បច្ចុប្បន្ននេះ មានវិធីកែសម្ផស្សជាច្រើន ដែលជួយឱ្យស្បែកសស្អាត។ ការម៉ាស្សាខ្លួនជាវិធីមួយក្នុងចំណោមវិធីជាច្រើន ដែលជួយឱ្យស្បែកស។ ការម៉ាស្សានេះច្រើនតែធ្វើទៅលើមនុស្ស ដែលមានសម្បុរខ្មៅ ឬស្រអែម ដែលគេចង់ឱ្យស្បែកសម៉ដ្ឋ។
កាលពីលេខមុន ប្រិយមិត្ដអ្នកអានបានជ្រាបរួចមកហើយអំពីការម៉ាស្សាមុខ។ ពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូម ណែនាំប្រិយមិត្ដ ឱ្យបានយល់ដឹងអំពីការម៉ាស្សាខ្លួនវិញម្ដង តាមរយៈកិច្ចសម្ភាសន៍ជាមួយកញ្ញា លី សុខយ៉េង ម្ចាស់ហាងធម្មជាតិថែ រក្សាសម្ផស្ស និងអ៊ុតសក់។ ការម៉ាស្សាខ្លួនអាចធ្វើបានទាំងបុរស និងនារី ហើយធ្វើទៅតាមដំណាក់កាលរបស់វា និងទៅតាមប្រភេទ ស្បែក។
របៀបធ្វើម៉ាស្សាខ្លួន
ជាធម្មតាការម៉ាស្សាខ្លួនត្រូវប្រើរយៈពេលពីមួយម៉ោងទៅពីរម៉ោងទៅតាមប្រភេទស្បែកក្រាស់ ឬស្ដើង។ ការម៉ាស្សា គឺធ្វើចាប់ពីត្រឹមករហូតដល់ចុងជើង។
ដំណាក់កាលទី១ ៖ ការធ្វើម៉ាស្សាដំបូង គឺការប្រើថ្នាំខាត់ស្បែក ដើម្បីប្ដូរពណ៌រោម។ ថ្នាំនេះលាបទុករយៈពេល២០នាទី ឬ ច្រើនជាងនេះទៅតាមប្រភេទស្បែក។ ការខាត់ស្បែកនេះអាចធ្វើទៅបានតាមចំណង់ចំណូលចិត្ដរបស់លោកអ្នកដែលចង់បាន ដូចជា រោមពណ៌ទង់ដែង ស ឬខ្មៅជាដើម។ មានអ្នកខ្លះក៏មិនចង់ប្ដូរពណ៌រោមដែរ។
ដំណាក់កាលទី២ ៖ យើងត្រូវលាងជម្រះជាតិថ្នាំខាត់ស្បែកចេញ។ ដោយសារថ្នាំខាត់ស្បែកនេះមានសារជាតិគីមី សូមលាប ប្រេងម្យ៉ាងនៅលើស្បែក រួចហើយត្រូវចូលទៅក្នុងម៉ាស៊ីនចំហុយ។ ការចូលទៅក្នុងម៉ាស៊ីនចំហុយមានសារៈសំខាន់ណាស់ ដើម្បី បណ្ដេញជាតិគីមីចេញពីក្នុងខ្លួនមកវិញតាមញើសនៅពេលឋិតនៅក្នុងម៉ាស៊ីនចំហុយ។ រយៈពេលចូលក្នុងម៉ាស៊ីនចំហុយមិនមានកំណត់ ជាក់លាក់ទេ ជាទូទៅអាស្រ័យទៅលើលោកអ្នកអាចទ្រាំបាន តែជាទូទៅរយៈពេលពី២០នាទី ទៅ១ម៉ោង។
ដំណាក់កាលទី៣ ៖ បន្ទាប់មក យើងយកម្សៅល្មៀត អំពិលទុំ និងក្រូចពោធិ៍សាត់ដែលលាយរួចមកដុសខាត់ស្បែក ដើម្បី ជួយបណ្ដេញជាតិគីមីនៅលើស្បែកផងដែរ។ មួយសន្ទុះមកទើបជូតសម្អាតម្សៅល្មៀតចេញ។
ដំណាក់កាលទី៤ ៖ យើងលាបឡេខាត់ស្បែកដើម្បីខាត់ឱ្យស្បែកស។ ប៉ុន្ដែការខាត់ស្បែកយូរធ្វើឱ្យស្បែកស្ដើង។ ដូច្នេះដំ ណាក់កាលបន្ទាប់ទៀត យើងប្រើម្សៅទឹកដោះគោមកលាយជាមួយទឹក រួចលាបលើស្បែក។ ម្សៅទឹកដោះគោនេះមានសារៈសំខាន់ ជាងគេក្នុងចំណោមឡេដែលប្រើក្នុងការម៉ាស្ស៉ា វាធ្វើឱ្យស្បែកល្អ។ វាមិនធ្វើឱ្យស្បែកសទេ ប៉ុន្ដែវាជំនួយស្បែក និងជួយបំប៉នស្បែក ឱ្យស្បែកក្រាសឡើងវិញ។ សូមលាបវាឱ្យជ្រាបចូលទៅក្នុងស្បែកបានល្អ។
ដំណាក់កាលទី៥ ៖ សូមយកទឹករ៉ែមកលាបលើស្បែកមួយជាន់ទៀត។ ទឹករ៉ែនេះគេអាចហៅម្យ៉ាងទៀតថាការត្រាំទឹកដោះ គោ។ កាលពីមុន គេដាក់ទឹករ៉ែលាយជាមួយទឹកក្នុងអាង ហើយដេកត្រាំ ប៉ុន្ដែកាធ្វើបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ស្បូន។ បច្នុប្បន្ន នេះ គេច្នៃទឹករ៉ែនេះជាទឹកលាបលើខ្លួនវិញ ដែលច្រើននិយមហៅថាត្រាំទឹកដោះគោស្ងួត។ យើងទុកវារយៈពេលកន្លះម៉ោងទើបលាង ចេញ។ ទឹករ៉ែនេះជួយបន្ទន់ស្បែក និងធ្វើឱ្យស្បែកស។ ជាចុងក្រោយបង្អស់ សូមលាបឡេដើម្បីជំនួយស្បែក និងការពារកម្ដៅថ្ងៃ ក្រោយពីធ្វើការម៉ាស្សារួច។
អត្ថប្រយោជន៍ និងផលវិបាកនៃការម៉ាស្សាខ្លួន
ការម៉ាស្សាខ្លួនត្រឹមត្រូវតាមក្បួន អាចជួយឱ្យស្បែកសស្អាតស្មើសាច់ម៉ដ្ឋល្អ។
ប៉ុន្ដែការម៉ាស្សាខ្លួនក៏មានផលវិបាករបស់វាដែរ ប្រសិនបើយើងម៉ាស្សាហួសកំណត់។ ការម៉ាស្សានេះ គឺធ្វើទៅតាមប្រភេទ ស្បែក ត្រូវមើលថាតើស្បែកជាស្បែកស្ដើង ឬក្រាស់ ហើយស្បែកនោះអាចទទួលយកជាតិថ្នាំដែលប្រើនោះបានដែរឬទេ។ គួរតែ បញ្ឈប់ការធ្វើម៉ាស្សា ប្រសិនបើស្បែកមានប្រតិកម្មជាមួយថ្នាំ ឬឡេដែលប្រើ។ ការម៉ាស្សាក៏មិនត្រូវធ្វើញឹកញាប់ពេកនោះទេ ព្រោះ នាំឱ្យស្បែកយើងស្ដើង។ ការធ្វើម៉ាស្សាខ្លួនលើសកំណត់ និងការធ្វើខុសក្បួនចង់ឱ្យស្បែកសឆាប់រហ័ស នាំឱ្យមានផលវិបាកដល់ស្បែក ដូចជាស្បែកឆាប់កើតអាចម៍រុយ អាលែកហ្ស៊ី ឬជ្រួញស្បែកជាដើម។ ជួនកាលធ្វើឱ្យខូចស្បែក ស្បែកឆាប់ងាប់ មានគល់រោមធំៗ និង ស្បែកកើតជ្រាំងធំៗ ជួនកាលស្បែកអាចងាប់កែមិនបានទៀតផង។ ការម៉ាស្សាត្រូវធ្វើទៅតាមការណែនាំរបស់អ្នកជំនាញ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកមុននឹងប្រើប្រាស់ផលិត ឬធ្វើអ្វីមួយ ចូរគិតពិចារណាឱ្យបានល្អិតល្អន់ពីអ្វីដែលត្រូវធ្វើ។ ការណែនាំឱ្យធ្វើនោះជា ការសមហេតុផល ឬទេ ព្រោះថាប្រសិនបើយើងប្រើផលិតផលខុស នាំឱ្យស្បែករបស់យើងខូច ពិបាកកែណាស់។ សូមលោកអ្នកប្រើ ប្រាស់នូវផលិតផលដែលមានគុណភាពល្អ។ នៅពេលចេញក្រៅផ្ទះទៅណាមកណា ត្រូវប្រើឡេការពារកម្ដៅថ្ងៃ ដើម្បីការពារស្បែក។
បណ្ដាំផ្ញើរបស់ទស្សនាវដ្ដី សុខភាពយើង
របៀបថែទាំស្បែកដោយការម៉ាស្សាខ្លួនដែលលើកមកបង្ហាញជូននេះ គឺគ្រាន់តែជាការយល់ដឹងប៉ុណ្ណោះ។ ទស្សនាវដ្ដី សុខភាពយើង សូមឱ្យលោកអ្នកអានពិចារណា ធ្វើតាមអ្វីដែលល្អបានហើយ។ អ្វីដែលបង្ហាញជូនមកនេះ ជាទស្សនៈ និងបទពិសោធន៍របស់ អ្នកប្រឹក្សាយើងតែប៉ុណ្ណោះ។ ទស្សនាវដ្ដី សុខភាពយើងនឹងបន្ដស្រាវជ្រាវរកប្រធានបទអំពីការតុបតែងខ្លួន និងការថែទាំសម្រស់ដទៃ ទៀតមកជម្រាបជូននៅលេខក្រោយៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply