ទឹក​​​មិនស្អាត​​​បង្កជម្ងឺ

ទឹកស្អាត​ជាបញ្ហា​សំខាន់ សម្រាប់​សុខភាព។ នៅប្រទេស​កម្ពុជា ប្រភពទឹក​មានច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់។ តាមការ​សង្កេត នៅតាម​ជនបទ ពួកគាត់​ភាគច្រើន​ប្រើប្រាស់​ទឹកទន្លេ និង​​​ទឹកភ្លៀង។ ដោយឡែកនៅទីក្រុង​ធំៗ ប្រជាពលរដ្ឋ​ប្រើប្រាស់ ទឹកម៉ាស៊ីន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រជាពលរដ្ឋភាគ​ច្រើន​មិនទាន់​មាន​ទឹកស្អាត​ប្រើប្រាស់​នៅឡើយទេ ជាពិសេស​នៅតាម​ជនបទ។ មានតែ​នៅទីក្រុង​ធំៗទេ ដែលអាច​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់។

ប្រភពទឹក

ប្រភពទឹក​ត្រូវបាន​បែងចែក​ជា៣ប្រភព័

ប្រភពទី១ ៖ គឺប្រភទទឹក​បានមកពី​លើមេឃ ដែលយើង​ហៅថា ទឹកភ្លៀង។

ប្រភពទី២ ៖ គឺប្រភពទឹក​នៅលើដី មានដូចជា​ទឹកទន្លេ ស្រះ ស្ទឹង អូរ​ជាដើម។

ប្រភពទី៣ ៖ គឺប្រភព​ទឹកនៅ​ក្រោមដី មានដូចជា​អណ្ដូងផុស អណ្ដូងលូ និងអណ្ដូងស្នប់​ដែលយើង​ជីក។

កន្លងមក ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ពិសាទឹក​ទាំងមិន​បានដាំឆ្អិន ដោយគ្រាន់​តែត្រង ឬដួសយក​មកពិសា​តែម្ដង។ មាន ប្រមាណ​ជា២០%​ប៉ុណ្ណោះ ដែលទទួល​ទានទឹក​ដាំពុះ។ ដូច្នេះ ពួកគាត់​ងាយរង​ការចម្លង​មេរោគ​ផ្សេងៗ។

វិធីធ្វើឱ្យ​ទឹកស្អាត

ទឹកដែលល្អ​ជាងគេ​សម្រាប់​ប្រជាពលរដ្ឋ់ គឺទឹកអណ្ដូង​ស្នប់ ជាអណ្ដូងជីក​ដែលសន្មត់ថា​មាន​ទឹកស្អាត។ គ្រាន់តែ​នៅមាន​ជាតិ គីមី​តិចៗ ដូចជា​សារធាតុ​អាសេនិច​ជាដើម។ ប្រសិនបើ​អណ្ដូងគ្មាន​ជាតិ​អាសេនិចទេ យើងអាច​យកមក​ប្រើប្រាស់​បានដោយ​គ្មានផល លំបាក​អ្វីទេ។

ទឹកមិនស្អាត​មានគុណវិបត្ដិ​២យ៉ាង ដែលប៉ះពាល់់​សុខភាព គឺទឹកមាន​មេរោគ និងទឹកមាន​សារជាតិ​គីមី។ មានវិធី​ផ្សេងៗ ដែលជួយ​កាត់បន្ថយ​មេរោគ​ក្នុងទឹក ដូចជាការ​ដាំឱ្យពុះ ការច្រោះ​ជាដើម។ ការដាំទឹក​ឱ្យពុះ អាចសម្លាប់​មេរោគបាន។ មានវិធី​ច្រោះ ទឹក២យ៉ាង​ដែល​ប្រជាពលរដ្ឋ​យើងធ្លាប់​ធ្វើគឺ័

– វិធីច្រោះទឹកទី១ ៖ ការកូរ​សាជូ គឺគ្រាន់តែ​ជួយឱ្យ​ទឹកថ្លា​តែប៉ុណ្ណោះ ប៉ុន្ដែ​មេរោគ​មាននៅក្នុង​ទឹកដដែល។

– វិធីច្រោះទឹកទី២ ៖ ការច្រោះទឹក​ដោយខ្សាច់។ ការចម្រោះ​ទឹកបែបនេះ អាច​ចម្រោះបាន​តែមេរោគ​មួយចំនួន។ រីឯសារ ធាតុ​គីមី មិនអាច​ច្រោះបាន​ទេ ដូចជា​សារជាតិ​អាសេនិច​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្វីទៅជាសារធាតុ​អាសេនិច?

សារធាតុ​អាសេនិចនេះ ជាសារធាតុ​ដែលមាន​នៅក្នុង​ដីស្រាប់ ភាគច្រើន​ជាកាក​សំណល់​របស់បន្ទុះ​ភ្នំភ្លើង។ ជាតិអាសេទិច ត្រូវបានចាត់​ទុកជា​បិសាច​ឥតស្រមោល​នៅក្នុងទឹក។ ពីព្រោះ​វាជា​សារធាតុ​គ្មានក្លិន គ្មានពណ៌ គ្មានរសជាតិ ហើយស្ថិតនៅ​ក្នុងទឹកថ្លា។ តាមការ​សិក្សា​ស្រាវជ្រាវ​បានឱ្យ​ដឹងថា ជាតិអាសេនិច​បង្កឱ្យមាន​បញ្ហាច្រើន​ទាក់ទងនឹង​ជម្ងឺមហារីក ដូចជា​ប្លោកនោម តម្រងនោម បេះដូង ខួរក្បាល​ជាដើម និងបង្កឱ្យ​ខូចសរសៃ​ប្រសាទ​ទៀត។ មហារីកស្បែក ធ្វើឱ្យស្បែក​ប្រែទៅជា​ពណ៌ខ្មៅ រហូតដល់​ប៉ះពាល់ដល់ សរសៃឈាម ដែលធ្វើឱ្យ​ឈាមខ្វះ​អុកស៊ីសែន ហើយជួន​បង្កការ​រលួយជើង​ទៀតផង។ បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ពុំទាន់​មានស្ថិតិ អ្នកទទួលរង​នូវជម្ងឺ​ដែលកើតឡើង​ដោយអាសេនិច​នោះទេ។

បើយើង​ចង់ច្រោះ​សារធាតុ​អាសេនិច ទាល់តែ​ធ្វើចម្រោះ​ពិសេស​បំផុត​ច្រើនដង។ នៅប្រទេស​កម្ពុជា យើងពុំទាន់​មានធ្វើ ទេ។ អាចដឹងថា​ក្នុងទឹកមាន​សារធាតុ​អាសេនិចបាន ត្រូវធ្វើតេស្ដ។ គម្រោង​អភិវឌ្ឍន៍​ជនបទ តម្រូវឱ្យ​ធ្វើតេស្ដ​គ្រប់អណ្ដូង ហើយនឹង ចេញផ្សព្វ​ផ្សាយ​គោលការណ៍​ថ្មី មុននឹងជីក​អណ្ដូងថ្មី និងមុននឹង​ប្រើប្រាស់​ទឹកអណ្ដូងនេះ ត្រូវតែពិនិត្យទឹកសិន។

ជាតិអាសេនិច មិនមាន​ទូទាំង​ប្រទេសកម្ពុជា​ទេ។ វាមាន​នៅតាម​ដងទន្លេ ខេត្ដដែល​សម្បូរជាតិ​អាសេនិច​ជាងគេនោះ គឺ ខេត្ដកណ្ដាល កំពង់ឆ្នំាង និងកំពង់ចាម។ ហើយតំបន់​សម្បូរ​ច្រើនជាងគេ គឺនៅក្នុង​ស្រុកកៀនស្វាយ​ខេត្ដកណ្ដាល។ គ្មានវិធី​ណាដែល អាចសម្លាប់​ជាតិអាសេនិច​បានទេ ទោះបីការ​ដាំឱ្យឆ្អិន​ក៏ដោយ។ បញ្ឈប់ការ​ប្រើប្រាស់​ទឹកអណ្ដូង ដែលធ្វើ​តេស្ដឃើញ​មានជាតិ​អាសេនិច។

គម្រោង​អភិវឌ្ឈន៍​ជនបទ បានចេញ​នូវគោល​ការណ៍​ឯកភាព​មួយ នៅក្នុងគណៈ​កម្មការ​អាសេនិច​ជាតិ គឺអណ្ដូង​ណាដែល មានជាតិ​អាសេនិច​លាបពណ៌​ក្រហម។ បើអណ្ដូង​ណាគ្មានជាតិ​អាសេនិចទេ នឹងលាប​ពណ៌បៃតង ដើម្បីបញ្ជាក់ថា​ទឹកអណ្ដូង​នោះ អាច ប្រើប្រាស់បាន។ ការប្រើប្រាស់​ពណ៌នេះ យកតាម​លំនាំ​ភ្លើងស្ដុប ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ឆាប់យល់​ថា ភ្លើងបៃតង ជាសញ្ញា​ឱ្យទៅ គឺមាន ន័យថាអាច​ប្រើប្រាស់​បាន។ ជាពិសេស អ្នកដំណើរ​ដែលធ្វើ​ដំណើរ​តាមផ្លូវ ពេលគាត់​ស្រេកទឹក គាត់អាច​ដឹងថា​ទឹកនោះ មានសារ​ធាតុ អាសេនិច​ឬអត់។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធានការការពារ

ទឹកភ្លៀង គឺជាប្រភពទឹក​ដែលមាន​មេរោគ​តិចជាង​គេបំផុត។ ត្រូវចេះ​ត្រង​ទឹកភ្លៀង ដើម្បីឱ្យ​ទឹកភ្លៀង​មានអនាម័យ​ល្អផង ដែរ។ ដើម្បីត្រង​ទឹកភ្លៀង​ឱ្យមាន​អនាម័យ យើងមិន​ត្រូវត្រង​យកទឹកភ្លៀង​ដែលហូរ​ដំបូងមក​ប្រើប្រាស់ទេ។ ពីព្រោះ​អាកាសធាតុ​ប្រែ ប្រួល សារជាតិ​គីមីអាច​មានកំហាប់​ខ្ពស់ជាង​ធម្មតាបន្ដិច។ តែមិន​ជាបញ្ហាចោទ​សំខាន់ទេ​នៅតាមជន បទដែល​គ្មាន​រោងចក្រ លើក លែងតែនៅ​តំបន់ដែល​មាន​ឧស្សាហកម្ម និងរោងចក្រធំៗ ធ្វើឱ្យពពក​មានជាតិ​ពុលច្រើន។ ម្យ៉ាងទៀត បញ្ហាមេរោគ​ដែលនៅ​សេស សល់តាមដំបូល​ផ្ទះ ឬតាមទុយោ​ក៏ជាប្រការ​ចាំបាច់ត្រូវ​បង្ហូរចោល​ផងដែរ។

យើងត្រូវ​ឧស្សាហ៍លាង​សម្អាតដំបូល ជាពិសេស​ដំបូលគ្បឿង ឬស័ង្កសី។ ក្នុងការ​បង្ហូរមក​តាមទ យើងត្រូវ​យកស្បៃត្រង ឱ្យបាន​ត្រឹមត្រូវដែរ ដើមី្បត្រង​កម្ទេចកម្ទីរ​ផ្សេងៗ​ដែលនៅសល់​ធ្លាក់ចូលមក​ក្នុងពាង។ ពាងដែល​ដាក់ទឹកភ្លៀង ក៏ត្រូវគ្រប​ឱ្យបាន​ជិត ល្អដែរ។

ទឹកទន្លេ ត្រូវបានចាត់​ទុកថា ជាទឹកដែល​ស្អាតជាងគេ​នៅក្នុង​ចំណោមទឹក​ដែលមានប្រភព​លើដី ព្រោះទឹក​មានការហូរ។ ទឹកហូរកាត់​បន្ថយមេរោគ​ច្រើនជាង​ប្រភពទឹក​ផ្សេងៗ ដូចជាទឹកស្រះ ត្រញំង​ជាដើម។ ទឹកត្រញំង អាចបង្ក​គ្រោះថ្នាក់​ជាច្រើន ព្រោះ វាជាទឹក​សាធារណៈ។ ជាអាទិសត្វ និងមនុស្ស អាចចុះទៅ​ក្នុងត្រពាំង ដើមី្បលាង​សម្អាតខ្លួន ដោយវា​ជាទឹកមិន​ហូរ អ្វីៗទាំងអស់​មិន ហូរទៅណាទេ គឺឋិតនៅ​ក្នុងត្រពាំង​ទាំងអស់។ ចំណែកឯ​ស្រះទឹកវិញ ភាគច្រើន​មានម្ចាស់​ថែរក្សា ដូចជាស្រះវត្ដ ដែលមាន​ព្រះសង្ឈ ឬគណៈកម្មការ​វត្ដជាអ្នក​ថែរក្សា​ជាដើម។

ទឹកទាំង​អស់នេះ សុទ្ធតែ​មានមេរោគ​ទាំងអស់ គ្រាន់តែ​មានតិច និងច្រើន​ប៉ុណ្ណោះ។ មធ្យោបាយ​ដែលល្អ​បំផុត ទាំងចំពោះ ទឹកទន្លេ ទឹកភ្លៀង ទឹកស្រះ ត្រញំង និងទឹកអណ្ដូង​ក៏ដោយ ត្រូវតែដាំឱ្យ​ឆ្អិនមុន​នឹងពិសា។ នៅពេល​ទឹកដាំ​ឡើងកម្ដៅ​ក្ដៅចាប់​ពី៥០ អង្សាទៅ វាចាប់​ផ្ដើមពុះ​តិចៗ រហូតដល់ពុះ​ឡើងរលក​ខ្លាំងប្រហែល១ ទៅ២នាទី នោះទើបអាច​ហៅថា ទឹកឆ្អិនល្អ។

អត្ថប្រយោជន៍​របស់ទឹក

មនុស្សយើង​ត្រូវការ​ទឹក។ នៅក្នុង​ខ្លួនមនុស្ស មានជាតិ​ទឹករហូត​ដល់ជាង៦០%​សម្រាប់មនុស្ស​ចាស់ និង៨០%សម្រាប់ កុមារតូច។ ទឹកមាន​សារសំខាន់​ណាស់សម្រាប់​មនុស្ស សត្វ រុក្ខជាតិ ដែលរស់​នៅលើ​ផែនដី​ទាំងអស់។ យើងត្រូវ​ការទឹក ដោយមិន អាចចៀសបាន យើងអាច​អត់អ្វីៗបាន តែយើង​មិនអាចអត់​ទឹកបានទេ។ ប្រសិនបើ​យើងអត់​ទឹកតែ៣ថ្ងៃ យើងនឹង​អាចស្លាប់បាន។ សម្រាប់ដំណើរ​ការនៅក្នុង​សរីរាង្គ គឺយើងត្រូវ​ការទឹក ដើម្បី​ផ្លាស់ប្ដូរ​សារជាតិ​គីមីផ្សេងៗ​នៅក្នុងខ្លួន។ ចលនា​ឈាមរត់ ភាពរាវក៏ ដោយសារទឹក ទឹកមាត់ ឈាមក៏ជាទឹក។ បើគ្មានទឹកទេ គឺមិនអាច​នាំសារជាតិ ដើម្បីចិញ្ចឹម​រាងកាយ​បានទេ។ ម្យ៉ាងទៀត ទឹកក៏ជួយ ថែរក្សាកម្ដៅ​ខ្លួនយើងឱ្យចុះថយ​បានដែរ។

ជាពិសេស​នៅពេល​យើងធ្វើ​ពលកម្ម​ខ្លាំង ដូចជា​ហាត់ប្រាណ លេងកីឡា ថាមពល​យើងត្រូវ​បញ្ចេញ ហើយ​បាត់បង់​ជាតិទឹក ក្រោយពី​លេងកីឡា​យើងបែក​ញើស នាំឱ្យសារ​ធាតុពុល​ចេញក្រៅ។ យើងត្រូវ​បង្គ្រប់ជាតិ​ទឹកវិញ ដោយពិសា​ទឹកឱ្យ​បានច្រើន។

ទឹកចូលក្នុង​ខ្លួនយើង​តាមរយៈ​ការផឹកទឹក ការផឹក​ភេសជ្ជៈផ្សេងៗ ការបរិភោគ​អាហារ និងពេលយើង​ដកដង្ហើមចូល។ យើងបញ្ចេញ​ចោលជាតិ​ទឹកចេញពី​ក្នុងខ្លួន​យើងតាម​រយៈការ​បន្ទោរបង់ បែកញើស និងតាមការ​ដកដង្ហើម​ចេញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺដែល​បង្កឡើង​ដោយទឹក

ជាធម្មតា​យើងប្រើ​ប្រាស់ទឹក ដើម្បីសុខភាព​ជីវិតរស់នៅ។ មេរោគដែល​នៅក្នុងទឹក ជាអ្នកបង្កឱ្យ​យើង​មានបញ្ហា។ មេរោគ ភាគច្រើន​ដែលនៅ​ក្នុងទឹក បណ្ដាលឱ្យ​មានរោគរាក​ច្រើនជាងគេ។ ជម្ងឺដែល​ទាក់ទង​នឹងទឹក ត្រូវបាន​បែងចែក​៤ប្រភេទ។

– ក្រុមជម្ងឺ​ដែលបណ្ដាល​មកពីការ​ទទួលទាន​ទឹកមិនស្អាត ៖ កាលណា​យើងទទួល​ទានទឹក​មិនស្អាត​ផ្ទាល់ ពេលនោះ​មេរោគ ចូលទៅ​ក្នុងខ្លួន​យើងផ្ទាល់ វាអាច​បង្កជា​ជម្ងឺ ដូចជាជម្ងឺ​គ្រុនពោះវៀន អាមីប ព្រូន ជម្ងឺរាកមួល ចុកពោះ​អស់កម្លាំង​ជាដើម។

– ជម្ងឺដែល​មានមូលដ្ឋាន​នៅនឹងទឹក ដោយការ​ដើរប៉ះទឹក ៖ ជម្ងឺទាំងនេះ អាចកើត​មានបាន ដោយមិន​បានញ៉ាំទឹក ដូចជា ជម្ងឺដែលបង្ក​ពីព្រូន ពេលវា​ញាស់ចេញ​ជាកូនវា​នៅក្នុងទឹក​ជាដើម។ ពេលយើង​ដើរកាត់ទឹក វាតោង​តាមស្បែក ហើយវា​ជ្រៀតចូល តាមស្បែក​តែម្ដង។

– ជម្ងឺដែល​បណ្ដាលមក​ពីភ្នាក់ងារ​ចម្លងនៅ​ក្នុងទឹក ៖ បើគ្មាន​ទឹកទេ ភ្នាក់ងារ​នោះមិន​អាចរស់​នៅបានទេ។ ដូចជា​ជម្ងឺគ្រុន ចាញ់ និងគ្រុនឈាម មានមូស​ជាភ្នាក់ងារ។

– ជម្ងឺបណ្ដាលមក​ពីការ​ប្រើប្រាស់​ទឹក ៖ ដូចជាជម្ងឺ​កមរមាស់ ជម្ងឺត្រាក់កូម​ជាដើម តែបើយើង​មានទឹកស្អាត​ច្រើនក្នុង​ការ ប្រើប្រាស់ជម្ងឺ​នេះនឹង​បាត់ទៅវិញ។

ដំបូន្មានអ្នក​ជំនាញ

អ្វីៗទាំងអស់​មានគុណ​សម្បត្ដិ និងគុណវិបត្ដិ។ យើងអាច​យកទឹកស្អាត​មកប្រើប្រាស់​បានប្រកប​ដោយ​សុវត្ថិភាព លុះត្រាតែ ទឹកនោះ​ស្ថិតក្នុង​តំបន់គ្មាន​អាសេនិច ហើយត្រូវ​គិតផងដែរ​ថាទឹកនោះ គ្មានជាតិ​កំបោរ​ដែលមិន​បង្កឱ្យមាន​គ្រោះនៅ​ក្នុងថង់​ប្រមាត់ ឬ នៅក្នុង​តម្រង​នោមទេ។ ទឹកអណ្ដូង​ដែលល្អ្អ ជាទឹកអណ្ដូង​ដែលមានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ។ នៅកម្ពុជា ទឹកភាគច្រើន​ជាទឹកទន្លេ និង ទឹកស្ទឹង។ យើងអាច​ច្រោះដោយ​ចម្រោះគ្រួសារ ដូចជា​ចម្រោះរូប​ទន្សាយជាដើម អាចច្រោះ​បានមេរោគ​មួយចំនួន​ដោយមិន​បាច់ដាំ។ ទឹកដែលល្អ និងមាន​សុវត្ថិភាព គឺទឹកដាំឆ្អិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *