នៅប្រទេសកម្ពុជា ចំនួនអ្នកហិតកាវភាគច្រើនជាកុមារ និងក្មេងជំទង់ ដែលមានអាយុពី៧ទៅ១៥ឆ្នាំ។ ពួកគេជាក្មេងអនាថារស់នៅតាមចិញ្ចើមថ្នល់ អ្នកខ្លះទៀតជាកុមារ ដែលរស់នៅក្នុងសហគមន៍ ប៉ុន្ដែពួកគេធ្វើការនៅតាមចិញ្ចើមថ្នល់ ដូចជារើសអេត ចាយ វាយសារ៉ាស្បែកជើង លក់កាសែត យាមកង់ម៉ូតូជាដើម។ តាមការអះអាងបញ្ជាក់ថា ការប្រើប្រាស់កាវនេះ កើតឡើងដោយ ពួកគេខ្លួនឯងផ្ទាល់ និងតាមការអូសទាញរបស់មិត្ដភក្ដិ។
កាវជាវត្ថុរាវស្អិតៗ មានក្លិនឆួល វាជាវត្ថុមួយគ្រោះថ្នាក់ ធ្វើឱ្យញៀន ឬស្រវឹង។ គេមិនមែនផលិតវាសម្រាប់មនុស្សប្រើ ប្រាស់ជាអាហារ ឬជាថ្នាំជំនួយកម្លាំងទេ គឺសម្រាប់យកទៅបិទតុ ទូ ឬសម្រាប់ប៉ះកង់ និងម៉ូតូឯណោះវិញទេ។ តាមរបាយការណ៍របស់ អង្គការមិត្ដសំឡាញ់បានបង្ហាញថា គិតចាប់ពីឆ្នាំ២០០៤ មកដល់ឆ្នាំ២០០៥ អត្រានៃកុមារដែលប្រើ ប្រាស់កាវនៅទីក្រុងភ្នំពេញមាន ការថយចុះពី៥០% មកនៅត្រឹម៣០%។
មូលហេតុ ដែលនាំឱ្យកុមារហិតកាវ
កុមារដែលប្រើប្រាស់កាវភាគច្រើន ជាកុមារដែលមានជីវភាពខ្សត់ខ្សោយ កុមារអនាថា និងជាកុមារដែលរស់ដោយការប្រ កបរបរចិញ្ចឹមជីវិតនៅតាមចិញ្ចើមថ្នល់ ដូចជារើសអេតចាយ ដើរវាយសារ៉ាស្បែកជើងជាដើម។ ការប្រើប្រាស់កាវនេះ ភាគច្រើនគឺ ប្រើតាមរយៈការអូសទាញពីមិត្ដភក្ដិរបស់ពួកគេផ្ទាល់ ឬជាក្រុមបងធំបងតូចជាដើម។ មានហេតុផលមួយចំនួន ដែលធ្វើឱ្យពួកគេប្រើ ប្រាស់កាវ ភាគច្រើនពួកគេយល់ថា កាវនៅពេលដែលហិតទៅ វានាំឱ្យពួកគេស្រមើស្រមៃ ជួនកាលគេស្រមើស្រមៃឃើញឋាននរក ឋានសួគ៌ា។ កាវធ្វើឱ្យពួកគេសប្បាយ ក្លាហានរកលុយ ធ្វើឱ្យពួកគេគ្មានការខ្មាសអៀន និងហ៊ាន។ នៅពេលគេចូលលួចរបស់ទ្រព្យអ្នក ដទៃ ធ្វើឱ្យគេមិនសូវខ្លាច។
ជាក់ស្ដែងកុមារា ហេង ប្រុស អាយុ១១ឆ្នាំ មានមុខរបរជាអ្នកសុំទាន ប្អូនត្រូវចំណាយលុយពី១.០០០ ទៅ១.៥០០រៀល ក្នុង១ថ្ងៃ ដើម្បីទិញកាវហិត។ ប្អូនបានលើកឡើងថា “ កាវធ្វើឱ្យខ្ញុំសប្បាយ កាវនៅពេលហិតទៅ វាធ្វើឱ្យខ្ញុំស្រមើស្រមៃឃើញចាប់ ផ្កាយ”។ ចំណែកប្អូនស្រី ភាព គន្ធា អាយុ១៩ឆ្នាំ ប្អូនស្រីបានធ្វើចំណាកស្រុកពីខេត្ដកំពង់ស្ពឺ បានបន្លំខ្លួនជាក្មេងប្រុស ដើម្បីរកស៊ីជាអ្នក រើសអេតចាយ និងសុំទានជាមួយក្មេងប្រុសៗ។ ប្អូនស្រីបានប្រើប្រាស់កាវ តាមការអូសទាញរបស់មិត្ដភក្ដិ ដែលរស់នៅតាមចិញ្ចើម ថ្នល់ដូចគ្នា ដោយមិត្ដភក្ដិរបស់ប្អូនបានប្រាប់ហេតុផលថា កាវនេះឆ្ងាញ់ណាស់ ធ្វើឱ្យមានកម្លាំងរកស៊ី មិនធ្វើឱ្យងងុយដេកទេ។ លើសពី នេះ វាធ្វើឱ្យសប្បាយ និងធ្វើឱ្យអ្នកញៀនមិនគិតថា ជាអ្នកគ្មានផ្ទះសម្បែងទេ។
ផលវិបាកនៃការហិតកាវ
កាវធ្វើឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះសុខភាព។ នៅពេលប្រើប្រាស់ច្រើនទៅ ធ្វើឱ្យស្រវឹង ដើរមិនដឹងខ្លួន អារម្មណ៍ រវើរវាយខ្លាំង ជួនកាលឡាន ឬម៉ូតូបុកស្លាប់ដោយមិនដឹងខ្លួន។ ជួនកាលទៀត ដើរលើកដៃលើកជើងឡើងលើប្រៀបដូចជាមនុស្ស វិកលចរិត។ នៅពេលដែលប្រើប្រាស់វាយូរទៅ ធ្វើឱ្យប៉ះពាល់រាង្គកាយធ្ងន់ធ្ងរ ពិសេសផ្លូវដង្ហើម។ ជួនកាលទៀតអាចកើតមានជាជម្ងឺ ណែន ដើមទ្រូង ចង់ស្ទះ ឬគាំងបេះដូង ដែលអាចនាំឱ្យមានការបាត់បង់ជីវិតបាន។ អ្នកដែលហិតកាវ មានច្រមុះមិនល្អ្អទេ ច្រើនតែ រលាកច្រមុះ ហើយដកដង្ហើមឮសូរក្រឺតក្រត និងធុំក្លិនកាវជាប់ជានិច្ច។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន
នៅក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា៨៦បានចែងថា ជនដែលដឹងច្បាស់ពីហេតុផល ហើយនៅតែផ្ដល់ឱ្យអនិ តិជនហិតស្រូបនូវជាតិគីមីពុលណាមួយដែលមានចុះនៅក្នុងបញ្ជីកំណត់ ដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី១ ទៅដល់៥ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី៥.០០០.០០០ (ប្រាំលានរៀល) ដល់១០.០០០.០០០ (ដប់លាន រៀល)។
នៅក្នុងមាត្រា៤១ បានចែងផងដែរថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ដល់៥ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលានរៀល) ដល់១០.០០០.០០០រៀល (ដប់លានរៀល) ឬផ្ដន្ទាទោសណាមួយក្នុងទោសទាំង២ ដល់ជនណាញុះ ញង់ ដោយមធ្យោបាយណាមួយក៏ដោយ ទោះដោយផ្ទាល់ ឬដោយប្រយោល ឱ្យប្រើប្រាស់ខុសច្បាប់ នូវគ្រឿងញៀន ដែលបណ្ដាលឱ្យ មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬសារធាតុដែលមានឥទ្ធិពលដូចគ្រឿងញៀននេះ។
មាត្រា៣៦ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ ឬពិន័យជាប្រាក់ពី១.០០០.០០០ (មួយលានរៀល) ដល់ ៥.០០០.០០០រៀល (ប្រាំលានរៀល) ឬផ្ដន្ទាទោសណាមួយក្នុងចំណោមទោសទាំង២នេះ ជនណាចែក ឬផ្ដល់គ្រឿងញៀន ដែល បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទៅឱ្យជនណាម្នាក់ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។
ដំបូន្មានគួរប្រតិបត្ដិ
លោក អ៊ូចប៉ាត់ អមត្ថៈ បានឱ្យដំបូន្មានដល់កុមារ ក៏ដូចជាយុវវ័យថា ប្អូនៗមិនត្រូវហិតស្រូប ឬប្រើប្រាស់កាវទេ។ ប្អូនត្រូវ យល់ថា កាវមិនមែនជាវត្ថុល្អទេ វាបំផ្លាញសុខភាពមនុស្ស ហើយប៉ះពាល់យ៉ាងខ្លាំង ពិសេសផ្លូវដង្ហើម។ ប្អូនត្រូវគិតថាកាវ មិនមែន ផលិតឡើង សម្រាប់ឱ្យមនុស្សយកមកប្រើប្រាស់ដើម្បីសុខភាពល្អទេ។ វាធ្វើឱ្យប្អូនៗបាត់បង់ឱកាសក្នុងការសិក្សា បាត់បង់ថវិកា និង អនាគត។ គ្រោះថ្នាក់សំខាន់បំផុត វាធ្វើឱ្យយើងមានអារម្មណ៍រវើរវាយខ្លាំង ហើយអាចឱ្យយើងទទួលគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិតបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply