។ ការអប់រំនៅក្នុងគ្រួសារ មានភាពតឹងរឹងពេក។ គ្រួសារមានរបៀបរស់នៅ ខុសៗគ្នា ឪពុកម្ដាយមានចរិតខុសៗគ្នាដែរ សម្ដីសំដៅទៀតសោតក៏ខុសៗគ្នា។ គ្រួសារខ្លះ និយាយទន់ភ្លន់ទៅរកគ្នាទៅវិញទៅមក នាំ ឱ្យកូនៗរបស់គេ ស្លូតបូតម៉ឺងមាត់នៅក្នុងសង្គម។ ជួនកាលគ្រួសារល្អ ប៉ុន្ដែសង្គមបរិយាកាសខាងក្រៅគាបសង្កត់ នាំឱ្យសមត្ថភាពផ្លូវកាយមិនអាចទ្រាំទ្របាន ដែលឈានទៅដល់មានជម្ងឺបាក់ស្បាត។ ករណីខ្លះ គឺគ្រួសារជាអ្នកបំបាក់តែម្ដង ធ្វើឱ្យមានសម្ពាធទៅលើ ក្មេង មានពេលខ្លះគ្រាន់តែឮសូរសម្លេងអ្វីមួយ ក៏កុមារនោះភ័យញ័រញាក់ដែរ។ ឧទាហណ៍ កាលពីនៅសម័យមុន នៅពេលមានភ្លើង ឆេះផ្ទះ ឬច័ន្ទគ្រាសម្ដងៗ គេតែងតែបាញ់កាំភ្លើង។ លុះពេលឮស្នូរកាំភ្លើងនៅកន្លែងណា ក៏ចាប់ផ្ដើមភ័យស្លន់ស្លោរៀបចំឥវ៉ាន់ ដើម្បី ត្រៀមរត់គេច។
ចំពោះកុមារដែលលួចទ្រព្យគេ នៅពេលគេចាប់បានគេសំឡុត កំហែង ឬវាយដំ ធ្វើឱ្យកុមារភ័យរន្ធត់បាក់ស្បាត។ ហើយ មកដល់ផ្ទះ ប្រសិនបើម្ដាយស្ដីបន្ទោសថែមទៀតនាំឱ្យកុមារនោះរឹតតែភ័យខ្លាចតក់ស្លុតថែមទៀត។ ជួនកាលទៅជាមិនបានដេកទេ រត់ទៅពួននៅក្រោមតុជាដើម។ កាលពីមុន គ្រូកាច សិស្សមានការភ័យនឹងការសំឡុតរបស់គ្រូ។
ផលវិបាករបស់ជម្ងឺបាក់ស្បាត
ជម្ងឺនេះ អាចបង្កឱ្យកើតជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ ឬឈឺ។ បើសិនជារឿងនេះកើតឡើងចំពោះគាត់ញឹកញាប់ជាបន្ដបន្ទាប់ អាចឱ្យ អ្នកជម្ងឺធ្លាក់ទឹកចិត្ដ និងវិកលចរិត។ ជម្ងឺបាក់ស្បាតប្រែប្រួលទៅតាមវ័យ នៅពេលយើងធ្វើអំពើសាហាវទៅលើកុមារ នៅពេលកុមារ នោះធំឡើង ហើយប្រសិនបើគេមានអំណាច នាំឱ្យគេទៅជាមនុស្សកាចសាហាវទៅវិញ ហើយអាចប្រព្រឹត្ដអំពើយុងឃ្នង។ ជួនកាល ពួកគេបង្កើតជាក្រុមបងធំបងតូច អំពើដែលធ្លាប់ធ្វើទៅលើពួកគេ គេមានកម្លាំងពេញ គេនឹងធ្វើបកមកវិញ។ ប្រសិនបើពួកគេមាន បុគ្គលិកលក្ខណៈបែបនេះហើយ យើងមិនងាយនឹងកែប្រែជាសះស្បើយមកលក្ខណៈធម្មតាវិញទេ។ វាមិនមែនជាជម្ងឺធ្ងន់ធ្ងរទេ ប៉ុន្ដែវា បែរទៅជាមានចរិតកាចសាហាវ មិនមានធម៌មេត្ដា អាចកើតមានអំពើហិង្សាទៅថ្ងៃក្រោយ ដោយសារការត្រាប់តាម។
វិធីកាត់បន្ថយជម្ងឺចាញ់ច្រាប
ដើម្បីកាត់បន្ថយបញ្ហានេះ ជាពិសេសម្ដាយនៅពេលមានផ្ទៃពោះ ត្រូវថែរក្សាគភ៌ ឱ្យបានល្អមិនឱ្យមានការប៉ះទង្គិចផ្លូវចិត្ដ ធ្ងន់ធ្ងរ។ ក្នុងឋានៈជាឪពុកម្ដាយ គ្រួសារមួយត្រូវរៀបចំក្រុមគ្រួសារ ទុកដាក់កូនចៅរបៀបណា។ ទោះបីជាកូនមិនបានល្អគ្រប់គ្នា ក៏ មិនត្រូវស្ដីបន្ទោស មិនត្រូវប្រើពាក្យសម្ដីធ្ងន់ដាក់ពួកគេដែរ។ អំពើហិង្សានៅក្នុងគ្រួសារ មិនត្រូវឱ្យកូនឃើញទេ នាំឱ្យមានការភ័យ ខ្លាចតក់ស្លុត។ កូនធ្វើខុសបន្ដិចបន្ដួច មិនត្រូវវាយដំកូន ត្រូវកាត់បន្ថយការសំឡុតកំហែងកូន។ ព្រោះថាកូនខ្លះ មានកាយសម្បទាខាង ខួរក្បាលមិនល្អពីកំណើត។ អំពើហិង្សាមិនគួរឱ្យក្មេងឃើញទេ ហើយក៏មិនត្រូវធ្វើទៅលើកុមារដែរ នៅពេលវាធំឡើង វាធ្វើកាយវិការ ឬធ្វើអំពើហិង្សាមកឪពុកម្ដាយវិញ។
ត្រូវចេះសម្រួលអារម្មណ៍ ធ្វើសមាធិស្មឹងស្មាធឱ្យស្ងប់ក្នុងបរិយាកាសល្អ។ ពេលជួបបញ្ហាបាត់បង់មនុស្សជាទីស្រឡាញ់ ឈឺ ចាប់ខ្លាំង ក្ដុកក្ដួល នឹកស្រណោះដល់អ្នកដែលអនិច្ចកម្មទៅ អ្នកដែលចាញ់ច្រាបអាចឱ្យព្រះសង្ឃសូត្រធម៌បួងសួងដល់អ្នកដែលជាទី ស្រឡាញ់នោះ ទៅនាំឱ្យអារម្មណ៍បានស្ងប់ខ្លះដែរ។ ការពិភាក្សាពីរឿងដែលខ្លួនពិបាកចិត្ដប្រាប់អ្នកដែលគួរទុកចិត្ដ ឬមិត្ដជាទីស្រឡាញ់ ក៏ធ្វើឱ្យយើងធូរស្រាលខ្លះដែរ។ បើប្រើគ្រប់វិធីហើយ នៅតែមិនបាត់ការចាញ់ច្រាបទៀត សូមទៅពិគ្រោះជាមួយគ្រូពេទ្យខាងផ្លូវចិត្ដ នុះជាការប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply