នៅវ័យគ្រប់ការ ស្ដ្រីតែងតែមានការធ្លាក់ឈាមរដូវជារៀងរាល់ខែ ដែលខុសពីបុរសគ្មានឈាមរដូវ។ ការមករដូវនេះ គឺជាលក្ខណៈសម្គាល់សុខភាពរបស់នារី។ ហើយការមករដូវនេះ មានលក្ខណៈស្រដៀងគ្នាទាំងអស់ គឺមកជារៀងរាល់មួយខែម្ដងៗ មានរយៈពេល ពី៣ទៅ៤ថ្ងៃ ឬមួយសប្ដាហ៍។ ការប្រែប្រួល គឺជាករណីមករដូវមិនទៀង តើត្រូវធ្វើដូចម្ដេចទៅ?
ចំពោះស្ដ្រីខ្លះ រដូវរបស់គាត់មិនសុទ្ធតែមកជាទៀងទាត់រាល់ខែទាំងអស់នោះទេ។ ការមករដូវមិនទៀងទាត់នេះ មានបញ្ហាខ្លះយើងចាត់ទុកថាវាជារឿងធម្មតាទេ។ ប៉ុន្ដែក៏មានបញ្ហាខ្លះទៀត ជារឿងមិនមែនធម្មតា ដែលបងប្អូនស្ដ្រីត្រូវយល់ដឹង និងប្រុងប្រយ័ត្នចំពោះ សុខភាពខ្លួន។
និយមន័យរដូវទៀង និងរដូវមិនទៀង
ជាធម្មតាឈាមរដូវធ្លាក់មករៀងរាល់ខែ ខួបរដូវជាមធ្យម ២៨ថ្ងៃ គឺនៅចន្លោះគម្លាតពី២១ ទៅ៣៥ថ្ងៃ ហើយរដូវមានរយៈពេល ៣ ទៅ៤ថ្ងៃ។ ជាឧទាហរណ៍ ស្ដ្រីខ្លះមានខួបរដូវ២៨ថ្ងៃ រៀងរាល់២៨ថ្ងៃគាត់មកម្ដង ឬ៣០ថ្ងៃមកម្ដង។ នៅខែក្រោយរដូវគាត់មកមុន២ថ្ងៃ ឬលើសពី២ថ្ងៃ នុះមិនជាបញ្ហាអ្វីទេ។ ករណីនេះ បងប្អូនស្ដ្រីមិនបាច់មានការព្រួយបារម្ភទេ។ ករណីខួបរដូវមកលើសពី៣៥ថ្ងៃ ឬតិចជាង២១ ថ្ងៃ យើងហៅថា រដូវមិនទៀង។
លោកស្រីវេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ប្រធានផ្នែកពិនិត្យជម្ងឺក្រៅ នៃមជ្ឈមណ្ឌលជាតិគាំពារចមាតា និងទារក បានធ្វើការអធិប្បាយអំ ពីបញ្ហារដូវនេះថា ការធ្លាក់ឈាមរដូវមានច្រើនបែបច្រើនសណ្ឋាន។ ស្ដ្រីត្រូវដឹងថារដូវមិនទៀងបែបណា ដែលយើងចាត់ទុកថាជារឿង ធម្មតា និងរដូវមិនទៀងប្រភេទណា ដែលយើងចាត់ទុកថា ជារឿងមិនធម្មតា។
– ការធ្លាក់ឈាមរដូវនៅពាក់កណ្ដាលខែ ៖ ស្ដ្រីមានធ្លាក់ឈាមតិចៗ រយៈពេល១ទៅ៣ថ្ងៃ នៅពាក់កណ្ដាលខួបរដូវរបស់គាត់ ហាក់ដូចជារដូវរបស់គាត់ធ្លាក់១៥ថ្ងៃម្ដង។ ការណីនេះពុំចាំបាច់ធ្វើការព្យាបាលទេ នុះយើងចាត់ទុកថា រដូវរបស់គាត់មកទៀងធម្មតាទេ។ តែ ប្រសិនបើគាត់ធ្លាក់ឈាមច្រើនត្រូវធ្វើការព្យាបាល។
– ការធ្លាក់ឈាមមុនពេលមករដូវ ៖ ស្ដ្រីមករដូវនៅថ្ងៃទី១ ប៉ុន្ដែនៅថ្ងៃទី២៤ គាត់មានធ្លាក់ឈាមរដូវ។ ករណីនេះ បើឈាម រដូវមកតិចៗ ហើយមានពណ៌ក្រហមក្រម៉ៅ ក៏មិនមានបញ្ហាអ្វីព្រួយបារម្ភទេ។ ផ្ទុយទៅវិញ បើឈាមនោះមានធ្លាក់ច្រើន យើងគួរទៅជួបជា មួយគ្រូពេទ្យជំនាញ។
ប្រភេទរដូវមិនទៀង
មានកត្ដាមួយចំនួន ដែលធ្វើឱ្យរដូវស្ដ្រីមកមិនទៀងទាត់។ ការទទួលទានអាហារមិនគ្រប់គ្រាន់ ជាមូលហេតុនាំឱ្យមិនមានរដូវ។ ការព្រួយចិត្ដច្រើនពេក សប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម្មតា ក៏នាំឱ្យរដូវរបស់ស្ដ្រីមកមិនទៀងទាត់បានដែរ។ ម្យ៉ាងទៀត រដូវ មិនទៀងអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន។ ប្រការដែលនឹងរៀបរាប់ខាងក្រោមនេះ ជាប្រការដែលរដូវស្ដ្រីមកមិនទៀង មានលក្ខណៈមិនធម្មតា ស្ដ្រីគួរមានការកត់សម្គាល់ផងដែរ។
– រដូវធ្លាក់ញាប់ ៖ ខួបរដូវខ្លី ការមករដូវមានរយៈពេលពី១៨ ទៅ២១ថ្ងៃម្ដង តែចំណុះឈាមរដូវមកប៉ុនគ្នា ហើយរយៈពេល៣ ទៅ៤ថ្ងៃក៏ដូចគ្នាដែរ។ លក្ខណៈនេះ គឺមិនធម្មតាទេ ស្ដ្រីត្រូវស្វែងរកការព្យាបាល។
– រដូវរង្វើល ៖ គឺខួបរដូវលើសពី៣៥ថ្ងៃ វាអាចមាន៤៥ថ្ងៃទើបមករដូវម្ដង។ អ្នកខ្លះ៣ ឬ៤ខែទើបមកម្ដង តែមករដូវមានរយៈ ពេល៣ ទៅ៤ថ្ងៃដូចគ្នា។ ការមករដូវបែបនេះ មិនចាំបាច់ធ្វើការព្យាបាលទេ នេះគ្រាន់តែខួបរដូវមានរយៈពេលវែងប៉ុណ្ណោះ។ តែវាមានផលវិ បាកបន្ដិចត្រង់ថាគាត់ ពិបាកក្នុងការបង្កកំណើត (ពិបាកឱ្យមានកូន)។
– រដូវមកច្រើន ៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន ធ្វើឱ្យមានសភាពស្លេកស្លាំង។ ករណីនេះ ស្ដ្រីច្រើនតែកើត មានជម្ងឺសរីរាង្គប្រដាប់បន្ដពូជ ដូចជាជម្ងឺស្បូន ជម្ងឺមហារីកជាដើម។ ស្ដ្រីត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
– ឈាមរដូវធ្លាក់មិនស៊ីសង្វាក់គ្នា ៖ ក្នុងមួយខែ គាត់ធ្លាក់ឈាមរដូវ៣ទៅ៤ដង ករណីនេះច្រើនតែកើតមាននៅលើស្ដ្រីគ្រប់ការ។ ចំពោះស្ដ្រីនៅវ័យក្មេងក៏អត់មានបញ្ហាដែរ។ ប៉ុន្ដែចំពោះស្ដ្រីចំណាស់អាចមានជម្ងឺដុំសាច់ក្នុងស្បូន ឬជំងឺមហារីក។
រដូវមិនទៀង ពេលចូលវ័យអស់រដូវ
ជាធម្មតា ស្ដ្រីអស់រដូវនៅវ័យចាប់ពី៤៥ឆ្នាំ ទៅ៥៥ឆ្នាំ។ ប្រសិនបើស្ដ្រីមករដូវមិនទៀង រដូវរបស់គាត់មកក្នុង១ខែ ពី២ទៅ៣ដង នៅវ័យជិតអស់រដូវ ករណីនេះ គាត់អាចនឹងមានជម្ងឺសរីរាង្គបន្ដពូជដែរ គាត់ត្រូវទៅជួបគ្រូពេទ្យជំនាញ។ លក្ខណៈសម្គាល់ថា គាត់អស់រដូវ លុះត្រាតែគាត់អស់រដូវមួយឆ្នាំពេញ ទើបហៅថាអស់រដូវមែនទែន។
ប្រការគួរយល់ដឹង
ប្រសិនបើយុវនារីអាយុ២០ឆ្នាំ មានវ័យគ្រប់ការហើយ តែគ្មានរដូវ គាត់ត្រូវទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាល។ បញ្ហាដែលនឹងអាចកើតឡើង គាត់អាចមានដូចជាជម្ងឺស្បូនតូច(ស្បូនតូចមិនអាចបង្កើតជារដូវបាន) សន្ទះព្រហ្មចារីជិត(គ្មានរន្ធ) ជម្ងឺមហារីក សរីរាង្គបន្ដពូជផ្សេងៗជាដើម។ ជួនកាល វាអាចធ្វើឱ្យនារីមានការធ្លាក់ឈាមតែវាមិនមែនជាឈាមរដូវទេ។ បើមានករណីបែបនេះ គួរ ប្រញាប់រូតរះទៅជួបគ្រូពេទ្យជំនាញខាងរោគស្ដ្រី។
បងប្អូនស្ដ្រីទាំងឡាយ នៅពេលមានអាការមិនធម្មតាដូចបានជម្រាបខាងលើ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply