ថ្នាំគីមី​កសិកម្ម​បំផ្លាញ​សុខភាព

សព្វថ្ងៃនេះ កសិផល​មានដូចជាបន្លែ ស្រូវអង្ករ ផ្លែឈើ​ជាដើមនៅ​លើទីផ្សារ ភាគច្រើន​មានផ្ទុកសារ​ធាតុជាតិ​គីមី។ កសិករ​ខ្មែរស្ទើរ​គ្រប់រូប​ប្រើប្រាស់​ថ្នាំដែល​ផ្ទុកសារ​ធាតុគីមី ដែលជួយ​ឱ្យបន្លែ​ផ្លែឈើ​​​​លូតលាស់ល្អ។ ពួកគាត់​គិតថា វាជាវិធី​តែមួយគត់ ធ្វើឱ្យ​ផលដំណាំ​របស់គាត់​ដើរទាន់​ទីផ្សារ។ តែពួក​គាត់ភ្លេច​គិតទៅដល់​ផលប៉ះពាល់​ទាំងឡាយ ទាំងអ្នកដាំ ទាំងអ្នក​ទទួលទាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ថ្នាំពុលការពារ​ដំណាំ ជាអ្វី?

កសិករខ្មែរ​យើងបាន​ហៅឈ្មោះ​ខុសៗគ្នា ចំពោះថ្នាំ​ដែលផ្ទុក​សារជាតិ​គីមី។ ពួកគេ​បាននិយម​ហៅថា ថ្នាំពុល ថ្នាំពុលគីមី ថ្នាំ គីមី​កសិកម្ម ឬថ្នាំកសិកម្ម។ ដោយឡែក​នៅពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូមប្រើ​ពាក្យថ្នាំ​ពុលការពារ​ដំណាំ ជាពាក្យ​ដែលមាន ន័យដូច​ថ្នាំពុល ហើយជា​ថ្នាំកសិកម្ម​មួយប្រភេទ។

ថ្នាំពុល​ការពារ​ដំណាំ ដែលកសិករ​យើងនិយម​ប្រើប្រាស់​មាន ដូចជាថ្នាំ​សម្លាប់សត្វ​ល្អិត ថ្នាំសម្លាប់ស្មៅ ថ្នាំជីគីមី និងថ្នាំបាញ់ ជំនួយការ​លូតលាស់​ដល់បន្លែ និងផ្លែឈើ​ទៅលើស្លឹក ឬដើម​ជាដើម។ ដូច្នេះថ្នាំ​ពុលការពារ​ដំណាំ គឺជាថ្នាំ​ដែលប្រើប្រាស់​សម្រាប់ សម្លាប់ ឬបណ្ដេញ​កត្ដាចង្រៃ​របស់ដំណាំ និងការពារ​កសិផល​ដើម្បី ជំនួយការ​លូតលាស់។

អត្ថប្រយោជន៍របស់​ថ្មាំពុល​ការពារ​ដំណាំ

ការប្រើប្រាស់​ថ្នាំពុលការពារ​ដំណាំ ផ្ដល់អត្ថ​ប្រយោជន៍។

– ថ្នាំពុលការពារដំណាំជា​មធ្យោបាយ​មួយមាន​ប្រសិទ្ធិភាព​ឈ្នះលើ​កត្ដាចង្រៃ​ផ្សេងៗ មានដូចជា​សត្វល្អិត សត្វកកេរ​ស្មៅជា ដើម

– ថ្នាំពុលការពារដំណាំ អាចកាត់បន្ថយ ឬទប់ស្កាត់​ការបំផ្លាញ​ដំណាំបាន​ក្នុងពេលខ្លី

– ការប្រើថ្នាំពុលការពារ​ដំណាំ ងាយស្រួល​ដោយបរិមាណ​ថ្នាំតិច និងត្រូវការ​ពេលតិច​សម្រាប់​បាញ់

– កសិផលដែលបាញ់​ថ្នាំមានរូបរាង​ល្អ ធ្វើឱ្យអ្នក​ប្រើប្រាស់​ចូលចិត្ដ​ទិញ។

ផលប៉ះពាល់របស់​ថ្នាំពុល​ការពារ​ដំណាំ

គ្មានថ្នាំពុលការពារដំណាំណា​ដែលគ្មាន​គ្រោះថ្នាក់​ដល់សុខភាព​មនុស្សនោះទេ វាអាស្រ័យទៅ​លើកម្រិត​ពុលតិច ឬខ្លាំងតែប៉ុ ណ្ណោះ។ ថ្នាំពុល​ការពារ​ដំណាំអាច​បង្កគ្រោះថ្នាក់ ទាំងអ្នកដាំ ទាំងអ្នក​បរិភោគ។

1- ផលប៉ះពាល់​ចំពោះអ្នកដាំ

ថ្នាំពុលការពារ​ដំណាំអាច​បង្កគ្រោះថ្នាក់​ដល់អ្នកដាំ។ ជាតិពុល​អាចចូល​ទៅក្នុង​ខ្លួនមនុស្ស​តាមច្រក​៣ធំៗ គឺតាមស្បែក តាមមាត់ និងតាម​ផ្លូវដង្ហើម។

– តាមស្បែក ៖ ការពុល​របៀបនេះ​ជួបប្រទះ​ច្រើន។ វាកើតឡើង​នៅពេលដែល​កសិករ​បាញ់ថ្នាំ ដោយមិន​ស្លៀកពាក់ ការពារ​ទឹកថ្នាំ​ប្រឡាក់​ជាប់ខ្លួន ទឹកថ្នាំសើម​ជាប់ខោអាវ ឬជួនកាល​ពួកគាត់លាយ​ថ្នាំដោយ​ដៃទទេ។ បរិមាណ និងល្បឿន​ដែលថ្នាំពុល ការពារ​ដំណាំ​ជ្រាបចូល​ក្នុងស្បែក មានកម្រិត​ខុសៗគ្នា ដោយអាស្រ័យ​ផ្នែកផ្សេងៗ​របស់រាងកាយ។ កន្លែងដែល​ថ្នាំពុល​ការពារ​ដំណាំ ជ្រាបចូល​ច្រើនជាង​គេ គឺនៅត្រង់​បរិវេណ​តម្រងនោម ថ្ងាស គុម្ពត្រចៀក និងលលា​ដ៏ក្បាល។

– តាមមាត់ កើតឡើង​នៅពេល​កសិករ​ហូបចំណី ឬពិសាបារី ដោយមិន​បានលាង​ដៃដែលប្រឡាក់​ជាតិថ្នាំ។

– តាមផ្លូវដង្ហើម កើតមានឡើង​នៅពេល​បាញ់ថ្នាំ​មិនបានពាក់​ម៉ាសរុំមុខ ឬចូលកន្លែង​ដែលទើបនឹង​បាញ់ថ្នាំហើយ។

ការពុល​មាន២ដំណាក់​កាល គឺការពុល​ភ្លាម និងការពុល​រ៉ាំរ៉ៃ។

– ការពុលភ្លាម កើតមានឡើង​ភាគច្រើន​ទៅលើកសិករ​ដែលប្រើ​ថ្នាំពុល​ដោយផ្ទាល់។ ការពុលនេះ​អាចលេច​ចេញក្នុង រយៈពេល​កន្លះម៉ោង ឬមួយម៉ោង និងអាចបន្ដ​រហូតដល់​២៤ម៉ោង អាស្រ័យទៅ​តាមប្រភេទ​នៃថ្នាំ។ ការពុលអាច​បណ្ដាលឱ្យ​មានអា ការឈឺក្បាល ឈឺចាប់សាច់ដុំ ហូរញើសខ្លាំង រមួលសាច់ដុំ រាករូស ពិបាកដកដង្ហើម ស្រវាំងភ្នែក​ជាដើម។ ករណីពុល​ខ្លាំងអាច​ប្រកាច់ ឬសន្លប់។

– ការពុល​រ៉ាំរ៉ៃ កើតមាន​ឡើងដោយ​សារប៉ះពាល់​ថ្នាំដោយ​ប្រយោល ឬការប្រើ​ថ្នាំក្នុងរយៈ​ពេលវែង​តែតិចតួច។ ការ សន្សំទុក​ជាតិថ្នាំក្នុង​រាងកាយរយៈ​ពេលយូរ ធ្វើឱ្យ​មានការពុល​ខ្លាំងទៅលើ​ភ្នែក បេះដូង សួត ក្រពះ ពោះវៀន ថ្លើម តម្រងនោម ខួរ ក្បាល និងសរសៃ​ប្រសាទ​របស់លោកអ្នក។ ការពុលរ៉ាំរ៉ៃ​មានរោគសញ្ញា និងការ​បម្រែបម្រួល​មិនល្អ​ក្នុងរាងកាយ​ដូចជា ៖

  • ខ្សោយសាច់ដុំ ដូចជាចាប់​អ្វីមួយចេះ​តែរបូត​ពីដៃ
  • ដំណើរទ្រេតទ្រោតដូចអ្នក​ស្រវឹងស្រា ញ័រដៃញ័រ​ជើងជាប់​រហូត
  • មានបញ្ហានៅលើស្បែក ដូចជាបែកស្រកា របកស្បែក កន្ទួលក្រហម​ជាដើម
  • កើតរោគភ័យស្លន់ស្លោ ឃើញ​សភាព​អ៊ូអរមិនបាន និងមានពេល​ខ្លះអាច​ប្រកាច់
  • ជម្ងឺរលាកក្រពះ តម្រង​នោម និងថ្លើម
  • កម្លាំងមានការថយ​ចុះជា​លំដាប់ ធ្វើការ​ឆាប់ហត់
  • ប៉ះពាល់ដល់សរសៃប្រសាទ ដែលធ្វើឱ្យ​ថយចុះការ​ចងចាំ មានការ​ផ្លាស់ប្ដូរ​ជាចរិត​ឆេវឆាវ ឆាប់ខឹង ឬក៏អាច ស្ពឹកមួយ​ចំហៀងខ្លួន​ជាដើម
  • បំផ្លាញប្រព័ន្ធការពារ​សព៌ាង្គកាយ​ដែលអាច​ធ្វើឱ្យកសិករ​ងាយទទួល​ជម្ងឺ
  • អាចបណ្ដាលឱ្យកើតមាន​ជម្ងឺមហារីក ដូចជា​មហារីកថ្លើម ស្បែក សុដន់ គ្រាប់ឈាម​(ឈាមសស៊ីឈាម ក្រហម)​ជាដើម។
រូបភាពទស្សនាវដ្តីសុខភាពយើង

2- ផលប៉ះពាល់​ទៅលើ​អ្នកបរិភោគ

ការបរិភោគបន្លែ ផ្លែឈើ និងស្រូវអង្ករ​ដែលមាន​ថ្នាំពុល​អាចបង្ក​រោគសញ្ញ និងភាព​ធ្ងន់ធ្ងរ​យូរអង្វែង ឬឆាប់រហ័ស គឺអាស្រ័យ​ទៅលើ​សារធាតុគីមី រយៈពេល​ដែលប៉ះពាល់ និងកម្រិតពុល​របស់វា។ ភាគច្រើន​ថ្នាំពុល​ការពារ​ដំណាំ សុទ្ធតែ​បង្កគ្រោះថ្នាក់​ដល់ គ្រប់សរីរាង្គ​នៃរាង្គកាយ ជាពិសេស​ទៅលើប្រព័ន្ធ​ប្រសាទ។

– គ្រោះថ្នាក់លើ​ប្រព័ន្ធប្រសាទ ៖ ផលប៉ះពាល់​មានជាច្រើន ដូចជាដល់​ការចងចាំ ពិបាក​ប្រមូល​អារម្មណ៍ ប្រែប្រួល​បុគ្គលិក លក្ខណៈ ឆេវឆាវខ្លាំង ឈឺក្បាល សន្លប់ ប្រកាច់​ជាដើម។

– គ្រោះថ្នាក់លើថ្លើម ៖ ថ្នាំពុលអាចនាំឱ្យ​មានជម្ងឺ​រលាកថ្លើម​ធ្ងន់ធ្ងរ។

– គ្រោះថ្នាក់លើក្រពះ ៖ ដូចជា​ក្អួតចង្អារ ឈឺពោះ រាករូស​ជាដើម។

– គ្រោះថ្នាក់លើប្រពន្ធ័​ការពារ​រាង្គកាយ ៖ ថ្នាំពុល​ការពារ​ដំណាំខ្លះអាច​ធ្វើឱ្យទន់​ខ្សោយដល់​សមត្ថភាព​រាង្គកាយ​ក្នុងការតប តប្រយុទ្ធ​នឹងការ​ឆ្លងរោគ និងងាយស្រួល​ទទួលយក​មេរោគឆ្លង។ ប្រសិនបើ​មានរោគរួច​ជាស្រេច​ហើយ ជម្ងឺនេះនឹង​ក្លាយជា​ជម្ងឺស៊ាំ មួយពិបាក​ព្យាបាល។

– គ្រោះថ្នាក់​ដល់តុល្យភាព​អ័រម៉ូន ៖ ថ្នាំពុល​ការពារ​ដំណាំមាន​ឥទ្ធិពល​ប៉ះពាល់​ដល់អ័រម៉ូន​បន្ដពូជ ដោយបណ្ដាល​ឱ្យការ ផលិតមេ​ជីវិតរបស់​បុរសថយចុះ និងបុរស​មិនអាចមាន​លទ្ធភាពមាន​កូនបាន។

– គ្រោះថ្នាក់លើ​ស្ដ្រីមាន​ផ្ទៃពោះ និងទារក​ក្នុងផ្ទៃ វាអាចបណ្ដាល​ឱ្យការវិឌ្ឍន៍​នៃគភ៌របស់​ស្ដ្រីមិន​ប្រក្រតី រលូតកូន ទារកស្លាប់​នៅក្នុងផ្ទៃ  កើតមិន​គ្រប់ខែ ឬក៏ទារកកើត​មកហើយ​មិនគ្រប់​លក្ខណៈ ប្រាជ្ញាអន់ថយ​ជាងក្មេង​ដែលមិនទទួល​ឥទ្ធិពលថ្នាំ។

ដំបូន្មាន​អ្នកជំនាញ

សូមលោកអ្នក​ជាកសិករ​ព្យាយាមប្រើ​ជីធម្មជាតិ ជំនួសការ​ប្រើប្រាស់​ថ្នាំពុល​ការពារ​ដំណាំ។ ឥឡូវនេះមាន​ផលិតផល​កសិកម្ម​ដែលគ្មាន​ប្រើថ្នាំពុល​ការពារ​ដំណាំដាក់​លក់ដែរ ដោយគ្រាន់​តែផលិតផល​ទាំងនោះ​មើលទៅមិន​ស្រស់បំព្រង ស្លឹកក្រាស់​ជាងផលិត ផលដែល​ប្រើថ្នាំពុល និងមានស្នាម​អុចធ្លុះធ្លាយ ដោយការ​បំផ្លាញរបស់​សត្វល្អិត។ ប៉ុន្ដែផលិតផល​ធម្មជាតិមាន​តម្លៃលើសពី​ផលិតផល ដែលដាំ​ដោយ​ប្រើថ្នាំពុល រហូតដល់២០ ទៅ៣០%ឯណោះ។ តម្លៃថ្លៃ​បន្ដិចមែន តែវាមាន​សុវត្ថិភាព​សម្រាប់សុខភាព​លោកអ្នក។ សូមចងចាំថា​ថ្នាំពុល​សិកម្មពិត​ជាគ្រោះថ្នាក់​ដល់សុខភាព​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *