ស្បែកសស្អាតរលោង នរណាមិនចង់បាន។ នៅលើស្បែករបស់មនុស្សម្នាក់ៗ កម្រមាននរណាម្នាក់ចៀសផុតពីស្លាកស្នាម ផ្សេងៗ ដូចជាមានអាចម៍រុយ ប្រជ្រុយ សម្លាក សង្វាជាដើម។ ស្លាកស្នាមទាំងនេះពិបាកលុបបំបាត់ណាស់ ទោះបីជាបាត់ក៏ត្រូវចំណាយពេលយូរដែរ។ ស្លាកស្នាមលើស្បែកអាចបណ្ដាលមកពីវ័យ(ធម្មជាតិ) ការប្រើប្រាស់ផលិតផលរក្សាសម្រស់ ការមានផ្ទៃពោះជាដើម។
លោកវេជ្ជបណ្ឌិតថៃ គា អ្នកឯកទេសផ្នែកជម្ងឺសើរស្បែកបានចូលរួមជាមួយទស្សនាវដ្ដី សុខភាពយើង ក្នុងទំព័រការថែរក្សាខ្លួន និងអនាម័យ ដើម្បីជម្រាបជូនលោកអ្នកអំពីបញ្ហារបស់ស្បែកមួយប្រភេទគឺសង្វាស្បែក។
សង្វាស្បែក ជាអ្វី?
សង្វា ឬការប្រេះបែកសង្វាស្បែក គឺជាការបាត់បង់ភាពយឺតនៃសរសៃនៅក្នុងស្បែកដែលមានតួនាទីរ៉ាប់រងនូវភាពយឺតមាំ ទាំរបស់ស្បែក ដែលធ្វើឱ្យធូរលុង ហើយលេចចេញជាស្នាមប្រេះៗហៅថាបែកសង្វា។
មូលហេតុនៃការប្រេះបែកសង្វាស្បែក
តាមការសង្កេតជាទូទៅសង្វាលើស្បែកកើតឡើងដោយមូលហេតុផ្សេងៗគ្នាជាច្រើនដូចជាៈ
សង្វាបណ្ដាលមកពីការមានផ្ទៃពោះ ៖ អំឡុងពេលពពោះ ស្បែកពោះស្ដ្រីរីកធំប៉ោងខ្លាំង ការកើនទម្ងន់ បម្រែបម្រួលអ័រ ម៉ូនក្នុងឈាមធ្វើឱ្យកើនជាតិខ្លាញ់នៅក្រោមស្បែក ធ្វើឱ្យស្បែកឡើងតឹងណែន ជាហេតុធ្វើឱ្យកើតជាស្នាមប្រេះបែកសង្វា ក្រោយពី ពេលសម្រាលរួច ពេលដែលស្បែកពោះបានរួមតូចមកវិញ។
សង្វាបណ្ដាលមកពីការប្រើប្រាស់ថ្នាំ ៖ ការប្រើប្រាស់ថ្នាំពពួកគ័រទីកូអ៊ីតដែលប្រជាពលរដ្ឋខ្មែរយើងភាគច្រើនស្គាល់ថាជាថ្នាំ សរសៃ ថ្នាំបំបាត់ការឈឺចាប់ចុកស្រពន់តាមសន្លាក់ ជាថ្នាំបាយបាន និងឡើងទម្ងន់។ ការប្រើប្រាស់ថ្នាំប្រភេទនេះ ទោះបីលេប ឬចាក់ក្ដី វាអាចធ្វើឱ្យដក់ទឹកនៅក្រោមស្បែក រួចក៏បែកសង្វា។ ដូច្នេះប្រសិនបើប្រការចៀសមិនផុត ការព្យាបាលមួយដ៏ត្រឹមត្រូវពីសំណាក់ គ្រូពេទ្យជំនាញត្រូវធ្វើឡើង។ គ្រូពេទ្យជំនាញអាចប្រើប្រាស់ថ្នាំនេះដើម្បីសង្គ្រោះជីវិត ដោយបណ្ដោយឱ្យបែកសង្វាចុះ ព្រោះសង្វា មិនបណ្ដាលឱ្យបាត់បង់ជិវិតទេ។ ម្យ៉ាងទៀតនៅពេលបច្ចុប្បន្ន អ្នកដែលស្រឡាញ់សម្រស់ខ្លាំងចង់ឱ្យស្បែកឆាប់សស្បែករលោងបំបាត់ រមាស់ព្យាបាលរោគមុន ជាំមុខជាដើម បានប្រើពពួកថ្នាំគ័រទីកូអ៊ីតទៅលាយជាមួយម្សៅ ឬឡេលាបស្បែក លាបទាំងលើផ្ទៃមុខទាំង លើដងខ្លួន។ ទង្វើដូច្នេះអាចឱ្យជាតិថ្នាំជ្រាបចូលដល់សរសៃឈាម ហើយជះឥទ្ធិពលជាច្រើនមិនត្រឹមតែបែកប្រេះសង្វាប៉ុណ្ណោះទេ ដូច ជាធ្វើឱ្យរលាកស្បែកមុខ ខ្លួនកើតមុន ខ្ទុះផ្លែសាច់ ជាំ ឬកន្ដួលរមាស់ពេញខ្លួនប្រាណជាដើម។ ជាងនេះទៅទៀតថ្នាំក័រទីកូអ៊ីតនេះត្រូវ បានមនុស្សមួយចំនួន យកទៅលាយក្នុងឱសថបុរាណ ឬត្រាំស្រាថ្នាំលក់ដើម្បីប្រកបអាជីវកម្មដោយមិនដឹង ឬមិនគិតពីផលប៉ះពាល់ របស់វាទ្បើយ។
សង្វាកើតឡើងដោយឯកឯង ៖ សង្វាប្រភេទនេះអាចបណ្ដាលមកពីបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយ។ ចំពោះបុរសស្ដ្រី ដែលកំពុងពេញវ័យករណីបម្រែបម្រួលរាងកាយឆាប់រហ័ស ឬការធាត់រហ័សពេកជាដើមធ្វើឱ្យកោសិការៀបចំខ្លួនមិនទាន់ អាចធ្វើឱ្យ រយាលស្រទាប់ខាងក្រោមនៃស្បែក ហើយលេចចេញស្នាមប្រេះបែកជាសង្វាតែម្ដង។
ប្រការគួរប្រតិបត្ដិដើម្បីចៀសវាងសង្វា
– ចំពោះស្ដ្រីនៅពេលពពោះរយៈពេលបីខែដំបូង គប្បីទៅជួបជាមួយគ្រូពេទ្យ ជំនាញខាងសើស្បែកដើម្បីទទួលការណែនាំអំពីវិធី ក៏ដូចជាការប្រើប្រាស់ថ្នាំសម្រាប់ទប់ស្កាត់សង្វាក្រោយពេលសម្រាល។
- ចំពោះអ្នកដែលមានសង្វាដោយ សារការ ប្រើប្រាស់ថ្នាំពពួកគ័រទីកូអ៊ីតជាប្រភេទលេប លាប ឬចាក់នោះ ត្រូវតែបញ្ឈប់ការប្រើប្រាស់ភ្លាមៗ។ បើសិនជាបន្ដរការប្រើប្រាស់តទៅទៀតផលប៉ះពាល់របស់ថ្នាំមានកាន់តែច្រើន ដូចជាស្លាកស្នាមសង្វាកាន់តែ ច្រើន មុនមានខ្ទុះ ពងបែក ផ្លែសាច់ ជាំ រោលក្រហមជាដើម។
– សម្រាប់អ្នកធាត់លើសទម្ងន់ ហើយបែកប្រេះសង្វាគួរតែព្យាយាមបញ្ចុះទម្ងន់ឱ្យបានសមស្រប។
–ចំពោះមាតាបិតាទាំងទ្បាយ សូមឧស្សាហ៍តាមដានទម្ងន់របស់កូនឱ្យបានទៀងទាត់ ព្រោះថាការធាត់លឿនពេកមិន ត្រឹមតែធ្វើឱ្យកើតសង្វាប៉ុណ្ណោះថែមទាំងមានបញ្ហាផ្សេងៗទៀតជាច្រើន ហើយអាចបន្ដរហូតដល់វ័យចំណាស់ទៀតផង។
– ដោយទ្បែកសម្រាប់ផលិតផលរក្សាសម្រស់ សូមកុំប្រញាប់ប្រញាល់ឱ្យកូនប្រើក្នុងវ័យក្មេងពេក វាធ្វើឱ្យប៉ះពាល់យ៉ាង ខ្លាំងដល់ស្បែក ជួនកាលព្យាបាលមិនជាទៀតផង។
វិធីព្យាបាលការបែកសង្វា
មិនមានវិធីព្យាបាលតាមក្បួនវេជ្ជសាស្ដ្រណាមួយដែលអាចធ្វើឱ្យបាត់នូវស្នាមសង្វានោះទេ។ គ្រាន់តែមានវិធីដើម្បីជាជំនួយពង្រឹងដល់ភាពរឹងមាំរបស់សរសៃយឺតនៃស្បែក បំប៉នស្បែក បន្ថែមវីតាមីនដល់ស្បែក ដោយប្រើថ្នាំលាបនៅលើស្បែកដែលមានសង្វា ឬក៏ថ្នាំលេបតែប៉ុណ្ណោះ។សម្រាប់វិធីព្យាបាលអ៊ុតស្បែកបំបាត់ស្នាមសង្វានោះ លោកវេជ្ជបណ្ឌិតថៃ គាបានបញ្ជាក់ថាពុំមានភាពប្រាក ដប្រជាណាមួយតាមក្បួនវេជ្ជសាស្ដ្រក្នុងការអ៊ុតទេ។ ជួនកាលគ្រាន់តែជាបច្ចេកទេសក្នុងការប្រជែងទីផ្សារពាណិជ្ជកម្មតែប៉ុណ្ណោះ។
ដំបូន្មានរបស់អ្នកជំនាញ
គប្បីប្រុងប្រយ័ត្នមុនពេលប្រើប្រាស់ផលិតផលរក្សាសម្ផស្សអ្វីមួយ ដែលគ្មានប្រភពច្បាស់លាស់ ឬក៏ថ្នាំសម្រាប់ព្យាបាល ជម្ងឺ។ មុនប្រើ សូមទៅរកគ្រូពេទ្យជំនាញដើម្បីពិភាក្សា។ បើមានបញ្ហាសើរស្បែកផ្សេងៗបន្ទាប់ពីប្រើប្រាស់ថ្នាំ ឬផលិតផលរក្សា សម្រស់ សូមបញ្ឈប់ជាបន្ទាន់ កុំឱ្យហួសពេលវេលាក្ន្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply